ការចោទលោក ភុន យុទ្ធ តែ​មិន​ចោទ​លោក ចេន ហ្ស៊ី រង​ការ​ចោទ​ថា​ប្រព័ន្ធ​ច្បាប់​ការ​ពារ​ឧក្រិដ្ឋ​ជន

ការ​ចោទ​ប្រកាន់​ជន​មាន​ពិការ​ភាព លោក ភុន យុទ្ធ ពី​​បទ ញុះ​ញង់ ​ក្រោយ​រិះ​គន់​រដ្ឋាភិ​បាល ទាំង​មិន​ចាប់​ខ្លួន​បណ្តាញ​​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន លោក ចេន ហ្ស៊ី ទីប្រឹក្សា​លោក ហ៊ុន សែន នោះ រង​ការ​រិះគ​ន់​ថា ប្រព័ន្ធ​ច្បាប់​បែប​នេះ ជួយ​ការ​ពារ​ពួក​ឧក្រិដ្ឋ​ជន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​យូរ​ឆ្នាំ​ទៀត បើ​គ្មាន​ការ​ផ្លាស់​ប្តូរ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​​អ្នក​នាំពាក្យ​​សាលា​​​ដំបូ​​​ង​ខេ​ត្ត​​​តាកែវ នៅ​​រសៀល​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២៥ បានចេញសេចក្តីប្រកាស​ព័ត៌មាន​មួយ​ ដោយលើកឡើង​​ថា ចៅ​ក្រម​ស៊ើបសួរ​ បាន​សម្រេច​​ឃុំ​ខ្លួន​​លោក​ ហ៊ុន យុទ្ធ ហៅ ភុន យុទ្ធ​ អាយុ ៤១ឆ្នាំ ជាបណ្តោះ​អាសន្ន​​​​នៅ​​ពន្ធ​នាគារ ដើម្បី​បន្ត​ការ​ស៊ើប​សួរ​តាម​នីតិ​វិធី​​ច្បាប់ ក្រោម​​ការ​​ចោទ​​ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ដែល​ប្រព្រឹត្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក កាល​ពីថ្ងៃទី​២០ ខែ​កញ្ញា ថ្ងៃទី​២៣ ខែ​​តុលា និង​ថ្ងៃ​ទី​២៥ ខែ​តុលា តាម​មាត្រា​ ៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ជនមានពិការ​ភាព ឈ្មោះ ភុន យុទ្ធ ត្រូវ​បាន​​មន្រ្តី​​នគរបាល​​​ខេត្ត​​តាកែវ បាន​​​ចុះ​​​ទៅ​​ចាប់​​ខ្លួនដល់​​​ផ្ទះ​របស់លោក កាលពីព្រឹកថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៥ នៅ​​​ភូមិ​ត្រពាំង​ឈូក ឃុំ​ត្រឡាច ស្រុក​​ទ្រាំង ក្រោយ​ពី​គាត់​បាន​ធ្វើ​សកម្ម​​​ភាព​​បញ្ចេញ​មតិ​យ៉ាង​សកម្មពីបញ្ហា​សង្គម​​​ នៅ​លើប​ណ្តាញ​សង្គ​ម​ហ្វស​បុក​របស់​លោក។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​រំលាយ និង​ជាអ្នកឃ្លាំមើល​បញ្ហាសង្គម​​​លោក អ៊ុំ សំអាន នៅថ្ងៃទី​៣១​ ខែ​តុលា​នេះ បាន​លើកឡើង​ថា វិធានរបស់តុលាការ​ខេត្ត​តា​កែវ ទៅលើ​លោក ភុន យុទ្ធ ជារឿង​មិនត្រឹម​ត្រូវ​ ខណៈ​ជន​មានពិកា​រភាព​រូបនេះ គ្រាន់តែ​សម្តែង​មតិ​​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ។

លោក​បន្តថា ការ​មានចំណាត់​ការ​ទៅលើ​ពលរដ្ឋ​ស្លូត​ត្រង់​​​ដែល​ហ៊ានរិះគន់រដ្ឋាភិបាល តែ​មិន​​មាន​ចំណាត់​ការ​ទៅលើ​ក្រុមឧក្រិដ្ឋ​ជន​ឆបោកតាមអនឡាញ ដែល​អន្តរ​ជាតិបានរក​ឃើញ ដូចជា ក្រុម​ឧកញ៉ា លោក​ ចេន ហ៊្សី លោក លី យ៉ុង​ផាត់ លោក ទ្រី ភាព និង​លោក កុក អាន​ ជា​ដើម​នោះ បង្ហាញ​ថា​ប្រព័ន្ធ​ច្បាប់​នៅកម្ពុជាមានអំពើពុករលួយ និងបង្កគ្រោះថ្នាក់ដល់សង្គម​ជាតិ​ និង​ប្រជាពលរដ្ឋ ហើយ​ក៏​​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​​លើ​ឆាក​អន្តរជាតិ ​កាន់តែ​ស្អុយ​រលួយ​ផង​ដែរ។​

លោក​ថា៖ «នៅពេល​ដែល​តុលាការ​មិន​ចាត់ការ​ទៅលើ​ពួក​ឧក្រិដ្ឋ​ជន​ ដូចជា​​ឧកញ៉ា​ ចេន​ ហ៊្សី​ អី​ជា​ដើម​ ដែល​ជា​មេ​ឆបោក​តាម​អន​ឡាញ​ហ្នឹង​ បែរ​​​ជា​ទៅ​​ចាប់​​ខ្លួន​​លោក​ ភុន​ យុទ្ធ​ ទៅវិញ​ ឆ្លុះបញ្ចាំង​ថា​តុលាការ​ខ្មែរ​យើង​ គឺ​ជា​តុលាការ​​តេឡេ​ ជា​តុលាការ​មិនឯករាជ្យ ជា​តុលាការ​ពុករលួយ ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​​អ្នក​​ដែល​​ប្រឆាំង អ្នក​ដែលគ្រាន់តែ​សម្តែង​មតិរិះគន់​រដ្ឋាភិបាល​​ ប៉ុន្តែ​​​បែរ​​ជា​​មិន​​ចាត់​​ការ​​​ទៅ​លើពួកឧក្រិដ្ឋ​ជន​ ដូច​ជាឧកញ៉ា ចេន ហ្ស៊ី លោក ទ្រី ភាព ឬក៏ឧកញ៉ា លី​ យ៉ុង​ផាត់ អី​ជាដើម។ ហើយម្យ៉ាង​ទៀត​នឹង​ធ្វើ​ឱ្យមុខមាត់​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​ហ្នឹង គឺ​គេ​យល់ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ខ្មៅ​ងងឹត ដល់​ចឹង​មុខ​មាត់​កម្ពុជា​​នៅ​លើ​​ឆាក​អន្តរ​ជាតិ​ហ្នឹង ​គឺ​ស្អុយ​រលួ​យតែម្តង»។

ជាការកត់សម្គាល់ មនុស្ស​ជំនិតៗ​​មួ​យ​​ចំនួន នៅ​​ជុំវិញ​​ប្រធាន​​​​​គណបក្ស​​​​កាន់​​​​អំណាច លោក ហ៊ុន សែន ត្រូវ​​​​​បាន​​​អន្តរ​​​​​​​ជាតិ​​​​​រក​ឃើញ​​​​ជា​បន្ត​​បន្ទាប់​​ថា ជា​​មេ​ឧក្រិដ្ឋ​ជន​​រក​ស៊ី​ចិ​ញ្ចឹម​​​អំណាច​​គ្រួសារ​​​ហ៊ុន ក្នុង​នោះ​​​មាន ឧកញ៉ា លី យ៉ុង​ផាត់ ដែល​​​​​ជា​​​​កាន់​កាប់​​​លុ​យ​​ឱ្យ​​គណបក្ស​​ប្រជាជន​​​កម្ពុជា និង​​​ជា​​ប្រធាន​​​ស​មា​គម​​ឧកញ៉ា​​កម្ពុជា​​ផង​​នោះ ជាប់​​ឈ្មោះ​ក្នុង​​បញ្ជី​​ខ្មៅ​អាមេរិក​ ជុំវិ​ញ​បទ​​ឧក្រិដ្ឋ​​ឆបោក​ និង​​ការ​​រំលោភ​​សិទ្ធិ​​មនុស្ស។

លើស​ពី​​​នេះ ឧកញ៉ា ចេន ហ្ស៊ី ជន​ជាតិ​ចិន ដែល​​បច្ចុប្បន្ន​​ជា​​ទី​ប្រឹក្សា ​លោក ហ៊ុន សែន ​តុលាការ​​​​ចិន​​​រក​​ឃើញ​​​ជាប់​​ពាក់​​ព័ន្ធ​​​បទ​​ឧក្រិដ្ឋ​​​អន​​ឡាញ​​​ខុស​​​ច្បាប់ និងរងទណ្ឌកម្មពី​អាមេរិក និង​​ចក្រ​ភព​អង់​គ្លេស​ផង​ដែរ​។

ជាងនេះ​ទៀត ក្រសួងរតនាគារ​អាមេរិក កាលពី​​ថ្ងៃ​​ទី៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ប្រកាស​​​ដា​ក់​​ទណ្ឌ​កម្ម​​​ឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​​លោក ហ៊ុន សែន ក្រោយ​​​រក​ឃើញ​​ថា បណ្តាញ​​​បោ​ក​​​ប្រាស់​​​តាម​​​អ៊ីន​​​​​ធឺណិត​​​នៅ​​​​កម្ពុជា មាន​​ជាប់​​ពាក់​​​ព័ន្ធ​​ក្រុម​​ហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព។

ចំណែក ​អនុប្រធានសមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ក៏​​បាន​បង្ហាញ​កា​រសោក​ស្តាយ​ចំពោះការ​ចោទប្រកាន់ និង​​កា​រឃុំ​ខ្លួន លោក​ ភុន យុទ្ធ ពីសំណាក់​​​​តុលាការ​​ខេត្ត​តាកែវនេះ​ដែរ។​ ​

លោក​ថា៖ «ដំបូងយើង​​​គិតថា អាចធ្វើការអប់រំណែនាំគាត់ដើម្បីឱ្យគាត់ប្រើប្រាស់នូវ​​​​សិទ្ធិសេរីភាព​​​ហ្នឹងឱ្យ​​បានសស្របតែប៉ុណ្ណឹងទេប្រសិនបើការប្រើប្រាស់​​​សិទ្ធិសេរីភាពហ្នឹង ​​វា​​មានការរំលោភបំពាន យើងអត់​​ចង់ឱ្យមានបញ្ហាទាក់ទងទៅនឹងសេរីភាពក្នុងការបញ្ចេញមតិទេយើង​​គិតឱ្យបានស៊ីជម្រៅថាតើគាត់ជាជនពិការនេះ គាត់អាចទៅប្រព្រឹត្តអ្វីបាន ហើយសកម្មភាពរបស់​​គាត់​​ហ្នឹង​​​​វាអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ឬក៏ប៉ះពាល់ដល់ការរើសអើង​​ ឬក៏ញុះញង់ឱ្យទល្មើសមួយ​​អ្វីកើតឡើងនោះក៏យើង​​មើលថាមិនមានទេ អីចឹង​​​យើងតែង​​​តែ​​ចង់​​ឱ្យតុលា​ការឱ្យសមត្ថកិច្ច​​ដោះ​​លែង​​គាត់វិញ​​ទៅ»

បើតាម​ លោក យិន ម៉េងលី ការ​​បន្ត​ចោទ​ប្រកាន់អ្នកហ៊ាន​បញ្ចេញ​មតិ​ ឬកា​ររិះគន់​បែប​ស្ថាប​នា តាម​ផ្លូវ​តុលាការ ព្រមទាំង​ការ​​​រឹ​ត​ត្បិត​​​លើ​សេរី​ភាព​ណា​មួយ​របស់​ពលរដ្ឋ​នោះ វា​នឹង​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ច្រើន​ក្នុង​សង្គម និង​ប៉ះ​ពាល់​ដល់​មុខ​មាត់​របស់​រដ្ឋាភិបាល​កាន់​តែ​ខ្លាំង​​លើ​ឆាក​អន្ត​រ​ជាតិ។

លោកថា៖ «មូល​ហេតុ​ពី​ឬសគល់របស់​វា យើង​ឃើញ​ថា​ កើត​ពីការ​​​​ធ្លាក់ចុះនូវ​បញ្ហា​នយោ​បាយ នៅ​​ចុង​ឆ្នាំ​២០១៧ ក្រោយរំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​មក​​ យើង​ឃើញថា បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​សេរីភាព​​កាន់តែ​រឹតត្បិត​កាន់​តែ​ខ្លាំង​ថែម​ទៀត​។ យើង​ចង់​ឱ្យ​មាន​ការ​ស្តារ​ឡើង​វិញ ជាពិសេស​​គឺ​បញ្ហា​នយោបាយដែល​ធ្វើ​ឱ្យ​បញ្ហា​សិទ្ធិ​មនុស្ស​នឹង​​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​។​​ នៅក្នុង​ឆ្នាំ​ខាង​មុខៗ​នេះ គឺ​ជា​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​នឹង​មក​ដល់​ហើយ​ អីចឹងយើង​ចង់​ឱ្យរដ្ឋាភិបាល ចង់​ឱ្យ​ជា​ពិសេស​អ្នក​នយោបាយធ្វើ​​ការ​​​ផ្សះផ្សាគ្នា បើក​លំហរ​នយោបាយ​ បើក​លំហរ​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ​ឡើងវិញ មាន​តែ​មធ្យោ​បាយ​ហ្នឹង​ទេ អាចស្តារ​មុខ​មាត់របស់​ប្រទេស​យើង​នៅ​លើ​ឆាក​អន្តរ​ជាតិ​»

វីអូឌី មិនអាច​សុំការ​អត្ថាធិប្បាយជុំវិញ​ករណីនេះ ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា និង​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តតាកែវ បាន​ទេ នៅថ្ងៃសុក្រនេះ។​

នៅថ្ងៃ​ទី៣០ ខែ​តុលាម្សិលមិញនេះ គណបក្ស​កម្លាំង​​ជាតិ ក៏បានចេញ​សេចក្តីថ្លែង​ការណ៍​​បង្ហាញ​ការ​​សោក​​ស្តាយ​​ចំពោះ​​ការ​​ចាប់​​ខ្លួនទាំង​អយុត្តិធម៌ទៅលើ​ លោក​ ភុន យុទ្ធ សកម្ម​ជន​សង្គម​​នេះ​​ដែរ​។ គណបក្ស​នេះ បាន​ចាត់ទុក​ការ​ចាប់​​​ខ្លួន​នេះ ថាជាការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​​បញ្ចេញ​​មតិ ដែល​ត្រូវ​បាន​ធានា​ការ​ពារ​ដោយ​រដ្ឋធម្ម​នុញ្ញ។

ការណ៍នេះ គណបក្ស​កម្លាំងជាតិ បាន​ស្នើ​ដល់​អាជ្ញាធរ​ដោះលែង​ លោក ភុន យុទ្ធ ឱ្យ​មាន​សេរី​ភាព​​វិញ ដើម្បីឱ្យគាត់​​រស់​នៅ​ជួប​ជុំ​គ្រួសារ​ និង​​មានឱកា​សប្រកប​មុខរបរ​តិច​តួច​ទ្រទ្រង់​ជីវភាព​គ្រួសារ​ដែលកំពុង​ខ្វះ​ខាត និង​គ្មានទី​ពឹង។

ចំណែក​​​ លោក សេក សុខា ប្រធាន​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន បាន​​​​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះលែង​​​ជន​មានពិការ​ភាព លោក ភុន យុទ្ធ​។

លោក​បានលើក​​ឡើង​ក្នុង​​​ទំព័រ​ហ្វេសប៊ុក​របស់​គណបក្ស​នេះ​​​​ថា រដ្ឋធ​ម្មនុ​ញ្ញក​ម្ពុជា កតិកា​សញ្ញាអ​ន្តរ​ជា​តិ និង​ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ​ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ បាន​ធានា​យ៉ាង​ច្បាស់​លាស់​ចំពោះ​សិទ្ធិ និង​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម។ លោកបន្ត​ថា ការ​អនុវត្ត​សិទ្ធិ​ទាំង​នោះត្រូ​វ​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​​ការ​​ទទួល​ខុស​ត្រូវ និង​ក្នុង​គោល​បំណង​ការ​ពារ​សន្តិ​សុខ​ជាតិ សណ្ដាប់​ធ្នាប់​សាធារណៈ និងសិ​ទ្ធិអ្ន​ក​ដទៃ។

យោង​តាម​គេហទំព័រអ្នក​​ជាប់ឃុំដោ​យប្រើសិទិ្ធរបស់​អង្គការការពារ​សិទ្ធិមនុស្ស​​លីកាដូ​ ​ឱ្យ​ដឹង​ថា​ គិតចាប់​តាំងពី​​ខែកក្កដា ​ដល់​​​ថ្ងៃទី​​​២៧​​​​​ខែតុលា​នេះ​ មាន​​​អ្នក​​នយោបាយ​ សកម្ម​ជន ​និង​អ្នក​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​​ចំនួន ​១៥​នាក់​បន្ថែមទៀត​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​​ធ្វើឱ្យ​​ចំនួន​អ្នក​ជាប់​​ឃុំ​​ដោយ​ប្រើសិទ្ធិ​​បាន​កើនឡើង​​ដល់​​ ៨៦​នាក់។

យោង​តាម​មាត្រា៤១​នៃ​រដ្ឋធម្មនុញ្ញ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​​ខាង​សារព័ត៌​មាន​ សេរីភាព​ខាងការបោះពុម្ពផ្សាយ​សេរីភាព​ខាង​ការ​ប្រជុំ។ ជនណា​ក៏ដោយ​មិន​​អាច​​ឆ្លៀត​ប្រើសិទ្ធិនេះ ដោយ​រំលោភ​នាំឱ្យប៉ះពាល់​ដល់​កិត្តិយស​​អ្នកដទៃ ដល់​ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម​ ដល់​​សណ្តាប់​ធ្នាប់​​​សាធារណៈ​ និង​ដល់​សន្តិសុខ​ជាតិ​បានឡើយ​។​ របបសារព័ត៌មាន ​ត្រូវរៀប​ចំឡើងដោយច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ