ករណីស្រ្តីម្នាក់ចេញមុខតតាំងនឹងអាជ្ញាធរដោយគំរាមប្ដូរជីវិត ប្រឆាំងវិធានរឹបអូសផ្ទះពីតុលាការ ក្រោមបណ្តឹងធនាគារព្រីនស៍នោះ ជំរុញការលើកឡើងពីគំរូភាពសម្រាប់ជនរងគ្រោះច្រើននាក់ទៀត រួមទាំងអ្នកចាញ់បោកក្រុមឧកញ៉ាខិលខូច ឱ្យហ៊ានងើបតវ៉ាដោយខ្លួនឯង ទើបទទួលបានយុត្តិធម៌ពីរបបដឹកនាំបែបគ្រួសារនិយមរបស់គ្រួសារហ៊ុន។
ការលើកឡើងនេះ ក្រោយធនាគារព្រីនស៍របស់ឧកញ៉ា ចេន ហ្ស៊ី ដែលរងទណ្ឌកម្មពីអាមេរិក និងអង់គ្លេសរឿងបទឧក្រិដ្ឋឆបោកខ្នាតអន្តរជាតិនោះ បានប្ដឹងរឹបអូសផ្ទះស្រ្តីម្នាក់ដែលមិនមែនជាកូនបំណុលរបស់ខ្លួន ហើយលក់ទៅឱ្យភាគីអ្នកទិញ ក្នុងសំណុំរឿងលក់ដោយបង្ខំ។
នៅថ្ងៃទី២៨ ខែតុលា អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ របស់អ្នកស្រី កៅ សុខណា ដែលគាត់អះអាងថាជាម្ចាស់ដីមួយចំណែកដែលត្រូវរឹបអូសនោះ។
តាមរយៈវីឌីអូផ្សាយផ្ទាល់លើបណ្តាញសង្គម ក្នុងពេលតវ៉ា អ្នកស្រី កៅ សុខណា អះអាងថា គាត់មានចំណែកកម្មសិទ្ធិមរត៌កលើដីបន្តពីខ្មោចឪពុក តែដីនេះត្រូវបានម្តាយ និងបងស្រីលួចយកទៅដាក់ធានាបំណុលជាមួយធនាគារព្រីនស៍ ដោយមិនឱ្យខ្លួនដឹង។ ករណីនេះ អ្នកស្រីបានជំទាស់ដាច់អហង្ការថា មិនព្រមចាកចេញពីផ្ទះដាច់ខាតទោះបីត្រូវស្លាប់ក្តី។
អ្នកស្រីថា៖ «កុំចូលក្នុងផ្ទះខ្ញុំ! ខ្ញុំប្រាប់! កុំចូលក្នុងផ្ទះខ្ញុំ។ ខ្ញុំអត់មានខ្លាចងាប់ទេ! កុំចូលក្នុងផ្ទះខ្ញុំ។ ខ្ញុំសុំភាពយុត្តិធម៌ អ្នកឯងមិនឱ្យខ្ញុំធ្វើអី អ្នកឯងយកកាំភ្លើងមកបាញ់មក។ ដីផ្ទះខ្ញុំ! ខ្ញុំមានឈ្មោះនៅក្នុងប្លង់ដែរ។ អ្នកឯងមកឱ្យខ្ញុំរើរុះ! អ្នកឯងឱ្យតម្លៃដែលខ្ញុំរើរុះចេញមក។ លោកឯងមកគាបសង្កត់ប្រជាពលរដ្ឋទាំងរស់នេះ នេះហើយខ្មែររំលោភខ្មែរ អាតុលាការស្រុកខ្មែរពុករលួយ! ហ្នឹងហើយតុលាការស្រុកខ្មែរពុករលួយណាស់ តុលាការស្រុកគេ គេយកច្បាប់ជាធំ បើតុលាការស្រុកខ្មែរ យកអ្នកធំជាច្បាប់»។
វីអូឌី មិនអាចទាក់ទងអ្នកស្រី កៅ សុខណា ដើម្បីសុំការពន្យល់បន្ថែម ជុំវិញបញ្ហានេះបានទេគិតត្រឹមម៉ោងផ្សាយនេះ។
តែយ៉ាងណាក្រោយមានការចែកចាយវីឌីអូនេះនៅលើបណ្តាញសង្គម សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៩ ខែតុលា ឱ្យពិនិត្យឡើងវិញលើសំណុំរឿងនេះដើម្បីផ្តល់យុត្តិធម៌ដល់អ្នកតវ៉ា។
មួយថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី៣០ ខែតុលា ករណីនេះ ត្រូវបានដោះស្រាយបញ្ចប់ដោយអ្នកស្រី កៅ សុខណា ទទួលបានសំណង៣ម៉ឺន៣ពាន់ដុល្លារបន្ថែមពីភាគីអ្នកទិញ ហើយអ្នកស្រីព្រមចាកចេញពីផ្ទះនោះ។
ដោយឡែក ភាគីកូនបំណុលទាំង៣នាក់ត្រូវជាម្តាយ បងស្រី និងម្នាក់ជាសាច់ថ្លៃ របស់អ្នកស្រី កៅ សុខណា បានទទួលស្គាល់ថា ពួកគេបានយកអចលនវត្ថុដែលមានចំណែកមរតក៌មួយផ្នែករបស់ អ្នកស្រី កៅ សុខណា ទៅដាក់ធានាបំណុលជាមួយធនាគារពិតមែន។
ជុំវិញរឿងនេះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត យល់ថា នៅកម្ពុជាមិនមែនមានតែស្រ្តីម្នាក់នេះទេ ដែលរងភាពអយុត្តិធម៌តែនៅមានករណីច្រើនទៀត តែលោកថាជនរងគ្រោះភាគច្រើន មិនហ៊ានចេញតវ៉ាប្តូរយកយុត្តិធម៌នោះទេ ដោយពួកគេព្រមចុះចាញ់ហើយរស់ទាំងឈឺចាប់។
លោកសង្កត់ធ្ងន់ថា ការផ្តល់សេវាយុត្តិធម៌នៅកម្ពុជា នៅមានកម្រិតដែលញាំញីដោយអំពើពុករលួយ បក្សពួកនិយម លម្អៀងទៅរកអ្នកមានលុយមានអំណាច ជាហេតុធ្វើឱ្យពលរដ្ឋរងគ្រោះដោយសារតែភាពអយុត្តិធម៌កាន់តែច្រើន ដែលទាមទារឱ្យពួកគេចេញមុខងើបតវ៉ាដោយខ្លួនឯងទើបទទួលបានយុត្តិធម៌។
លោកថា៖ «ស្រុកខ្មែរបើសិនពលរដ្ឋមិនយកការឈឺចាប់ មិនយកជីវិតទៅប្តូរ ដើម្បីទាមទារយកយុត្តិធម៌សម្រាប់ខ្លួនទេ គឺនឹងមិនមានយុត្តិធម៌សម្រាប់ខ្លួនតែម្ដង។ ទោះបីជាខ្លួនអត់មានកំហុសសោះ ក៏ទទួលរងដោយអយុត្តិធម៌ដែរ។ ដូច្នេះភាគច្រើន ខ្ញុំគិតថា នេះជាគំរូមួយហើយ សង្ឃឹមថាប្រជាពលរដ្ឋខ្មែរទូទៅដែលរងភាពអយុត្តិធម៌ អាចចេញមកតតាំង ដូចជា គាត់! ដើម្បីឲ្យសង្គមផ្ដល់ភាពយុត្តិធម៌វិញ ពីព្រោះពឹងលើតុលាការលែងចង់បាន អ៊ីចឹងមានតែពឹងលើប្រជាពលរដ្ឋ ឬក៏សាធារណជន ដើម្បីផ្ដល់យុត្តិធម៌ឲ្យគាត់វិញ ដើម្បីធ្វើឲ្យវិស័យតុលាការដែលភាពអាម៉ាស់ដែលខ្លួនបំពានទៅលើប្រជាពលរដ្ឋខ្លួនឯងហ្នឹង! មិនការពារអ្នកស្លូតត្រង់អ្នកដែលរងគ្រោះ»។
ជ្រុងមួយនៃភាពអយុត្តិធម៌នៅកម្ពុជានេះ នៅមានជនរងគ្រោះច្រើនម៉ឺននាក់ ចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ជា សារ៉ន ហ៊ី គឹមហុង ក្រុមហ៊ុនCIC ក្រុមហ៊ុនភូមិខ្មែរគ្រុប ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនមួយចំនួនទៀត ដែលយុត្តិធម៌ពួកគេត្រូវបានកប់ចោល។
សម្រាប់ អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជា មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ហុង លឹម យល់ថា ភាពអយុត្តិធម៌ក្នុងសង្គម កម្ពុជាចេះតែបន្តកើតមានដោយសារកម្ពុជាមានមេដឹកនាំមិនមែនកើតចេញពីការបោះឆ្នោតតាមឆន្ទៈពលរដ្ឋទេ។
ក្នុងន័យនេះ លោកថា គ្រួសារហ៊ុនបានកាន់អំណាចដោយតាមកំទេចក្រុមសំឡេងប្រឆាំង ប្រើតុលាការចាប់ចងមនុស្សតាមចិត្ត តាមកំទេចប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលជាកញ្ចក់សង្គមធ្វើពលរដ្ឋរងគ្រោះពីអំពើពុករលួយ។
លោកបារម្ភថា ប្រព័ន្ធដឹកនាំបែបគ្រួសារនិយមនេះ វានឹងជំរុញឱ្យមានវិបត្តិសង្គមធ្ងន់ធ្ងរ ដែលអាចជាគ្រោះថ្នាក់ ដល់អំណាចមេដឹកនាំ បើថ្ងៃណាមួយជនរងគ្រោះអស់ការអត់ធ្មត់។
លោកថា៖ «យើងងើបទាំងអស់គ្នាហ្នឹង យើងដូចបង់ក្លាដេស ដូចនេប៉ាល់ ដូចប្រទេសមួយចំនួនទៀតដែលនឹងធ្វើឲ្យក្រឡាប់ផែនដី ព្រោះតែអ្នកសុខចិត្តគេទ្រាំលែងបាននូវអំពើអយុត្តិធម៌។ ប៉ុន្ដែយើងឃើញថា ប្រហែលជាអ្នកស្រុកយើងនៅមិនទាន់ទៅដល់កម្រិតហ្នឹង! ដែលថាគាត់ចេះតែទ្រាំបានហើយ អ្នកណាដាច់ដោច រប៉េសរប៉ោះតាមដែលគាត់ដែលគ្មានសមត្ថភាពមានតែម្នាក់ឯង ឬគ្នា២នាក់ហ្នឹង ចេះតែរប៉េសរប៉ោះយើងត្រូវតែទ្រាំអាកម្មពារវេរាហ្នឹង គឺថា ដែលក្នុងពិភពលោកគេមើលងាយស្រុកហ្នឹង»។
របាយការណ៍របស់ CBC ចេញផ្សាយអំឡុងខែមេសា ឆ្នាំ២០២៤ រកឃើញថា ពលរដ្ឋខ្មែរជិត ៥លាននាក់ កំពុងជាប់បំណុលធនាគារ ខណៈរាប់ម៉ឺនគ្រួសារទៀត កំពុងរួមរឹតដោយវិបត្តិបំណុល ក្រោយចាញ់បោកក្រុមឧកញ៉ាលក់អចលនទ្រព្យដែលស្និទ្ធនឹងមេដឹកនាំ មានឧកញ៉ា ឡេង ណាវ៉ាត្រា អតីតឧកញ៉ា ហ៊ី គឹមហុង ឡេង ចាន់ណា ជា សារ៉ន ក្រុមហ៊ុន CIC និងក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀង ជាដើម។
ករណីនេះ ធ្វើឱ្យជនរងគ្រោះខ្លះបានសម្លាប់ខ្លួនជាបន្តបន្ទាប់ ដោយសារតែយុត្តិធម៌របស់ពួកគេ ត្រូវបានប្រព័ន្ធយុត្តិធម៌ជាឧបករណ៍នយោបាយ បានកប់ចោលច្រើនឆ្នាំ។
ដោយឡែក របាយការណ៍តម្លាភាពអន្តរជាតិ រកឃើញថា កម្ពុជាមានអំពើពុករលួយខ្ពស់ជាប់គ្នា ជិត១ទសវត្សរ៍ បើធៀបនឹងប្រទេស ១៨០ ដែលអង្គការនោះបានសិក្សា។
ប្រភពបន្តថា ប្រទេសដែលមិនអាចរើខ្លួនពីអំពើពុករលួយញាំញីបាន បញ្ហាចម្បងមួយ គឺឥទ្ធិពលនយោបាយជ្រៀតជ្រែតប្រព័ន្ធយុត្តិធម៌ ហើយបង្កការឈឺចាប់ដល់ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ក៏ព្រោះតែប្រព័ន្ធយុត្តិធម៌មិនអាចដាក់ទោសកំហុសរដ្ឋាភិបាលបាន។
អង្កការតម្លាភាពអន្តរជាតិ គូសបញ្ជាក់ថា ជាដំណោះស្រាយ ត្រូវបានលំហសេរីភាពបញ្ចេញមតិ និងរៀបចំការបោះឆ្នោតឱ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕









