លោក ត្រាំ បញ្ជា​ឱ្យ​មន្ទីរ​បញ្ចកោន​សាកល្បង​អាវុធ​នុយ​ក្លេ​អ៊ែរ​ប៉ុន្មាន​នាទី​មុន​ជួប លោក​ ស៊ី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បញ្ជា​ឱ្យ​យោធា​អាមេរិក​បន្ត​​សាក​ល្បង​អាវុធ​នុយ​ក្លេ​អ៊ែរ​ភ្លាមៗ​ជា​លើក​ដំបូង ក្នុង​រយៈ​ពេល ៣៣​ឆ្នាំ ប៉ុន្មាន​នាទី​មុន​ពេល​ចាប់​ផ្តើម​ប្រជុំ​ជាមួយ​ប្រធានា​ធិបតី​​ចិន លោក ស៊ី ជីន​ពីង។

ទីភ្នាក់ងារសារ​ព័ត៌មាន​រ៉យទ័រ​(Reuters) បាន​រាយ​ការ​ណ៍​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា លោក​ត្រាំ​(Trump) ​បាន​ធ្វើ​សេចក្តី​ប្រកាស​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​លើ​បណ្តាញ​សង្គម​ទ្រូហ្វ​(Truth Social) ខណៈ​លោក​កំពុង​ជិះ​ឧទ្ធម្ភាគ​ចក្រ​ម៉ារីន​វ័ន​(Marine One) ហោះ​ទៅ​ជួប លោក ស៊ី​(Xi) ​សម្រាប់​វគ្គ​ចរចា​ពាណិជ្ជ​កម្ម​នៅ​ទីក្រុង​ប៊ូសាន​(Busan​​)​ប្រទេស​កូរ៉េ​ខាង​ត្បូង។ លោក​បាន​និយាយ​ថា លោក​កំពុង​ណែនាំ​មន្ទីរ​បញ្ច​កោន​ឱ្យ​សាក​ល្បង​ឃ្លាំង​អាវុធ​នុយ​ក្លេអ៊ែ​រ​ឈរ​លើ​‘‘មូល​ដ្ឋាន​ស្មើ​គ្នា’’ ​ជាមួយ​​មហា​​អំណាច​នុយ​ក្លេអ៊ែរ​ផ្សេង​ទៀត។

លោក ត្រាំ ​បាន​បង្ហោះ​ថា៖​ «ដោយ​សារ​តែ​កម្ម​វិធី​សាក​ល្បង​ប្រទេស​ផ្សេង​ទៀត ខ្ញុំ​បាន​ណែនាំ​នាយក​ដ្ឋាន​សង្រ្គាម​ឱ្យ​ចាប់​ផ្តើម​សាក​ល្បង​អាវុធ​នុយ​ក្លេ​អ៊ែររ​បស់​យើង​ ឈរ​លើ​មូល​ដ្ឋាន​ស្មើ​គ្នា។ ដំណើរ​ការ​នោះ​នឹង​ចាប់​ផ្តើម​ភ្លាមៗ»។

យ៉ាងណា លោក​មិន​បាន​បរិយាយ​លម្អិត​ ហើយ​ក៏​មិ​នបាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​អ្នក​សារ​ព័ត៌​មាន​សួរ​អំពី​ការ​បង្ហោះ​របស់​លោក បន្ទាប់​ពី​ការ​លើក​ឡើង​របស់​លោក ទៅ​កាន់​ លោក ស៊ី ។ វា​មិន​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ​លោក ត្រាំ កំពុង​សំដៅ​លើ​ការ​សាក​ល្បង​នុយ​ក្លេ​អ៊ែរ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋ​បាល​សុវត្ថិ​ភាព​នុយ​ក្លេអ៊ែរ​ជាតិ ឬ​ការ​បាញ់​សាក​ល្បង​មីស៊ីល​ដែល​មាន​សមត្ថ​ភាព​នុយ​ក្លេអ៊ែរ​នោះ​ទេ។ ​

ការ​សម្រេច​ចិត្ត​របស់ លោក ត្រាំ​(Trump) ក្នុង​ការ​ចាប់​ផ្តើម​សាក​ល្បង​អាវុធ​នុយ​ក្លេ​អ៊ែរ​ឡើង​វិញ បន្ទាប់​ពី​ប្រទេស​ចិន​បាន​ពង្រីក​ឃ្លាំ​ង​​អាវុ​ធនុ​យ​ក្លេ​អ៊ែរ​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ហើយ​ក៏​កើត​ឡើង​បន្ទាប់​​ពី​រុស្ស៊ី​បាន​ប្រកាស​អំពី​អ្វី​ដែល​ហៅ​ថា​ ការ​សាក​ល្បង​ដោយ​ជោគ​ជ័យ​នៃ​មីស៊ីល ដែល​ដើរ​ដោយ​ថាមពល និង​សមត្ថ​ភាព​នុយ​ក្លេ​អ៊ែរ ព្រម​ទាំង​ថូពីដូ (torpedo) ដើរ​ដោយ​ថាមពល។

ទីក្រុងប៉េកាំង បាន​បង្កើន​ទំហំ​ឃ្លាំង​អាវុធ​របស់​ខ្លួន​ច្រើន​ទ្វេរ​ដង រហូត​ដល់​ចំនួន​ប្រហែល​៦០០​​​​នុយ​ក្លេ​អ៊ែរ​ ក្នុង​ឆ្នាំ​២០២៥ បើ​ធៀប​ទៅ​នឹង​៣០០​នៅ​ឆ្នាំ​២០២០ នេះ​បើ​យោង​តាម​មជ្ឈ​មណ្ឌល​សម្រាប់​សិក្សា​យុទ្ធ​សាស្រ្ត និង​ទំនាក់​ទំនង​អន្តរ​ជាតិ ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីន​តោន។

CSIS (the Center for Strategic and International Studies) បាន​និយា​យ​ថា មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក បាន​ប៉ាន់​ប្រមាណ​ថា ប្រទេស​ចិន​នឹង​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ជាង​១០០០ នៅ​ឆ្នាំ​២០៣០។ ក្បួន​ដង្ហែរ​ថ្ងៃ​ជ័យ​ជម្នះ​ក្នុង​ខែ​កញ្ញា បាន​បង្ហាញ​សមត្ថ​ភាព​នុយ​ក្លេ​អ៊ែរ​ចំនួន​៥ ដែល​អាច​ឆ្ពោះ​ទៅ​ដល់​ទ្វីប​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ