ថៃចាប់ផ្តើមធ្វើសកម្មភាពដោះមីននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ការណ៍នេះ អ្នកឃ្លាំមើលបារម្ភថា ថៃនឹងយកលេសដោះមីនដើម្បីឈ្លានពានទឹកដីខ្មែរ។
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សារព័ត៌មានថៃប៉ុស្តិ៍លេខ៧ និងសារព័ត៌មានអាំម៉ារិន បានឱ្យដឹងថា យោធាថៃបានពន្លឿនការដោះមីននៅភូមិណងចាន់ និងភូមិណងយ៉ាកែវ (ភូមិជោគជ័យ និងភូមិព្រៃចាន់) ទាំងគ្មានវត្តមានភាគីកម្ពុជា។
ប្រភពនិយាយថា យោធាថៃបានប្រើរថយន្តបច្ចេកទេសដោះមីនចំនួន២គ្រឿង ដើម្បីស្វែងរកដោះមីន ឬសម្អាតទីតាំងដែលមានការបង្កប់គ្រាប់មីននៅតាមព្រំដែន គឺនៅភូមិណងចាន់ និងភូមិណងយ៉ាកែវ។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODថា ថៃពន្លឿនការដោះមីន និងឈូសឆាយដីនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ដើម្បីយកដីចែកជូននិងផ្តល់ប្លង់រឹងដល់ពលរដ្ឋថៃ។
លោកអះអាងថា ការពន្លឿនដោះមីនដោយឯកតោភាគីរបស់ថៃនេះ ជាលេសដើម្បីឈ្លានពានទឹកដីខ្មែរ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពថ្មីកម្ពុជា-ថៃ ដែលព្រមព្រៀងគ្នាដោះមីនមនុស្សធម៌តាមព្រំដែន។
លោកបន្តថា ការដោះមីនតាមព្រំដែន នឹងធ្វើឱ្យថៃកាន់តែមានឱកាសឈ្លានពាន ព្រោះជាប្រវត្តិសាស្រ្តថៃនិងវៀតណាម មិនដែលបោះបង់មហ្ចិតារបស់ពួកគេ ក្នុងការចូលទន្រ្ទានឈ្លានពានដីខ្មែរនោះទេ។
លោកថា៖ «មេដឹកនាំអសមត្ថភាព ឬក៏មេដឹកនាំដែលល្ងង់ខ្លៅ ដឹកនាំដោយគ្មានបញ្ញាញាណគោរពសេចក្ដីប្រកាសរួមនៅម៉ាឡេស៊ីតែម្នាក់ឯង ថៃអត់គោរព អ៊ីចឹងថៃឈ្លានពានទឹកដីខ្មែរយើងនៅតែទន្ទេញសេចក្ដីប្រកាសរួមនៅម៉ាឡេស៊ី ហើយថៃអត់មានគោរព អ៊ីចឹងយើងនឹងបាត់បង់ទឹកដី ហើយថៃនឹងបន្តឈ្លានពានដីខ្មែរយើងស្រេចចិត្ត អាហ្នឹងឆ្លុះបញ្ចាំងថាយើងចាញ់ប្រៀបថៃរហូត»។
សម្រាប់លោក សំអាន ការដោះមីនតាមព្រំដែននេះ វាបង្កលក្ខណៈងាយស្រួលដល់ភាគីថៃចូលមកយកដីខ្មែរតាមចិត្ត ដែលខ្មែរចាញ់ល្បិចថៃរហូត បន្ទាប់ពីចាញ់ល្បិចថៃរឿងគោរពបទឈប់បាញ់កន្លងមក។
លោកបន្តថា ការបណ្តោយឱ្យថៃបន្តសកម្មភាពដោះមីនលើដីខ្មែរបែបនេះ ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលគ្រួសារហ៊ុន ហាក់កំពុងបើកដៃឱ្យសត្រូវបន្តគឃ្លើនឈ្លានពានទឹកដីតាមទំនើងចិត្ត។
លោកថា៖ «យើងឃើញថាបន្ទាប់ពីមានសេចក្ដីប្រកាសរួមនៅម៉ាឡេស៊ីហ្នឹងមក អត់ទាន់ឃើញរដ្ឋាភិបាលបញ្ជាក់ជំហរនៃការទាមទារទឹកដីដែលថៃបានឈ្លានពាននៅពេលថ្មីៗនេះទេ នេះយើងមិនទាន់គិតពីការឈ្លានពានពីមុនផង ថៃលួចរំកិលបង្គោលលេខ៧៣ និងបង្គោលដទៃទៀត ដែលយើងមិនបានរៀបរាប់ នេះយើងគិតតែពេលថ្មីៗទេ គឺអំឡុងពេលសង្គ្រាមអស់រយៈពេល៥ថ្ងៃនៅខែកក្កដា»។
ចំណែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត បានបង្ហោះសារនៅថ្ងៃទី៣ ខែវិច្ឆិកានេះ ដោយនិយាយថា តាំងពីវិនាទីដំបូង ដែលយោធាថៃចូលមកព័ទ្ធលួសបន្លានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ហើយក៏មានការជំរុញឱ្យកម្ពុជា ចាំបាច់ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ និងរើលួសបន្លាចេញ ព្រោះវានឹងហួសពេល គឺថៃនឹងរំលោភយកទឹកដីនោះជារបស់គេ។
លោកថា កាលណោះមានទាំងព្រះសង្ឃមួយចំនួន និងអ្នក Influencers (អ្នកមានឥទ្ធិពលលើបណ្តាញសង្គម) ដែលគាំទ្រលោក ហ៊ុន សែន និយាយបញ្ច្រាសថា វាមិនដែលព័ទ្ធលួសបន្លា អាចយកដីបាន។
លោកបន្តថា ឥឡូវដីទាំងនោះ ក្រោមការគ្រប់គ្រងរបស់យោធាថៃ និងកំពុងរៀបចំអភិវឌ្ឍន៍យ៉ាងលឿន ដើម្បីភាពច្បាស់លាស់នៃការគ្រប់គ្រងដោយមិនឱ្យរបូត។
គិតដល់ត្រឹមនេះ មិនដឹងថា លោក ហ៊ុន ម៉ាណែត មានសេចក្ដីខ្មាសអៀនខ្លះទេឬ? វាអន់ពេកដែលឱ្យទឹកដីទៅគេដោយគ្មានអស់មួយគ្រាប់ ឬជាតំណពូជ? ការដឹកនាំបែបលោក ហ៊ុន ម៉ាណែត ធ្វើឱ្យប៉ះពាល់ដល់ឧត្តមភាពរបស់ជាតិ និងបង្ហាញពីការស្ថិតនៅក្រោមអនុត្តរភាពនៃប្រទេសជិតខាង។
សម្រាប់លោក ចាន់ឡូត យល់ថា ការចុះចេញពីអំណាចដោយស្ម័គ្រចិត្ត គួរជាជម្រើសសមស្របបំផុតរបស់លោក ហ៊ុន ម៉ាណែត ដើម្បីបង្ហាញពីការទទួលខុសត្រូវ។
VOD មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីមេភូមិជោគជ័យ លោក ផេន រិទ្ធី និងអភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា កាលពីថ្ងៃទី២៣ ខែតុលា អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា កម្ពុជា-ថៃ បានកំណត់យកតំបន់សាកល្បងចំនួន១ ទីតាំង នៅក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែន សម្រាប់ដំណើរការដោះមីនមនុស្សធម៌ ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អ្នកស្រីនិយាយថា៖ ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង។
លើសពីនេះ ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បង្ហោះសារលើហ្វេសប៊ុកថា នេះជាការប្រមូលផល ដើមរដូវនៃយុទ្ធសាស្ត្រ(ស្ងាត់តែមិនស្ងៀម)របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយស្ងៀមស្ងាត់ជិត៣ខែមក តបតទៅនឹងទង្វើថៃចូលរាយបន្លាលួសយកដីខ្មែរ រំលោភលើបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានរយៈពេល៣ខែមកនេះ។
លោក ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ការរក្សាឲ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេស ទាំងជាមួយប្រទេសជិតខាង គឺជាអាទិភាពកំពូលរបស់យើង»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បារម្ភថា សមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពថ្មីនេះ មិនអាចបញ្ឈប់ ឬទប់ស្កាត់មហិច្ចតាថៃឈ្លានពានទឹកដីខ្មែរនោះទេ។
លោកអះអាងដែរថា ការពន្លឿនដោះមីនតាមព្រំដែន អាចបញ្ជាក់ពីមហិច្ចតារបស់ថៃថា ពួកគេនៅតែចិញ្ចឹមចិត្តឈ្លានពានទឹកដីខ្មែរ ស្របតាមផែនទីដែលថៃគូសវាសដោយឯកតោភាគីខ្នាត១លើ៥០ពាន់។
លោកថា៖ «មកដល់ស្ថានភាពបច្ចុប្បន្ន យើងឃើញថា ថៃនៅតែបន្តសកម្មភាពយកលេសដោះមីន ហើយចូលមកលុកលុយប្រទេសកម្ពុជាដដែល ហើយរដ្ឋាភិបាលកម្ពុជាកន្លែងហ្នឹង ត្រូវតែប្រញាប់ធ្វើសេចក្ដីរាយការណ៍ទៅ AOT ទៅសាក្សីមានទាំងអាមេរិកាំង រួមទាំងម៉ាឡេហ្នឹងឲ្យបានជ្រាបឲ្យដឹងផង កុំមកស្ងាត់ៗបណ្តោយឱ្យថៃចូលតាមអំពើចិត្តអីចឹង»។
សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកម្ពុជា និងថៃ ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោយយន្តការអាស៊ាន និងមហាអំណាចសហរដ្ឋអាមេរិក ដែលក្នុងនោះមានការចុះហត្ថលេខា ពីនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ និងប្រធានអាស៊ានប្តូរវេន លោក អ៊ានវ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតី ត្រាំ ធ្វើជាសាក្សីលើការពង្រឹងបទឈប់បាញ់នេះផងដែរ និងក្រោយមានការប្រកាសគាំទ្រពីប្រទេសបារាំង និងជប៉ុនផងដែរ។
ជាការកត់សម្គាល់ ក្រោយបទឈប់បាញ់ចូលជាធរមាន ភាគីថៃមិនបានគោរពបទឈប់បាញ់ទេ ថៃបានចល័តទ័ពចូលមករាយបន្លាលួសយកដីខ្មែរជាបន្តបន្ទាប់ ដូចជា នៅប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមច្បាមយក១៧ទីតាំងទៀត នៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង តាមផែនទីដែលថៃគូដោយឯកតោភាគី ដែលមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ហៅថា ជាផែនទីចោរ៕









