អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និយាយថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានយកជម្លោះព្រំដែនកម្ពុជា-ថៃ ធ្វើជាឱកាសយាយីជាប្រព័ន្ធលើអ្នករិះគន់រដ្ឋាភិបាល ដោយប្រើក្រមព្រហ្មទណ្ឌមាត្រា៤៩៤ និង៤៩៥ ចោទប្រកាន់តាមចិត្ត ផ្ទុយទៅនឹងគោលការណ៍សិទ្ធិមនុស្ស ។
យោងតាមការចុះផ្សាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW កាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និយាយថា រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួន និងចោទប្រកាន់មនុស្សយ៉ាងតិច ១៦នាក់ តាមអំពើចិត្ត តាមរយៈការបញ្ចេញមតិលើបណ្ដាញសង្គម អំពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២៥ ។
Human Rights Watch បន្តថា អ្នកទាំងនោះ ភាគច្រើនត្រូវអាជ្ញាធរចោទប្រកាន់ពីបទញុះញង់ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ។ យ៉ាងហោចណាស់ មនុស្ស ៣នាក់ ប្រឈមមុខនឹងការចោទប្រកាន់ពីបទក្បត់ជាតិ ហើយអាចទទួលទោសពី ៥ ទៅ១៥ឆ្នាំ។
លើសពីនេះ សេចក្តីថ្លែងការណ៍នេះ បានដកស្រង់សម្តី អ្នកស្រី Bryony Lau នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ីថា “អាជ្ញាធរកម្ពុជាកំពុងប្រើប្រាស់ជម្លោះព្រំដែនថៃនាពេលថ្មីៗនេះ ជាលេសដើម្បីបំភិតបំភ័យមនុស្សដែលបញ្ចេញទស្សនៈរបស់ពួកគេ ដោយសេរីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងដើម្បីយាយីអ្នករិះគន់រដ្ឋាភិបាល។ ការឃុំខ្លួនដោយខុសឆ្គង និងការប្រើខុសលើបទញុះញង់ និងការចោទប្រកាន់ក្បត់ជាតិ បង្ហាញពីការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាចំពោះសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន»។
សម្រាប់ អ្នកស្រី Bryony Lau បន្តថា “ប្រជាជនកម្ពុជាទាំងអស់ មានសិទ្ធិបញ្ចេញមតិទាំងតាមអ៊ីនធឺណិត និងក្រៅបណ្តាញ ហើយមិនគួរត្រូវបានឃុំខ្លួន និងចោទប្រកាន់ដោយគ្រាន់តែបញ្ចេញមតិរិះគន់នោះទេ”។
ប្រភពដដែលបន្តថា៖«រដ្ឋាភិបាលបរទេសដែលមានការព្រួយបារម្ភ ជំរុញឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់គ្មានមូលដ្ឋានទាំងនេះ ហើយដោះលែងបុគ្គលដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់»។
ការលើកឡើងរបស់ Human Rights Watch នេះ ប្រហាក់ប្រហែលគ្នាទៅនឹងការចេញផ្សាយរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី៣១ខែតុលាដែរ ដែលអង្គការនោះថា រយៈពេល៣ខែនៃជម្លោះព្រំដែនកម្ពុជា-ថៃ មនុស្សយ៉ាងតិច១៦នាក់ ត្រូវបានចាប់ខ្លួន ដោយសារតែពួកគេនិយាយរឿងជម្លោះព្រំដែន ដែលថៃឈ្លានពានកម្ពុជា។
យ៉ាងណា ជុំវិញការរកឃើញនេះ វីអូឌី មិនទាន់អាចស្វែងរកការឆ្លើយតបជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងលោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទេ គិតត្រឹមថ្ងៃសុក្រនេះ។
ជាមួយគ្នានេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្ទ ថ្លែងប្រាប់vod នៅថ្ងៃទី០៧ ខែវិច្ឆិកានេះថា លោកយល់ស្របទៅនឹងការរកឃើញរបស់ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ HRW ព្រោះជាការពិតដែលឆ្លុះបញ្ចាំងពីការដឹកនាំរបស់រដ្ឋាភិបាលតជំនាន់ត្រកូលហ៊ុន ដែលតែងតែធ្វើទុក្ខបុកម្នេញលើអ្នកដែលរិះគន់ខ្លួន ។
លោក ម៉ែន សុថាវរិន្ទ បាននិយាយបែបព្រមានទៅកាន់រដ្ឋាភិបាលត្រកូលហ៊ុនថា បើមិនប្រញាប់ស្ដារសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ នោះមិនយូរទេ ពលរដ្ឋអាចនឹងចុះតាមដងផ្លូវមិនខាន ព្រោះមិនអាចទ្រាំទ្រនូវការដឹកនាំរដ្ឋាភិបាលបែបបច្ចុប្បន្នបាន។
លោកថា៖ «គាត់ដើរតាមគន្លងពុកគាត់ មិនអាចកែហើយមិនយូរទេ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គឺយ៉ាប់ជាងឪពុកទៅទៀត ហើយឧក្រិដ្ឋកម្មពេញហ្នឹងទាំងអស់ អត់មានជួយដោះស្រាយទេ គិតតែធ្វើបាបពលរដ្ឋខ្លួនឯង ដែលគាត់ទាមទារបញ្ហារឿងដីធ្លី ដូចជាសារព័ត៌មានឯករាជ្យទាំងអស់ក៏បំបិទសិទ្ធិគេ មានន័យថា គាត់ផ្ដាច់ការមែនទែន រឿងសេដ្ឋកិច្ចយ៉ាប់ខ្លាំង នៅកម្ពុជាហើយរឿងឧក្រិដ្ឋកម្មអនឡាញទៀត គឺអន្តរជាតិពីមុនគេមិនសូវគិតគូរពីសិទ្ធិមនុស្សអីទេ តែលូវនេះមានផ្ទុះរឿងឧក្រិដ្ឋកម្មមកកម្ពុជា គេមើលឃើញគ្រប់គ្នាទូទាំងពិភពលោក មេដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាធ្វើឲ្យខូចឈ្មោះប្រទេសកម្ពុជា ដែលទទួលស្គាល់ លូវនេះតាំងពីមានឧក្រិដ្ឋមក គេចាប់ផ្ដើមដាក់ទណ្ឌកម្ម ហើយខ្ញុំជឿជាក់ថា អាចមានផ្ទុះថ្ងៃណាមួយជាមិនខាន ដូចនៅប្រទេសជិតខាងបង់ក្លាដេសជាដើម»។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ប្រចាំប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា ជាការពិត ការបន្តធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការចាប់ និងចោទប្រកាន់អ្នកដែលហ៊ាននិយាយការពិត ឬរិះគន់ពីសំណាក់រដ្ឋាភិបាលកម្ពុជានេះ បានកើតឡើងយូរមកហើយ ដែលសហគមន៍ជាតិ និងអន្តរជាតិ តែងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍សិទ្ធិមនុស្សដែលកម្ពុជាបានផ្ដល់សច្ចាប័ន លុបបំបាត់អំពើពុករលួយ និងឧក្រិដ្ឋកម្មឆបោកជាដើម។
លោកបន្តថា ប្រសិនបើរដ្ឋាភិបាលអាណត្តិ លោក ហ៊ុន ម៉ាណែត មិនធ្វើការបើកលំហសិទ្ធិមនុស្សនៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើងវិញទេ នោះនឹងធ្វើឱ្យកម្ពុជា ជាពិសេសពលរដ្ឋកាន់តែជួបផលវិបាកផ្នែកសេដ្ឋកិច្ច និងរងនូវការដាក់សម្ពាធពីសហគមន៍អន្តរជាតិបន្តទៀត ។
លោកថា៖ «ផលប៉ះពាល់យើងឃើញហើយ គឺការដកចេញនូវប្រព័ន្ធអនុគ្រោះពន្ធដែលជាប្រព័ន្ធមួយផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងការអភិវឌ្ឍកសាងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មអីទាំងអស់ហ្នឹង អ៊ីចឹងវាខាតផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ឬក៏កម្មករកសិករអីហ្នឹងឯង យើងឃើញជាក់ស្ដែង ជារឿងអត់ការងារ ខ្វះដី ទីផ្សារទៅលើកសិផលស្រូវ ទាំងអស់នេះគឺដោយសារតែជះឥទ្ធិពលទៅលើការទំនាក់ទំនងទីផ្សារ ឬក៏ការមិនគោរពតាមលក្ខខណ្ឌដែលខាងបណ្ដាប្រទេសលោកសេរី សហភាពអឺរ៉ុប ឬក៏សហរដ្ឋអាមេរិក ដែលគេទទូចចង់បានហ្នឹងហើយ ចឹងកម្ពុជាយើងក្លាយជាប្រទេសមួយដែលត្រូវបានគេកាត់បន្ថយ ក្នុងការទំនាក់ទំនងធ្វើពាណិជ្ជកម្ម ឬសេដ្ឋកិច្ចផ្សេងៗ ដោយសារការរំលោភសិទ្ធិមនុស្សនាពេលកន្លងមកនិងបច្ចុប្បន្ន»។
ប្រហាក់ប្រហែលគ្នានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ន កាន់តែមានការធ្លាក់ចុះ ដែលហាក់ផ្ទុយពីអ្វីដែលកម្ពុជាបានផ្ដល់សច្ចាប័នជាមួយអង្គការសហប្រជាជាតិ ក៏ដូចជាមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។
លោកបន្តថា កាលណាសេរីភាពបញ្ចេញមតិនៅបន្តធ្លាក់ចុះ នោះនឹងប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ អាចជាបញ្ហារាំងស្ទះដល់ការស្ថាបនាក្នុងការអភិវឌ្ឍប្រទេសផងដែរ។
លោកថា៖ «ប្រសិនជាសេរីភាពនៅក្នុងការបញ្ចេញមតិ ត្រូវបានរឹតត្បិត អាហ្នឹងវាប៉ះពាល់ដល់ដំណើរការនៅក្នុងសង្គមប្រជាធិបតេយ្យ ដែលជាការមួយប៉ះពាល់ទៅដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ការធ្លាក់ចុះនៃសិទ្ធិមនុស្សជាដើម ដូចកម្ពុជាយើងពីមុនមក គឺមានបញ្ហាចម្រូងចម្រាសច្រើន ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងអន្តរជាតិ គេលើកឡើងថា ប្រទេសកម្ពុជាយើង គឺមានការធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយប្រទេសកម្ពុជាយើងជាប្រទេសដែលបានផ្ដល់ បានច្រើនទៅលើបទដ្ឋានអន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស ហើយក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញអ៊ីចឹងរដ្ឋជាភាគីត្រូវតែមានកាតព្វកិច្ច នៅក្នុងការមានការគោរពទៅលើបទដ្ឋានអន្តរជាតិ ស្ដីពីសិទ្ធិមនុស្សក៏ដូចជារដ្ឋធម្មនុញ្ញហ្នឹង ឲ្យបានពេញលេញ»។
បន្ថែមពីនេះ លោកជំរុញឱ្យរដ្ឋាភិបាលរក្សាគោលជំហរ ក្នុងការគោរពសិទ្ធិមនុស្ស ស្របតាមគោលការណ៍ស្ដីពីសិទ្ធិមនុស្ស រួមទាំងធានាឱ្យបាននូវការអនុវត្តសិទ្ធិពេញលេញរបស់ពលរដ្ឋ ក៏ដូចជាលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
បើតាម Human Rights Watch រដ្ឋាភិបាលកម្ពុជា កន្លងមក ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិរកឃើញថា មានការរឹតបន្តឹងការបញ្ចេញមតិដោយសេរី តាមរយៈការអនុវត្តខុសនៃបទចោទប្រកាន់ព្រហ្មទណ្ឌ ដោយរដ្ឋាភិបាលបានប្រើប្រាស់ការចោទប្រកាន់ញុះញង់ ដើម្បីគាបសង្កត់អ្នករិះគន់រដ្ឋាភិបាល។
នៅឆ្នាំ២០២១ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសម្តែងការព្រួយបារម្ភអំពីការប្រើប្រាស់មិនត្រឹមត្រូវនៃការចោទប្រកាន់ ពីបទញុះញង់លើសំឡេងជំទាស់ ដែលថានេះជាការអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន ជាមួយអង្គការសហប្រជាជាតិ ក្រោយ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១៕









