អ្នក​តាម​ដាន​ថា​និទណ្ឌ​ភាព​ឧក្រិដ្ឋ​​ក​ម្ម​លើ​​អ្នក​សារ​ព័ត៌​មាន​ឆ្នាំ​២០២៥​នេះ​កាន់​តែ​​ធ្ងន់​ធ្ងរ​

ក្រុម​អ្នក​តាម​ដាន​ការ​អនុវត្ត​ច្បាប់ បាន​លើក​ឡើង​ថា ជា​ការ​ដល់​​ពេល​ដែល​​​រដ្ឋាភិ​បាល​ត្រូវ​​​បញ្ចប់​​និទណ្ឌ​ភាព​​​​​នៃ​ឧក្រិដ្ឋ​​​កម្ម​​លើ​​អ្នក​សារ​ព័ត៌​មាន​ ដោយ​សំអាង​​ថា ​​​​ឆ្នាំ​​២០២៥​​នេះ និទណ្ឌ​​ភាព​​លើ​​អ្នក​សារព័ត៌​មាន​ បាន​វិវឌ្ឍន៍​ទៅ​រក​ស្ថានភាពកាន់​​តែ​ធ្ងន់​​ធ្ងរ​ តាមរយៈ​ប្រព័ន្ធ​​​​តុលាការ វិធាន​​​​ដក​​​អាជ្ញា​បណ្ណ និង​​ការ​យាយី​លើ​​រាង​​​កាយ​ ​ដែល​អ្នក​​ប្រព្រឹត្ត​​មិន​​ត្រូវ​​បាន​​យកម​ក​​ផ្តន្ទា​​ទោស​តាម​ច្បាប់​ឡើយ។​​​

សេចក្តីថ្លែងការណ៍រួមរបស់អង្គការ​សង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ​​​ចំនួន១១ ចេញ​ផ្សាយ​​នៅ​ថ្ងៃទី​២ ខែ​វិច្ឆិកា បាន​​​លើក​ឡើ​ង​ថា ការរំលោភសិទ្ធិមនុស្ស និង​ឧក្រិដ្ឋ​កម្ម​លើ​អ្នកសារព័ត៌មាន នៅតែ​ជាកង្វល់​កាន់​តែ​ខ្លាំង​នៅ​ឆ្នាំ​២០២៥​​នេះ ដោយសារតែអ្នកសារព័ត៌មាន​នៅតែ​រង​នូវ​កា​រគំរាម​កំហែង ទាំង​ពីប្រព័ន្ធ​តុលាការ ការ​យាយីលើរាងកាយ និង​ការ​​ដកអាជ្ញាបណ្ណជាដើម។

ប្រភពដដែល​បន្តថា ​តាម​​របាយការណ៍របស់សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា(ខេមបូចា) ចាប់​តាំងពី​ខែ​មករា ដល់ខែកញ្ញា ក្នុងឆ្នាំ​នេះ មាន​ករណី​រំលោភ​សិទ្ធិ​លើអ្នក​សារព័ត៌មាន​ និង​ស្ថាប័ន​​សារព័ត៌​មាន​​សរុប​​ចំនួន ៤៧​ករណី ក្នុងនោះ ៣៧ករណីជាការគំរាម​កំហែង ​និង​សកម្ម​ភាព​​​​យាយីតាម​ផ្លូវ​ច្បាប់ ដូចជា ការ​​កោះ​ហៅ​សួរចម្លើយ ការ​​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន និង​ការឃុំខ្លួនបណ្តោះ​​​អាសន្ន។ បន្ថែមពីនេះ​ទៀត អាជ្ញាបណ្ណ​សារព័ត៌មាន​ចំនួន៥ ត្រូវ​បាន​ដក​ហូត ហើយ​ ៥ករណី ជាការ​បំពាន​លើ​រាងកាយ។

ចំណែក កំណត់ត្រា​របស់​មជ្ឈ​មណ្ឌលសិទ្ធមនុស្ស​កម្ពុជា  យ៉ាង​ហោច​ណាស់ ​​អ្នកសារព័ត៌មាន​ចំនួន ១៥នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ​១៩៩៤មក ក្នុងនោះ​មាន​អ្នកសារព័ត៌មានចំនួន​១២នាក់ បាន​រាយការណ៍​​អំពីបញ្ហា​រសើប​ ដូចជា បញ្ហា​បរិស្ថាន និ​ង​បញ្ហា​​​​​​នយោ​បាយ​ដែល​មិន​ទាន់​ទទួលបាន​យុត្តិធម៌នៅឡើយ។​​​​

ការ​រំលោភបំពាន​សិទ្ធិ​អ្នកសារព័ត៌មាន​ភាគច្រើន​បង្ក​ឡើង​ដោយ​តួអង្គ​រដ្ឋ ដែលមានរហូត​ដល់​ ៤១ករណី ក្នុង​ចំណោម​​ករណី​សរុប ៤៧ដែល​បាន​កត់ត្រា ដែល​បញ្ហា​នេះជា​ការ​ឆ្លុះបញ្ចាំងពីបញ្ហា​និទណ្ឌ​ភាព​កាន់តែ​ទូលំទូលាយ ដែល​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះការ​រំលោភ​បំពាន​លើ​អ្នក​សារព័ត៌មាន ​ជា​រឿយៗ​មិន​ត្រូវ​បាន​ដាក់​​​ទោស និង​បានធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​បន្ថែម​ទៀត​ក្នុង​ប្រព័ន្ធ​យុត្តិធម៌។

សេចក្តីថ្លែងការណ៍រួមរបស់​សង្គម​ស៊ីវិល បានគូស​បញ្ជាក់ថា ការ​ដៅមុខ​សញ្ញាទៅលើ​អ្នកសារព័ត៌មាន ជាពិសេស​អ្នកដែល​កំពុ​ង​រាយការណ៍​លើ​ប្រធានបទ​សិទ្ធិ​មនុស្ស បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និងសារព័ត៌​មាន​ បង្ក​ជាការ​គំរាម​កំហែង​ដល់​ការ​ទទួល​បាន​ព័ត៌​មាន​របស់​សាធារណជន។ ហើយ​នៅពេលដែល​អាជ្ញាធរ​មិនបាន​ធ្វើការ​ស៊ើបអង្កេត​ត្រឹម​ត្រូវ និងផ្តន្ទាទោស​អ្នក​ប្រព្រឹត្ត​លើ​អ្នកសារព័ត៌មាន នោះជា​សារមួយ បង្ហាញ​ថា បទល្មើស​បែប​​នេះ​ត្រូវ​បាន​អនុញ្ញាត និង​មិន​មាន​ទោស។​

ការ​ណ៍នេះ ពួកគេ​បាន​​អំពាវ​នាវ​ដល់​រដ្ឋាភិបាលកម្ពុជា​​ ចាត់វិធានការ​​ឱ្យ​បាន​ឆាប់​រហ័ស​ និង​ជាក់លាក់​ដើម្បីធានានូវ​​ការ​ស៊ើប​អង្កេត​ប្រក​ប​ដោយ​​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លា​ភាព ចំពោះ​ឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​។

ពួកគេ​បានលើក​ឡើ​ងទៀតថា៖ «ការវាយ​ប្រហារ​លើ​អ្នកសារព័ត៌មាន​ និងបុគ្គលិក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ គឺជាការ​វាយ​ប្រហារ​មកលើ​យើងទាំ​ង​អស់​គ្នា ព្រោះ​​ពួកគេ​ជា​សំឡេង​ដ៏សំខាន់​សម្រាប់សាធារណជន។ យើង​សូមទាមទារ​យុត្តិធម៌​​សម្រាប់​អ្នក​ទាំ​ងឡាយ ដែល​សិទ្ធិ​របស់​គេ​មិន​ត្រូវ​បាន​អើ​ពើ។ រដ្ឋាភិបាល​ត្រូវ​តែ​ថ្កោល​ទោស និង​បញ្ចប់​​នូវ​និទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារព័ត៌មាន និង​អ្នកការ​ពារ​សិទ្ធិ​មនុស្ស»

អង្គការ​សង្គមស៊ីវិលទាំង​១១ ដែលចេញសេចក្តីថ្លែង​ការណ៍​រួម​នោះ រួមមាន ខេមបូចា មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​​​កម្ពុជា មជ្ឈមណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​ខុម​ហ្វ្រែល និងអង្គការ​-ស្ថាប័ន​​ផ្នែកសារព័ត៌មាន​មកពីប្រទេស​ម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌនេស៊ី ជាដើម។​

នាយកប្រតិបត្តិសមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា(ខេមបូចា) លោក ណុប វី មានប្រសាសន៍​​​​នៅ​ថ្ងៃទី​០៣ ខែ​វិច្ឆិកា​នេះ​ថា ការ​បន្ត​ឱ្យ​មាន​វប្បធម៌និទណ្ឌ​ភាពនៃឧក្រិដ្ឋ​កម្ម​លើ​អ្នក​​សារព័ត៌មាន ហើយបន្តឱ្យ​ជន​ប្រព្រឹត្តបទល្មើស​​នៅក្រៅសំណាញ់ច្បាប់ នោះ​​នឹង​បង្ក​​នូវការ​ភ័យ​ខ្លាច​ដល់​អ្នកដែលហ៊ានរាយការណ៍ការពិត​ និងព័ត៌មាន​បែប​រសើប​​​ ជាពិសេស​អ្នកសារព័ត៌មាន​ឯករាជ្យ។

លោកបន្ត​​ថា៖ «ចឹងចំណុចនេះ គឺ​​ជាចំណុចមួយដែល​យើង​តែង​តែ​បាន​លើក​​​ទទូច​​​អំពាវ​នាវ​​​ទៅដ​ល់​អាជ្ញាធរ​​មានសមត្ថកិច្ចហ្នឹង​ ឱ្យ​ពន្លឿនការ​ស៊ើបអង្កេត និងការ​​បិទបញ្ចប់​សំណុំ​រឿងដែល​កើត​ឡើង​​​លើ​អ្នក​សារព័ត៌មាន​នា​ពេល​កន្លង​មក​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គឺ​ត្រូវ​​ធានា​ថា រាល់​​​អំពើ​​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញផ្សេង​ៗ​​​​លើអ្នកសារព័ត៌មាន ​នៅ​ពេល​ពួកគាត់​​ដែលបាន​បំពេញ​​​ភារកិច្ច​​ពួកគាត់​​ មិន​ត្រូវ​បាន​អត់ឱន ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង គឺ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​​លោក​​គួរ​តែ​​បន្តពង្រឹង​ថែមទៀត រួម​ទាំង​ការ​សម្រួលផ្តល់​​មធ្យោ​បាយ​ ​​​ធ្វើ​ម៉េច​ឱ្យ​ពួកគាត់អាចបន្ត​​កិច្ច​​​ការ​ងារ​​​ បំពេញ​ភារកិច្ច​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​​របស់​ពួកគាត់ ​​​​បានកាន់តែ​ងាយស្រួល»។

ស្រប​ពេល​ទិវា​អន្តរជាតិ​ដើម្បីបញ្ចប់​និទណ្ឌ​ភាពលើឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​ ​នៅ​ថ្ងៃទី​០២ ខែវិច្ឆិកានេះ​ដែរ អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ លោក Antonio Guterres បាន​ចេញសារអំពាវនាវ​នៅលើ​ទំព័រ​ហ្វេសប៊ុក​អង្គការ​សហប្រជា​ជាតិ​ ដោយ​ជំរុញឱ្យ​មានការ​ការ​ពារ​អ្នកសារព័ត៌មាន​នៅទូទាំងពិភព​លោក ដើម្បីឱ្យ​ពួកគេ​អាច​អនុវត្ត​ការ​ងារ​សំខាន់ៗ​របស់​ពួកគេ​ដោយ​សុវត្ថិភាព។

លោកក៏បានព្រមានអំពីគ្រោះថ្នាក់​កាន់តែ​ច្រើន​ឡើង​ដែល​អ្នកសារព័ត៌មាន​អាច​ប្រឈម​​នៅក្នុង​ការ​ស្វែង​រក​ការ​ពិត រួមទាំងការរំលោភ​បំពាន​ដោយ​ពាក្យសម្តី ការ​គំរាម​កំហែង​ផ្នែក​ច្បាប់ ការ​វាយ​ប្រហារ​លើ​រាង​កាយ ការចាប់ខ្លួន ការ​ធ្វើទារុណ​កម្ម និង​សូម្បីតែ​ការ​សម្លាប់។

លោក​គូសបញ្ជាក់ថា៖ «សូមឱ្យ​យើង​រួមគ្នា​ការ​ពារ​សេរីភាព​សារព័ត៌មាន ទាមទារឱ្យមាន​ការ​ទទួល​ខុស​ត្រូវ និង​ធានា​ថា អ្នកដែល​និយាយ​ការ​ពិត អាចធ្វើបានដោយគ្មានការ​ភ័យ​ខ្លាច»

វីអូឌី មិនអាច​សុំការ​អត្ថាធិប្បាយជុំវិញ​បញ្ហានេះ ពីអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា បានទេ នៅ​ថ្ងៃចន្ទនេះ។​

តាមរបាយការណ៍របស់អង្គការអ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ ហៅ​កាត់ RSF ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២៥​ បាន​ទម្លាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា ចំនួន​​​១០​លេខ ពោល​ធ្លាក់​​ពី​ចំណាត់​ថ្នាក់​ទី​១៥១ នៅ​ឆ្នាំ​២០២៤ មក​ទី​១៦១ នៅ​ឆ្នាំ​២០២៥។

មូលហេតុដែលអង្គការនេះ ទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរ​បស់​កម្ពុជា គឺ​ដោយ​យោង​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូ​ច​ជា បរិយាកាស​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បរិបទ​នយោ​បាយ ក្រប​ខណ្ឌ​ច្បាប់ បរិបទ​សេដ្ឋកិច្ច បរិបទ​សង្គម វប្បធម៌ និង​បញ្ហា​សុវត្ថិ​ភាព។

កន្លងមក ​អ្នក​ឃ្លាំ​មើល​សង្គម និង​សង្គមស៊ីវិល​ផ្នែក​សិទ្ធិមនុស្សមួយ​ចំនួន​​ យល់ឃើញស្រដៀងគ្នា​ថា ដើម្បី​លុបបំបាត់​​និទណ្ឌភាព​នៅកម្ពុជា ទាល់តែ​តុលាការ​មានឯករាជ្យភាព មិន​ចំណុះឱ្យ​គណបក្ស​នយោបាយ​ និង​កែ​សម្រួល​ប្រព័ន្ធ​ច្បាប់​មួយចំនួន, ចាប់​ជន​ល្មើស​ដែល​ប្រព្រឹត្តបទឧក្រិដ្ឋ​យកទៅផ្តន្ទាទោស, អង្គនីតិបញ្ញត្តិ(រដ្ឋសភា និងព្រឹទ្ធសភា)​ត្រូវ​ឈរលើ​តម្រូវការ​របស់​ពលរដ្ឋ មិនមែនឈរតាមជំហររបស់​គណបក្ស​ខ្លួន និង​​​លុបបំបាត់​អំពើពុករលួយ​​​និង​បក្ខពួក​និយមជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ