ក្រុមអ្នកតាមដាន ព្រមានថា តម្លៃកសិផលខ្មែរ នឹងស្ថិតក្រោមមាត់ឈ្មួញវៀតណាមជារៀងរហូត បើមេដឹកនាំខែ្មរគ្មានសមត្ថភាពទប់ស្កាត់អំពើពុករលួយ និងបក្ខពួកនិយម ដើម្បីរកច្រកនាំផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញថៃ និងវៀតណាមនោះ។
ការលើកឡើងនេះ បន្ទាប់ពីកសិករខ្មែរបានត្អូញត្អែរជាថ្មី ពីតម្លៃស្រូវចុះថោកក្នុងរដូវប្រមូលផលឆ្នាំនេះ ដែលអាចនឹងធ្វើឱ្យគ្រួសារពួកគេរួមរឹតដោយវិបត្តិបំណុល បើក្រសួងពាក់ព័ន្ធមិនអាចជួយសង្គ្រោះបានទាន់ពេលទេនោះ។ បញ្ហានេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចែកចាយតៗគ្នា នាប៉ុន្មានថ្ងៃមកនេះ។
កសិករថា៖ «ស្រូវទុំហើយមួយគីឡូ៦៣០រៀល ហើយឥឡូវយើងគិតម៉េចបានអីសងគេ។ ថ្នាក់ខាងលើជួយមើលរាស្ត្រផង រាស្ត្រធ្វើស្រូវកើតហើយតែមួយគីឡូ៦៣០រៀល។ តែជីក៏វាថ្លៃ ថ្នាំក៏វាថ្លៃ ប្រេងក៏វាថ្លៃៗ អត់តែទំនិញទីផ្សារ សូមឧកញ៉ា និងក្រសួងកសិកម្មជួយមើលរាស្ត្រផង បើអស់លោកមិនជួយមើលរាស្ត្រទេ រាស្ត្រត្រូវងាប់ពេលហ្នឹងហើយ។ ៦៣០រៀលនេះបានអីសងគេនេះ ជីក៏ថ្លៃ១៧ម៉ឺនមួយកញ្ចប់ ខ្លះ១៣ម៉ឺនតាមធុនជី»។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និយាយកាលពីថ្ងៃទី១ខែវិច្ឆិកានេះថា លោកបានដឹងពីបញ្ហានេះ តែសុំកុំឱ្យបន្ទោសមន្ត្រីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាល។ តែលោកសុំឱ្យរួមគ្នាដោះស្រាយដោយអំពាវនាវឱ្យឈ្មួញបង្កើនការទិញស្រូវពីកសិករ។
លោកថា៖ «អរគុណបងប្អូនយើងហើយដែលបានផុសផ្សព្វផ្សាយពីផលលំបាករបស់កសិករ ដើម្បីឱ្យដឹងទាំងអស់គ្នា ប៉ុន្តែការដឹងនេះត្រូវជួយគ្នា ដើម្បីជួយគ្នា កុំបន្ទោសទៅអ្នកណា តែយើងខំជួយទាំងអស់គ្នា។តែបើចង់បន្ទោសខ្ញុំ ទៅធូរចិត្តបន្ទោសខ្ញុំចុះ»។
លើសពីនេះ លោកថា បញ្ហានេះ អាចមកពីការផលិតច្រើនជាងតម្រូវការក្នុងស្រុក ដោយថា អ្នកផលិតស្រូវមាន១លាន៧សែនគ្រួសារ លើទំហំផ្ទៃដីដាំដុះ ជាង៣លានហិកតា។
លោកថា៖ «អីចឹងទំហំនៃការទិញច្រើនណាស់ បើយើងពិនិត្យមើល ស្រូវពេលរដូវប្រមូលផល យើងប្រមូលផលជិត៣ម៉ឺនតោនក្នុង១ថ្ងៃ ទោះបីសព្វថ្ងៃនេះតម្លៃវាទាប ប៉ុន្តែយើងយកតម្លៃវាទាបនេះទៅគុណសាកមើលក៏ឃើញចំនួនច្រើនដែរ»។
កសិករមួយរូបនៅខេត្តកំពង់ស្ពឺ អ្នកស្រី មុំ សុភី អះអាងថា វិបត្តិទីផ្សារកសិករ វាបានកើតឡើងច្រើនឆ្នាំហើយ ដែលគាត់ចង់ឃើញក្រសួង ដែលស៊ីប្រាក់ខែរាស្ត្រ ដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យកសិករ អាចរើខ្លួនពីវិបត្តិបំណុល។
អ្នកស្រីថា៖ «ខ្ញុំចង់ឱ្យក្រសួងកសិកម្មកុំបើកតែលុយ(ប្រាក់ខែ) រកទីផ្សារឱ្យកសិករផង ថាក្នុងសហគមន៍ហ្នឹងវាមានកសិផលអីខ្លះ វាមានបន្លែផ្លែឈើវាមានស្រូវ អង្ករចឹងទៅ រកទីផ្សារឱ្យពួកគាត់ដើម្បីលក់ចេញ ឱ្យបានតម្លៃសមរម្យ»។
សម្រាប់តំណាងរាស្ត្រពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មនេះថា ជាលេសដើម្បីគេចចេញពីការទទួលខុសត្រូវ ។
មួយវិញទៀត លោកថា ការបកស្រាយនេះ ក៏ឆ្លុះបញ្ចាំងពីអសមត្ថភាពរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងអំពើពុករលួយ ទុកឱកាសឱ្យឈ្មួញកណ្តាល មិនរកឱកាសនាំចេញដោយខ្លួនឯងទៅទីផ្សារអន្តរជាតិ។
មួយវិញទៀត លោកថា ក្រសួងពាក់ព័ន្ធចុះមូលដ្ឋានផ្តោតតែការពង្រឹងបក្ស មិនបានពង្រឹងសមត្ថភាព ដើម្បីជួយដោះស្រាយបញ្ហាកសិករទេ។ លោកថា ប្រព័ន្ធដឹកនាំបែបនេះជាគ្រោះថ្នាក់សម្រាប់ពលរដ្ឋ ។
លោកថា៖ «អត់មានគំនិតដើម្បីរកទីផ្សារទៅកាន់អន្តរជាតិ យើងពឹងរកស៊ីតែជាមួយឈ្មួញថៃ និងវៀតណាម ដូច្នេះហើយបានតម្លៃស្រូវហ្នឹងមិនបានថ្លៃ ដូច្នេះមកពីអសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការរុញទីផ្សារហ្នឹងទៅដល់ទីផ្សារអន្តរជាតិ»។
លោកផ្តល់យោបល់ថា ជម្រើសមានតែមួយគត់ ដែលកសិករអាចរើខ្លួនពីវិបត្តិនេះបាន គឺរួមគ្នាបោះឆ្នោតប្តូរគ្រួសារហ៊ុនចេញពីអំណាច ។
លោកថា៖ «បើសិនជាចង់ឱ្យស្រូវអង្ករឡើងថ្លៃ មានជម្រើសតែមួយទេ គឺប្តូររដ្ឋាភិបាលត្រកូលហ៊ុនចេញទៅ មានរដ្ឋាភិបាលថ្មីទៅដឹកនាំទៅ មិនមែនជាត្រកូលហ៊ុនទៅ ខ្ញុំគិតថា ប្រាកដជាអាចរកទីផ្សារទៅកាន់ទីផ្សារអន្តរជាតិ ហើយស្រូវអង្ករនឹងបានថ្លៃជាងហ្នឹងហើយ»។
យ៉ាងណា អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី និយាយថា តម្លៃស្រូវនារដូវប្រមូលផលឆ្នាំនេះ ពិតជាបានធ្លាក់ចុះពី៨០០រៀល និងកន្លែងខ្លះនៅជាង៥៧០ក្នុងមួយគីឡូក្រាម ដែលរដ្ឋាភិបាលត្រូវទទួលស្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រូវនៅតែបន្តធ្លាក់ថ្លៃសម្រាប់ស្រូវធម្មតា។ ប៉ុន្តែថាសម្រាប់ស្រូវពូជល្អ ដែលពេញនិយម មិនសូវធា្លក់ថ្លៃច្រើនទេ។
ក្នុងន័យនេះ លោកគូសបញ្ជាក់ថា ការត្អូញត្អែររបស់កសិករមិនខុសទេ ព្រោះកសិករគ្មានលទ្ធភាពដឹកស្រូវរំលងប្រទេសបាន ដើម្បីរកទីផ្សារលក់តម្លៃសមរម្យដោយខ្លួនឯងបានទេ ខណៈពេលដែលការផលិតក្នុងស្រុកកើនឡើងនោះ។
មួយវិញទៀត លោកថា រដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋបង្កើនការផលិតឱ្យបានខ្លាំង តែឥឡូវកសិករផលិតបានហើយ ប៉ុន្តែថា រដ្ឋទេដែលមិនអាចរកទីផ្សារបានសម្រាក់កសិករ។
ត្រង់ចំនុចនេះ លោកថា រដ្ឋត្រូវទទួលស្គាល់ថា កសិករបានបំពេញកាតព្វកិច្ចនេះ តែរឿងបន្ទាប់គឺរដ្ឋាភិបាលត្រូវរកទីផ្សារលក់ផលិតផលជូនកសិករ។
លើសពីនេះ លោកថា លោកទទួលស្គាល់ថា រដ្ឋាភិបាលកំពុងមានបញ្ហាជាមួយថៃ ដោយសារសង្គ្រាមព្រំដែន ប៉ុន្តែយ៉ាងណាលោកថា នៅក្នុងប្រទេសនិមួយៗ នៅពេលដែលមានការផ្លាស់ប្តូរណាមួយ ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច គឺត្រូវតែបង្កើននូវយុទ្ធសាស្ត្រសម្រាប់ឆ្លើយតបទៅនឹងការផ្លាស់ប្តូរ បើមិនដូច្នោះទេ តម្លៃកសិផលទីផ្សាររបស់កម្ពុជាស្ថិតនៅលើមាត់ឈ្មួញវៀតណាម។
លោកថា៖ «ព្រោះយើងដឹងហើយថា នៅពេលនេះយើងបិទជាមួយថៃ ប៉ុន្តែនៅត្រង់ថាយើងបង្វិលទៅកន្លែងណាវិញ។ ខ្ញុំគិតថា ស្រូវរបស់ខ្មែរយើងមិនសូវជាទៅថៃប៉ុន្មានទេ តែច្រើនទៅតាមវៀតណាម។ អីចឹងយើងគ្រាន់តែបង្វិលពីថៃទៅវៀតណាម ហើយបើយើងមិនរកទីផ្សារ រកច្រកចេញឱ្យបានលើសពីហ្នឹងទេ គឺតម្លៃស្រូវកម្ពុជានឹងត្រូវកុងត្រូវដោយប្រទេសវៀតណាម»។
សម្រាប់ លោក មាស នី បើទោះបីជារដ្ឋាភិបាល បានអំពាវនាវឱ្យកសិកររៀបចំក្រុមការងារ ដើម្បីធ្វើការជាមួយរដ្ឋាភិបាលបង្កើតឱ្យមានកសិកម្មបែបទំនើប លោកក៏ឃើញថា កសិកម្មបែបទំនើបនេះ វាកើតឡើងខ្លះមែន តែថា កសិករសាមញ្ញធម្មតា ហាក់មិនទាន់បានចូលទៅក្នុងសេវាកម្មថ្មីនេះប៉ុន្មានទេ។
លោកគូសបញ្ជាក់ថា ភាគច្រើនសមាជិកកសិកម្មទំនើបនេះ ហាក់មានតែអ្នកមាន ដូច្នេះបញ្ហាជាចម្បង ក្រសួងពាក់ព័ន្ធ ត្រូវពិនិត្យត្រង់ចំនុចនេះ ទើបអាចជួយសង្គ្រោះកសិករដែលងាយរងគ្រោះបាន៕









