អ្នកជំនាញកិច្ចការព្រំដែន ដែលមិនចំណុះឱ្យរដ្ឋាភិបាល លោក អ៊ុំ សំអាន បានទម្លាយរឿងថៃលួចរំកិលព្រំដែនចូលដីខ្មែរ នៅខេត្តកោះកុង និងខេត្តបន្ទាយមានជ័យ ខណៈរដ្ឋាភិបាលគ្រួសារហ៊ុន មិនរុញសំណុំរឿងនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីការពារទឹកដី។
បើតាម លោក អ៊ុំ សំអាន លើកឡើងនៅថ្ងៃទី៣១ ខែតុលានេះ ថៃបានលួចរំកិលបង្គោលព្រំដែនសម័យបារាំងលេខ៧៣ នៅខេត្តកោះកុង ដើម្បីពង្រីកយកដែនសមុទ្រខ្មែរនៅកោះគុត ដែលថៃកំពុងគ្រប់គ្រង។
លើសពីនេះ ថៃបានលួចរំកិលបង្គោលព្រំដែននៅខេត្តបន្ទាយមានជ័យទៀត ចូលដីខ្មែរប្រមាណជា៣គីឡូម៉ែត្រ ចូលដល់ភូមិព្រៃចាន់ និងភូមិជោគជ័យ ខណៈភូមិទាំងនេះ ផ្នែកខ្លះថៃកំពុងរាយបន្លាលួសព័ទ្ធយកជាង៣ខែមកនេះ។
លោក អ៊ុំ សំអាន ពន្យល់ថា ថៃបានលួចរំកិលបង្គោលព្រំដែនសម័យបារាំងលេខ៧៣ ដែលជាបង្គោលព្រំដែនចុងក្រោយគេបង្អស់ នៅចាំយាម ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកថា លោក ហ៊ុន ម៉ាណែត ធ្លាប់បាននិយាយថា បង្គោលព្រំដែនលេខ៧៣នេះ មិនទាន់ឯកភាពគ្នានៅឡើយទេ ដោយសារបង្គោលព្រំដែននេះ មិនស្ថិតនៅទីតាំងចាស់។ ក្នុងន័យនេះ លោកថា បង្គោលព្រំដែននេះត្រូវបានថៃលួចរំកិលចូលដីខ្មែរយ៉ាងជ្រៅ។
លោក សំអាន គូសបញ្ជាក់ថា បង្គោលព្រំដែនលេខ៧៣ ដែលថៃលួចរំកិល «មានសារៈសំខាន់ណាស់ ព្រោះបើតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងផែនទីឧបសម្ព័នភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ បញ្ជាក់ថា ព្រំដែនសមុទ្រកម្ពុជា-សៀម គឺចេញពីបង្គោលព្រំដែនលេខ៧៣ឆ្ពោះទៅចំណុចខ្ពស់បំផុតនៃកោះគុត។ កាលណាបង្គោលព្រំដែនលេខ៧៣ រំកិលចូលដីកម្ពុជា វាមិនគ្រាន់តែនាំឱ្យបាត់បង់ដីគោកកម្ពុជានោះទេ វាថែមទាំងនាំឱ្យបាត់បង់ដែនសមុទ្រខ្មែរមួយផ្នែក និងកោះគុតដែលជាកម្មសិទ្ធិខ្មែរមួយផ្នែកទៀត។ ហេតុនេះ កម្ពុជាត្រូវតែប្រាប់ឱ្យថៃលើកយកបង្គោលព្រំដែនលេខ៧៣នេះ ទៅដាក់នៅទីតាំងដើម មុននឹងកំណត់ព្រំដែនសមុទ្រ និងកោះគុត ឬប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)»។
មួយវិញទៀត លោកថា ថៃមិនមែនគ្រាន់តែរំកិលបង្គោលព្រំដែនលេខ៧៣នេះទេ សូម្បីតែបង្គោលព្រំដែនលេខ៤២ដល់លេខ៤៧ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក៏ត្រូវបានថៃលួចរំកិលដែរ។
លោកថា បង្គោលព្រំដែនលេខ៤២ និងលេខ៤៣ នៅភូមិព្រៃចាន់ ត្រូវបានថៃរំកិលចូលដីខ្មែរប្រមាណ២គីឡូម៉ែត្រកន្លះ។ ប្រមាណ៦០%នៃបង្គោលព្រំដែនទាំង៧៣ (បង្គោលភ្លោះ២=៧៤បង្គោល) ត្រូវបានថៃលួចរំកិល។
ភាពចម្រូងចម្រាសបញ្ហាព្រំដែននេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ នៅប្រទេសម៉ាឡេស៊ី កម្ពុជា-ថៃបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលគេហៅថាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជុំវិញការពង្រឹងបទឈប់បាញ់ ក្រោយការប៉ះទង្គិចគ្នាដោយអាវុធរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សីផងដែរ។
យ៉ាងណា ក្រោយមានកិច្ចព្រមព្រៀងនេះ មេដឹកនាំបក្សកាន់អំណាចកម្ពុជា លោក ហ៊ុន សែន ដែលគេដឹងថាមានអំណាចកំពូលនៅកម្ពុជានោះ បានបង្ហាញសុទិដ្ឋិនិយមថា ជាការប្រមូលផលដើមរដូវរបស់កម្ពុជា ក្រោមយុទ្ធសាស្ត្រស្ងាត់ស្ងៀមរបស់លោក ហ៊ុន ម៉ាណែត បើទោះបីថៃមិនទាន់ដកថយ ពីទីតាំងមួយចំនួន មានទាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលថៃបានច្បាមយកក្រោយបទឈប់បាញ់ក្តី ។
ការលើកឡើងរបស់មេដឹកនាំបក្សកាន់អំណាចនេះ ត្រូវបានគេមើលឃើញថា ជាការវាយបកទៅនឹងក្រុមអ្នកតាមដានដែលថា ការចុះកិច្ចព្រមព្រៀងនេះ ទាំងមិនប្តឹងទៅថៃ ដើម្បីទាមទារទឹកដី ដែលថៃបានរំលោភយកទាំងមុនការផ្ទុះអាវុធ និងក្រោយការផ្ទុះអាវុធនោះថាជាការយល់ព្រមកាត់ទឹកដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និងរក្សាអំណាច៕









