ប្រធានក្រុមហ៊ុន ព្រីនស៍ គ្រុប(Prince Holding Group) លោក ចេន ហ្ស៊ី(Chen Zhi) ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលកម្ពុជា សរសើរថាជាអ្នកជំនួញជោគជ័យដ៏វ័យក្មេង ជាសប្បុរសជន និងជាទីប្រឹក្សារបស់ឥស្សរជនរបស់កម្ពុជាផងនោះ ឥឡូវនេះឈ្មោះរបស់លោកមិនត្រូវបានមេដឹកនាំកម្ពុជា យកមករម្លឹកទៀតនោះទេ បន្ទាប់ពីលោកត្រូវអាជ្ញាធរបរទេស ចោទប្រកាន់ថាជាមេក្លោងបណ្តាញបោកប្រាស់ឆ្លងដែន និងចេញដីការតាមចាប់ខ្លួនគ្រប់ទិសទី។
ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយធំៗក្នុងស្រុក ដែលស្និទ្ធនឹងបក្សកាន់អំណាច និងធ្លាប់ជួយផ្សព្វផ្សាយឃោសនាឱ្យក្រុមហ៊ុន និងលោក ចេន ហ្ស៊ី ថាជាឧកញ៉ាសប្បុរសចិត្តធម៌ ដែលបានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ និងបរិច្ចាគលុយរាប់លានដុល្លារជាច្រើនដង ឱ្យរដ្ឋាភិបាលនោះ ក៏មិនឃើញចុះផ្សាយអំពីព័ត៌មាន ឬព្រឹត្តិការណ៍ ដែលពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី ទៀតនោះដែរ។
ទោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកស្ងប់ស្ងាត់ តែបណ្ដាញផ្សព្វផ្សាយអន្តរជាតិ ដូចជា Times Now របស់ឥណ្ឌា ទស្សនាវត្ដី Bloomberg Vision Times របស់ចិន និង CNN របស់អាមេរិក ជាដើម នៅតែបន្តចុះផ្សាយជាហូរហែអំពីប្រវត្តិ និងការរកស៊ីរបស់លោក ចេន ហ្ស៊ី ដោយភ្ជាប់ជាមួយឈ្មោះអតីតមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដែលជាបុគ្គលសំខាន់ នៅពីក្រោយការផ្ដល់ទីកន្លែងឱ្យលោក ចេន ហ្ស៊ី បង្កើតរោងចក្រឧស្សាហកម្មឆបោកតាមអ៊ីនធឺណិត លំដាប់ថ្នាក់អន្តរជាតិ នៅលើទឹកដីកម្ពុជា។
សារព័ត៌មានទាំងនេះ បានដកស្រង់នូវសេចក្ដីសន្និដ្ឋានបឋមរបស់អាជ្ញាធរអន្តរជាតិថា លោក ចេន ហ្ស៊ី អាចនឹងកំពុងលាក់ខ្លួន ក្នុងប្រទេសណាមួយនៅទ្វីបអាស៊ី ដែលមានប្រព័ន្ធនីតិរដ្ឋខ្សោយ និងសម្បូរអំពើពុករលួយ ដោយក្នុងនោះ កម្ពុជាត្រូវបានគេសង្ស័យខ្លាំងជាងគេ។
ប្រភពទាំងនោះ បានទាញជាទឡ្ហីកម្មថា ច្រើនឆ្នាំកន្លងមកនេះ លោក លោក ចេន ហ្ស៊ី បានព្យាយាមរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារលោក ហ៊ុន សែន ដែលជាមេបក្សកាន់អំណាចនៅកម្ពុជា រហូតលោក ត្រូវបានអតីតមេដឹកនាំកម្ពុជា លោក ហ៊ុន សែន តម្លើងឋានៈជាទីប្រឹក្សាជាន់ខ្ពស់របស់លោក ដែលមានឋានៈជារដ្ឋមន្ត្រី និងបន្ទាប់មក ជាទីប្រឹក្សារបស់កូនប្រុសលោក ដែលបានស្នងតំណែង គឺលោក ហ៊ុន ម៉ាណែត និងមន្ត្រីចាស់វស្សាមួយចំនួនទៀត។
ជាការផ្ដល់តម្លៃសម្រាប់ទំនាក់ទំនងនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០២២ លោកអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកនាឡិកាដៃម៉ាក ឡតថឹស តួប៊័រឡិន (Lotus Tourbillon) ចំនួន ២៥ គ្រឿង ដែលផលិតឡើងដោយក្រុមហ៊ុន Prince Holding Group របស់លោក ចេន ហ្ស៊ី ធ្វើជាអំណោយជូនដល់មេដឹកនាំពិភពលោក ដែលមកចូលរួម ក្នុងនោះរួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន(Joe Biden) ទៀតផង។
អ្នកឃ្លាំមើលថា ការណ៍ដែលលោក ហ៊ុន សែន ធ្វើបែបនេះ គឺដើម្បីបង្ហាញពីការផ្ដល់ទំនុកចិត្តរបស់លោក ទៅលើលោក ចេន ហ្ស៊ី និងជាការជួយឃោសនាកេរ្តិ៍ឈ្មោះ របស់លោក ចេន ហ្ស៊ី ចូលទៅក្នុងរង្វង់ឥស្សរជនអន្តរជាតិ។
ទោះជាយ៉ាងនេះក្ដី យោងតាមការស៊ើបអង្កេតរបស់អាជ្ញាធរអាមេរិក រកឃើញថា លោក ចេន ហ្ស៊ី បានធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងកំឡុងខែមេសា ឆ្នាំ២០២៣ ដោយប្រើប្រាស់លិខិតឆ្លងដែនការទូត ដែលចំណុចនេះ បានធ្វើឱ្យគេសង្ស័យថា លោក ចេន ហ្ស៊ី បានប្រើប្រាស់ឯកសារការទូតនេះ បន្ទាប់ពីលោក ហ៊ុន សែន បានយកនាឡិកាដៃប្រណិត ដែលផលិតដោយក្រុមហ៊ុនរបស់ លោក ចេន ហ្ស៊ី ធ្វើជាអំណោយដល់មេដឹកនាំបរទេសនេះ។
ក្រៅតែពីបង្កើតអំពើពុករលួយ ជាមួយមេដឹកនាំកម្ពុជា ហើយនោះ លោក ចេន ហ្ស៊ី ក៏ត្រូវបានគេរកឃើញមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចិន ផងដែរ។
សារព័ត៌មាន The Liberty Times របស់តៃវ៉ាន់ បានចុះផ្សាយថា អាជ្ញាធរចិនរកឃើញវត្តមានមន្ត្រីជាន់ខ្ពស់របស់ចិនមួយចំនួន បានទទួលសំណូកពី លោក ចេន ហ្ស៊ី ជាថ្នូរនឹងការជួយបិទបាំងព័ត៌មាន និងការលួចផ្ដល់ដំណឹងសំខាន់ ដែលពាក់ព័ន្ធនឹងផែនការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ បន្ទាប់ពីអាជ្ញាធរចិន បានរកឃើញសៀវភៅកត់ត្រាសំណូករបស់លោក ចេន ហ្ស៊ី ដែលក្នុងនោះមានការកត់ត្រា ហើយនៅឆ្នាំ២០១៩ លោក ចេន ហ្ស៊ី បានទិញកប៉ាល់តម្លៃ ៣លានដុល្លារ ឱ្យមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលបរទេសម្នាក់ ដែលមិនបញ្ចេញឈ្មោះ។
ងាកមករដ្ឋាភិបាលកម្ពុជាវិញ ដែលអ្នកឃ្លាំមើលកត់សម្គាល់ឃើញថា តែងប្រតិកម្មនឹងការចោទប្រកាន់ផ្សេងៗរបស់បរទេស ពេលនេះបែរជារក្សាភាពស្ងៀមស្ងាត់ខុសពីធម្មតា ពិសេសគឺទាក់ទងនឹងឈ្មោះ ចេន ហ្ស៊ី នេះតែម្ដង។
ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ភាពស្ងប់ស្ងាត់របស់រដ្ឋាភិបាលកម្ពុជា កំពុងបង្កប់នូវការទទួលស្គាល់ថា លោក ចេន ហ្ស៊ី និងបក្ខពួក ពិតជាបានប្រើប្រាស់ទឹកដីកម្ពុជា ជាមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ ដោយមានភាពទាក់ទងនឹងមន្ត្រី និងឈ្មួញគ្រាក់ៗមួយចំនួន។ លោកបន្តថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំនងរកពេលវេលាសមស្រប និងផ្លូវការទូតណាមួយបកស្រាយទៅបណ្ដាប្រទេសនានាជាវិជ្ជមាន ដើម្បីលាងកេរ្តិ៍ឈ្មោះកម្ពុជា ហើយក៏អាចឈានដល់ការផ្ដាច់ខ្លួនពី លោក ចេន ហ្ស៊ី ផងដែរ។
លោក ម៉ែន ណាត ថ្លែងថា៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែលាងជម្រះហើយ។ វិធីលាងជម្រះហ្នឹងគឺតាមបែបស្ងាត់ៗ បន្តិចម្ដងៗ ហើយសុំសេចក្ដីទុកចិត្តពីបណ្ដាប្រទេសជាមិត្តហ្នឹង ត្រូវឆ្លើយតបជាមួយគេយ៉ាងម៉េច ជាពិសេសជាមួយនឹងសហរដ្ឋអាមេរិក ព្រោះសហរដ្ឋអាមេរិក គឺជាគន្លឹះសំខាន់នៅក្នុងរឿងក្ដីនេះ»។
យោងតាម ក្រសួងរតនាគារសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ជនជាតិអាមេរិកបានខាតបង់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ លើប្រតិបត្តិការបោកប្រាស់ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដោយក្នុងនោះ ក្រុមហ៊ុន ព្រីនស៍ គ្រុប គឺជាបណ្ដាញឧក្រិដ្ឋកម្មដែលមានភាពលេចធ្លោជាងគេ។
លោក ចេន ហ្ស៊ី ដែលជាម្ចាស់ក្រុមហ៊ុន ព្រីនស៍គ្រុប បានបាត់វត្តមានតាំងពីពាក់កណ្តាលខែតុលា ពោលគឺនៅក្រោយពេលដែលចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សិង្ហបុរី និងតៃវ៉ាន់ ជាដើម បានដកហូតទ្រព្យសម្បត្តិ និងប្រកាសតាមចាប់ខ្លួនលោក ករណីឆបោកតាមអ៊ីនធឺណិត ធ្វើទារុណកម្ម និងលាងលុយកខ្វក់។
ការបាត់មុខរបស់លោក ចេន ហ្ស៊ី នេះ ធ្វើឱ្យគេសង្ស័យថា លោកអាចនឹងកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈប្រភពមួយចំនួន បានរកឃើញថា ប្រពន្ធ និងកូនបីនាក់ របស់លោក ចេន ហ្ស៊ី កំពុងរស់នៅក្នុងប្រទេសសិង្ហបុរី។
យោងតាមប្រភពនៅក្នុងប្រទេសកម្ពុជា លោក ចេន ហ្ស៊ី បានស្ថិតនៅក្នុងទ្វីបអឺរ៉ុបក្នុងខែតុលា នៅពេលដែលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបើកការបង្ក្រាបដ៏ធំមួយលើក្រុមហ៊ុន Prince Consortium របស់លោក ហើយក្រោយមកលោកបានរត់គេចខ្លួនទៅអាស៊ីវិញ។ កន្លែងលាក់ខ្លួនបច្ចុប្បន្នរបស់ លោក ចេន ហ្ស៊ី មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែប្រភពបានបង្ហាញថា ទាំងអាជ្ញាធរចិន និងកម្ពុជា មិនបានប្រកាសតាមចាប់ខ្លួនលោក ចេន ហ្ស៊ី នោះឡើយ៕









