អ្នកឃ្លាំមើលថា​ស្រូវប​ន្ត​ធ្លាក់​ថ្លៃ​​នា​រ​ដូវ​ប្រមូល​ផល​បង្ហាញ​ពី​អសមត្ថ​ភាព​មេដឹក​នាំ

ពាក់​ព័ន្ធ​​នឹង​វិស័យ​​កសិកម្ម ​និង​​ការ​​រក​​ទីផ្សារ​សម្រាប់​​លក់​ផលិត​ផល​​កសិកម្ម​​របស់​កសិករ​កម្ពុជា​ បាន​​បំបែក​ក្រសួង​​យ៉ាង​ហោច​​ចំនួន​៥ គឺ​ក្រសួង​​កសិកម្ម ក្រសួង​​ធន​ធាន​ទឹក ក្រសួង​​បរិស្ថាន​ ក្រសួង​​អភិវឌ្ឍន៍​​ជន​បទ​ ​និង​​ក្រសួង​​ពាណិជ្ជ​កម្ម​​ជា​ដើម ដែល​​បាន​​ចំណាយ​​ថវិកា​​​ជាតិ​​យ៉ាង​ច្រើន ​​ក៏​ប៉ុន្តែ​​វិស័យ​​នេះ​នៅ​​តែ​ងើប​​មុខ​​មិន​រួច ​​ធ្វើ​​​ឱ្យ​​កសិករ​កាន់​​​តែ​ច្រើន​​ខាត​​ឡុង​​ចុង​ ជំពាក់​​បំណុល​​គេ​​វ័ណ្ឌ​ក​ មាន​​ខ្លះ​​ត្រូវ​​បង្ខំ​ចិត្ត​​លក់​​​ដី​ស្រែ​ដីចម្ការ​ ​ហើយ​​ធ្វើ​ចំណាក​​ស្រុក​​ទៅរក​​ការ​ងារ​​​ធ្វើ​​នៅ​​ប្រទេស​​ថៃ ដែល​​នេះ​​បង្ហាញ​​ថា ជា​ការ​​បរាជ័យ​​របស់​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន។

ស្ត្រី​កសិករម្នាក់ ​និយាយ​នៅ​​វាល​​ស្រែ​​ដែល​​ស្រូវ​កំពុង​ទុំ​​​ថា នៅ​​ពេល​​នេះ ​ស្រូវទុំ​​ដល់​ពេល​ត្រូវ​ប្រមូល​ផល​ហើយ​​ប៉ុន្តែ​ស្រូវ​១គីឡូ​​លក់​បាន​​តែ៦៣០​រៀល​ប៉ុណ្ណោះ ​គឺ​មិន​ត្រឹម​តែ​មិន​ចំណេញ​​​ទេ ​គឺ​ថែម​ទាំង​ខាត​ចូល​ដើម​​ថែម​​ទៀត ​តើ​ឱ្យ​កសិករ​​រំពឹង​អ្វី​​ទៀត​។

ស្ត្រីកសិកររូបនោះ​ និយាយ​ថា​៖ «១គីឡូ​៦៣០[រៀល] ឥឡូ​វ​​យើង​​គិត​យ៉ាង​ម៉េច​? បាន​​អី​សង​គេ សូម​​លោក​​ថ្នាក់​​ខាង​លើ​​ហ្នឹង​​ជួយ​​មើ​​ល​​រាស្ត្រ​​ផង​ រាស្ត្រ​ធ្វើ​ស្រូវ​​កើត​​ហើយ ​១គីឡូ​​៦៣០​​ ហើយ​​ចុះ​ជី​ក៏​វា​ថ្លៃ​ ថ្នាំ​ក៏​វាថ្លៃ​​ ប្រេង​​​ក៏​​​វា​ថ្លៃ​ ហើយ​​ហេតុ​​​​​អី​ថ្លៃតែទំនិញ​ទីផ្សារ​ ហើយ​ស្រូវ​ប្រជាពល​រដ្ឋ​ម៉េច​ក៏ថោក​ម៉េះ​?​ បើ​លោកថ្នាក់​​ខាង​​លើ ​លោ​ក​ជំទាវ ​ហើយ​​សូម​លោក​ឧកញ៉ា ​ហើយ​នឹង​ខាង​ក្រសួង​កសិកម្ម​​ជួយ​មើល​​រាស្ត្រ​ផង​ មើល​​ប្រជា​​ពល​រដ្ឋ​​ផង​ បើប្រជាពល​រដ្ឋ​សង្ឃឹម​លើលោកថ្នាក់លើ ​ខាង​ក្រសួង​កសិកម្ម​ហើយ​​លោក​​ជំទាវ ​បើ​​អស់​​លោក​​មិន​​ជួយ​​រាស្ត្រ​​ទេ ​រាស្ត្រត្រូវងាប់​ពេលនឹងហើយ»។

កសិករម្នាក់​ទៀត ​គឺ​អ្នក​ស្រី មុំ សុភី ​បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​៣ ​ខែ​វិច្ឆិកា​​នេះ​​ថា យើង​​ដឹងហើយ​ថា ប្រទេសកម្ពុជា​មាន​​ប្រជាពលរដ្ឋ​​៨៥​ភាគរយ​​ជាកសិករ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​ដូច​មិន​សូវ​យក​ចិត្ត​ទុកដាក់​លើ​កសិករឡើយ ពីព្រោះ​កសិករ​បាន​​ចំណាយ​ធនធានធ្វើស្រែធ្វើ​ចម្ការ​​​អស់​​​ច្រើន ​ក្នុង​នោះ​មាន​​ជី ​និង​ថ្មាំ​​កសិកម្ម​​ជាដើម ​គឺមាន​តម្លៃថ្លៃ​ ប៉ុន្តែ​ពេល​បាន​ស្រូវ​បែរ​ជា​ធ្លាក់​ថ្លៃ​​ ធ្វើ​ឱ្យ​កសិករ​ខាត​គ្រប់គ្នា។ អ្នក​ស្រី​និយាយ​ថា ការ​ដែល​​ស្រូវធ្លាក់​ថ្លៃ​​នៅ​រដូវ​ប្រមូល​​ផល​ជារៀង​រាល់​ឆ្នាំ គឺដោយ​សារ​រដ្ឋាភិបាល​មិន​យក​ចិត្តទុកដាក់ ពីព្រោះ​បើ​បើរដ្ឋាភិបាល​​យក​​ចិត្ត​ទុក​ដាក់​​ គ្មាន​​ឈ្មួញ​​ណា​​ហ៊ាន​​ទម្លាក់​​តម្លៃ​​ស្រូវ​នោះ​ទេ​។

កសិករឈ្មោះ ឆែម ​ពៅ ​បាន​ឱ្យដឹង​ថា បើគិតពីការ​ចំណាយ​លើ​ការ​ធ្វើ​ស្រែ​លើ​ផ្ទៃ​ដី១ហិក​តា​​ គឺត្រូវ​ជួល​គេ​ភ្ជួរ​លើក​​ទី​មួយ​ ១៤ម៉ឺនរៀល ភ្ជូរលើក​ទីពីរ​ ១៣ម៉ឺន​រៀល​​ទៀត ​ជួល​គេ​​ព្រោះ​៤​ម៉ឺន​រៀល ​ថ្លៃថ្នាំ​​បាញ់​​ស្មៅ​​និង​​ជួល​​​​គេ​​បាញ់​​លើក​ទី​មួយ ​៣៤​ម៉ឺន​​រៀល​ បាញ់​ថ្នាំស្មៅ​លើ​ក​​ទី​ពីរ​​​​លាយ​នឹង​​ថ្នាំ​សត្វ​ល្អិត​បំប៉ន​ដាក់​ជី​៤ការ៉ុង​ទៀត​៧៦​ម៉ឺន​រៀល​​ ថ្លៃ​ច្រូត​៣០​​ម៉ឺន​​រៀល ​និង​​​ថ្លៃ​​ដឹក​៣០​ម៉ឺន​​រៀល​​ជាដើម​ នេះ​​នៅ​មិន​​ទាន់​​គិត​ពី​​ថ្លៃ​​ជួល​​គេ​បូម​ទឹក​ដាក់​​ស្រែផ​ង​ទេ។

យោង​តាមផេក​ឈ្មោះ ផលិតផល​កសិកម្ម(Agricultural Production) បាន​ឱ្យ​ដឹងថា នៅថ្ងៃទី​២ ​ខែវិច្ឆិកា​ឆ្នាំ​២០២៥ នៅ​ស្រុកបាភ្នំ ខេត្ត​ព្រៃវែង ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ និង​​ស្រុ​ក​​សន្ទុក ខេត្តកំ​ពង់​ធំ ស្រូវ​ OM​5451 ត្រូវ​​ឈ្មួញ​​ប្រមូល​​ទិញ​​ក្នុង​​តម្លៃ​ពី​ ៦១០​ទៅ៦៥០​​រៀល។

លោក ​ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​​ថ្លែង​​កាល​​ពី​ថ្ងៃទី​១ ខែ​​វិច្ឆិកា ​ដោយ​​អរ​គុណ​​ដល់​​ប្រជា​​ពលរដ្ឋ​​នៅ​​តាម​​បណ្តាញ​​សង្គម​ ដែល​មួយ​រយៈ​នេះ​ ​បាន​ជួយ​បង្ហោះ​​និង​​ជួយ​​​ចែក​រំលែក​ អំពី​​តម្លៃ​​ស្រូវ និង​ការ​លំបាក​​របស់​​កសិករ​ ហើយ​​លោក​​បាន​អំពាវ​នាវឱ្យ​មាន​​ការ​រួមគ្នា​ជួយ​កសិករ។

លោកថា៖ «អ៊ីចឹង​មួយ​ផ្នែក​ឈ្មួញ​ដែល​ប្រមូល​ទិញ​ សូមជួយ​ឱ្យតម្លៃ​ឱ្យ​​បាន​​សម​រម្យ ​ដោយ​​សារ​រដូវនេះ គឺ​យើង​​ប្រមូល​​​ផល​ ​កន្លែង​នេះ​គឺ​យើង​ប្រមូ​ល​ផល​នាង​អំ ប៉ុន្តែ​​នៅ​កន្លែង​​ផ្សេង​​ៗ​​ទៀត​​ទូទាំង​​ប្រទេស​​​ភាគច្រើន​​​គឺ​ស្រូវ​ផ្កា​រំដួល។ ពេល​នេះគឺ​ពេល​ខ្មែរ​ជួ​យកសិករយើងទាំងអស់គ្នា​ហើយ​។ អ៊ីចឹង​មួយ​ផ្នែក​អំពាវ​នាវឱ្យ​បង​ប្អូន​យើង ដែលជាឈ្មួញជួយ​ទិញ​​បងប្អូន​ប្រជាកសិករ​​យើង ​ក្នុង​តម្លៃ​សមរម្យ​ទៅ ​ដូច​ជា ស្រូវ​ផ្កា​​រំដួល​នេះ​ក្នុង​​រង្វង់​​១០០០​រៀល ​គឺ​ជាតម្លៃ​សមរម្យ​មែន​ទែន ​​ខ្ញុំ​បាន​ជជែក​ជាមួយ​សហព័ន្ធ​​ស្រូវ​អង្ករ​​ដូច​​គ្នា ​គឺត្រៀម​​ក្នុង​​​ខែ​​១១ ​ឥឡូវ​​ថ្ងៃ​នេះ​​ថ្ងៃ១​ ខែ​​១១​ហើយ ​យុទ្ធនាការ​​ប្រមូល​​ទិញ​ស្រូវ​​របស់​​យើ​​ងក្នុង​តម្លៃ​​សមរម្យ​នេះ​»។

ទាក់​ទង​នឹង​ប្រាក់​កម្ចី ​លោក​រដ្ឋមន្ត្រី​​ បាន​អំពាវ​នាវ​ដល់​ម្ចាស់​ប្រាក់​​កម្ចី​ សូម​កុំ​ទាន់អាល​​​ទារ​ប្រាក់​​ដែល​កសិករ​បាន​ខ្ចី ​ពីព្រោះ​បច្ចុប្បន្ន​ការ​លក់​ស្រូវ​របស់កសិករ​ក្នុង​តម្លៃទីផ្សារ ​គឺ​ពិបាក​នឹងសង​បាន​ណាស់ ​ហើយ​បើ​​ទា​រ​ក៏​មិន​ទាន់​អាច​​មាន​ប្រាក់​​សង​បាន​ដែរ​។ ជាមួយគ្នា​នេះ ​លោក​បានជំរុញ​ឱ្យ​កសិករ​នៅ​តាម​ឃុំ​ឬនៅតាម​តំបន់​នីមួយ​ៗ ​រួម​គ្នា​បង្កើត​ជាសហគមន៍​​កសិកម្មទំនើប​ ​ដើម្បីងាយ​ស្រួល​រៀបចំ​​ឯកសារ​​ខ្ចីប្រាក់យក​មក​​អភិវឌ្ឍ​ន៍​សហគមន៍ ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​កសិករ​១លាន​​៧សែន​គ្រួសារ ​និ​ង​មាន​​ផ្ទៃ​ដី​ដាំ​ដុះ​ជាង​​៣លាន​​ហិកតា។

​​​បើ​​តាម ​​លោក ​ឌិត ទីណា​ នៅក្នុង​រដូវប្រមូលផល​កសិករប្រមូល​​ផល​​ស្រូវ​ប្រមាណ​​ជិត​​៣ម៉ឺន​តោន​​ក្នុង​​១ថ្ងៃ។ បន្ថែមពីនេះ​ លោក​រដ្ឋមន្ត្រី ​លើកឡើងថា នៅ​ពេល​ដែល​​ឈ្មួញ​​ជួយ​តម្លើង​ថ្លៃ​​បន្តិច ​អ្នក​ទិញ​ហូប​ជួយ​ទិញ​​បន្ថែម ​ហើយ​​ក្រសួង​សេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ ​ក៏បាន​ទម្លាក់​ថវិកា​ឱ្យ​​ជួយ​ទិ​ញ​​បន្ថែម​​ទៀត​ ដើម្បីឱ្យតម្លៃ​វាកើន​ឡើង​ នៅ​ពេល​នោះ​នឹងអាច​ជួយកសិករ​បាន​មួយ​ផ្នែកហើយ​។

នា​ពេល​ថ្មីៗ​នេះ ​មាន​ការ​លើកឡើង​ថា នៅ​តាម​បណ្តា​ខេត្ត​នីមួយ​ៗ​ គឺ​សុទ្ធ​តែមាន​ឈ្មួញ​កណ្តាល​​ប្រមូល​ទិញ​​ស្រូវ​​ផ្តាច់​​មុខ​ ទើប​ស្រូវរបស់​កសិករ​លក់​​មិន​បាន​ថ្លៃ ​ដោយ​សារ​តែគ្មាន​ការ​ប្រកួត​​ប្រជែង​ទីផ្សារ។

ប៉ុន្តែ​លោក​ ភា​រម្យ ​ដែល​​​ជា​ឈ្មួញ​កណ្តាល​​ម្នាក់​​​​អះ​អាង​ថា រឿង​​ស្រូវ​​​គ្មាន​ទីផ្សារ​​​បញ្ហា​​ចំបង ​គឺ​វាអាស្រ័យ​ទៅលើ​​ក្រសួង​កសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ មិន​មែន​មក​ពីឈ្មួញ​កណ្តាល​នោះ​ទេ ពីព្រោះ​ក្រសួង​កសិកម្ម​ និង​ក្រសួង​ពាក់ព័ន្ធ​ ជាពិសេស​ក្រសួង​ពាណិជ្ជកម្ម ​ត្រូវរក​ទីផ្សារ​នៅ​ក្រៅ​​ប្រទេស​​ឱ្យ​បាន​ទូលំទូលាយ​​ទើប​អាច​លក់​​ស្រូវ​អង្ករ​បាន​ថ្លៃ ខណៈ​បច្ចុប្បន្ន​ទីផ្សារ​ស្រូវ​នៅ​កម្ពុជា ​គឺវាអាស្រ័យ​ទាំង​ស្រុង​ទៅ​​លើ​មាត់ឈ្មួញ​​វៀតណាម​។

ជាមួ​យគ្នា​នេះ ​លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) ថ្លែង​ថា ​នៅពេល​នេះ​​អង្ករ​ផ្កា​​រំដួល​នៅ​តែ​ថ្លៃ​​ដដែល​។ ចំណែក​តម្លៃស្រូវផ្សេងទៀត​​ដែល​ធ្លាក់​​ចុះ​ទាប​ខ្លាំង​ ​លោកថា គឺ​មិន​មែន​​ដោយ​សារ​​អ្នក​​ណា​​ម្នាក់​​កំណត់​​ថ្លៃ​​នោះ​​ទេ គឺ​វា​បណ្តាល​មក​ពី​កត្តា​ទីផ្សារ​សាកល ​ពីព្រោះ​ស្រូវ​-អង្ករ​ ជា​ទំនិញ​​សាកល​។

លោក​ ច័ន្ទ​ សុផល ​បាន​សរសេរ​លើ​​បណ្តាញ​សង្គម​របស់​លោក ​នៅ​ថ្ងៃទី​៣ ​ខែ​វិច្ឆិកា​នេះថា ពេល​ខ្វះ​ស្រូវ​អង្ករ​​នៅ​ប្រទេស​​ផ្សេងៗ​ ស្រូវ​ថ្លៃ​ខ្ពស់​ខ្លាំង​​នៅ​ឆ្នាំ​២០២៣​ និង​​២០២៤។ បន្ទាប់​​មក​​ថ្លៃ​ស្រូវ​អង្ករ​​ក៏​ធ្លាក់​ចុះ​ខ្លាំង​​នៅ​​ឆ្នាំ​​២០២៥​ ដោយសារ​ប្រទេស​ឥណ្ឌា​​ផលិត​បាន​ច្រើន​ និង​បញ្ចេញ​អង្ករ​២០​លាន​​តោន​លក់​ថោក​ៗ​ លើ​​​ទីផ្សារ​ពិភពលោក​។

លោក ​អ៊ុំ សំអាន ​អតីត​តំណាង​​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ​​ ថ្លែង​​ថា បើ​ដូច​កាល​​ពី​​​មុន ​គណ​បក្ស​​សង្គ្រោះ​ជាតិ​​មាន​​តំណាង​រាស្ត្រនៅ​ក្នុ​ង​​រ​ដ្ឋ​សភា ​នឹង​កោះ​​ហៅ​​រដ្ឋ​មន្ត្រី​​កសិកម្ម ​​និង​​រដ្ឋ​មន្ត្រី​​ក្រសួង​​ពាក់​​ព័ន្ធ​​​ ទៅ​​សាក​​សួរ​​មិន​​ខាន​ ចំពោះ​​ការ​​បរាជ័យ​​ក្នុង​​ការ​​រក​​ទីផ្សារ​​លក់​​ស្រូវ​​​-អង្ករ​​របស់​កសិករនេះ។ លោក​និយាយ​ថា បច្ចុប្បន្ន​​​នៅ​អាមេរិក ​និ​ង​​នៅ​ប្រទេស​​​ដទៃ​ទៀត ​គឺ​​មាន​​ការ​​ពិបាក​មែន​​ទែន​​​ក្នុង​​ការ​​រក​​ទិញ​អង្ករ​ខ្មែរ ​ប៉ុ​ន្តែ​​បើអង្ករ​​វៀតណាម ​ឬអង្ករថៃ គឺមាន​ច្រើន ​ដែល​នេះ​បង្ហាញពី​អសមត្ថភាព​របស់​​រដ្ឋាភិបាលគ្រួសារ​ហ៊ុន ​ក្នុង​ការដឹក​នាំ​ប្រទេស​ អសមត្ថភាពក្នុង​ការ​រក​ទីផ្សារ​ឱ្យប្រជាពលរដ្ឋ​លក់​ស្រូវ-អង្ករ​របស់​ពួកគាត់​ក្នុង​តម្លៃថ្លៃ។  លោកថា ប្រទេស​​ថៃ​ និង​ប្រទេស​វៀត​ណាម ​​គេ​នាំចេ​ញ​​ច្រើ​ន​​ដោយ​​ផ្ទាល់​​ទៅកា​ន់​​​ទីផ្សារ​​អន្តរជាតិ​ ហើយកម្ពុជា គឺ​ពឹងផ្អែក​ទៅលើ​ទីផ្សារ​ថៃនិង​វៀតណាម​ ដោយ​​មិន​លក់​ទៅកាន់​ទីផ្សារ​អន្តរ​ជាតិ​ដោយ​ផ្ទាល់​នោះ​ទេ ​ទើ​ប​​ស្រូវ​​អង្ករកម្ពុជា​​លក់​បាន​ថោក ​ពីព្រោះ​វាអាស្រ័យ​ទៅលើ​ឈ្មួញ​វៀត​ណាម ​និង​ថៃ ​ជាអ្នក​កំណត់​តម្លៃ​។

លោកថា៖ «ដោយ​សារ​តែអំពើពុករលួយ ហើយ​​ការ​​មិន​​គិត​ពី​​ការ​​រក​ទីផ្សារ​​ឱ្យ​​ប្រជាពលរដ្ឋ​ ​គិត​តែពីចុះ​មូល​ដ្ឋាន​​ពង្រឹងបក្ស ពង្រឹងអំណាច​​ជាជាងការ​គិតពីសុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ ហើយ​អាងតែពឹង​ទៅ​លើ​ទីផ្សារ​វៀត​ណាម​​និងថៃ។ តាម​ដែល​ខ្ញុំដឹង​​មិត្តភក្តិ​ខ្ញុំ​ភាគច្រើន គាត់​ថា ការ​រក​ស៊ី​ហ្នឹង​​​គឺត្រូ​វស​ហការ​ជាមួយ​​ឈ្មួញ​​ថៃ និង​​វៀ​ត​ណាម ​ដល់​ចឹង​​ដល់​​យើង​​លក់ លក់​តែតា​ម​​ឈ្មួញ​​វៀត​​ណាម​​និង​ថៃ អត់​លក់​ទៅ​ទីផ្សារ​​អន្តរ​ជាតិ​​ទេ ដល់​ចឹង​វាអ​ត់​ពឹង​លើស​កម្ម​ភាព​ខ្លួន​​ឯង ដែល​​​នាំ​ទៅ​ទីផ្សារ​​អន្តរ​ជាតិ​ទី១។ ទី២​អាកុង​តឺ​ន័រ​​ដែ​ល​ដឹក​នាំ​ចេញ​នឹង​កន្លង​មក គឺយើ​ង​​ទិញ​​កុ​ងតឺ​​ន័រ​​​ពីសាំ​ងហ្គាពួ​ពី​អីចឹង​ទៅ​ យើង​​អត់​មាន​​អាកុង​តឺន័រ​ដាយ​រិក​ទៅទី​ផ្សារ​​អន្តរ​ជាតិ​​ ដល់​​ចឹង​​ការ​បង់​​កុង​តឺន័រ​​​ក៏ថ្លៃ​ ដល់​ចឹង​​ត្រូវ​​ពឹង​ទីផ្សារ​​របស់​​វៀត​ណាម​​និង​ថៃ​ យើង​​មិន​អាច​​ធ្វើ​ខ្លួន​​ឯង​​បាន ​ដោយ​​សារ​​តែ​អសមត្ថ​ភាព និង​​អត់​មាន​​គំនិត​ដើម្បី​​រក​ទីផ្សារ​​ទៅ​កាន់​​ទីផ្សារ​​អន្តរ​ជាតិ​​ យើង​​ពឹង​​រក​ស៊ីតែ​ជា​មួយ​​ឈ្មួញ​ថៃ​និង​​វៀ​ត​ណាម​ ដល់​​ចឹ​ង​​ហើយ​​បាន​ជាត​ម្លៃស្រូ​វ​អង្ករ​មិន​​បាន​​ថ្លៃ»

ជាមួយគ្នា​នេះ ​លោក​​បណ្ឌិត មាស នី ថ្លែង​ថា ជា​ការ​ពិត ​​ជាទូទៅ​​គឺតម្លៃស្រូវនៅ​ឆ្នាំនេះ​ ​​វាធ្លាក់​ចុះ​ពី៨០០​​មក​​ត្រឹម​​៧០០​​រៀល​ មាន​កន្លែងខ្លះ​ធ្លាក់​មក​ដល់​ត្រឹម​​៥៥០-៥៧០​រៀល​​​​ទៅ​​តាម​​ប្រភេទ​ស្រូវ ​និង​ទៅ​​​តាម​តំបន់​​មាន​​ការ​​ពិបាក ​ឬក៏ងាយ​ស្រួល​ក្នុង​ការ​ដឹកជញ្ជូន។ តម្លៃស្រូវ​មិន​​បាន​​កើន​ឡើង​​ទេ ក្នុង​​រយៈ​​ពេល​​៣-៤​ឆ្នាំ​នេះ តែ​​សម្រាប់​​ស្រូវ​​ពូជ​ល្អ​ គឺមិន​ទាន់​ធ្លាក់​ខ្លាំង​ទេ។ ​តែទោះយ៉ាងណា ​ជាទូទៅ​​តម្លៃ​ស្រូវ​​ឆ្នាំ​នេះ​ គឺ​ធ្លាក់​​ចុះ​ខ្លាំង។ លោក​​លើក​ឡើង​ថា រដ្ឋាភិបាល​​បាន​​ជំរុ​ញ​ឱ្យមា​ន​ការ​ផលិត​​នៅ​ក្នុង​​ស្រុក​ឱ្យបាន​​ច្រើន​ ហើយ​​នៅ​ពេល​​នេះ ​​កសិករ​ខំផលិត​បាន​ច្រើន​​ហើយ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ខិត​​​ខំប្រឹ​ង​បន្ត​​ទៀត ​ដើម្បី​​រក​​ទីផ្សារ​​ឱ្យ​កសិករ​។

លោក​ថា៖ «រដ្ឋាភិបាល​ត្រូវ​បន្ត​ប្រឹងប្រែង​​រក​ទីផ្សារ​ឱ្យ​ផលិតផល​កសិកម្ម ​ពីព្រោះ​យើង​ដឹងហើយថា នៅ​ពេល​នេះយើ​ង​​បិ​ទជា​មួយ​​នឹង​ថៃ ប៉ុន្តែ​​ថា​តើ​​យើង​​បង្វិល​ទៅកន្លែងណាវិញ។ ស្រូវខ្ញុំគិត​ថា ​ស្រូវយើង​មិន​សូវទៅ​តាម​​ថៃប៉ុន្មាន​ទេ គឺ​ទៅ​តាម​វៀតណាម​។ អ៊ីចឹងយើង​គ្រាន់​តែបង្វិល​ពីថៃ​ទៅ​វៀតណាម បើយើង​មិន​រកច្រក​ចេញរកទីផ្សារ​​ដោយ​ខ្លួន​ឯង​​ទេ តម្លៃស្រូវរបស់​កម្ពុជា​​នឹងត្រូវកុងត្រូល​ដោយ​វៀតណាម»។

បើ​តាម​លោក​បណ្ឌិត មាស នី ទោះ​បីជាបច្ចុប្បន្ន​ក្រសួង​កសិកម្ម​​​បាន​​អំពាវ​នាវឱ្យ​​​កសិករ​ ចូល​​​​រួម​​រៀប​ចំ​បង្កើត​ជាស​ហគមន៍​​កសិកម្ម​ទំនើប​​ក្តី ​​ក៏​អ្វី​ដែល​​លោក​​មើល​ឃើញ​ គឺ​​ថា​​សហ​គមន៍​​កសិកម្មទំ​នើប​នេះ វា​ហាក់​​ដូច​ជា​កសិករ​​ក្រី​ក្រ​ធម្មតា​ ​មិន​បាន​​ចូល​ទៅ​​ក្នុង​​សេវា​កម្ម​​​ថ្មី​​នេះ​​ប៉ុន្មាន​ទេ ភាគ​ច្រើន​ជាអ្ន​ក​​មាន​​​ដែលមាន​លទ្ធភាព​ចូលទៅ​ក្នុង​សមាជិក​នៃក្រុម​កសិ​កម្ម​ទំនើបនេះបាន​។ នេះជារឿង​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​​មើលចំណុច​នេះ​​ដើម្បី​ជួយ​​កសិករ។ លោក​ទទួលស្គាល់ថា កសិករ​ត្រូវរួមគ្នា​​ធ្វើ ប៉ុន្តែបើ​​ធ្វើ​មិន​ចំកន្លែងទេ​ ​ផលនឹង​វា​នឹង​បាន​ទៅ​តែ​កសិករអ្នកមាន ឯកសិករក្រីក្រ​ធម្មតា​មិន​អាចចូលបានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ