យុទ្ធសាស្រ្ត​«ងើប​​មួយ​​វាយ​​មួយ​»​ធ្វើ​​ឱ្យ​កម្ពុជា​​ក្លាយ​​ជា​ឋាន​សួគ៌​ពួក​ឧក្រិដ្ឋ​ជន

យុទ្ធសាស្រ្ត«ងើបមួយវាយមួយ» ដែល​គេ​មើល​ឃើញ​ថា ជា​ទម្រង់​នៃហិ​ង្សា​នយោបាយ​លើ​សង្វៀន​ប្រកួត​ខ្វះ​សុចរិត​ភាព ដើម្បី​តែ​បុព្វ​ហេតុ​ក្តោប​អំណាច​តពូជ​នោះ បាន​រុញ​កម្ពុជា​ឱ្យ​ក្លាយ​ជា​ឋាន​សួគ៌​ពួក​ឧក្រិដ្ឋ​ជន នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ធ្វើឱ្យ​​កម្ពុជា​​ស្អុយ​ឈ្មោះលើ​ឆា​ក​អន្តរ​ជាតិ​ពី​ឧក្រិដ្ឋ​កម្ម​អន​ឡាញ រី​ឯ​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​អំពើ​ពុក​លួយ ញាំញី​ដោយ​វិបត្តិ​បំណុល។

បើតាម​អង្គការការពារ​សិទ្ធិមនុស្ស​​លីកាដូ​ ​ឱ្យ​ដឹង​​​ថា​ គិត​ចាប់​​តាំង​ពី​​ខែកក្កដា ​ដល់​​​ថ្ងៃទី​​​២៧​​​​​​ខែតុលា​​នេះ​ មាន​​​​អ្នក​​នយោបាយ​ សកម្ម​​ជន ​និង​អ្នក​ប្រើ​​ប្រាស់​​​បណ្តាញ​​សង្គម​​​​ចំនួន ​១៥​​នាក់​បន្ថែម​ទៀត​ ត្រូវ​​បាន​ចាប់​​ឃុំ​ខ្លួន​​​​ធ្វើឱ្យ​​​ចំនួន​​អ្នក​​ជាប់​​​ឃុំ​ ​​ដោយ​​ប្រើសិ​ទ្ធិ​​​បាន​​កើន​ឡើង​​​ដល់​​ ៨៦​នាក់។

អង្គការ​នេះ បាន​​លើក​ឡើង​ថា​ បច្ចុប្បន្ន​​អាជ្ញាធរ​ និង​​ស្ថាប័ន​​អនុវត្ត​​ច្បាប់​​មួយ​​ចំនួន​​ ​បាន​​បន្ត​​ចាប់​​ឃាត់​ ​និ​ង​​ឃុំ​ខ្លួន​​អ្នក​​នយោបាយ​ អ្នក​ការពា​រ​​សិទ្ធិ​​មនុស្ស​ សកម្ម​ជន​​​ដី​ធ្លី​ សហ​ជីព​ អ្នក​​សារព័ត៌​មាន​ និង​​អ្នក​​​ប្រើ​ប្រាស់​​​​បណ្តាញ​សង្គម​​មួយ​​ចំនួន​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​មួយ​​​ចំនួន ​ដោយសារ​តែ​ភាព​​​សកម្ម​​និយម​ ឬ​ការ​​បញ្ចេញ​​មតិ​ របស់​​អ្នក​​ទាំង​​នោះ​។

ករណី​ទាំងនេះ ហាក់ផ្ទុយស្រឡះពីក្រុមឧក្រិដ្ឋជនស្និទ្ធនឹង​មេដឹកនាំ​កម្ពុជា ដែល​សហគមន៍​អន្តរ​ជាតិ រួម​ទាំង​សហរដ្ឋ​អាមេរិក អង់​គ្លេស និង​កូរ៉េ​ខាង​ត្បូង បាន​ចង្អុល​បង្ហាញ​ថា លោក​​ចេន ហ្ស៊ី លោក​​លី យ៉ុង​ផាត់ លោក​ទ្រី ភាព លោក​កុក អាន និងលោក​​​ហ៊ុន តូ សុទ្ធ​​សឹង​​ជា​​មេក្លោង​ឧក្រិដ្ឋ​​កម្ម​​ឆបោក ចាប់​​ជំរិត និងលា​ង​លុយ​កង្វក់ ជា​ដើម មិន​ត្រូវ​បាន​ចាប់​ខ្លួន ឬ​ផ្តន្ទា​ទោស​នោះ​ទេ​ ដោយ​ពួក​គេ​បន្ត​រស់​នៅក្រៅ​សំ​ណាញ់​ច្បាប់​ទៅ​វិញ។

ការរកឃើញរបស់អង្គការសិទ្ធិមនុស្សមួយនេះ ហាក់​ស៊ីគ្នា​ទៅ​នឹ​ង​សំឡេង​បែក​ធ្លាយ​របស់​ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កន្លងម​ក ដែល​ចេញ​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​បោស​សំអាត​ក្រុម​សំឡេង​ជំទាស់ កុំ​ឱ្យ​ពួក​គេ​មាន​​ឱកាស​ទៅ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២៧ និងឆ្នាំ​២០២៨​ខាង​មុខ ដើម្បី​បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត បន្ត​កាន់​អំណាច​ទាំង​គ្មាន​គូរ​ប្រកួត។

លោកថា៖ «បំបែកមុខពីឥឡូវទៅតែម្ដង ដើម្បី​កុំ​ឲ្យពួ​ក​វា​មាន​មូល​ដ្ឋាន​កសាង​កម្លាំង​យក​មក​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ រៀប​ចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៧ និយាយ​រួម​គឺ​គ្រប់​គ្រង​កសាង​កម្លាំង​ពីឥ​ឡូវ​បំផ្លាញ​កម្លាំង​ពួក​ប្រឆាំង កុំ​ឲ្យ​ពួក​ប្រឆាំង​មាន​កម្លាំង បើ​ឯង​ប្រឆាំង​«ងើប​មួយ​វ៉ៃ​មួយ»។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី៣១ខែ​តុលា​នេះថា ក្រោម​ដឹក​នាំ​ផ្តាច់​ការ​របស់​គ្រួសារ​ហ៊ុន កម្ពុជា​បាន​ក្លាយ​ជា​ឋាន​សួគ៌​សម្រាប់​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក ហើយ​ក្លាយ​ជាឋា​ន​នរក​សម្រាប់​ពលរដ្ឋ​ម្ចាស់​ប្រទេស។

លោកថា៖ «កម្ពុជា​យើង​ក្លាយ​ទៅ​ជាឋា​ននរក​អវចីយ៍​សម្រាប់​ពលរដ្ឋ​ខ្មែរ ហើយ​ពលរដ្ឋ​ខ្មែរ​ហ្នឹង​គឺ​ងើប​មួយ​វ៉ៃ​មួយ​តែ​ម្តង ក៏​ប៉ុន្តែ​វា​ក្លាយ​ទៅ​ជា​ឋាន​សួគ៌​របស់​ពួក​ក្រុម​ជន​ឧក្រិដ្ឋ​ជន ពួក​ឧក្រិដ្ឋ​ជន​ហ្នឹង គឺ​សប្បាយ​ទៅ​លើ​គំនរ​ទឹក​ភ្នែក​របស់​ប្រជា​ពលដ្ឋខ្មែ​រ ហើយ​មេដឹក​នាំ​ខ្មែរ​អត់​កាន់​ជើង​ពលរដ្ឋ​ខ្មែរ​ទេ ទៅ​កាន់​ជើង​ពួក​ឧក្រិដ្ឋ​ជន ដើម្បី​បាន​លុយ​ទៅ​ហ៊ឺហា​រ​ជាមួយ​ក្រុម​គ្រួសារ​ខ្លួន»។

សម្រាប់លោក អ៊ុំ សំអាន យល់​ថា​ យុទ្ធសាស្រ្តងើបមួយវាយ​មួយ​របស់​មេដឹក​នាំ​គ្រួសារ​​ហ៊ុន​នេះ គឺ​ជា​យុទ្ធ​សាស្រ្ត​កម្ចាត់​ខ្មែរ​គ្នាឯ​ង ដើម្បី​បំបិទ​មាត់​ពលរដ្ឋ​កុំ​ឱ្យ​រិះ​គន់​ការ​ដឹក​នាំ​ផ្តាច់​ការ​របស់​ខ្លួន ដែលចិ​ញ្ចឹម​កាង​ការ​ពារ​ពួក​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក។

លោកអះអាងថា ការបន្តប្រើយុទ្ធសាស្រ្តងើបមួយវាយមួ​យ​នេះ វា​នឹង​ជះ​ឥទ្ធិព​លអា​ក្រក់​ដល់​សង្គម​ជាតិ ហើយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ថែម​ទៀត។

លោកថា៖ «ប្រទេសកម្ពុជា គឺ​ជាឋា​នសួ​គ៌រ​បស់​ពួក​ឧក្រិដ្ឋ​ជន ព្រោះ​ពួក​ឧក្រិដ្ឋ​ជន​ហ្នឹង គឺ​ជា​អ្នក​រក​លុយ​ឱ្យ​ត្រកូល​ហ៊ុន​ពង្រឹង​អំណាច​ បន្ទាប់​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក គណបក្ស​ប្រជា​ជន​អត់​មាន​លុយ​ដើម្បី​ពង្រីក​អំណាច​​ទេ បើ​ពឹង​ទៅ​លើ​សេដ្ឋ​កិច្ច​ គឺ​មាន​ទណ្ឌ​កម្ម​ពី​អាមេរិក​ផ្ដាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ គឺ​ការ​ព្យួរ​ការ​អនុ​គ្រោះ​ពន្ធ​ទូទៅ GSP ហើយ​សភាអឺ​រ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ២០% អ៊ីចឹង​យើង​ឃើញ​ថា​បន្ទាប់​ពី​ហ្នឹង​មក កម្ពុជា​មាន​បទ​ឧក្រិដ្ឋ​ឆបោក​ជាហូរ​ហែរ»។

អ្នកអត្ថាធិប្បាយ​បញ្ហា​សង្គម និង​​​ជា​​អតីត​​និស្សិត​អនុ​បណ្ឌិត​​ផ្នែក​គ្រប់​​គ្រង​ពាណិជ្ជ​កម្ម​​នៅ​ប្រទេស​​​ជប៉ុន លោក ឈិន សុធា បាន​សរ​សេរ​សារ​លើ​ហ្វេស​ប៊ុក​ថា «ចេន​ ហ្ស៊ី ជា​មេឧក្រិដ្ឋ​ជន​ពិត​មិន​ចាប់ បែរ​មក​ចាប់​ជន​ពិការ! កុំ​ថា​ឡើយ​ចាប់​ខ្លួន​ ចេន ហ្ស៊ី សូម្បី​តែ​ដក​សញ្ជាតិ​ ឬ​ប្រតិ​កម្ម​ពី​រដ្ឋាភិបាល​ក៏​គ្មាន​ផង»។

សម្រាប់លោក ឈិន សុធា យល់​ថា ទង្វើ​អនុវត្ត​ច្បាប់​ស្តង់​ដារ​អ្នក​តា​របស់​អស់​លោក ហាក់​សំដៅលើ​មេ​ដឹក​នាំ​កម្ពុជា គឺ​កំពុង​សាង​រណ្តៅដ៏​ធំ​សម្រាប់​ខ្លួន​ឯង​ហើយ។

លោកនិយាយ​ថា៖ «មាត់​ស្រែក​ដាក់​អន្តរ​ជាតិ​ថា អយុត្តិ​ធម៌​ណាស់ សៀម​ឈ្លាន​ពាន​ទឹក​ដី​ ហើយ​ចាប់​កង​ទ័ព​ទាំង​១៨​រូប​ មិន​ព្រម​ដោះ​លែង តែ​ខ្លួ​ន​ឯង​វិញ​សាហាវ​ដាក់​ជាមួយ​ប្រជា​ជន​ឯង​មិន​ថម​ថយ​សោះ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បដិសេធ​ថា កម្ពុជា​មិន​មែន​ជា​ជម្រក​​ក្រុម​ឧក្រិដ្ឋ​ជន ឬ​ជា​ឋាន​សួគ៌​របស់​ក្រុម​ឧក្រិដ្ឋ​ជន​ណា​ទាំង​អស់។

លោក​អះអា​ង​ថា ការ​បន្ត​ចាប់​ខ្លួន​ពលរដ្ឋ​គឺ​ជា​តួនាទី​របស់​តុលាការ ដែល​រក​ឃើញ​ថា ពួក​គេ​ទាំង​នោះ​បាន​ប្រព្រឹត្តិ​ល្មើស​នឹ​ង​ច្បាប់ ដូច្នេះ​ត្រូវ​តែ​ចាប់​ខ្លួន ដើម្បី​ផ្តន្ទា​ទោស។

លោកថា៖ «រឿងបង្អាប់កម្ពុជាថា ដូច​ឋាននរក​នោះ​មិន​មែន​រឿង​ថ្មី​ទេ ៣០ ៤០​ឆ្នាំជា​ង​នេះ​ នយោ​បាយ​របស់​ពួក​គេ គឺ​និយាយ​ថា​កម្ពុជា​ដូច​ឋាន​នរក​សុទ្ធ​សាធ បង​ប្អូន​របស់​ពួក​គេ​នៅ​ស្រុក​ខ្មែរ​ដឹង​ថា តើ​កម្ពុជា​នៅ​ឋាន​នរ​ក​មែន ឬ​ក៏​ម៉េច​ដូច​ឋាន​នរក​ ដូច​ពួក​គេ​លើក​ឡើង​មែន​ កម្ពុជា​និង​ក្រ​ជាង​សម័យ​ប៉ុល​ពត ដូច​ពួក​គេ​លើក​ឡើង​មែន​អាហ្នឹង​គាត់​អត់​ដឹង ប៉ុន្ដែ​ដឹង​ហើយ​ធ្វើ​មិន​ដឹង​អាហ្នឹង​ យើង​មិន​ដឹង​ទៅ​និយាយ​ជាមួយ​ពួក​គេ​ហ្នឹង​ទេ វា​ជា​សន្ដាន​ទៅ​ហើយ»។

ដោយឡែក​ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហាក់​ស្តីប​ន្ទោស​ថា មេដឹក​នាំ​គ្រួសារ​ហ៊ុន​ខ្លាំង​បាន​ជាមួយ​ពលរដ្ឋ​ស្លូត​ត្រង់ គំរាម ចាប់​ចង ធ្វើ​ទុក្ខ​បុក​ម្នេញ តែ​បែរ​ជា​កាង​ការ​ពារ​ឧក្រិដ្ឋ​ជន។

សម្រាប់លោក ម៉ែន ណាត យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​ លោក អ៊ុំ សំអាន ដែល​ថា​កម្ពុជា​សព្វ​ថ្ងៃ បាន​ក្លាយ​ជា​ឋា​ន​សួគ៌​សម្រាប់​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក និង​ជា​ក្លាយ​ជា​ឋាន​នរក​សម្រាប់​ពលរដ្ឋ​ស្លូត​ត្រង់។

ក្នុងន័យនេះ លោកសំអាងថា ពួកឧក្រិដ្ឋជនឆបោក ដូច​ជា ចេន ហ្ស៊ី លី យ៉ុងផាត់ ទ្រី ភាព កុក អាន និង​ហ៊ុន តូ ដែល​អន្តរ​ជាតិ​រក​ឃើញ​ថា​ជា​មេឧក្រិដ្ឋ​ជន កំពុង​សោយ​សុខ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​រំភើយ។

លោកថា៖ «បាទ! កម្ពុជា​ដូច​ជា​ឋាន​សួគ៌​សម្រាប់​ឧក្រិដ្ឋ​ជន​អ៊ីចឹង ព្រោះ​កន្លែង​ហ្នឹង​ជា​កន្លែង​ពុក​រលួយ​ កន្លែង​ហ្នឹង​ជា​កន្លែង​បក្ខ​ពួក​និយម កន្លែង​ហ្នឹង​ជាក​ន្លែង​ដែល​ពួក​មន្ត្រី​ធំៗ​ ទទួល​សំណូក​ពី​ពួក​ឧក្រិដ្ឋ​ជន​ ហើយ​រួម​ទាំង​លោក ហ៊ុន សែន ផង​ដែរ​ ដែល​កំពុង​តែ​បើក​ឱកាស​ឲ្យ​ពួក​ហ្នឹង​មក​រក​ស៊ី​ ហើយ​ជួយ​បិទ​បាំង​អំពើ​អាក្រក់​របស់​ពួក​ហ្នឹង ហើយ​​ឥឡូវ​ហ្នឹង​វា​បែក​ធ្លាយ​រឿង​អាស្រូវ​ ដោយ​សារ​សហ​រដ្ឋ​អាមេរិក​រក​ឃើញ​ពី​អំពើ​ឆបោក​អន​ឡាញ​យ៉ាង​រង្គាល»។

សម្រាប់ លោក ម៉ែន ណាត បារម្ភថា ការ​លាក់​បំពួន ចិញ្ចឹមពួក​ឧក្រិដ្ឋ​ជន​ឱ្យ​​រក​ស៊ី​ទុច្ច​រិត​ឆបោក​នៅ​កម្ពុជា​កាន់​តែ​ច្រើន ដោយ​មិន​មាន​វិធាន​ការ​បង្រ្កាប ទប់​ស្កាត់ នោះ​វា​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង។

ក្នុងន័យនេះ លោក​ពន្យល់​ថា គ្រោះ​ថ្នាក់​នៅ​ត្រង់​ថា អន្តរ​ជាតិ​បន្ត​ដាក់​សម្ពាធ​ធ្ងន់​ធ្ងរ​លើ​កម្ពុជា​ ពលរដ្ឋ​បន្ត​ចាញ់​បោក​ក្រុម​ឧញ៉ា​ឆបោក អសន្តិសុ​ខ​សង្គម និង​បង្ក​ហានិភ័យ​ខ្លាំង​ដល់​ពលរដ្ឋ​ម្ចាស់​ប្រទេស។

លោកថា៖ «វាប៉ះពាល់លើជីវភាព​របស់​ប្រជា​ពលរដ្ឋ ប្រជា​ពលរដ្ឋ​គាត់​រង​គ្រោះពី​អំពើ​ឆបោក​អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​រដ្ឋ ហើយ​អាជ្ញាធរ​រដ្ឋ​មិន​ព្រម​ផ្តល់​យុត្តិ​ធម៌​ឲ្យ​គាត់ អា​កន្លែង​គឺ​រង​គ្រោះ​ដោយ​ពួក​គាត់​ក្រី​ក្រ​លំបាក ហើយ​គាត់​បាត់​បង់​ជំនឿ​ចិត្ត​ទៅ​ដល់​ពួក​រាជ​ការ​ និង​ពួក​រដ្ឋាភិ​បាល​អាហ្នឹង​ផល​ប៉ះ​ពាល់ទី​២ គឺ​ទុក្ខ​លើ​ទុក្ខ បាន​ន័យ​ថា ពលរ​ដ្ឋ​ហ្នឹង​គាត់​ទទួល​រង​ផល​ប៉ះពា​ល់ទុ​ក្ខជា​ន់​លើ​ទុក្ខ គឺ​អាជ្ញាធរ​ធ្វើ​បាប​ផង​ ហើយ​ពួក​អ្នក​បោក​ប្រាស់​ហ្នឹង ធ្វើ​បាប​ផង»។

ជាការកត់សម្គាល់ មនុស្ស​ជំនិតៗ​​​មួ​​យ​​​ចំនួន នៅ​​​ជុំវិញ​​ប្រធាន​​​​​​គណបក្ស​​​​កាន់​​​​​អំណាច លោក ហ៊ុន សែន ត្រូវ​​​​​​​បាន​​​អន្តរ​​​​​​​ជាតិ​​​​​​រក​ឃើញ​​​​ជា​បន្ត​​បន្ទាប់​​ថា ជា​​​មេ​ឧក្រិដ្ឋ​​ជន​​រក​ស៊ី​ចិ​ញ្ចឹម​​​​អំណាច​​គ្រួសារ​​​​ហ៊ុន ក្នុង​​នោះ​​​​មាន ឧកញ៉ា លី យ៉ុង​​ផាត់ ដែល​​​​​​​​ជា​​​​កាន់​​កាប់​​​លុ​យ​​ឱ្យ​​គណបក្ស​​ប្រជាជន​​​កម្ពុជា និង​​​ជា​​ប្រធាន​​​ស​មា​គម​​ឧកញ៉ា​​កម្ពុជា​​ផង​​នោះ ជាប់​​ឈ្មោះ​ក្នុង​​បញ្ជី​​ខ្មៅ​អាមេរិក​ ជុំវិ​ញ​បទ​​ឧក្រិដ្ឋ​​ឆបោក​ និង​​ការ​​រំលោភ​​សិទ្ធិ​​មនុស្ស។

លើស​ពី​​​នេះ លោក​​ចេន ហ្ស៊ី ជន​​ជាតិ​​ចិន ដែល​​​បច្ចុប្បន្ន​​ជា​​ទី​ប្រឹក្សា​ លោក ហ៊ុន សែន ​តុលាការ​​​​ចិន​​​​រក​​ឃើញ​​​ជាប់​​ពាក់​​ព័ន្ធ​​​បទ​​ឧក្រិដ្ឋ​​​អន​​ឡាញ​​​ខុស​​​ច្បាប់ និងរងទណ្ឌកម្មពី​អាមេរិក និង​​ចក្រ​ភព​​អង់​គ្លេស​ផង​ដែរ។

ជាងនេះ​ទៀត ក្រសួងរតនាគារ​អាមេរិក កាលពី​​ថ្ងៃ​​ទី៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ប្រកាស​​​ដា​ក់​​ទណ្ឌ​កម្ម​​​​ឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​​លោក ហ៊ុន សែន ក្រោយ​​​រក​ឃើញ​​ថា បណ្តាញ​​​បោ​ក​​​ប្រាស់​​​តាម​​​អ៊ីន​​​​​ធឺណិត​​​នៅ​​​​កម្ពុជា មាន​​ជាប់​​ពាក់​​​ព័ន្ធ​​ក្រុម​​ហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព។

របាយ​ការណ៍​ស្រាវ​ជ្រាវ​ជាង​៧០​ទំព័រ​រប​ស់​វិទ្យាស្ថាន Humanity Research Consultancy ចេញ​​ផ្សាយ​​​កាល​ពី​ខែឧ​សភា ឆ្នាំ​២០២៥ ដែល​រក​ឃើញ​ថា កម្ពុជា​នៅ​ក្រោម​​អំណាច​រដ្ឋាភិ​បាល​​គ្រួសារ​​​ហ៊ុន ជា​ទីតាំង​ស្នូល​​នៃ​ការ​ប្រព្រឹត្តិ​​​ឧក្រិដ្ឋ​កម្ម​​​ឆ្លង​​ដែន​ ជាពិសេស​​ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

ប្រភពបន្ត​ថា គ្រួសារហ៊ុនដើរតួនាទីជា​អ្នក​ការ​ពារ​​ពួក​​អ្នក​​មាន​​អំណាច ឱ្យ​​គប់​​គិត​​ជាមួយ​​បណ្តាញ​​​ឧក្រិដ្ឋ​​​កម្ម​​​បរទេស ដើម្បី​​ប្រមូល​​ប្រាក់​​យក​​ទៅ​ចិញ្ចឹម​​គណបក្ស​​កាន់​​អំណាច ដោយ​​ពួក​​គេអាច​​រក​​ចំណូល​បាន​​ពី​​​ឧក្រិដ្ឋ​​កម្ម​​អន​​ឡាញ ប្រមាណ​​ពី​​​ជាង ១២​​ពាន់​​លាន ទៅ ១៩​​ពាន់​​លាន​ដុល្លារ​​​នៅ​​ក្នុង​​១ឆ្នាំ។

តាមរបាយការណ៍​​ដដែល ​បុគ្គល​ដែល​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​​នៅ​​ក្នុង​​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​​ដែន​នៅ​​កម្ពុជា​​សរុប​​​ចំនួន ២៨​នាក់ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​​រដ្ឋាភិបាល និង​​ឧកញ៉ា​គ្រាក់ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ