ម្ចាស់​សាលា​ជ័យ ថាវី អំពាវ​នាវ​រក​យុត្តិ​ធម៌​ពី​ថ្នាក់​ដឹក​នាំ​ក្រោយរ​ង​វិធាន​ការ​ចុះ​រុះ​រើ

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ នៅ​ព្រឹក​​​ថ្ងៃ​​សុក្រ​នេះ បាន​​ចាប់​​ផ្តើ​ម​​រុះរើ​​​សំណង់​​​សាលា​​ជ័យ​ថាវី ក្រោយ​​​ក្រសួ​ង​រៀប​ចំ​​ដែន​ដី ថា​សំណង់​​សាលា​នោះ បាន​សង់​​បិទ​​ផ្លូវ​​សាធារណៈ​​របស់​រដ្ឋ ធ្វើ​ឱ្យ​​ខូច​​សោភ័ណ​​ភាព​​ និង​​បាត់​បង់សណ្តាប់​​ធ្នាប់​សាធារណៈ ខណៈ​​ម្ចាស់​​សំណង់​​សាលា​​ជ័យ​ថាវី ថា​វិធាន​របស់​អាជ្ញាធរ​ធ្វើឡើង​មិនស្មើភាពគ្នា​ចំពោះមុខច្បាប់។

ក្នុងវីដេអូឡាយ(Live) ក្នុងទំព័រហ្វេសប៊ុក​របស់​សាលារៀន ជ័យ ថាវី-ទំព័រ​​ផ្លូវ​ការ ​នៅថ្ងៃទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​បង្ហាញពីសកម្មភាពនៃការ​រុះ​រើ​របងធ្វើ​ពីដែក​ ដែល​សង់​នៅលើ​ផ្លូវ​លេខ​​​១៤៩ មុខក្លោង​ទ្វារ​​​ចូល​​​សាលា​​រៀ​ន​​ជ័យ​​ថាវី ក្នុង​​សង្កាត់​​វាល​វង់ ខណ្ឌ​​៧មករា ដែល​របង​​​នោះ​ត្រូវ​​បានស្ត្រី​ម្នាក់​អះ​អាង​​​​​​ថា​​ជារ​បស់​​​សាលា​​រៀន​​មួ​យនេះ។

ស្រ្តីម្ចាស់​ផេកហ្វេសប៊ុក​សាលា​រៀន ជ័យ​ ថាវី រូបនោះ​ បាននិយាយថា៖ «ពេល​នេះ​​គេចុះ​អនុវត្ត​ច្បាប់​​តែចំពោះ​សាលា​ជ័យ​​ថាវី​មួយ​​​​គត់​​ តែ​តាម​​ធម្មតា​ ផ្លូវ​​១៤៩​នេះទៅ​​​ធ្លុះ​ដល់​​១៣៤ ប៉ុន្តែ​គេអ​ត់​អនុវ​ត្ត​​ច្បាប់​ចំពោះ​​ប្រជា​ជន​​ទូទៅ​​ទេ គេ​អនុវ​ត្ត​​​​តែ​ចំពោះ​ខ្ញុំ​ តើគេ​មាន​បំណង​អីដែរ សូមៗៗ​ថ្នាក់​លើ​ឯកឧត្តម​ជួយ​រកយុត្តិ​ធម៌​​ឱ្យ​ខ្ញុំ​ផង ជួយ​​ខ្ញុំ​ផងៗៗ តើ​ខ្ញុំ​ខុស​អី​?ៗ ខ្ញុំរស់នៅទីនេះតាំង​ពីឆ្នាំ​​​១៩៩២​ ប៉ុន្តែ​គេ​មក​អនុវត្ត​ច្បាប់​​ចំពោះខ្ញុំ គ្មាន​ដំណោះស្រាយគ្មាន​អីទាំង​អស់​ ខ្ញុំ​មិន​ដែល​រារាំង​​​នឹង​ការ​អភិវឌ្ឍ​របស់​​រដ្ឋាភិបាល​ទេ ប៉ុន្តែ​​ការ​អភិវឌ្ឍ​​​​​ត្រូវ​តែ​ស្មើភាពគ្នា​ចំពោះមុខ​ច្បាប់​​​​ ស្មើគ្នា​ទាំង​អស់ទាំង​ប្រជាជន​ទូទៅ ហេតុអីក៏ធ្វើ​ចំពោះ​ខ្ញុំ ផ្លូវ​១៤៩នេះ​ត្រូវ​ធ្លុះដល់​ផ្លូវ​១៣៩ បើកទាំង​អស់គ្នា មិន​ត្រូវ​តែ​អនុវត្តច្បាប់​តែ​ចំពោះសាលា​មួយ​ទេ​ ធ្វើ​ដើម្បីបុគ្គលណាៗ?»។

វីអូឌី មិន​អាចសុំការ​អត្ថាធិប្បាយ​បន្ថែមជុំវិញករណីនេះ ពី ម្ចាស់​សំណង់សាលាជ័យថាវី បាន​ទេ នៅថ្ងៃសុក្រនេះ។​

អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត អះអាងថា ក្រសួង​មិន​បាន​ដឹង​រឿង​​នេះ​​ទេ ដោយ​​ជំរុញ​ឱ្យ​​ទាក់​ទង​​អាជ្ញាធរ​ក្រុង​វិញ ដែល​វីអូឌី​មិន​អាច​ទាក់​ទង​បាន។

លោកថា៖«ថ្នាក់ក្រោម​គេធ្វើមិនមែន​ក្រសួង​ទេ។ កិច្ច​ការ​ហ្នឹង​ខ្ញុំអ​ត់​ក្តាប់​បាន​ដែរ បាទ ខ្ញុំ​អត់​ច្បាស់​ដែរ​ ខាង​ហ្នឹង​សួរ​ទៅ​រាជ​ធានី​ភ្នំពេញ ឬ​ខាង​ខណ្ឌ​បាន​គេ​ដឹង ខាង​នេះ​ខ្ញុំអ​ត់​ដឹង​ដែរ ឃើញ​តែ​គេ​បង្ហោះ​វី​ដេអូ​ដែរ»

យ៉ាង​ណា កាលពីថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​​សំណង់ លោក សាយ សំអាល់ បានលើកឡើង​ក្នុងទំព័រ​ហ្វេសប៊ុក​របស់​លោកថា ការ​សម្រេច​ឱ្យ​ម្ចាស់​សំណង់​សាលា​ជ័យ​ថាវី ធ្វើ​ការ​រុះ​រើ​សំណង់​របស់​ខ្លួន ដោយសារ​​ក្រសួង​បាន​​​ចុះ​ទៅ​កាន់​ទីតាំង​សំណង់​ជាក់​ស្តែង រកឃើញ​​ថា សំ​ណង់​នេះ បាន​​​សាង​សង់​ពី​ដែក​សម្រាប់​ប្រើ​ប្រាស់​​ជា​រោង​សម្រាប់​ចំណត​កង់​-ម៉ូតូ របស់​បុគ្គលិក និង​សិស្ស​ ដែល​មក​​បង្រៀន ឬ​រៀន​នៅ​សាលា​ជ័យ​ថាវី ហើយ​​​សំណង់​នេះ បាន​សាង​សង់​បិទ​ផ្លូវ​លេខ​១៤៩ ដែល​ជា​​ផ្លូវ​សាធារណៈ បង្ក​ឱ្យ​មាន​ភាព​អាណាធិ​ប​តេយ្យ និង​បាត់​បង់​សណ្តាប់​ធ្នាប់ ដោយ​ការ​ដាក់​កង់ ម៉ូតូ​ពាស​​ពេញ​​ផ្លូវ​ ព្រម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់លំ​ហូរ​ចរាចរណ៍​ក្នុង​តំបន់ ព្រម​ទាំង​សុវត្ថិ​ភាព និង​ការ​សង្រ្គោះ​នានា​​នៅ​​ពេល​​មាន​អគ្គិភ័យ​​កើត​ឡើង​ជាយថា​ហេតុ។

ការ​លើកឡើង​របស់​រដ្ឋមន្ត្រីរូបនេះ ក៏មានភ្ជាប់ជាមួយនូវ​លិខិត​របស់​ក្រសួង ចុះ​ថ្ងៃទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដាក់ទៅ​រដ្ឋបាល​រាជ​ធានីភ្នំពេញ ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​រាជធានីភ្នំពេញ ចុះ​រុះរើ​សំណង់​របស់​ម្ចាស់​សាលា​​ជ័យ​​ថាវី ដែល​បាន​សាង​សង់​សំណង់​អំពី​ដែក​បិទ​ផ្លូវ​សាធារណៈរបស់រដ្ឋ ដែលមានទីតាំង​លើ​ផ្លូវ​លេខ​​១៤៩ សង្កាត់​វាល​វង់​ ខណ្ឌ​៧មករានេះ​ផងដែរ។​

លោក​ សាយ សំអាល់ បាន​លើកឡើង​ក្នុងសំណេរ​ដើម​បន្ថែម​ថា៖​ «សូម​​​ម្ចាស់​សំណង់ និង​បង​ប្អូន​​ប្រជា​ពលរដ្ឋ​យល់​អំពី​បញ្ហា​នេះ និង​ចូល​រួម​ជាមួយ​សង្គម​ជាតិ ដើម្បី​រៀប​ចំ​ស្រុក​យើង​ឱ្យ​បាន​​​ស្អាត មាន​​សោភ័ណ​​ភាព សុវត្ថិ​ភាព សណ្តាប់​ធ្នាប់ និង​ប្រកប​ដោយ​សេច​ក្តី​ថ្លៃ​ថ្នូរ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ