ក្នុងកំឡុងពេលដែលរដ្ឋាភិបាលកម្ពុជា បានបើកប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ហើយដែលមេខ្លោងធំឧក្រិដ្ឋកម្មនេះ គឺលោក ចេន ហ្ស៊ី កំពុងត្រូវអាជ្ញាធរបរទេសបង្កកទ្រព្យសម្បត្តិ និងតាមចាប់ខ្លួនផងនោះ ក្រុមថៅកែរោងចក្រឆបោកតាមអ៊ីនធឺណិត ដែលមានមូលដ្ឋាននៅកម្ពុជានោះ ក៏មិនបាននៅស្ងៀមនោះដែរ ដោយពួកគេបានផ្លាស់ប្ដូរ និងបំបែកបុគ្គលិកទៅកាន់ទីតាំងផ្សេងទៀត ខណៈអាគារប្រតិបត្តិការមួយចំនួន កំពុងសាងសង់ជាបន្តបន្ទាប់។
កម្មករធ្វើការនៅការដ្ឋានសាងសង់ក្នុងខេត្តកណ្ដាលម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់វីអូឌីក្រៅបទសម្ភាសន៍ថា ក្នុងរយៈកាលចុងក្រោយនេះ ថៅកែជនជាតិចិន បានពន្លឿនការសាងសង់អាគារជាច្រើនកន្លែង ដូចជា នៅម្ដុំទីតាំងកាស៊ីណូក្រោន ជ្រៃធំ ស្ថិតតាមបណ្ដោយទន្លេបាសាក់ ជាប់ព្រំដែនវៀតណាម ក្នុងស្រុកកោះធំ និងតំបន់ស្ថិតក្នុងឃុំសំពៅពួន ក្រុងសំពៅពួន ជាដើម។ កម្មករដដែល បន្តថា អគាររបស់ថៅកែចិនទាំងនេះ បានកសាងឡើងដោយមានការតភ្ជាប់បណ្ដាញអ៊ីនធឺណិតល្បឿនលឿន និងមានការដំឡើងម៉ាស៊ីនកុំព្យូទ័រជាច្រើនគ្រឿង ហើយមានបុគ្គលិកខ្មែរ និងបរទេសជាច្រើននាក់ បានមកធ្វើការនៅក្នុងអាគារទាំងនោះ ខណៈការសាងសង់ នៅមិនទាន់បញ្ចប់ស្រួលបួលនៅឡើយ។
ដោយឡែក នៅឯខេត្តត្បូងឃ្មុំវិញ ក្រុមឈ្មួញចិនបានសម្រុកប្រមូលទិញដីស្រែពីពលរដ្ឋខ្មែរជាច្រើនកន្លែង នៅម្ដុំវត្តត្រពាំងផ្លុង និងម្ដុំពន្ធនាគារ ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក និងបានសាងសង់អាគារ និងអាផាតមិនធំៗ ជាច្រើនកន្លែង ដែលធ្វើឱ្យហាងឆេងដី នៅតំបន់នេះ ហក់ឡើងថ្លៃភ្លាមៗ។
តែយ៉ាងណា បើតាមការអះអាងរបស់ប្រជាពលរដ្ឋ បានឱ្យដឹងថា អាគារទាំងនោះ គឺជាបណ្ដុំរបស់កាស៊ីណូ សេវេន(7 Casino) ដែលជាកន្លែងប្រតិបត្តិការអនឡាញ។ ពលរដ្ឋអះអាងទៀតថា ជារៀងរាល់យប់ នៅរយៈកាលចុងក្រោយនេះ មានឡានក្រុងជាច្រើនគ្រឿង បានដឹកមនុស្សចម្រុះជាតិសាសន៍ ចូលទៅក្នុងបរិវេណអាគារ ដែលសាងសង់នៅមិនទាន់រួចជាស្ថាពរនេះ។
ចេញពីតំបន់ព្រំដែនខាងកើត ងាកមកចាប់អារម្មណ៍លើតំបន់ជាប់ព្រំដែនខាងលិចវិញម្ដង។ អាគារនៅក្នុងបរិវេណកាស៊ីណូ អូរស្មាច់ របស់លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធិសភា កូតាគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា កំពុងមាមាញឹកបញ្ចប់ការសាងសង់អាគារធំៗជាច្រើនជាន់ នៅក្បែរព្រំប្រទល់ថៃ។ តំបន់អាគារទាំងនេះ មានការយាមកាមយ៉ាងតឹងរ៉ឹង ដោយមិនអនុញ្ញាតឱ្យចេញចូលដោយសេរីនោះឡើយ។
ទោះជាបែបនេះក្ដី អតីតបុគ្គលិកអង្គភាពដោះមីន ស៊ីម៉ាក់(CMAC)ម្នាក់ ដែលបានចូលទៅដោះមីនតោន ក្នុងការដ្ឋានអាគារកាស៊ីណូ អូរស្មាច់ កាលពីខែមិថុនា បានអះអាងប្រាប់វីអូឌី ក្រៅបទសម្ភាសន៍ថា អាគារដែលសាងសង់ថ្មីទាំងនេះ គឺជាទីតាំងប្រតិបត្តិការបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិត ឬខលសេនធ័រ(Call Center) ដែលបង្កប់ខ្លួននៅក្នុងកាស៊ីណូ អូរស្មាច់។
យ៉ាងណាមិញ នៅទល់មុខកាស៊ីណូក្រោន របស់ស្ដេចកោះកុង គឺលោក លី យ៉ុងផាត់ មានកាស៊ីណូមួយទៀត ដែលកំពុងពន្លឿនការសាងសង់អាគារធំៗ ដូចគ្នាដែរ នោះគឺ កាស៊ីណូ រ៉ូយ៉ាល់ ហៀល (Royal Hill resort & Casino) របស់អ្នកឧកញ៉ា លឹម ហេង។
សារព័ត៌មានថៃ អាម៉ារីន ធីវី(AMARIN TV) បានចុះផ្សាយកាលពីពាក់កណ្ដាលខែតុលាថា មានករណីជនជាតិថៃ និងជនបរទេសជាច្រើននាក់ បានអះអាងថា ពួកគេបានលួចរត់ចេញពីអាគារឆបោកនៅក្នុងកាស៊ីណូ នៅព្រំដែនអូរស្មាច់ ក្នុងទឹកដីកម្ពុជា ដោយឆ្លងដែនចូលមកទឹកដីថៃ បន្ទាប់ពីពួកគេត្រូវក្រុមឧក្រិដ្ឋជន បង្ខាំង និងធ្វើទារុណកម្មឱ្យឆបោកតាមអនឡាញ។
សកម្មភាពក្រុមឈ្មួញឧក្រិដ្ឋកម្មអនឡាញទាំងនេះ គឺស្របពេលដែលអន្តរជាតិ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សិង្ហបុរី និងកូរ៉េខាងត្បូង កំពុងសម្លឹងមើលមកកម្ពុជាមិនដាក់ភ្នែកដោយសារឧក្រិដ្ឋកម្មអនឡាញ ពិសេសការជាប់ពាក់ព័ន្ធជាមួយ លោក ចេន ហ្ស៊ី ដែលត្រូវបានប៉ូលីសអាំងទែប៉ូលតាមចាប់ខ្លួន និងដែលគេជឿថាលោកកំពុងលាក់ខ្លួននៅកម្ពុជា។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា មូលហេតុដែលឧក្រិដ្ឋជនឆបោកតាមអនឡាញ នៅតែអាចប្រតិបត្តិការនៅលើទឹកដីកម្ពុជាបាន គឺដោយសារពួកគេមានទំនាក់ទំនង ក្នុងការរកស៊ី និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាមួយក្រុមមេដឹកនាំកម្ពុជា និងគណបក្សកាន់អំណាច។ លោកបន្តថា ប្រសិនបើមេដឹកនាំកម្ពុជា នៅតែរកស៊ីជាមួយមេខ្លោងឧក្រិដ្ឋជនទៀតនោះ នឹងធ្វើឱ្យកម្ពុជា កាន់តែស្អុយឈ្មោះលើឆាកអន្តរជាតិ ខណៈរដ្ឋាភិបាលកម្ពុជា នឹងជាឈ្មោះ ជារដ្ឋាភិបាលជនពាល ដែលរស់ដោយពឹងផ្អែកលើក្រុមឧក្រិដ្ឋជន។
លោក ម៉ែន ណាត ថ្លែងថា៖ «ឪពុកគាត់(លោក ហ៊ុន សែន) គួរតែចេះជួយការពារកិត្តិយស ឱ្យលោក ហ៊ុន ម៉ាណែត ខ្លះទៅ បើគាត់ចង់ឱ្យលោក ហ៊ុន ម៉ាណែត ហ្នឹងកាន់អំណាចឱ្យមានភាពថ្លៃថ្នូរ។ លោក ហ៊ុន ម៉ាណែត ក៏ត្រូវតែជួយសុំអន្តរាគមន៍ពីឪពុករបស់គាត់ដែរ ព្រោះមនុស្សជាច្រើន ដែលនៅជុំវិញខ្លួនរបស់ឪពុកគាត់ហ្នឹង ដូចជា លី យ៉ុងផាត់ ទ្រី ភាព និង កុក អាន ហ្នឹងដែលកំពុងល្បីខ្ទរខ្ទ័រ ក្នុងការប្រព្រឹត្តិបទឧក្រិដ្ឋកម្ម»។
យ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលឪពុករបស់លោក ហាក់បរាជ័យក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដោយសារតែពួកគេ បានធ្វើជាខ្នងបង្អែកឱ្យក្រុមឧកញ៉ា និងឈ្មួញគ្រាក់ៗ ដែលជាមេខ្លោងឧក្រិដ្ឋជនឆបោកលំដាប់អន្តរជាតិ ដែលបានឆបោកប្រជាពលរដ្ឋជាច្រើនប្រទេស រហូតធ្វើឱ្យបរទេសដាក់សម្ពាធលើកម្ពុជា។
ជាក់ស្ដែង មនុស្សជំនិតរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចំនួន២រូប រួមមាន លោក កុក អាន លោក លី យ៉ុងផាត់ និងជនជាតិចិន លោក ចេន ហ្ស៊ី ត្រូវបានបណ្ដាបរទេសបង្កកទ្រព្យសម្បត្តិ និងត្រូវប៉ូលិសអាំងទែប៉ូល ចេញនិវេទន៍ក្រហម តាមចាប់ខ្លួនជាបន្តបន្ទាប់៕









