រដ្ឋាភិបាលគ្រួសារហ៊ុន និងរដ្ឋាភិបាលស្រមោលរបស់លោក សម រង្ស៊ី បានចោទគ្នាទៅវិញទៅមក ពីអវសានជីវិតនយោបាយតែរៀងៗខ្លួន ជុំវិញការមិនគោរពច្បាប់ បំពានរដ្ឋធម្មនុញ្ញ គ្មានការគាំទ្រពីសហគមន៍អន្តរជាតិជាដើម លើសង្វៀននយោបាយ ដែលគេមើលឃើញថា បក្សកាន់អំណាចមានប្រៀបខាងប្រើតុលាការ ដើម្បីសម្លាប់ជីវិតនយោបាយ ដៃគូប្រកួតដែលមានសក្តានុពលជិត១០ឆ្នាំមកនេះ។
ផ្តើមចេញពីបញ្ហានេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលគ្រួសារហ៊ុន បានចាត់ទុកការបង្កើតរដ្ឋាភិបាលស្រមោល នៅក្រៅប្រទេសដែលដឹកនាំដោយ លោក សម រង្ស៊ី ថាជាទីអវសាននៃចលនានយោបាយរបស់ជ្រុលនិយម ខណៈពួកគេត្រូវបានបិទខ្ទប់មិនឱ្យចូលប្រទេស តាមរយៈអំណាចតុលាការនៅកម្ពុជា។
លោក ប៉ែន បូណា លើកហេតុផលមកបញ្ជាក់ថា អវសានជីវិតនយោបាយរបស់ក្រុមប្រឆាំង គឺគ្មានពលរដ្ឋ ឬសហគមន៍អន្តរជាតិណា ហ៊ានគាំទ្ររដ្ឋាភិបាលស្រមោលខុសច្បាប់នេះទេ ដោយឡែកប្រជាពលរដ្ឋក៏មិនហ៊ានគាំទ្រដែរ ដោយថាព្រោះជាចលនាខុសច្បាប់។ ប៉ុន្តែការលើកឡើងបែបនេះ រងការចោទវិញថា រដ្ឋាភិបាលគ្រួសារហ៊ុនទៅវិញទេ ដែលនឹងជិតដល់ថ្ងៃអវសានជីវិតនយោបាយ ។
ក្រុមប្រឆាំងសំអាងថា រដ្ឋាភិបាលគ្រួសារហ៊ុនពេលនេះ កំពុងត្រូវអន្តរជាតិតាមប្រមាញ់ រឿងការពារបណ្តាញឧក្រិដ្ឋឆ្លងដែន សម្លាប់ប្រជាធិបតេយ្យ បំពានរដ្ឋធម្មនុញ្ញ និងបំណងអន្តរជាតិ។ លើសពីនេះ ប្រព័ន្ធដឹកនាំបច្ចុប្បន្ន កំពុងពង្រីកភាពអយុត្តិធម៌ដល់ពលរដ្ឋងាយរងគ្រោះច្រើនលាននាក់ រួមទាំង កាត់ដីឱ្យបរទេស ដើម្បីពង្រឹងអំណាច ដែលថានេះជាសញ្ញានៃអវសានជីវិតនយោបាយគ្រួសារហ៊ុន បើជនរងគ្រោះអស់ការអត់ធ្មត់ ហើយប្រមូលផ្តុំគ្នាចុះតាមដងផ្លូវប្តូរយកយុត្តិធម៌និងបុព្វហេតុទឹកដី។
អ្នកនយោបាយប្រឆាំង លើកឡើងទៀតថា រដ្ឋាភិបាលគ្រួសារហ៊ុនទៅវិញទេដែលមិនគោរពច្បាប់ ដោយពួកគេសំដៅទៅលើវិធាន រំលាយគណបក្សសង្គ្រោះជាតិអំឡុងចុងឆ្នាំ២០១៧ ទាំងដែលគណបក្សខ្លួន មានអាសនៈទាំងក្នុងសភា និងឃុំ សង្កាត់ ជិតពាក់កណ្តាលប្រទេសគាំទ្រ រួមទាំងការចាប់សកម្មជនបរិស្ថាន សកម្មជនសង្គមរាប់រយនាក់ យកទៅឃុំខ្លួនតាមអំពើចិត្ត។ ជ្រុងមួយនៃបញ្ហានេះ លោក ប៉ែន បូណា បាននិយាយកាលពីថ្ងៃទី២៧ ខែតុលាថា ការបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នៃចលនានយោបាយជ្រុលនិយម របស់ លោក សម រង្ស៊ី លោកថា គឺជាទីអវសានរបស់ឧទ្ទាមទាំងក្នុងនិងក្រៅប្រទេស ។
លោកថា៖ «កាលណាក្រុមឧទ្ទាមក្រៅច្បាប់ខុសច្បាប់ ប្រជាពលរដ្ឋខ្មែរក្តីបរទេសនានាក្តីគេអត់គាំទ្រគេអត់ទៅជិតទេ ពីព្រោះគេខ្លាចខុសច្បាប់ ពីព្រោះកាលណាខុសច្បាប់វិធានការច្បាប់នឹងត្រូវចាត់ឡើងហើយ ឃើញទេ? ជានយោបាយអត្តឃាត។ ទី២បើទោះបីជាក្រុមនេះ មិនធ្វើនយោបាយអត្តឃាតនេះក៏ដោយ ក៏ប៉ុន្តែពួកគេនឹងនៅតែរលាយសាបសូន្យតែដដែល ពីព្រោះអត់មានអ្នកគាំទ្រ មើលឃើញស្រាប់ហើយ ចុងក្រោយនេះគឺឯកោទាំងអស់ ដោយសារប្រជាពលរដ្ឋគេយល់»។
បើតាមលោក ប៉ែន បូណា ក្រុមលោក សម រង្ស៊ី ធ្វើសកម្មភាពអត់មានគំនិតអ្វីថ្មីទាំងអស់ រយៈពេល៣០ឆ្នាំមកនេះ ដោយសំអាងថានៅដដែលមកដល់ពេលនេះ។ លោកថា ដដែលទាំងយុទ្ធសាស្ត្រ យុទ្ធវិធី ភាសា មាយាទ គឺនៅដដែលអត់មានអ្វីក្រៅពីចោទ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថាលក់ទឹកលក់ដីលក់ក្បាល ធ្វើជាអាយ៉ងបម្រើបរទេសនោះទេ។
យ៉ាងណា របាយការណ៍នានា បានរកឃើញថា រដ្ឋាភិបាលគ្រួសារហ៊ុន ដែលត្រូវបានលើកបន្តុបដោយវៀតណាមក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ធ្វើឱ្យបាត់បង់ទឹកដីជាបន្តបន្ទាប់ទៅវៀតណាម និងថៃ និងកំពុងប្រឈមនឹងបាត់បង់ជាបន្តទៀតទៅថៃ ដូចជា ភូមិព្រៃចាន់ និងភូមិជោគជ័យ ជាដើម។
លើសពីនេះ ធនធានធម្មជាតិដ៏បម្បូរបែបរបស់កម្ពុជា ក៏ត្រូវបានបំផ្លាញស្ទើរតែវិនាសទាំងស្រុង អំពើពុករលួយបក្ខពួកនិយមកើតឡើងជាប្រព័ន្ធ អំពើអយុត្តិធម៌សង្គមរីកកាន់តែធំ គម្លាតរវាងអ្នកមាននិងអ្នកក្រ ក៏កាន់តែឆ្ងាយ ការផលិតចែកចាយគ្រឿងញៀនបំពុលយុវជន អំពើឆបោក ប្រជាពលរដ្ឋក្រីក្រជំពាក់បំណុលគេជិតកន្លះប្រទេស ហើយចុងក្រោយនេះ មេដឹកនាំគ្រួសារហ៊ុន ត្រូវបានគេរកឃើញថា នៅពីក្រោយក្រុមឧក្រិដ្ឋជនអនឡាញចាប់ជម្រិតឆបោក ធ្វើឱ្យកម្ពុជាស្អុយឈ្មោះអាសោចនៅពេលពិភពលោកជាដើម។
លោក សម រង្ស៊ី ថ្លែងក្នុងពេលប្រកាសបង្កើតរដ្ឋាភិបាលស្រមោល កាលពីថ្ងៃទី២៥ខែតុលាថា កិច្ចព្រៀងសន្តិភាព២៣តុលា គឺជាកិច្ចព្រមព្រៀងមួយ ដែលតម្រូវឱ្យខ្មែរផ្សះផ្សាជាតិ ឈប់ច្បាំងគ្នា ងាកមកអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ប៉ុន្តែថា បក្សកាន់អំណាច មិនបានអនុវត្តតាមកិច្ចព្រមពៀងនេះទេ ទើបលោកបង្កើតរដ្ឋាភិបាលស្រមោលនេះឡើង ដើម្បីអនុវត្តស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។
លោកថា៖ «ឥឡូវសួរថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលានេះ តើមានបំណងធ្វើអ្វី ដែលស្របទៅនឹងអ្វីដែលប្រជារាស្ត្រខ្មែរចង់បាន? ពីព្រោះយើងសម្រេចចិត្តបង្កើតរដ្ឋាភិបាលនេះ ដោយសារថា របបហ៊ុន សែនរបបឪកូន ហ៊ុន សែន ហ៊ុន ម៉ាណែត នេះគឺបានដឹកនាំប្រទេសផ្ទុយស្រឡះពីឆន្ទៈប្រជាពលរដ្ឋខ្មែរក្បត់ឆន្ទៈប្រជារាស្ត្រខ្មែរ ធ្វើឱ្យប្រជារាស្ត្រខ្មែរលោកពិបាក លោកឈឺចាប់ហើយលោកក្តៅក្រហាយ»។
បន្ថែមពីនេះ ការសម្រេចដាក់ឈ្មោះរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា គឺក្នុងគោលបំណងដើម្បីជំរុញឱ្យមានការអនុវត្តឱ្យបានពេញលេញ និងត្រឹមត្រូវនៃកិច្ចព្រមព្រៀងសន្តិភាពស្តីពីកម្ពុជា។
សម្រាប់ លោក សម រង្ស៊ី ក្នុងពេលបច្ចុប្បន្ននេះ អ្វីដែលប្រជាពលរដ្ឋខ្មែរចង់បាន និងត្រូវការជាចាំបាច់បំផុតនោះ គឺត្រូវការពារទឹកដីឱ្យបានគង់វង្ស កុំឱ្យបរទេសឈ្លានពាន ប៉ុន្តែរដ្ឋាភិបាលគ្រួសារហ៊ុនគ្មានសមត្ថភាពក្នុងការការពារទឹកដីខ្មែរនោះទេ ថែមទាំងកាត់ទឹកដីឱ្យប្រទេសជិតខាង ដើម្បីដូរយកសន្តិភាពដូចដែលបានឃើញនាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក អ៊ុំ សំអាន ជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍នៃរដ្ឋាភិបាលភិបាលស្រមោលនេះ ប្រាប់វីអូឌីនៅថ្ងៃទី២៩ខែតុលានេះថា បញ្ហាបាត់បង់ទឹកដី ការដែលពលរដ្ឋរាប់លាននាក់រស់នៅក្រោមការញាំញីដោយវិបត្តិបំណុល និងចាញ់បោកក្រុមឧកញ៉ាខិលខូច រួមទាំងការរីករាលដាលបណ្តាញឧក្រិដ្ឋជនឆបោក ការប្រើតុលាការពង្រីកអយុត្តិធម៌សង្គម ដែលបានបន្សល់ទុកច្រើនឆ្នាំក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន កំពុងផ្តល់សញ្ញានៃអវសានជីវិតនយោបាយរបស់គ្រួសារហ៊ុន មិនមែនគណបក្សប្រឆាំងទេ។
លោកថា៖ «ដូច្នេះដោយសារតែការកាន់អំណាចផ្តាច់ការនៅកម្ពុជាផង និងការដឹកនាំមានអំពើពុករលួយប្រជាពលរដ្ឋអត់ការងារធ្វើ អ្នកមកពីថៃនឹងអត់ការងារធ្វើ ទំនាស់ដីធ្លីក៏មានច្រើនអត់មានការដោះស្រាយ។ ដូច្នេះក្នុងវិបត្តិសង្គមដែលដឹកនាំដោយត្រកូលហ៊ុនហ្នឹង គឺធ្វើឱ្យប្រជាពលរដ្ឋហ្នឹងជួបទុក្ខលំបាក ហើយប្រទេសកម្ពុជាបាត់បង់ទឹកដីទៅប្រទេសជិតខាងទាំងប្រទេសវៀតណាម ទាំងប្រទេសថៃ ហេតុដូច្នេះទីអវសានរបស់ត្រកូលហ៊ុន នឹងជិតមកដល់ហើយ មិនមែនទីអវសាននៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាជិតដល់ទីអវសាននោះទេ»។
សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា ការដែលគណបក្សនយោបាយ ក្រៅប្រទេស ធ្វើចលនាមួយដែលផ្អែកទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើជាសំអាង ដើម្បីរុញច្រានទៅលើបញ្ហាព្រំដែន ហើយចង្អុលបង្ហាញមករដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេស ឱ្យធ្វើនេះធ្វើនោះតាមសេនារីយោរបស់ខ្លួនវាគ្រាន់តែជាជ្រុងមួយនៃនយោបាយប៉ុណ្ណោះ មិនបានឆ្លុះបញ្ចាំងពីតថភាពនយោបាយកម្ពុជាទាំងមូលនោះទេ។
លោកថា៖ «ប៉ុន្តែថា សង្គមមួយរដ្ឋាភិបាលមួយប្រទេសមួយ វាមិនដែលល្អឥតខ្ចោះទេ វាត្រូវមានជ្រុងនៃការឆ្លុះបញ្ចាំងទៅលើបញ្ហាផ្សេងៗ ជាទស្សនទាននៃការឆ្លុះបញ្ចាំង ក៏ប៉ុន្តែការប្រកូកប្រកាសបង្កើតរដ្ឋាភិបាលនិរទេសស្អីៗហ្នុង វាមិនត្រឹមត្រូវទេ ពីព្រោះការលើកឡើងរបស់រដ្ឋាភិបាលជាជ្រុងត្រឹមត្រូវមួយហើយ ពីព្រោះកម្ពុជាមានតែរដ្ឋាភិបាលមួយទេ តំណាងឱ្យប្រទេសកម្ពុជាស្របច្បាប់ មានតែមួយគត់។ អ៊ីចឹងរដ្ឋាភិបាលបរទេសគេអត់អាចធ្វើការជាមួយរដ្ឋាភិបាលណា ឬក៏ក្រុមណាផ្សេងពីហ្នឹងទេ»។
នៅពេលសួរថា នៅសម័យទំនើបនេះ ដែលពលរដ្ឋមានទូរសព្ទដៃស្ទើរគ្រប់គ្នា ដោយស្វែងរកព័ត៌មានទាន់ហេតុការណ៍ពីមជ្ឈដ្ឋានជាច្រើន ដោយមិនរង់ចាំតែប្រព័ន្ធផ្សព្វផ្សាយរដ្ឋ តើអ្នកនយោបាយទទួលបានការគាំទ្រនិងជឿជាក់ពីពលរដ្ឋទេ បើការនិយាយនោះមិនឆ្លុះបញ្ចាំងការពិតក្នុងសង្គម។
លោកពន្យល់ថា សម័យបច្ចេកវិទ្យានេះ ពលរដ្ឋដែលទទួលបានព័ត៌មានពីច្រើនជ្រុង ពួកគាត់អាចវិនិច្ឆ័យ បានទៅលើព័ត៌មានណា ដែលនិយាយញុះញង់ និងព័ត៌មានណាដែលនិយាយបញ្ចើចបញ្ចើហួសពីការពិត។
ចំណែក លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវនិងជាអ្នកវិភាគ ថ្លែងថា ការចោទប្រកាន់គ្នាទៅវិញទៅមករវាងគណបក្សប្រឆាំងនៅក្រៅប្រទេស និងរដ្ឋាភិបាលនៅក្នុងប្រទេស ជាហេតុផលម៉្យាងម្នាក់។ លោកថា ជាធម្មតាប្រតិកម្ម រដ្ឋាភិបាលក្នុងស្រុក ដែលកំពុងដឹកនាំប្រទេស គឺតែងតែបញ្ចេញប្រតិកម្ម ពេលឃើញ មានការបង្កើតរដ្ឋាភិបាលណាមួយនៅក្រៅប្រទេសដោយថាជាការខុសច្បាប់ ខណៈខ្លួនកំពុងដឹកនាំប្រទេសតាមរយៈនៃការបោះឆ្នោត។
ចំណែករដ្ឋាភិបាលស្រមោលនៅក្រៅប្រទេស គេក៏ប្រើសិទ្ធិរបស់គេដែរ ដោយសារតែគេមើលឃើញថា មានបញ្ហាច្រើនដែលរដ្ឋាភិបាលនៅក្នុងស្រុក មិនអាចដោះស្រាយបាន។ យ៉ាងណា លោកសង្កត់ធ្ងន់ថា បើរដ្ឋាភិបាលក្នុងស្រុកមិនបានធ្វើអ្វីខុសច្បាប់ គោរពរដ្ឋធម្មនុញ្ញបានពេញលេញ មិនគួរព្រួយបារម្ភពីចលនានៅក្រៅប្រទេសនោះទេ។
លោកថា៖ «បញ្ហាឧក្រិដ្ឋកម្មអនឡាញ បើដោះស្រាយបានវាជួយលើកនូវប្រជាប្រិយភាពរបស់រដ្ឋាភិបាល។ ចំណែកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ វាស្ថិតនៅក្នុងផ្នែកមួយដែលលើក ឬក៏ទម្លាក់ចុះនូវប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចរបស់រដ្ឋាភិបាលដែរ ដូច្នេះបើសិនដោះរឿងទាំងអស់ហ្នឹងរួច អាចនឹងធ្វើឱ្យរដ្ឋាភិបាលមិនចាំបាច់ទៅព្រួយអីខ្លាំងជាមួយអ្នកខាងក្រៅទេ ប្រឹងធ្វើឱ្យល្អធ្វើឱ្យត្រឹមត្រូវខាងក្នុងទៅយកបេះដូងប្រជាពលរដ្ឋបាន អាហ្នឹងវាជាការចំណេញធំរបស់រដ្ឋាភិបាល ពីព្រោះពេលនេះរដ្ឋាភិបាលមានអ្វីៗទាំងអស់ សំខាន់ត្រូវមានការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យបាន ដូចអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទៅអាហ្នឹងជាការល្អ»។
ងាកទៅមើលការលើកឡើងរបស់ លោក អ៊ុំ សំអាន វិញ បន្ទាប់ពីរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧មក គណបក្សប្រជាជនបានកាន់អំណាចផ្តាច់ការ លែងគោរពច្បាប់ លែងគោរពរដ្ឋធម្មនុញ្ញ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង គាបសង្កត់គណបក្សប្រឆាំង រំលាយគណបក្សប្រឆាំង មិនឱ្យគណបក្សប្រឆាំងចូលរួមបោះឆ្នោត ចាប់លោក កឹម សុខា ដាក់គុក ធ្វើទុក្ខបុកម្នេញលោកសម រង្ស៊ី និងមេដឹកនាំគណបក្សសង្គ្រោះជាតិ ខ្លះជាប់គុក ខ្លះចេញមកក្រៅប្រទេសជាដើម។ គណបក្សប្រជាជនមិនបានគោរពច្បាប់ មិនបានគោរពទៅតាមមាគ៌ាប្រជាធិបតេយ្យនោះទេ ក្នុងការដឹកនាំប្រទេស ហើយការបោះឆ្នោតកន្លងមក គឺការបោះឆ្នោតបង្រ្គប់កិច្ចប៉ុណ្ណោះ។
ចំពោះគោលបំណងនៃការបង្កើតរដ្ឋាភិបាលឯករាជ្យ២៣តុលា ត្រូវបានលោក អ៊ុំ សំអាន ពន្យល់ថា គឺដោយសារឃើញថា គណបក្សប្រជាជនមិនបានយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ហើយបញ្ហាចាក់ស្រែះនៅក្នុងសង្គម ក៏មិនបានដោះស្រាយឱ្យប្រជាពលរដ្ឋ ដូចជា បញ្ហាដីធ្លីបញ្ហាការងារ បំណុលវ័ណ្ឌក និងបទឧក្រិដ្ឋនៃការឆបោកតាមអនឡាញពាសពេញប្រទេសជាដើម។
ជុំវិញបញ្ហានេះ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក វិធិត មុនថាប៊ន ធ្លាប់និយាយ អំឡុងខែមិនា ឆ្នាំ២០២១ថា ការរឹតត្បិតខាងសេរីភាពនានា ការចុះខ្សោយលំហសេរីភាពសង្គមស៊ីវិលដ៏ធ្ងន់ធ្ងរ ការគ្មានសមាមាត្រនៃសភា ការប្រើប្រាស់អំណាចរដ្ឋ ដើម្បីរឹតត្បិតសេរីភាពបញ្ចេញមតិ សិទ្ធិប្រមូលផ្តុំតវ៉ាដោយសន្តិវិធី សិទ្ធិជួបប្រជុំ សិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា រងនូវការបង្ក្រាប ចោទប្រកាន់ទោសពីបទព្រហ្មទណ្ឌ។
លើសពីនេះ លោក លោក វិធិត មុនថាប៊ន ថ្លែងនៅឯសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ កាលពីអំឡុងខែតុលា ឆ្នាំ២០២៤ ដោយរិះគន់ចំៗថា៖ «ការផ្ទេរអំណាចនៅកម្ពុជានៅឆ្នាំ២០២៣ ធ្វើឡើងតែនៅក្នុងរង្វង់ក្រុមគ្រួសារ ដែលជាការបន្តក្តោបក្តាប់អំណាចដោយគ្មានលក្ខណៈប្រជាធិបតេយ្យ និងគ្មានតម្លាភាព»៕











