មន្ទីរបញ្ចកោន​អាមេរិក​ឱ្យ​ទំនាក់​ទំនង​កាន់​តែ​ស្និទ្ធ​ជាមួយ​​វៀត​ណាម​ចំ​ពេល​មាន​ការ​ពិភាក្សា​ផ្គត់​ផ្គង់​អាវុធ

រដ្ឋមន្ត្រីការពារជាតិសហ​រដ្ឋ​អាមេរិក​​ លោក ​ភីត ហេក​សេត បាន​និយាយ​កាល​​ពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋ​អាមេ​រិក​ចង់​បង្កើន​ទំនាក់​ទំនង​យោធាកា​ន់​តែ​ស៊ី​ជម្រៅ​ជាមួយ​ប្រទេស​វៀត​ណាម អំឡុង​ពេល​ចាប់​ផ្តើម​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​ទីក្រុង​ហា​នូយ ចំ​ពេល​មាន​ការ​ពិភាក្សា​សម្រាប់​ការ​ផ្គត់​ផ្គង់​គ្រឿង​បរិក្ខា​យោធា​ដ៏​មាន​សក្តា​នុពល​ដល់​​ប្រទេស​ដែល​ធ្លាប់​ជា​សត្រូវ​របស់​ក្រុង​វ៉ាស៊ីន​តោន។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បាន​រាយ​ការ​ណ៍​នៅថ្ងៃ​ទី​​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ប្រទេស​អាស៊ី​អាគ្នេយ៍​​នេះ ដែល​ពឹង​ផ្អែក​លើ​អាវុធ​រុស្ស៊ី​ បាន​ព្យាយាម​ស្វែង​រក​ការ​ពង្រីក​ប្រភព​អាវុធ​របស់​ខ្លួន អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​បាន​លើក​លែង​ទណ្ឌ​កម្ម​លើ​អាវុធ​ក្នុង​ឆ្នាំ​២០១៦ បាន​ចាប់​ផ្តើម​លូត​លាស់​ក្នុង​រដ្ឋ​បាល​ លោក បៃឌិន​(Biden) ប៉ុន្តែមិ​នទា​ន់​ប្រកាស​ជា​ផ្លូវ​ការ​អំពី​គ្រឿង​បរិក្ខា​យោធា​ណាមួ​យ​នៅ​ឡើយ។

‘‘កិច្ចសហប្រតិបត្តិការផ្នែកយោធា​​​កាន់​តែ​ស៊ី​ជម្រៅ នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​យើង​ទាំង​ពីរ’’ លោក ហេក​សេត (Hegseth) ដែល​មក​ដល់​រដ្ឋ​ធានី​វៀត​ណាម បន្ទា​ប់​ពី​កិច្ច​ប្រជុំ​នៅ​ប្រទេស​ម៉ាឡេ​ស៊ីជាមួយ​សម​ភាគី​អាស៊ី បាន​និយាយ​មុន​ពេល​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​វៀត​ណាម លោក ហ្វាន់ វ៉ាន់​ហ្សាង​ (Phan Van Giang)។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក បានប្រគល់នាវាការពារព្រំដែន​សមុទ្រ​ចំនួន ៣គ្រឿង ទៅ​កង​ទ័ព​ការ​ពារ​សមុទ្រ​វៀត​ណាម និង​យន្ត​ហោះ​ហ្វឹក​ហាត់​ធី៦​(T-6)​ចំនួន ៣គ្រឿង ពី​ការ​បញ្ជា​ទិញ​ចំនួន​១២ ហើយ​មាន​បំណង​ផ្គត់​ផ្គង់​បន្ថែម​ទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍​មួយ ក្រសួង​ការ​ពារ​ជាតិ​វៀត​ណាម បាន​និយាយ​ថា រដ្ឋាភិបាល​ទាំង​ពីរ​បាន​យល់​ព្រម​បន្ត​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សន្តិ​សុខ​ រួម​ទាំង​វិស័យ​ដូច​ជា​ការ​ពារ​ជាតិ​ជា​ដើម។

ប្រទេសទាំងពីរ បានលើកឡើងអំពីយន្តហោះដឹកបញ្ជូន​យោធា​ស៊ី ១៣០ ហ៊រ​ឃ្យូ​លីស​(C-130 Hercules) ក្នុង​ចំណោម​គ្រឿង​បរិក្ខា​ដែល​នឹង​ត្រូវ​ពិភាក្សា។ មន្ត្រី​យោធា​អាមេរិក ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ពិភាក្សា​នឹង​មាន​ការ​លើក​ឡើ​ងអំ​ពី ស៊ី​១៣០ (C-130) ផង​ដែរ។

ប្រភព​រ៉យ​ទ័រ​ថា រ៉យ​ទ័រ​បាន​រាយ​ការណ៍​កាល​ពី​ឆ្នាំ​មុន លើ​កិច្ច​ពិភាក្សា​លក់​យន្ត​ហោះ​ស៊ី​១៣០​(C-130) ឱ្យ​ទៅ​ក្រសួង​ការ​ពារ​ជាតិ​ប្រទេស​វៀត​ណាម ហើយ​នៅ​ក្នុង​ខែ​កក្កដា ពិភាក្សា​លើ​កិច្ច​ព្រម​ព្រៀង​បឋម​លើ​ឧទ្ធម្ភាគ​ចក្រ អេស​៩២(S-92) ចំនួន២គ្រឿង​​ បន្ទាប់​ពី​ការ​ភាក្សា​ជា​ច្រើន​ឆ្នាំ​លើ​បញ្ហា​នេះ ជាមួយ​កង​កម្លាំង​សន្តិ​សុខសាធារណៈ​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ