ថៃបង្កើន​ការ​ឈ្លាន​ពាន​ដី​ខ្មែរ​ចំ​ពេល​មេដឹក​នាំ​ខ្មែរ​ឱប​កិច្ច​ព្រម​ព្រៀង​សន្តិភាព

ក្រុមអ្នកតាម​ដាន​បញ្ហា​ព្រំដែន និយាយ​ថា យោធា​ថៃ​កំពុង​សម្រុក​ធ្វើ​ផ្លូវ​យ៉ាង​សកម្ម​រំលោភ​យក​ដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​នៅ​ខេត្ត​ពោធិ៍​សាត់ និង​ខេត្ត​ប៉ៃលិន តាម​ផែន​ទី​ខ្នាត​១​លើ​៥០​ពាន់​ដែល​ថៃ​គូស​ដោយ​ខ្លួន​ឯង ដើម្បី​លេប​ទឹ​កដី​​ខ្មែរ ខណៈ​មេ​ដឹក​នាំ​ខ្មែរ​មិន​ប្តឹង​ករណី​នេះ​ទៅតុ​លាការ ICJ ដោយ​សំអាង​លើ​សេច​ក្តី​ថ្លែង​ការ​ណ៍​រួម ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៃ​បទ​ឈប់​បាញ់។

តំណាង​រាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បានប្រាប់​VOD​ថា ចាប់តាំ​ង​ពី​ថ្ងៃ​ទី៤-៥ ខែ​វិច្ឆិកា ថៃ​បាន​សម្រុក​ធ្វើ​ផ្លូវ​តាម​ព្រំដែន​រំលោភ​យក​ដី​ខ្មែរ​ត្រង់​ចំណុច​អក្សរ U នៅ​ខេត្ត​ប៉ៃលិន តាម​ផែន​ទី​ខ្នាត​១​លើ​៥០​ពាន់។

មិនត្រឹម​តែ​ប៉ុណ្ណោះ លោក​ថា ថៃ​បាន​នឹង​កំពុង​សម្រុក​ធ្វើ​ផ្លូវ​ទៅ​កាន់​ផ្ទះ​៣ខ្នង​របស់​កម្ពុជា ដោយ​រំលោភ​ចូល​ដី​ខ្មែរ​នៅ​អូរ​ភ្លុក​ដំរី ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ ដែល​នៅ​ជាប់​នឹង​ខេត្ត​ត្រាត ប្រទេស​ថៃ។

លោក​សង្កេត​ឃើញ​ថា មួយ​រយៈ​នេះ ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ថ្មី ថៃ​មិន​បាន​គោរព​នោះ​ទេ​ ដោយ​ថៃ​បន្ត​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ និង​ហ៊ាន​គំរា​មប្រើ​​កង​កម្លាំង​ទាម​ទារ​ប្រាសាទ​តាក្របី​របស់​ខ្មែរ​ទៀត។

លោក​ថា៖ «បើសិនជាមេដឹកនាំខ្មែរ​យើង នៅ​តែ​អត់​ធ្មត់​មិន​ប្រើ​សិទ្ធិ​ការ​ពារ​ខ្លួន​នោះ​ទេ ប្រាកដ​ជា​ថៃ​ហ្នឹង​យក​ទឹ​ក​ដី​ខ្មែរ​យើង​បន្ថែ​មទៀ​ត ដូច​ជា​ប្រាសាទ​តាក្រ​បី​ ប្រាសាទ​ខ្នា និង​តំបន់​ផ្សេងៗ​ទៀត ដែ​ល​ថៃ​ចង់​បាន ជាពិសេស​ថៃ​នឹង​យក​ទឹក​ដី​ខ្មែរ​តាម​ផែន​ទី​ខ្នាត​១​លើ​៥០​ពាន់ ដែល​ជា​ផែន​ទី​ថៃ​គូស​ដោយ​ឯកតោ​ភាគី អាហ្នឹង​សំខាន់​គឺ​មេដឹក​នាំ​ខ្មែរ​ត្រូវ​តែ​ធ្វើម៉េ​ច​មាន​ជំហរ​ច្បាស់​លាស់ ការ​ពារ​ទឹក​ដី​កុំ​ឲ្យ​មាន​ការ​ឈ្លាន​ពាន​​​ពី​ថៃ អាហ្នឹង​ទើប​យើង​អាច​ការ​ពារ​ទឹក​ដី​យើង​បាន»។

លើសពីនេះ លោក សំអាន ក៏បានបញ្ជាក់លើហ្វេសប៊ុក​ថា នៅថ្ងៃទី៥ ខែ​វិច្ឆិកា​នេះ ថៃ​កំពុង​សម្រុក​ឈូស​ឆាយ​ធ្វើ​ផ្លូវ​តាម​ព្រំ​ដែន រំលោភ​យក​ដី​ខ្មែរ​នៅខេត្ត​ប៉ៃលិន​ត្រង់​ចំណុច​អក្សរ U ដែល​ជា​ទឹក​ដី​របស់​ខ្មែរ។

លោក​បន្ត​ថា ទាហានថៃបានដេញទាហានខ្មែរចេញពីចំណុច​អក្សរ U ហើយ​បាន​លើក​ទង់​ជាតិ​ថៃ​ដ៏​ធំ​នៅ​ទី​នោះ ដែល​​ជា​ទង្វើ​បំពាន​ទឹក​ដី​របស់​ខ្មែរ ដោ​យ​គ្មាន​ការ​រារាំង​ និង​ទប់​ស្កាត់​ពី​អាជ្ញាធរ​កម្ពុជា​សោះ។

សម្រាប់ លោក សំអាន ការសំអាងបែបនេះ ព្រោះគ្រឿងផ្ទុះចា​ស់ៗ ឬ​គ្រាន់​មីន​ទាំង​នោះ បន្សល់​ទុក​តាំង​ពី​សម័យ​សង្រ្គាម​ស៊ីវិល​កម្ពុជា​នា​ទសវត្សរ៍ទី​៨០ ដោយ​ទឹក​ដី​ថៃ​គ្មាន​គ្រឿង​ផ្ទុះ​ចាស់ៗ​ទាំង​នេះ​នោះទេ។

លោកប​ញ្ជាក់ថា ថៃមិនធ្លាប់មានសង្រ្គាមស៊ីវិលនៅជាយដែនទេ ហេតុនេះ​កន្លែង​ដែល​ថៃ​កំពុង​ឈូស​ឆាយ​ផ្លូវ ប្រទះ​ឃើញ​គ្រឿង​ផ្ទុះ​ចាស់ៗ​នោះ គឺ​ជា​ទឹក​ដី​កម្ពុជា សល់​ពី​សម័យ​សង្រ្គាម​ស៊ីវិល​របស់​កម្ពុជា។

បន្ថែម​ពី​នេះ លោក អ៊ុំ សំអាន និយាយថា នៅថ្ងៃជាដូចគ្នានោះ ថៃ​កំពុង​សម្រុក​ធ្វើ​ផ្លូវ​ទៅ​កាន់​ផ្ទះ​៣ខ្នង​របស់​កម្ពុជា ដោយ​រំលោភ​ចូល​ដី​ខ្មែរ នៅ​អូរ​ភ្លុក​ដំរី ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់។

លោក​អះអាងថា កន្លែងដែលថៃកំពុងឈូសឆាយផ្លូវ ប្រទះឃើញ​គ្រឿង​ផ្ទុះ​ចាស់ៗ​នោះ ជា​ទឹក​ដី​ខ្មែរ​ ព្រោះដី​ខ្មែ​រ​ពី​មុន​​នៅ​ហួស​អូរ​ភ្លុក​ដំរី​ជាង​១គីឡូ​ម៉ែត្រ ដោយ​ទាហាន​ខ្មែរ​ក្រហម​ឈរ​ជើង​នៅ​ទី​នោះ។

លោក​បន្ត​ថា ផ្ទះ៣ខ្នងរបស់កម្ពុជា ត្រូវ​បាន​ទាហាន​ខ្មែរ​វាយ​កម្ទេច​ចោល​ទាំង​យប់ តាម​សំណើរ​បស់​យោធា​ថៃ​កាល​ពី​ខែ​មុន ហើយ​ទាហាន​ថៃ​ក៏​បាន​ធ្វើ​សកម្មភាព​រាយ​បន្លា​លួស​នៅ​តំបន់​ក្បែរ​អូរ​ភ្លុក​ដំរី។

លោកបញ្ជាក់ថា ផ្ទះ៣ខ្នងដែលវាយកម្ទេចចោល ​គឺមានផ្ទះមួយខ្នងជាផ្ទះរបស់លោក ធៀប ទូច ជាអតីត​យោធាខ្មែ​រ​នៅ​អូរ​ភ្លុក​ដំរី។ ទាហានខ្មែរនៅអូរភ្លុកដំរី ​បានប្រាប់ថា ដីខ្មែរកាលពីមុននៅហួសអូរភ្លុកដំរីជាង១គីឡូម៉ែត្រ ហើយទាហានថៃបានរំកិលជាង១គីឡូម៉ែត្រ ចូលមកដល់អូរភ្លុកដំរី នៅឆ្នាំ១៩៩៩ ក្រោយ១ឆ្នាំ ដែលខ្មែរក្រហមធ្វើ​សមាហរណ​​កម្ម​​ឆ្នាំ​១៩៩៨។

លោកបន្តទៀតថា ប៉ុន្តែសព្វថ្ងៃនេះ រដ្ឋាភិបាលខ្មែរទាមទារយក​ត្រឹមតែមាត់អូរភ្លុក​ដំរី​ប៉ុណ្ណោះ គឺ​បោះ​បង់​ចោល​ដី​ខ្មែរ​​ជាង ១គីឡូ​ម៉ែត្រ។

សព្វថ្ងៃនេះ បន្ទាប់ពីទាហានខ្មែរ​បាន​វាយកម្ទេចផ្ទះយោធាខ្មែរ​ចំនួន​៣ខ្នង តាម​សំណើរ​បស់​ថៃ ថៃកំ​ពុង​ទាម​ទារ​គ្រប់​គ្រង​ទីតាំង​ផ្ទះ​៣ខ្នង​នោះ និង​ទាម​ទារ​យក​បន្ទាយ​ទាហាន​ខ្មែរ​ដែល​ហួស​មក​ខាង​កើត​អូរ​ភ្លុក​ដំរី​ជាង​៥០០​ម៉ែត្រ​ថែម​ទៀត។

លោកបន្តថា តំបន់អូរភ្លុកដំរីជាតំបន់១​ក្នុង​ចំណោម​១៧​តំបន់​ពី​ខេត្ត​ពោធិ៍​សាត់​ដល់​ខេត្ត​កោះ​កុង ដែល​ថៃអះ​អាង​ថា ជា​ទឹក​ដី​របស់​ថៃ ហើយ​ថៃ​ទាម​ទារ​ឱ្យក​ម្ពុជា​រុះ​រើ​ផ្ទះ​ និង​លេណ​ដ្ឋាន​នៅ​១៧​តំប​ន់​នោះ។

ជុំវិញបញ្ហានេះ VOD មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា​ អ្នក​ស្រី ម៉ាលី សុជាតា បាន​នៅ​ឡើយ​ទេ​ ខ​ណៈ​ដាក់​សំណួរ​តាម​ប្រព័ន្ធ​តេឡេ​ក្រាម ក៏​អ្នក​ស្រីមិ​ន​ឆ្លើយ​តប។

ចំណែក អភិបាល​ខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ ក៏មិនទាន់អាចសុំការ​ពន្យល់​បន្ថែម ជុំវិញ​ករណី​ថៃ​ ឈូស​ឆាយ​ធ្វើ​ផ្លូវ​រំលោភ​យក​ដី​ខ្មែ​រនៅ​ខេត្ត​ប៉ៃលិន​នេះ ​បា​ននៅ​ឡើ​យ​ដែរ​ គិត​​ត្រឹ​មម៉ោ​ង​ផ្សាយ​នេះ។

យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងក្នុងសន្និសីទកាសែតកា​ល​ពីថ្ងៃ​​ទី៦​ ខែ​វិច្ឆិកា​នេះ​ បញ្ជាក់​ថា ថៃ​មិន​បាន​គោរព​សេចក្តី​ថ្លែង​ការ​ណ៍​រួ​ម​ នៅ​ទីក្រុង​កូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេ​ស៊ីទេ។

លោកបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ថ្នាក់​ដឹក​នាំ​ថៃ និង​ក្រុម​យោធា បាន​ចេញ​ធ្វើ​អត្ថា​ធិប្បាយ​ជា​បន្ត​បន្ទាប់ ដែល​មិន​ស្រប​តាម​ស្មារតី និង​ខ្លឹម​សារ​នៃ​សេច​ក្តី​ថ្លែង​ការ​ណ៍​រួម​ទីក្រុង​គូឡា​ឡាំពួ។

មិនតែប៉ុណ្ណោះ លោកថា ថៃបានបង្កើតឱ្យមានលក្ខខណ្ឌថ្មីៗបន្ថែម​ទៀត ដូច​ជា​ករណី​​ប្រាសាទ​តា​ក្របី​ជាដើម ដោយ​​ថៃ​បាន​ព្រមាន​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា ដើម្បី​ដណ្តើម​យក​ប្រាសាទ​បុរាណ​ខ្មែរ។

លោកថា៖ «រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​កម្ពុជា បាន​សង្កេត​ឃើញ​ថា មន្ត្រី​ថ្នាក់​ដឹក​នាំ​ថៃ​ ទាំង​រដ្ឋាភិ​បាល​ស៊ីវិល និង​យោធា​ បាន​ចេញ​មុខ​ធ្វើ​អត្ថា​ធិប្បាយ​ជា​បន្ត​បន្ទាប់ ដែល​មិន​ស្រប​តាម​ស្មារតី និង​ខ្លឹម​សារ​នៃ​សេច​ក្ដី​ថ្លែង​ការណ៍​រួម ទីក្រុង​គូឡា​ឡាំពួ ជាក់​ស្តែង មន្ត្រី​ថៃ​ទាំង​នោះ​បាន​អត្ថា​ធិប្បាយ​ដោយ​យក​ចំណុច​ដែល​បាន​ព្រម​ព្រៀង​គ្នា នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការ​ណ៍​រួម មក​ធ្វើ​ជា​លក្ខ​ខណ្ឌ​ដូច​ក្នុង​ការ​ដោះ​លែង​យោធិ​ន​កម្ពុជា​១៨​រូប ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​ថៃ នឹង​បង្កើត​ឲ្យ​មាន​លក្ខ​ខណ្ឌ​ថ្មីៗ​បន្ថែ​មទៀ​ត ដូច​ជា​ ករណី​ប្រាសាទ​តាក្រ​បី​ជាដើម ដោយ​បាន​ព្រមាន​ពីកា​រ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ដណ្តើម​យក»។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​ លោក ម៉ែន ណាត បញ្ជាក់​ថា ថៃ​មិន​បោះ​បង់​ការ​ឈ្លាន​ពាន​ទេ បើ​មេដឹក​នាំ​ខ្មែ​រមិ​ន​ពន្លឿន​បញ្ជូន​សំណុំ​រឿ​ងព្រំដែន​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ICJ។

លោកថា សកម្មភាពគឃ្លើនបន្តឈូសឆាយរំលោភ​យក​ដី​ខ្មែរ​ ពី​សំណាក់​ក្រុម​យោធា​​ថៃ​នេះ ដោយ​ពួក​គេសំ​អាង​លើ​ផែន​ទី​ចោរ​ខ្នាត​១លើ​៥០​ពាន់ ខណៈ​មេដឹក​នាំ​គ្រួសារ​ហ៊ុន​ កំពុង​សង្ងំ​ដេក​ឱប​បទ​ឈប់​បាញ់ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ថ្មី។

លោកថា៖ «បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាខ្សោយ គឺ​ខ្សោយ​អត់​ប្រើ​ប្រាស់​សមត្ថ​ភាព​របស់​ខ្លួន ស្រប​តាម​ស្មារតី​នៃ​ច្បាប់​អន្តរ​ជាតិ ក្នុង​ការ​ការ​ពារ​ខ្លួន ខ្សោយ​ទី១ ខ្សោយ​ទី២​មិន​ប្រើ​ប្រាស់​សិទ្ធិ​ដែល​ធ្លាប់​បាន​ជូនដំណឹង​ទៅ​តុលាការ​យុត្តិ​ធម៌​អន្ដរ​ជាតិ ថា​ប្ដឹង​ថៃ​ពី​រឿង​បញ្ហា​ជម្លោះ​ហ្នឹង មក​ដល់​ពេល​នេះ មិន​ដឹ​ង​ថា ពាក្យ​បណ្តឹង​នៅ​ឯណា! គឺ​ឱ្យ​ថៃ​នឹង​ប្រមាថ ខ្សោយ​ទី​៣​គឺ​បណ្ដោយ​ឲ្យ​ថៃ​ និង​មើល​ស្រាល​កម្ពុជា​ទាំង​មើល​ស្រាល​រដ្ឋាភិ​បាល​ទាំង​មើល​ស្រាល​ប្រជា​ពលរ​ដ្ឋ​ខ្មែរ ហើយ​ថៃ​អះ​អាង​ជា​ឯកតោ​ភាគី​យក​លេស​នេះ​យក​លេ​ស​នោះ បំពាន​កម្ពុជា​តាម​ទំនើង​ចិត្ត កុំ​បណ្ដោយ​ឲ្យ​ថៃ​ធ្វើ​អំពើ​ផ្ដេស​ផ្ដាស​អ៊ីចឹង​ត​ទៅ ត្រូវ​តែ​​រក​មធ្យោបា​យ​ទប់​ស្កាត់​ថៃ​នឹង​ឱ្យ​បាន»។

គួរបញ្ជាក់ថា ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាននៅថ្ងៃទី២៨ ខែ​កក្កដា ភាគី​​ថៃ​មិន​​​បាន​​​គោរព​​បទ​​ឈប់​​បាញ់​​ទេ ថៃ​បាន​ចល័ត​ទ័ព​ចូល​​ម​ក​​រាយ​​បន្លា​​លួស​​យក​​ដី​​​ខ្មែរ​​​ជា​​បន្ត​បន្ទាប់ ដូច​​ជា នៅ​ប្រាសាទ​តាមាន់ធំ ស្ថិត​ក្នុង​ខេត្ត​​ឧត្តរ​មាន​ជ័យ តំបន់​អាន​​សេះ ក្នុង​ខេត្ត​ព្រះ​វិហារ ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​​ជ័យ ក្នុង​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​​មាន​ជ័យ និង​គំរាម​ច្បាម​​​យក​​​១៧​ទីតាំង​ទៀត នៅ​ខេត្ត​​ពោធិ៍​សាត់ និង​ខេត្ត​កោះ​កុង តាម​​ផែន​ទី​ដែល​ថៃ​គូដោយ​ឯកតោ​​ភាគី ដែល​មេ​ដឹក​នាំ​កម្ពុជា​លោក ហ៊ុន សែន ហៅ​ថា ជា​ផែន​ទី​ចោរ។

លើសពីនេះ កាល​​​ពី​​ថ្ងៃ​​ទី២៦​ ​​ខែ​តុលា ឆ្នាំ​​២០២៥ កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងក្នុង​សេចក្តីថ្លែងការណ៍​រួម ស្តីពីសន្តិភាព​ថ្មីមួយទៀត ​​ធ្វើ​ឡើ​​​ង​​នៅ​​​​ម៉ាឡេ​​ស៊ី ក្រោយ​យន្ត​ការ​អាស៊ាន និង​មហា​អំណាច​សហរដ្ឋ​​អាមេរិក ដែល​ក្នុង​នោះ​មាន​ការ​ចុះ​ហត្ថ​លេខា ពី​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​នាយករដ្ឋ​មន្ត្រី​ថៃ និង​ប្រធាន​អាស៊ាន​ប្តូរ​វេន លោក អ៊ានវ៉ា អ៊ីប្រា​​ហ៊ីម និង​ប្រធានាធិបតី​ ត្រាំ ធ្វើ​ជា​សាក្សី ប៉ុន្តែថៃនៅតែមិនគោរព ដោយបន្តឈ្លានពានដីខ្មែរ និងគំរាមប្រើកម្លាំងដើម្បីបណ្តើមយកប្រាសាទតាក្របីរបស់ខ្មែរទៀត។​

ជុំវិញរឿងនេះ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យលោក វ៉ន ចាន់ឡូត បានប្រតិកម្មលើ​ហ្វេស​ប៊ុក​លោក​កាល​ពី​ថ្ងៃ​ទី​៥ ខែ​​វិច្ឆិកា ដោយ​និយាយ​ថា កិច្ច​ព្រម​ព្រៀង​សន្ដិភាព​កូឡា​ឡាំ​ពួ ក្លាយ​ជា​លេស​សម​ស្រប​សម្រាប់​លោក ហ៊ុន ម៉ាណែត ចុះ​ញ៉ម​ចំពោះ​ការ​ឈ្លាន​ពាន និង​បណ្ដោយ​ឱ្យ​បាត់​បង់​អធិប​តេយ្យ​ជាតិ។

លោកប​ន្តថា ភាគីថៃមិនគោរពអ្វីបន្ដិចសោះ រួម​ទាំ​ងភាព​ស្មោះ​ត្រង់​នៃកា​រ​ដក​អាវុធ សកម្ម​ភាព​រំលោភ​បំពាន​រៀង​រាល់​ថ្ងៃ និង​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​១៨​រូប។ AOT ដែល​ប្រែ​ក្លាយ​ពី IOT គ្រាន់​តែ​ជាយ​ន្ដ​ការ​សង្កត់​ករ​កម្ពុជា​ឱ្យ​ថៃ​បំពាន​តាម​ចិត្ត។

លោកនិយាយថា៖ «ក្រុមនេះ​បំប​ង់បា​យ​ចុះ​ទៅ​តែ​ថត​រូប តែ​មិន​ដែល​ឃើញ​លទ្ធ​ផល​អ្វី​ឱ្យ​មាន​ប្រសិទ្ធ​ភាព»។

ចំណែក លោក​​បណ្ឌិត ឡៅ ម៉ុងហៃ បាន​និយាយលើហ្វេសប៊ុក​ថា «ព្រំដែន​ដែល​កំណត់​ដោយ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ១​៩០៤​និង​១៩០៧ អត់​អាច​ជា​កម្ម​វត្ថុ​នៃ​ការ​ចរចា​ណាមួយ​បាន​ទេ»។

បន្ថែមពីនេះ អ្នកវិភាគ​នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​​​ចង្អុល​​​​​​បង្ហាញ​​ពី​​មូល​​​ដ្ឋាន​​​ច្បាប់​​រឹង​​​មាំ​​របស់​​កម្ពុជា ដែល​ប្រទេស​​ជិត​ខាង​មិន​អាច​រំលោភ​បំពា​ន​​បាន។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានបង្ហោះសារ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា កម្ពុជា​អាច​ប្រើ​ប្រា​ស់​យន្ត​ការដោះ​ស្រាយ ការ​រំលោភ​យក​កោះ​គុត​ពី​ភាគី​ថៃ ដោយ​ប្រើ​ប្រាស់​មាត្រា​៥ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀងនេះ បញ្ជាក់​ថា បើ​មាន​ការ​ការ​គំរាម​កំហែង​រំលោភ​លើអធិប​តេយ្យ​ភាព​កម្ពុជា បណ្តា​ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​ពិគ្រោះ​ជា​បន្ទាន់ ​ដើម្បី​អនុ​ម័ត​រាល់​វិធាន​​ការ​សមស្រប ដើម្បី​​ដោះ​ស្រាយ​​រា​ល់​កា​រ​​រំលោភ​​ទាំង​​នេះ​​តាម​មធ្យោបាយ​សន្តិ​វិធី។

វិធានការដោះស្រាយ រួមមាន រាយកា​រណ៍​ទៅ​ក្រុមប្រឹក្សា​សន្តិសុ​ខ​អង្គការ​សហ​ប្រជាជាតិ ឬ​ប្រើ​​ប្រាស់​​មធ្យោ​បាយ​ដំណោះ​​ស្រាយ​​នូវ​ទំនាស់​ដោយ​សន្តិ​វិធី​ យោង​តាម​មាត្រា​៣៣ នៃ​ធម្មនុញ្ញ​​អង្គការ​សហប្រជាជាតិ ហើយ​ភាគី​ពាក់​ព័ន្ធ​ក៏​អាច​សុំកា​រ​ឧបត្ថម្ភ​ពី​សហ​ប្រធាន​នៃ​​​សន្និសីទ​ប៉ារីស​ស្តី​ពី​កម្ពុជា រួម​មានប្រទេស​​​​បារាំង និង​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ។

បើតាមលោក​បណ្ឌិត ឡៅ ម៉ុងហៃ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុ​ង​ប៉ារីស​ បញ្ជាក់​យ៉ាង​ច្បាស់​ថា ម្ចាស់​ហត្ថ​លេខី​ទាំង​១៨​ប្រទេស ដែល​ជា​សាក្សីនៃ​​កិច្ច​ព្រម​ព្រៀង​នេះ រួម​ទាំង​ប្រទេស​ថៃ និងវៀតណាម ត្រូវ​ទទួល​ស្គាល់ និងគោរ​ពគ្រប់​បែប​យ៉ាង​ទាំង​អស់ ដល់​អធិប​តេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃដែន​ដី អព្យា​ក្រឹត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា។

មាត្រា៥២​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែ​ងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ