វិធានប្រមូល​ពន្ធ​លើ​ប្រាក់​ចំណេញ​មូល​ធន​២០​ភាគរយ​ក្លាយ​ជា​ក្តី​បារម្ភ​ប៉ះ​​ពាល់​ជា​ប្រព័ន្ធ

វិធាន​ប្រមូល​ពន្ធ​លើ​ប្រាក់​ចំណេញ​មូល​ធន​២០​ភាគរយ ដែល​រដ្ឋាភិ​បាល​ថា​នឹង​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពីដើម​ឆ្នាំ​២០២៦​ទៅ កំពុ​ង​ក្លាយ​ជា​ក្តី​បារម្ភ​ថា វា​នឹង​មិន​ជោគ​ជ័យ​ទេ ហើយ​ថា​អាច​នឹង​ប៉ះ​ពាល់​ជា​ប្រព័ន្ធ​ ខណៈ​សេដ្ឋ​កិច្ច​កម្ពុជា​កំពុង​ជួប​វិបត្តិ​នៅ​ឡើយ​នោះ។

យោងតា​ម​សេចក្ដី​ជូន​ដំណឹង ស្តីពី​​ការ​ពន្យារ​ពេល​នៃ​ការ​អនុ​វត្ត ស្តីពី​ព​ន្ធ​លើ​ចំណេញ​មូល​ធន​នៃ​អគ្គនាយក​ដ្ឋានព​ន្ធដា​រ ចេញ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២៥ ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​ បាន​បញ្ជាក់​ថា ខ្លួន​នឹង​អនុ​វត្ត​​​ពន្ធ​លើ​ចំណេញ​មូល​ធន​២០​ភាគ​រយ ពី​ម្ចាស់​ទ្រព្យ​ទាំង ៦​ប្រភេទ រួ​ម​មាន ភតិ​សន្យា ទ្រព្យ​វិនិ​យោគ កេរ្តិ៍​ឈ្មោះ​អាជីវ​កម្ម ​ក​ម្មសិ​ទ្ធិ​បញ្ញា រូបិយ​បណ្ណ​បរទេស និង​អចលន​ទ្រព្យ នៅ​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០២៦ នេះ​ត​ទៅ ស្រប​តាម​ការ​សម្រេច​របស់​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន​ម៉ាណែត។

វីអូឌី ​មិន​អាច​សុំកា​រប​ញ្ជាក់​បន្ថែម​ជុំវិ​ញកា​រ​បកស្រាយ​នេះ​ ពី​អ្នក​នាំពា​ក្យ​ក្រសួង​សេដ្ឋ​កិច្ច លោក មាស សុខ​សេន​សាន បាន​នៅ​ឡើយ​ទេ គិត​ត្រឹមថ្ងៃ​ចន្ទ​នេះ។

សម្រាប់ សហស្ថាបនិកគណបក្ស​កែ​ទម្រង់​​កម្ពុជា លោក អ៊ូ ច័ន្ទ​រ័ត្ន យល់​ថា ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូល​ធន​២០ភា​គរយ​នេះ ជាតួ​លេខ​មួយ​ដែល​ខ្ពស់​សម្រាប់​ពលរដ្ឋ​ ក្នុង​ការ​បង់​ពន្ធ​ ខណៈ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​នាពេ​លប​ច្ចុប្បន្ន កំពុង​ជួប​វិបត្តិ​​​ ហើយ​​ប្រព័​​ន្ធគ្រ​ប់​គ្រ​ង​ពន្ធដារ​ក៏​ហាក់​មិន​មាន​ភាព​សុក្រឹត្យ​ផង​ដែរ។

លោក ច័ន្ទរ័ត្ន បន្ត​ថា ការកំណត់ពន្ធនៅឆ្នាំ២០២៦​ដែល​នៅ​សល់​មិន​ដល់​ពីរ​ខែទៀ​ត​នេះ រដ្ឋា​ភិបាល​​អាច​នឹង​​មិ​នចំ​ណេញ​នោះ​ទេ។

ក្នុងន័យនេះ លោកពន្យល់ថា នៅពេលមានការកំណត់ក្នុងតម្លៃខ្ពស់ វាធ្វើឱ្យប៉ះ​ពាល់​ដ​​ល់​​ការ​វិនិយោគ​ផ្សេងៗ ពិសេស​ពលរដ្ឋ​ ក៏​ដូច​ជា​ឈ្មួញមួ​យ​ផ្នែក​ធំផង​ដែរ ហើយ​កត្តា​ទាំង​នេះ អាច​ធ្វើ​ឱ្យ​​អំពើពុ​ក​រលួយ​ក្នុង​​ប្រ​ទេស​កម្ពុជា​មាន​ការកើ​ន​ឡើង​បន្ថែម​ទៀត​ផង​ដែរ។

លោកថា៖ «ការដាក់ពន្ធនៅពេលនេះ វាខ្ពស់​ ហើយ​ស្ថាន​ភាព​សេដ្ឋកិ​ច្ច​របស់​យើង​វា​អត់​ទាន់​បាន​ល្អប្រសើរ​ វា​មិន​ទាន់​មាន​ភាព​រឹង​មាំ​ឲ្យ​ប្រព័ន្ធ​គ្រប់​គ្រង​ពន្ធ​ដារ​របស់​យើង​ហ្នឹង ក៏​អត់​ទាន់​មាន​ភាព​ច្បាស់​លាស់​សុក្រឹត​ដូច​គេ ជា​ទូទៅព​ន្ធ​អី​ក៏​ដោយ​ឲ្យ​តែដា​ក់​ខ្ពស់ វា​ធ្វើ​ឲ្យ​ប៉ះពា​ល់​ វា​ប៉ះ​ពាល់​ដល់​ទំហំ​វិសាល​ភាព​សេដ្ឋ​កិច្ច​អី​ជា​ដើម កាល​ណាដា​ក់​ព​ន្ធ​ខ្ពស់​​ អ្នក​ដែល​ត្រូវ​លក់​ ត្រូវ​តែ​លក់​ថ្លៃ​ជាង​មុន ដើម្បី​បង់​ពន្ធ​ ហើយ​បើ​លក់​ថ្លៃ​ជាង​មុន​ អ្នក​ទិញ​ច្បាស់​ជា​មិន​ទិញ​ច្រើន​ទេ​ ទិញ​តិច​វិញ ហើយ​អ្ន​ក​ជួល​ផ្ទះ​ក៏​ដូច​គ្នា បើ​សិន​ជា​ដាក់​ពន្ធ​ខ្ពស់​គាត់​ដំឡើង​ឈ្នួល​ផ្ទះ​ហ្នឹង​ហើយ ដូច្នេះ​ការ​ដំឡើង​ពន្ធ​ខ្ពស់​ពេក​នៅ​ពេល​នេះ ខ្ញុំ​គិត​ថាវា​ធ្វើ​ឲ្យ​ប៉ះពា​ល់​ទៅ​វិញ​ទេ មិន​មែន​ជារឿ​ង​ចំណេញ​សម្រាប់​សេដ្ឋកិ​ច្ចរ​ដ្ឋ​អី​ទេ»។

ប្រហាក់ប្រហែលនេះដែរ អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍ​សង្គម លោក​បណ្ដិត មាស នី មាន​​ប្រសាសន៍ថា លោក​គាំ​ទ្រ​ការយ​កព​ន្ធ តែ​ថា​បើ​ការ​យក​ពន្ធ​​នោះ មិន​សមាមាត្រ​ទៅ​នឹង​ស្ថាន​ភាព​សេដ្ឋកិ​ច្ច​ជាក់​ស្តែង​ លោក​ថា រដ្ឋាភិបាល​នឹង​មិន​ជោគ​ជ័យ​ទេ ហើយ​បញ្ហា​វា​នឹង​កើត​ឡើង​ជា​ប្រព័ន្ធ។

ក្នុងន័យនេះ លោក​ពន្យល់​ថា ផ្អែកលើស្ថានភាពសេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​នាពេ​លប​ច្ចុប្បន្ន លោក​​យល់​ថា ការអនុវត្តពន្ធក្នុង​ភាគរយ​ខ្ពស់​របស់​រដ្ឋាភិ​បាល​នាពេ​ល​ខាង​មុខ អាច​នឹង​មិន​ជោគ​ជ័យ​ដូច​ការ​ប្រមូល​ពន្ធ​​ក្នុង​ភាគ​រយ​ទាប​ឡើយ។

លោកថា៖ «ការនាំនូវគំនិតប្រមូលពន្ធប្រាក់​ចំណូល​លើស​លប់​ពេលនេះ បើ​និយាយ​អំពី​ការ​អភិវឌ្ឍ​វិស័យ​​ពន្ធ​ដារ​អត់​ខុស​ទេ ក៏​ប៉ុន្តែ​បើ​យើង​និយាយ​អំពី​ទិដ្ឋ​ភាព​នៃកា​រវិ​វឌ្ឍ​នៃសេ​ដ្ឋ​កិច្ច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​គិត​ថា​ ការ​ដំឡើង​ពន្ធ​នេះ​មិន​ខុស​ទេ​ ក៏​ប៉ុន្តែ​បញ្ហា​ត្រង់​ថាភា​គ​រយ​នៃ​ការ​ដាក់​វា​ខ្ពស់​ ចឹ​ងវា​​នឹង​អាច​ធ្វើ​ឲ្យ​ការ​ព្យាយាម​រក​ប្រាក់​ចំណូលរ​បស់​គាត់​ នៅក្នុ​ង​ការ​អនុវត្ត​នូវ​គោល​នយោបា​យ​ពន្ធ​ថ្មី​នេះ​ អាច​នឹង​មិន​បាន​ជោគ​ជ័យ​ មិន​បាន​ដោយ​រលូន​ទេ ក៏​ប៉ុន្តែ​ប្រសិន​បើ​បន្ថយ​អត្រា​ពន្ធ​ហ្នឹង​​ទៀត ​ខ្ញុំ​គិត​​ថា រដ្ឋ​អាច​នឹង​ប្រមូល​ពន្ធ​បាន​ច្រើន»។

បន្ថែមពីនេះ លោក មាស នី បង្ហាញការព្រួយបារម្ភថា ប្រ​សិន​បើ​អត្រា​ពន្ធ​នៅ​តែ​ខ្ពស់​បែប​នេះ ប្រៀប​បាន​ជា​ការ​ដាក់​​សម្ពា​ធ​លើ​ពលរដ្ឋ​ ឬម្ចា​ស់​អាជីវ​កម្ម ដែល​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ ហើយ​អាច​ប្រឈម​ការ​បិទ​ទ្វារ​ផង​ដែរ ដូច្នេះ​រដ្ឋា​ភិបាល​គួរ​គិត​គូរ​ឡើង​វិញ ពី​ការ​កំណត់​អត្រា​ពន្ធ​នា​ឆ្នាំ​២០២៦​ខាង​មុខ​នេះ។

លោក​ថា៖ «មិនជោគជ័យអាចថា ប្រសិន​បើ​យើង​ដាក់​ទាម​ទារ​ខ្ពស់​ពេក នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បំណង​នឹង​បង្ហាញ​ការ​បង់​ពន្ធ​ឲ្យ​រដ្ឋ​ហ្នឹង​ វា​មាន​ចំនួន​តិច​​ឬ​ក៏​គាត់​មិន​មាន​ចំណេញ​អី ចឹង​មិន​ដឹង​ថា​មាន​អី​ទៅ​បង់​ពន្ធ អាហ្នឹង​វា​អាច​នឹង​រុញ​ធ្វើ​ឲ្យអា​ជីវករ​ខ្លះ នឹង​ត្រូវ​សម្រេចចិ​ត្ត​បិទ​របរ​របស់​ខ្លួន ដោយ​សារ​តែ​ការ​បង់​ពន្ធ​ប៉ុន្តែ​ខ្ញុំ​មិ​ន​គាំ​ទ្រ​អ្វី​ដែល​ខ្ញុំនិ​យាយ​​មែន​ថា​មិន​ត្រូវ​បង់​ទេ ត្រូវ​បង់​ចុះ ការ​អភិវឌ្ឍ​វិស័យ​ពន្ធ​ដារ​មាន​លក្ខណៈ​ចាំបាច់​បំផុត ក៏​ប៉ុន្តែ​ប្រសិន​​បើ​រដ្ឋ​ចង់​រស់ ហើយ​យក​ច្រើន​ពេក​ ធ្វើ​ឲ្យ​អាជីវករ​គ្នាពិ​បាក​រស់ អ៊ីចឹង​ជួន​កាល​អាច​បង្ខំ​ចិត្ត​បិទ​អាជីវកម្ម​របស់​ខ្លួន អ៊ីចឹ​ង​ជា​គ្រោះ​ថ្នាក់​សម្រាប់​រយៈ​ពេល​យូរ យើង​ដឹង​ហើយ​ថា​រដ្ឋ​និង​រាស្ត្រ​ត្រូវ​ការ​រស់​ទាំង​អស់​គ្នា តែ​បើ​រដ្ឋ​គិត​ពី​រឿង​រស់​ខ្លួន​ឯង ប៉ុន្តែ​មិន​បាន​គិត​អំពី​ការ​រស់​របស់​រាស្ត្រ អាហ្នឹង​វាអា​ច​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​អ្នក​ទាំង​សង​ខាង។ ក្នុង​ប្រទេស​មួយ ​រាស្រ្តនិ​ង​រដ្ឋ ​ត្រូវ​ការរ​ស់ទាំ​ង​អស់​គ្នាជា​គោល​គំនិត​សំខាន់​ដែល​ខ្ញុំ​តែង​តែមើ​ល​ឃើញ»។

ដោយឡែក ​ពលរដ្ឋ​ម្នាក់​ និង​ជា​អតីត​និស្សិត​ស្រាវ​ជ្រាវ​គោល​ន​​យោ​បាយ លោក ព្រាប ភ្លី បាន​លើ​​ក​ឡើង​​ពី​ក្ដី​បារម្ភ​ប្រាប់​VOD​ថា ការ​កំណត់​យក​ពន្ធ​ក្នុង​​ឆ្នាំ២​០២៦ ចំនួន​២០​ភាគ​រយ​នេះ ជា​ចំនួន​មួយ​ដែ​​ល​ខ្ពស់​សម្រាប់​ពលរដ្ឋ​ ហើយ​អាច​ធ្វើ​ឱ្យ​​ពលរដ្ឋ​មួយ​ចំនួន ដែល​ធ្វើ​លើ​​ផ្នែក​ទាំង​៦​នេះ អាច​ប្រ​ឈម​​ទៅ​វិបត្តិ​ហិរញ្ញ​វត្ថុ និង​មួយ​ផ្នែក​ទៀត​លើ​ការ​ចំណាយ​ផ្សេងៗ​ ដូច​ជា​អចលន​ទ្រព្យ​ជាដើ​ម ព្រោះសេ​ដ្ឋ​កិច្ច​ក្នុ​ង​ប្រទេ​សប​ច្ចុប្បន្ន​កំពុង​តែ​ធ្លាក់​ចុះ។

ទោះជាបែបនេះក្ដី លោកសំណូមដល់រដ្ឋាភិបាល​ធ្វើកា​រ​ដោយ​បើក​ចំហ​ជាមួយ​ពលរដ្ឋ បង្ហាញពី​ត​​​ម្លាភា​ព​ក្នុង​ការ​អភិវឌ្ឍ​ទៅ​លើ​វិស័យ​អប់រំ សុខា​ភិបាល និង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ជាពិសេស​លុប​​បំបាត់​​អំពើ​ពុ​​ករលួយ​ក្នុ​​ងស​ង្គម​ចាក់​ស្រែះ​ កុំ​ឱ្យ​បន្ត​កើត​មាន​ជាប​ន្ត​ទៀត​ផង​ដែរ។

លោកថា៖ «ខ្ញុំគិតថាពន្ធ​២០ភាគ​រយ​នេះ គឺមានចំនួនច្រើនគួរសម​សម្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើងដែ​ល​កំពុង​តែ​ដំណើរ​ទៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ មាន​ផល​វិបាក​ចំពោះ​ប្រជា​ពលរដ្ឋ​ជា​ច្រើន បើ​សិន​តែ​ការ​គ្រប់​គ្រង​ថវិកា​រដ្ឋ ឬ​ក៏កា​រ​គោរព​ការ​បែង​ចែក​ថវិកា​រដ្ឋមិ​ន​បាន​ត្រឹម​ត្រូវ ឬ​បាន​ឲ្យ​ពី​មាន​ភាព​សម​ភាព​គ្នា​ ឬការ​អភិវឌ្ឍ​នៅ​មិន​បាន​ត្រឹម​ត្រូវ មិន​មាន​ផែន​ការ​ច្បាស់​លាស់ និង​អាច​ធ្វើ​ឲ្យ​មាន​​ផល​ប៉ះពា​ល់ដ​ល់​ប្រជាពលរដ្ឋ រដ្ឋា​ភិបា​ល​គួរ​ណាតែ​​បង្ហាញ​​ពី​ជំហរ​ថា​ ពន្ធ​ដែល​បាន​នោះ​ មាន​គម្រោង​ថវិកា​យក​​ទៅ​អភិវឌ្ឍន៍​លើ​វិស័យ​អ្វី​ខ្លះ ដើម្បី​ឲ្យ​មហាជន​ឬ​ក៏​ប្រជា​ពលរដ្ឋ​យើង​មាន​បានទ​ទួល​ជ្រាប​នូវ​ព័ត៌មាន​ហ្នឹង»។

យ៉ាងណាជុំវិញការអនុវត្តនេះ កាលពីថ្ងៃទី៣០ ខែ​តុលា លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ បាន​​ឱ្យដឹ​ង​ថា ការ​យក​ពន្ធ​លើ​ចំណេញ​មូល​ធន​២០​ភាគ​រយ​ពីម្ចា​ស់ទ្រ​ព្យ​ទាំង ៦​ប្រភេទ (ភតិសន្យា ទ្រព្យ​វិនិយោគ កេរ្តិ៍​ឈ្មោះអា​ជី​វ​កម្ម កម្ម​សិទ្ធិ​បញ្ញា រូបិយ​បណ្ណ​បរទេស និង​អចលន​ទ្រព្យ) គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋ​អនុញ្ញាត​ឱ្យ​កាត់​កង​៨០​ភាគ​រយ នៃ​ប្រាក់ចំ​ណេញ​សរុប។ 

លោក គង់ វិបុល បាន​បញ្ជាក់បន្ថែមថា ចំពោះពលរដ្ឋដែលលក់​ទ្រព្យ​ទាំង​៦​របស់​ខ្លួន​ខាត ឬ​បាន​ត្រឹម​តែ​រួច​ខ្លួន​ទេ គឺ​មិន​ជាប់​ពន្ធ​លើ​ចំណេញ​មូល​ធន​នេះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ