ក្រុមអតិថិជន​គំរា​មត​វ៉ា​ទ្រង់​ទ្រាយ​ធំ​ទាម​ទារ​ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់​ផ្ទះតា​ម​កិច្ច​សន្យា

ក្រុម​អតិថិជន​​គំរា​មត​វ៉ា​ទ្រង់​ទ្រាយ​ធំ​ជា​លើក​ទី​៣ នៅ​ចុង​ខែ​នេះ ដោយ​ថា​កិច្ច​អន្តរាគមន៍​របស់​អាជ្ញាធរ​ហាក់​គ្មាន​ឥទ្ធិពល​លើ​ឧកញ៉ា ឡេង ណាវ៉ា​ត្រា ឱ្យ​ប្រគល់​ផ្ទះ​តាម​កិច្ច​សន្យា ខណៈ​អតិថិ​ជ​ន​ខ្លះ​ខ្ចី​លុយ​ធនាគារ​ទិញ​ផ្ទះ​បង់​លុយ​គ្រប់​៤ឆ្នាំ​ តែ​ក្រុម​ហ៊ុន​គ្មាន​ផ្ទះ​ឱ្យ ធ្វើ​ឱ្យ​ញាំ​ញី​ដោយ​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ​ច្រើន​ឆ្នាំ​ទៅ​នេះ។

អតិថិជនម្នាក់ លោក រ៉ា វុធ ប្រាប់​VOD នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះថា ក្រុម​ហ៊ុន​នៅ​តែ​គេច​វេស​មិន​សង​លុយ និង​ប្រើ​ល្បិច​ដោះ​ដូ​រ​ដី និង​ផ្ទះ​ឱ្យ​អតិថិជន​ដដែល ទោះ​មាន​ការ​អន្តរា​គមន៍​ពី​អាជ្ញាធរ​​ខេត្ត​កណ្តាល​​ ក្នុង​អំឡុង​ពេល​ពួក​គេ​តវ៉ា​ចំនួន​២ដង ក្នុង​ខែ​តុលា ឆ្នាំ​២០២៥ នៅ​មុខ​បុរី​ឡេង ណា​វ៉ាត្រា គម្រោង​៦A​ក្តី។

ប្រភព​បន្តថា បើមិនព្រមដោះដូរដី ឬផ្ទះ​ទេ ក្រុម​ហ៊ុន​ឱ្យ​បន្ត​រង​ចាំ​ក្នុង​ភាព​មិន​ច្បាស់​លាស់ ដោយ​ក្រុម​ហ៊ុន​ថា មាន​លទ្ធ​ភាព​ពេល​ណា​គេ​នឹង​សាង​សង់​ពេល​នោះ។

បើតាម លោក រ៉ា វុធ អតិថិជន​គ្រោង​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ជា​លើក​ទី​៣ នៅ​មុខ​ក្រសួង​ដែន​ដី​ ក្នុង​រាជ​ធានី​ភ្នំពេញ​វិញ​ម្តង នៅ​ថ្ងៃ​ទី២​៦ ខែ​វិច្ឆិកា ដើម្បី​ឱ្យ​ឧកញ៉ា ឡេង ណា​វ៉ាត្រា ប្រគល់​ផ្ទះ​តាម​កិច្ច​សន្យា។

លោកថា​៖ «យើងនឹងគ្រោង(តវ៉ា)ថ្ងៃទី២៦ ខែ១១​នេះ។ ជំហរបស់​អតិថិជន​គឺ​ចង់​ឲ្យ ឡេង ណាវ៉ាត្រា ដោះ​ស្រាយ​ធ្វើ​ម៉េច​សាង​សង់​ផ្ទះ​ឱ្យ​អតិថិជន​គ្រប់​រូប ទៅ​តាម​ប្លុក​នីមួយៗ។ អតិថិ​ជន​នីមួយៗ​ គឺ​មិន​ចង់​ធ្វើ​ការ​ដោះ​ដូរ​ទេ​ គឺ​គាត់​ទិញ​ផ្ទះ គឺ​ចង់​បាន​ផ្ទះ! ទិញ​ដី​ចង់​បាន​ដី។ ទីតាំង​ផ្ទះ​របស់​គាត់​ទិញ​កន្លែង​ណា​ គឺ​ចង់​បាន​កន្លែង​ហ្នឹង ពីព្រោះ​អី​មុន​ហ្នឹង! យើង​ទិញ​ទីតាំង​ផ្ទះ! យើង​សុទ្ធ​តែ​មើល​ដឹង​ថា ទីតាំង​ផ្ទះ​នេះ​ល្អ​អ៊ី​ចេះ! ល្អ​អ៊ី​ចុះ​ហើយ​! យើង​អត់​ចង់​ធ្វើកា​រ​ដោះ​ដូ​រ​​ទេ។ សុំ​ឲ្យ​ខាង​អាជ្ញាធរ និង​ក្រសួង​ពាក់​ព័ន្ធ​សុំ​ឲ្យ​ដោះ​ស្រាយ​ឲ្យ​មាន​ភាព​ស្មើ​គ្នា។ អតិថិជន​គ្រប់​រូប​ គឺ​ចង់​តែ​ទិ​ញ​ផ្ទះ​ គឺ​បាន​ផ្ទះ​ទេ! អត់​មាន​ដំណោះ​ស្រាយ​ណាមួយ​ថា ប្លុក​នេះ ដោះ​ស្រាយ ប្លុក​នោះ​គេ​អត់​ដោះ​ស្រាយ​ទេ។ អ៊ីចឹង​ប្លុក​ណា​មួយ​ ក៏​ដោះ​ស្រាយ​ដែរ។ មួយ​ទៀត​ចង់​ឱ្យ​ខាង​ក្រុម​ហ៊ុន​ចាំបាច់​ត្រូវ​តែ​យក​ជាង​ដាក់​ចូល​នៅ​ក្នុង​ឆ្នាំ​២០២៦ ជា​ចាំបាច់​តែម្តង និង​យក​ឡាន​មក​ចាក់​ដី»។

បើតាម​ក្រុម​អតិថិជន ក្នុង​កិច្ច​សន្យា​ចែង​ថា រយៈ​ពេល​១៨​ខែ សង់​ផ្ទះ​រួច​រាល់ ហើយ​បើ​​ក្រុម​​ហ៊ុន​​លើ​​​សពេល​​សាង​​សង់​​ត្រូវ​​សង​​១០០​​ដុល្លារ​​ក្នុង​​មួយ​​ខែ តែ​ភាគី​ក្រុម​ហ៊ុន​មិន​គោរព​​នោះ​​ទេ ទោះ​​លើស​​ពេល​សាង​​សង់ដែលមានអតិថិជនខ្លះ​លើស​ពេល៤ឆ្នាំ​​ទៅ​ហើយ​ក្តី។

ជាមួយគ្នានេះ គណនីហ្វេសប៊ុក​ឈ្មោះ Srey Touch Vlog ដែល​អះ​អាង​ថា​ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​បាន​អំពាវ​នាវ​ឱ្យ​មេដឹក​នាំ​ជួយ​រក​យុត្តិ​ធម៌​ ក្រោយ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ព្រម​សង់​ផ្ទះ​តាម​កិច្ច​សន្យា។

កញ្ញាថា៖ «នាងខ្ញុំសូមគោរពសម្តេចទាំងទ្វេ ពី​ចម្ងាយ ដោយ​ហេតុ​តែ​កូន​ចៅ គឺ​ជា​អតិថិជន​រង​គ្រោះ​ម្នាក់​នៅ​ក្នុង​ចំណោម​ជា​ច្រើន​នាក់​ទៀត នៅក្នុ​ង​បុរី​ឡេង​ណាវ៉ាត្រា​៦អា។ ថ្ងៃ​នេះ​កូន​ចៅ​ដាច់​ចិត្ត​សូម​មេត្តា​សម្តេច​ទាំង​ទ្វេ ជួយ​​​ដោះ​ស្រាយ​ក៏​ដូច​ជា​រក​យុត្តិ​ធម៌​ឲ្យ​កូន​ចៅ​ផងដោយ​សារ​តែ​កូន​ចៅ​មិន​អាច​បន្ត​រង់​ចាំ​នូវ​ការ​សន្យា​ខ្យល់​របស់​អ្នក​ឧកញ៉ា​ម្ដង​ហើយ​ម្ដង​ទៀត​បានទេ។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​១០ ​ឆ្នាំ២​០២​៥​នេះ ដោយ​ការ​ឈឺចាប់​ពេក​បាន​ចូល​រួម​ធ្វើ​កូដ​កម្ម​នៅ​លើ​ផ្លូវ​៦អា ដើម្បី​ឱ្យ​ខាង​បុរី​ចេញ​មុខ​ដោះ​ស្រាយ ប៉ុន្តែ​ខាង​បុរី​ពុំ​អើ​ពើ​ ក៏​ដូច​ជា​ចេញ​មក​ដោះ​ស្រាយ​ចំពោះ​​បញ្ហា​ហ្នឹង​ ជាមួយ​អតិថិជន​ដែល​បាន​ស្នើ​សុំ​នោះ​ទេ ហើយ​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ភាព​ឈឺចាប់​របស់​អតិថិជ​ន​ទាំ​ង​​អស់​ រួម​ទាំង​ខ្ញុំ​ម្នាក់ ក្នុង​នាម​គឺ​ជាអ​តិថិជន​រ​ងគ្រោះ​ម្នាក់​ដែរ»។

ក្រុមអតិថិជនទិញបុរីឧកញ៉ា ឡេង ណាវ៉ាត្រា បា​ន​ផ្ទុះ​ការ​តវ៉ា​យ៉ាង​តិច​២ដង​ ក្នុង​ខែ​តុលានេះ​ នៅ​មុខ​បុរី​ឡេង ណា​វ៉ាត្រា គម្រោង​៦A ដោយ​​លើក​ទី១ តវ៉ា​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា និង​លើក​ទី​២​ ​នៅ​ថ្ងៃទី​២​៦ ខែ​​តុលា ដែល​​ឈាន​ដល់​​ការ​បិទ​​​កំណាត់​ផ្លូវ​​6A​ផង​ដែរ។

ប្រភពថា៖ «ឡេង ណាវ៉ាត្រា មិន​គោរព​កិច្ច​សន្យា បំពាន​​ទំនុក​​ចិត្ត ពួក​​​ខ្ញុំ​​ជា​ជន​​រង​​គ្រោះ អយុត្តិ​ធម៌​​ណាស់ ជួយ​​ពួក​​ខ្ញុំ​ផង សង​​លុយ​ពួក​ខ្ញុំ​វិញ​មក»

ជុំវិញរឿងនេះ VOD មិនអាចទាក់ទង លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ​ដើម្បីសុំ​ការ​ឆ្លើយតបរឿងនេះបាន​ទេ គិត​ត្រឹម​ម៉ោងផ្សាយនេះ។

យ៉ាងណា ក្រោយការ​​តវ៉ា ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារ​លើបណ្តាញ​សង្គម​ជា​បន្តបន្ទាប់ ថា បុរី ឡេង ណាវ៉ាត្រា ឈរលើកគោលការណ៍ដោះស្រាយ​ មិនឲ្យអតិថិជនខាតបង់ អត្ថ​​ប្រយោជន៍​ឡើយ ហើយថា បច្ចុប្បន្នក្រុមការងារលោកកំពុងទាក់ទងអតិថិជន ​ដើម្បីដោះស្រាយ​បញ្ចប់ជាបន្តបន្ទាប់។

ជុំវិញរឿងនេះ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន កត់សម្គាល់​ថា ការតវ៉ារបស់ពលរដ្ឋក្នុងជម្លោះ​ទិញ​អចលន​​ទ្រព្យ ជារឿងដដែលៗ ហើយ​រដ្ឋាភិបាលវិញ​ហាក់គ្មានការអន្តរាគមន៍​ច្បាស់លាស់នោះទេ។

លោក​សង្កត់ធ្ងន់ថា បើនៅមិនទទួលបានយុត្តិធម៌ ជនរងគ្រោះមិនស្ងប់ចិត្តទេ ហើយនៅតែបន្តតវ៉ាថែមទៀត ដែល​ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះឧកញ៉ាផ្សេងទៀត ហើយពលរដ្ឋនឹងលែងទុក​ចិត្តវិស័យអចនលទ្រព្យនៅកម្ពុជាផងដែរ បើរដ្ឋាភិបាលគ្មានដោះស្រាយបន្ទាន់នោះទេ។

លោកថា៖ «ជាគំនិតរបស់ខ្ញុំទេថា! អ្នកដែលជាឧកញ៉ាហ្នឹង! គិតថា​ប្រហែល​ជា​មិន​មាន​លទ្ធ​ភាព​ដោះ​ស្រាយ​ទេ! បាន​ចេះ​តែ​ពន្យារ​​ហើយ​មិន​មាន​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ។ ជាទូ​ទៅ​មនុស្ស​កាល​ណាបា​ត់​បង់​លទ្ធភាព​ដោះ​ស្រាយ​ហើយ គឺ​បាត់​បង់​ហើយ​មិន​មាន​ចម្លើយ​តប​ទេ មាន​តែ​រាជ​រដ្ឋាភិបាល​លោក​អន្តរាគមន៍​ទេ​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹងទទួល​បាន​ការ​សុខ​ចិត្ត​នោះ។ ម្លោះហើ​យ​គួរ​តែ​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​មាន​វិធាន​ការ​មាន​អី​ជួយ​ទៅដ​ល់​អ្នក​ដែល​រ​ង​គ្រោះ​ហ្នឹង»។  

ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែ​រ​នៅ​ប្រទេស​អូស្រ្តាលី លោក ស៊ឹង សែន​ករុណា យល់​ថា ឧកញ៉ាភាគច្រើន​នៅ​កម្ពុជា​ព្យាយាម​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​មេដឹ​កនាំ ដើម្បី​បង្ហាញ​ឥទ្ធិ​ពល​​របស់​ខ្លួន ធ្វើ​ឱ្យ​អាជ្ញាធរ​ពុំ​ហ៊ាន​ប្រើ​ប្រាស់​វិធាន​ការ​ច្បាប់​ ទោះ​ពួក​គេ​រ​ក​ស៊ី​ខុសច្បាប់​ក្តី។

លោក​សង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសមានអំពើពុករលួយខ្ពស់ បក្សពួក​និយម ធ្វើ​ឱ្យ​ប្រព័ន្ធ​ច្បាប់​មិន​អាច​រក​យុត្តិ​ធម៌​ឱ្យ​ជន​រង​គ្រោះ​បាន​ទេ បើ​ពួក​គេ​មិន​ងើប​តវ៉ា​ដោយ​ខ្លួន​ឯង។

លោកថា៖ «ទាមទារតវ៉ាហ្នឹង គឺជាផ្នែកមួយដែលធ្វើឲ្យអ្នកសម្រេច​ចិត្ត​ហ្នឹង អាច​មាន​សម្ពាធ​ដោយ​មិន​អាច​ឈរ​ទ្រាំ​អត់​ធ្មត់​ មើល​អំពី​ការ​ប្រព្រឹត្ត​អំពើ​អយុត្តិធ​ម៌​ទៅ​លើ​ប្រជាព​លរដ្ឋ​អី​ទាំង​អស់​ហ្នឹង។ បើសិ​ន​ជាស្ង​ប់​ស្ងៀម​ទៅ​វិញ​ទេ ដែល​មិន​មាន​ដំណោះ​ស្រាយ! ចឹង​ពលរដ្ឋ​ធម្មតា​ការ​ប៉ះពា​ល់​នូវ​ផល​ប្រយោជន៍​របស់​ខ្លួន ទាល់​តែ​ខិត​ខំ​ក្នុង​ការ​ទាម​ទារ​តវ៉ា គ្រប់​រូប​ភាព​គ្រប់​មធ្យោ​បាយ​ ជំរុញ​ទៅ​ដល់​អ្នក​ដែល​មាន​អំណាច​សម្រេច​ចិត្ត​ ក្នុង​ការ​ផ្តល់​យុត្តិ​ធម៌»។

ក្រៅពីករណី​ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយ​នោះ នៅ​​មានក្រុម​ជន​រងគ្រោះ​ដោយ​សា​រ​​គម្រោង​​អចលន​​ទ្រព្យ​​ផ្សេង​​ទៀត ដូច​​ជា ចាញ់​បោក​អតីត​​ឧកញ៉ា ហ៊ី គឹម​ហុង ឡេង ចាន់​ណា ជា សារ៉ន ឧកញ៉ា និងក្រុមហ៊ុនភូមិខ្មែរ​​គ្រុប​​​នៅ​ខេ​​​ត្ត​​ស្វាយ​​រៀង ជាដើម នៅ​តែមិ​ន​ទាន់​ទទួល​បាន​សំណង​​វិញ​ទេ ខណៈ​ក្រុម​ឈ្មួញ​ទាំង​នោះ តែង​តែ​បង្ហាញ​ខ្លួន​ស្និទ្ធិនឹ​ង​មេដឹក​នាំ​ជ្រក​ក្រោម​ស្លាក​​ជា​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច។

អង្គការគម្រោងយុត្តិធម៌ពិភពលោក បានចេញផ្សាយរបាយការណ៍ស្ដីពីនីតិរដ្ឋ កាលពីថ្ងៃទី២៤ ខែ​តុលា ឆ្នាំ​២០២៤ ដាក់ឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ​រៀងទី១៤១ ជាចំណាត់ថ្នាក់ទាប​ជិតបាតតារាងដូចឆ្នាំកន្លងទៅដែរ ក្នុងចំណោមប្រទេសទាំង១៤២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ