គ្រួសារហ៊ុន​មិនចាត់វិ​ធាន​ការ​ច្បាប់​លើ​លោក ចេន ហ្ស៊ី ទោះ​ពិភព​លោក​រក​ឃើញ​បទ​ឧក្រិដ្ឋ​ឆបោក

រដ្ឋាភិបា​ល​គ្រួសារ​ហ៊ុន​នៅ​បន្ត​ភាព​ស្ងៀម​ស្ងាត់ មិន​ទាន់​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ លើ​ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន ទោះ​បី​ពិភព​លោក​រក​ឃើញ​ថា លោក ចេន ហ្ស៊ី ជា​មេឧក្រិដ្ឋ​ជន​ឆបោក​លំដាប់​អន្តរ​ជាតិ បង្ក​ការគំ​រាម​គំហែង​សន្តិ​សុខ​តំបន់ និង​ពិភព​លោក​ក្តី។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ យ៉ាង​ហោច​ណាស់​ មាន​ប្រទេស​ចំនួន​៤ បាន​រួម​គ្នា​ដាក់​ទណ្ឌក​ម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ឧកញ៉ា ចេន ហ្ស៊ី ជុំវិញ​បទ​ឧក្រិដ្ឋ​ឆបោក​តាម​អន​ឡាញ និង​លាង​លុយ​កខ្វក់។

ក្រៅពី​មហាអំ​ណាច​សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់​គ្លេស កូរ៉េ​ខាង​ត្បូង ថ្មីៗនេះ​មាន​ប្រទេស​សិង្ហបុរី​មួយ​ទៀត ប្រកាស​​រឹប​អូស​ទ្រព្យ​របស់​មហា​សេដ្ឋី​ខ្មែរ ដើម​កំណើត​ចិន គឺ ឧកញ៉ា ចេន ហ្ស៊ី ពាក់​ព័ន្ធ​អំពើ​ឆបោក​តាម​អន​ឡាញ និង​​លា​ង​​​លុយ​កខ្វក់។

សារព័ត៌មាន Channel News Asia ចុះ​ផ្សាយ​នៅ​ថ្ងៃទី​៣​១ ខែ​តុលា​ថា ប៉ូលិស​សិង្ហ​បុរី​បាន​រឹប​អូស​​​​ទ្រព្យសម្បត្តិ​លោក ចេន ហ្ស៊ី ប្រមាណ​ជា​១១៥​លាន​ដុល្លារ​អាមេរិក​លើ​ទឹក​ដី​សិង្ហ​បុរី។

ប្រភពថា សកម្មភាពនេះ ជា​ផ្នែកមួយ​នៃ​ការ​ស៊ើប​អង្កេត​លើ​ករណី​ឆបោក និង​លាង​លុយក​ខ្វក់ ពាក់​ព័ន្ធ​ក្រុម​ហ៊ុន Prince Holding Group មាន​ទីតាំង​នៅ​កម្ពុជា​ដឹក​នាំ​ដោយ​ឧកញ៉ា ចេន ហ្ស៊ី។

វិធានការរបស់​សិង្ហបុរីនៅពេលនេះ ក្រោយការិយាល័យស៊ើបអង្កេតស​ហព័ន្ធ​អាមេរិក FBI រក​ឃើញ​​ថា លោក ចេន ហ្ស៊ី ធ្វើ​​​​​​ឱ្យ​​ក្រុម​​ហ៊ុន Prince Group ក្លាយ​​​​ជា​​អង្គកា​រ​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​ដែន​ដ៏​ធំ​​បំផុត​​មួយ​​នៅ​អាស៊ី ដែល​កំពុង​​ប្រតិ​បត្តិ​​​ការ​​​នៅ​ក្នុង​ប្រទេស​​ចំនួន​​​៣០​​នៅ​លើ​ពិភព​លោក។

យ៉ាងណា បើទោះបីសហគមន៍​អន្តរ​ជាតិ ចង្អុល​ប្រាប់​ថា លោក ចេន ហ្ស៊ី ជា​មេឧ​ក្រិដ្ឋ​ជន​ឆបោក​លំដាប់​ពិភព​លោក​ក្តី តែ​គ្រួសារ​ហ៊ុន​នៅ​មិន​ទាន់​បើក​ការ​ស៊ើប​អង្កេត​លើ​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន នេះទេ។

ជុំវិញ​រឿង​នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវ​រិន្រ្ទ យល់​ថា ការ​ដែល​គ្រួសារ​ហ៊ុន​មិន​កាត់​ទោស​លោក ចេន ហ្ស៊ី គឺ​ជាចេ​តនា​ការ​ពារ​ឧក្រិដ្ឋ​ជន​រូប​នេះ ឱ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់ ដោយ​សំអាង​ថា លោក ចេន ហ្ស៊ី ជួយ​រក​លុយ​ទ្រទ្រង់​អំណាច​គ្រួសារ​ហ៊ុន​ច្រើន​ឆ្នាំទៅ​នេះ​។

លោកថា៖ «គឺធ្ងន់ហើយ ខ្ញុំមើល! អន្តរជាតិគេមើល​ទៅ​ គឺ​ឃើញ​ថា លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ហ្នឹង​ជា​មេឧក្រិដ្ឋក​ម្ម! គេ​អាច​ចោទ​ទាំង​ប្រទេស​កម្ពុជា​ហ្នឹង​ទៀត។ ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ប្រ​ទេស​កម្ពុជា​យើង ខូច​ឈ្មោះប្រ​ទេស​យើង ខ្លាំង​មែន​ទែន​ហើយ។ ក្នុង​នាម​យើង​ជាប្រជាព​លរដ្ឋ​ខ្មែរ​ទាំង​អស់ មាន​ន័យ​ថា សោក​ស្តាយ​ខ្លាំង​មែន​ទែន ដែល​គេ​មើល​ឃើញ​ពី​ទង្វើ​រប​ស់​ថ្នាក់​ដឹក​នាំ​ខ្មែរ​ដែល​ធ្វើ​របៀប​ហ្នឹង»

បន្ថែមលើនេះ លោកព្រមានថា ការមិនកាត់ទោសឧក្រិដ្ឋជន​លំដាប់​អន្តរ​ជាតិ លោក ចេន ហ្ស៊ី​ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប៉ះ​ពាល់​គ្រប់​វិស័យ​ ទាំង​សេដ្ឋ​កិច្ច​ដែល​នាំ​ទៅ​រក​គ្រោះ​ថ្នាក់​ដល់​ជីវ​ភាព​ពលរដ្ឋ​ទូទាំង​ប្រទេស។
លោកថា៖ «ទី១ គឺ​អត់​មា​ន​អ្នកវិនិយោគ​ទុន​ចូល វិស័យទេ​ស​ចរណ៍​ក៏​អត់ វិស័យ​សំណង់​ក៏​អត់​​ ពាណិជ្ជ​កម្ម​ក៏​អត់ វា​ប៉ះ​គ្រប់​វិស័យ។ វិស័យ​ទាំង​អស់​ហ្នឹង ទាំង​ប៉ុន្មាន​ហ្នឹង​គឺ​គាំង។ អត់​មាន​អ្នក​វិនិ​យោគ​អី​មក ចឹង​វា​ប៉ះពា​ល់​ទាំង​អស់។ វិស័យ​ធំ​ៗ​ជាង​គេ​ទាំង​៥ វា​ត្រូ​វប៉ះ​ពា​ល់​អស់​ហើយ​ ឥលូវ​ហ្នឹង! អត់​មាន! ទេសចរណ៍​អត់​មាន សំណង់​អត់​មាន ដូច​អ្នក​ជំនួញ​ពាណិ​ជ្ជករ​តូច​តាច​វិស័យ​ទាំង​អស់​ហ្នឹង! ឧស្សាហ​កម្ម​​ធំៗ​អត់​មាន​ទេ ប៉ះពា​ល់​ទាំង​អស់។ អ៊ីចឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​អាច​នៅ​ឲ្យ​ស្លាប់ ខ្ញុំ​ជឿ​ជាក់​ថា ប្រទេស​កម្ពុជា​យើង នឹង​មាន​កា​រ​បះ​បោរ នឹង​អាច​ទម្លាក់​របប​​ហ្នឹង​ចោល បើ​មិន​អ៊ីចឹង​ទេ គឺយើ​ង​ទុក្ខ​វេទ​នា​ខ្លាំង​មែន​ទែន»។

ជុំវិញរឿងនេះ VOD មិនទាន់អាចសុំការឆ្លើយតបពី​អ្នក​នាំ​ពាក្យ​រង​​ក្រសួង​​មហា​​ផ្ទៃ លោក ទូច សុខៈ និង​​អ្នក​​នាំ​ពា​ក្យ​​អគ្គ​​ស្នង​​ការ​​នគរបា​ល​​ជាតិ លោក ឆាយ គឹម​​ខឿន បាន​​​​​នៅ​ឡើយ​​ទេ គិត​​ត្រឹម​​ម៉ោង​​ផ្សាយ​​នេះ។

យ៉ាងណា នាយករដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​លើ​ហ្វេសប៊ុក​លោក​នៅ​ថ្ងៃទី​៣១ ខែ​តុលា​ថា លោក​បាន​ជួប​ពិភាក្សាតា​ម​ទូរសព្ទ​ជាមួយ លោក Kash Patel នាយក​នៃ​ការិ​យា​ល័យស៊ើ​ប​អង្កេត​កម្រិត​សហព័ន្ធ (FBI) របស់​សហរដ្ឋ​អាមេរិក។

លោក​សរ​សេរ​ក្នុង​ន័យ​ដើម​ថា៖ «យើងបានវាយតម្លៃខ្ពស់ចំពោះលទ្ធ​ផល​ប្រកប​ដោយ​ផ្លែ​ផ្កានៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាច្រើ​ន​ឆ្នាំក​ន្លង​មក រវាង​ស្ថាប័ន​សន្តិសុ​ខ​របស់​កម្ពុជា និង FBI ក្នុង​ការ​ទប់​ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដូច​ជា ការ​ជួញ​ដូរ​មនុស្ស គ្រឿង​ញៀន​ ឃាត​កម្ម ជម្រិត​ទារ​ប្រាក់ ឧក្រិដ្ឋក​ម្មហិ​រញ្ញ​វត្ថុ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា។ ជា​ជំហានបន្ទាប់ យើង​បាន​ឯកភាព​គ្នាប​ន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ រវាង​ស្ថាប័ន​សន្តិ​សុខ​កម្ពុជា និង​ FBI ដើម្បី​រក្សាស​ន្តិសុ​ខ និង​សុវត្ថិ​ភាព​សម្រាប់​ប្រជាជន និង​ប្រទេស​យើង​ទាំង​ពីរ»។

សម្រាប់ អ្នកតាមដានបញ្ហាសង្គម លោក ប៉ោ មករា យល់​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​អន្តរ​ជាតិ​ដែល​សំឡឹង​មក​ឃើញ​ថា ជាជ​ម្រក​របស់​ឧក្រិដ្ឋ​ជន ដែល​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​វិនិយោគ​ល្អៗ និង​ភ្ញៀវ​ទេសចរ​បទេស។

យ៉ាងណា លោក​ថា បទ​ឧក្រិដ្ឋ​ឆបោក​នេះ ជា​កង្វល់​សម្រាប់​ពិភព​លោក​ទាំង​មូល សម្រាប់​ដោះ​ស្រាយ​មិន​ថា​នៅ​កម្ពុជា​នោះ​ទេ ដែល​ទាម​ទារ​ឱ្យ​កម្ពុជា​គួរ​សម្អាត​បញ្ហា​នេះ​មុន​គេ ដើម្បី​ឱ្យ​ឃ្លាត​ចាក​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ។

បញ្ហា​នេះ លោកមើលឃើញដែរថា អាចជាប់ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​នីតិ​រដ្ឋ​ទាប​ ដែល​ធ្វើ​ឱ្យ​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់​ដារ​២ មិន​អាច​កាត់​ទោស​អ្នក​មាន​លុយ​មាន​អំណាច​បាន​ តែ​កាត់​ទោស​អ្នក​ដែល​ទន់​ខ្សោយ​តែ​ប៉ុណ្ណោះ។

លោកថា៖ «កម្ពុជាគួរតែរលាស់ខ្លួនឱ្យផុតអំពីបញ្ហាហ្នឹង គឺ​ត្រូវ​តែ​ធ្វើកា​រងា​រ​នេះ មុន​បរទេស​មុន​អន្តរ​ជាតិ​ ពីព្រោះ​កាល​ណា​យើង​គេច​ផុត​អំ​ពីប​ញ្ហា​នេះ​ បាន​ជួយ​ធ្វើ​ឲ្យក​ម្ពុជា​ហ្នឹង! កេរ្តិ៍​ឈ្មោះ​សាយ​ទៅ​ល្អ។ ហើយ​មួយ​ទៀត​ កម្ពុជា​អាច​ផុត​អំពី​ពិន្ទុ​នៃ​សន្ទស្សន៍​នីតិ​រដ្ឋ​ទាប ពី​​ព្រោះ​បើកា​ល​ណាអ​ត់​បាន​សម្អាត ឬ​ក៏​មិន​ធ្វើកា​រ​រឿង​ហ្នឹង​ឲ្យ​បាន​ដិត​ដល់​ទេ​ កម្ពុជា​នឹ​ង​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហាពិ​ន្ទុ​នីតិ​រដ្ឋ​កាន់​តែ​ខ្សោយ។ អ៊ីចឹង​កាល​ណាយើ​ង​និយាយ​អំពី​បញ្ហា​នីតិ​រដ្ឋ​ហ្នឹង វា​ក៏​ជាប​ញ្ហាក​ង្វល់​មួយ​សម្រាប់​ស្ថាប័ន​អន្តរ​ជាតិ ក៏​ដូច​ជា​អ្នក​ដែល​រក​ស៊ី​នៅ​ក្នុង​កម្ពុជា ក៏​ដូច​ជា​អ្នក​ដែល​មាន​បំណង​មក​បោះ​ទុន​នៅ​ក​ម្ពុជា​នៅ​តែ​បារម្ភ»។

អាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃទី១៤ ខែតុលា បាន​រួម​គ្នាដា​ក់​ទណ្ឌ​​កម្ម​​បង្ក​ក​​ទ្រព្យ​សម្បត្តិ​​ក្រុម​​ហ៊ុន​​ព្រីនស៍​​របស់​ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន ក្រោយ​រក​ឃើញ​ថា​ ជា​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆបោក​ខ្នាត​អន្តរ​ជាតិ ​លួច​លុយ​រាប់​ពាន់​លាន​ដុល្លារ ​ពី​ជន​​រង​គ្រោះ​ជុំវិញ​ពិភព​លោក។

៦ថ្ងៃក្រោយ​មក ពោលគឺនៅថ្ងៃទី២០ ខែតុលា កាសែត The Chosun Daily ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​កូរ៉េ ឱ្យ​ដឹង​​ថា ប្រាក់​បញ្ញើ​មាន​ប្រមាណ ៩១,២ពាន់​​លាន​​វ៉ុន ឬ​ស្មើ​នឹង​ប្រមាណ ៦៤លាន​​ដុល្លារ ដែល​រក្សា​ទុក​នៅ​ក្នុង​ធនាគារ​ចំនួន​៦ របស់​កូរ៉េ​ ត្រូវ​បង្កក​បន្ទាប់​ពី​ការ​ដាក់​ទណ្ឌ​កម្ម​​លើ​ក្រុម​ហ៊ុន​ព្រីនស៍​គ្រុប​ដែល​ជា​ក្រុម​ហ៊ុន​មេ និង​មាន​អង្គ​ភាព​​ពាក់​ព័ន្ធ​ចំនួន​១៤៤ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ