ថៃនឹងបន្ត​លេបដីខ្មែរ​បើ​​មិន​ប្រញាប់​ប្តឹងតុ​លាការ​(ICJ)​ដើម្បីទ​ប់ស្កា​ត់​ការ​ឈ្លាន​ពាន​

អ្នក​ឃ្លាំមើល ​លើកឡើង​ថា កម្ពុជា​មិន​​ត្រឹ​ម​​តែ​បាត់​​បង់​ទឹក​ដី​​ដែល​​ថៃ ​បា​ន​​ប្រើ​ប​ន្លា​លួស​​វាទ​​យក​នាពេ​ល​ថ្មីៗ​​នេះ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​អាច​​បាត់​បង់​ទឹកដី​ និង​ប្រាសាទ​​បន្ថែម​ទៀត​ ​​បើ​​​រដ្ឋាភិបាល​​គ្រួសារ​​​ហ៊ុន នៅ​​តែបន្ត​អត់​ធ្មត់​​មិន​​ចាត់​​វិធាន​ការ​​ទប់​​ស្កាត់​​ការ​​ឈ្លាន​​ពាន​​របស់​ថៃ​ ​មិន​​ព្រម​​ប្តឹងសំ​ណុំរឿ​ង​ព្រំដែន​នេះ ​ទៅ​តុលាការ​​អន្តរ​ជាតិ​(ICJ) ដើម្បី​បង្ហាញ​ឆន្ទៈ ក្នុង​បុព្វ​ហេតុ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ទេ​នោះ​។

ការ​​លើក​​ឡើង​​​នេះ ​គឺ​បន្ទាប់​​ពីរ​ដ្ឋាភិ​បាល​គ្រួសារ​​ហ៊ុន ​កាល​ពីថ្ងៃ​ទី​​៥​​ខែ​​វិច្ឆិកា​ បាន​​ចេញ​​សេចក្តី​ថ្លែង​​ការ​ណ៍​មួយ​​ថា ខណៈ​កម្ពុជា​បាន​និងកំពុង​គោរព​និង​អនុវត្ត​យ៉ាងម៉ឺង​ម៉ាត់ ​នូវរាល់​ចំណុច​ដែល​បាន​ព្រម​ព្រៀង​គ្នា​ ដោយ​​ចាប់​ផ្តើម​ពីការ​កែ​សម្រួល​អាវុធ ​និង​យុធោ​បករណ៍​ធុន​ធ្ងន់​មួយ​​ផ្នែក​​ចេញពី​​តំបន់​​ព្រំដែន​ និង​​បន្តធ្វើ​ជា​​បន្ត​បន្ទាប់ ​ក្រោម​ការសង្កេតការណ៍​ពី​ក្រុម​​អ្នក​សង្កេត​ការ​ណ៍​អាស៊ាន​​(AOT) មន្ត្រី​ថ្នាក់​​ដឹកនាំ​​ថៃ​​បាន​ចេញ​​មក​​ធ្វើ​អត្ថា​ធិប្បាយ​ជាបន្ត​​បន្ទាប់ ​ដែ​ល​មិនស្រប​​តាម​​ស្មារតី​​និង​​ខ្លឹម​​សារនៃ​​សេចក្តី​ថ្លែង​​ការ​ណ៍​​រួម​​ទីក្រុង​​កូឡា​ឡំ​ពួ ​កាល​ពី​​ថ្ងៃ​​ទី​២៦ខែ​តុលា​នោះ​​ឡើយ។

លោក ​ប៉ែន បូណា ​អ្នក​​​នាំពា​ក្យ​​រដ្ឋាភិបាល ​លើ​​កឡើង​​ថា ប៉ុន្មាន​ថ្ងៃមក​នេះ ​មន្ត្រី​រដ្ឋាភិបាល​ស៊ីវិល​​ថៃ ​និង​​មន្ត្រី​​យោធា​ថៃ​​​​បាន​ធ្វើ​អត្ថាធិប្បាយ​​ដោយ​​យក​​ចំណុច ​ដែល​​បាន​​ព្រម​ព្រៀង​​គ្នា​​នៅ​​ក្នុង​​សេច​​​ក្តីថ្លែ​ងកា​រណ៍​​រួម​មក​​ធ្វើ​​​ជា​លក្ខខណ្ឌ​ក្នុងការ​ដោះ​លែងយោធិន​កម្ពុជា​១៨​រូប ​ដែល​​កំពុង​ស្ថិត​ក្រោមការ​ឃុំ​គ្រង​របស់​ថៃ​​ និង​បង្កើត​ឱ្យមាន​លក្ខខណ្ឌ​ថ្មីៗ​បន្ថែមទៀត ដូច​ជា​ករណី​ប្រាសាទ​តាក្របី​​ជាដើម ដោយ​បាន​ព្រមាន​ពីការ​ប្រើប្រាស់​​កម្លាំងយោធា ដើម្បី​ដណ្តើម​​​កាន់​កាប់​ដែល​ធ្វើឱ្យ​ស្ថានការណ៍ «កាន់​តែ​តាន​តឹងឡើង ​និង​ធ្វើ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​អំពីការ​បាត់​បង់​ទំនុក​ចិត្ត​គ្នា​ ទៅលើ​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ដូច​មាន​ចែង​ក្នុង​សេច​ក្តីថ្លែងការណ៍​​រួម​»។

លោកថា៖ «អត្ថាធិប្បាយ​ទាំង​អស់នេះ ​ផ្ទុយ​នឹងខ្លឹមសារចំណុច​៤ ដែល​ចែងថា ភាគីទាំង​ពី​របាន​ឯកភាព​គ្នា​​ចៀស​វាង​ការចែកចាយ ​ឬផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​​ ការ​ចោទប្រកាន់​ការអះអាង​ដោយ​គ្មាន​​ភស្តុតាងនិង​​វោហាសាស្ត្រ ដែល​បង្កគ្រោះថ្នាក់ទាំង​បណ្តាញ​ផ្សព្វផ្សាយ​​ផ្លូវការ​ណ៍​របស់​រាជ​រដ្ឋាភិបាល ឬវេទិកាក្រៅ​ផ្លូវការ​ណ៍ ​ដើម្បី​បន្ថយ​ភាព​តានតឹង ​កាត់​បន្ថយ​សតិអា​រម្ម​រណ៍​អវិជ្ជ​មាន​​របស់​សាធារណជន និង​លើក​កម្ពស់​​​បរិយាកាសអំណោយផល​ដល់​ការ​សន្ទនា​ដោយ​សន្តិវិធី»

ភាគីថៃ​មិន​គោរព​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែងការណ៍​រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពនោះ​ នៅ​ត្រង់​ថា រហូត​មក​ទល់​​នឹងថ្ងៃទី៥ ​ខែ​វិច្ឆិកា ​ឆ្នាំ២០២៥​នេះ​ មាន​រយៈ​ពេល​១០​ថ្ងៃ ហើយ​ដែល​ភាគីថៃ​មិន​ទាន់​បាន​​ដោះ​លែង​យោធិន​​កម្ពុជា​១៨រូប​ ទៅ​តាម​ស្មារតី​នៃសេចក្តី​ថ្លែងការណ៍​​រួម ដែល​រំពឹង​ថា ភាគីថៃ​នឹង​ត្រូវដោះលែង​ភ្លាម​ៗ​​​ស្រប​​តាម​​ស្មារតីនៃ​ការ​អនុវត្ត​តាមកាតព្វកិច្ច​​នៃច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​។

ប៉ុន្តែ​យ៉ាងណាក្តី​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ លោក ​ហ៊ុន សែន​ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​លោក​កាល​​ពីថ្ងៃ​ទី​៤​ខែ​​វិច្ឆិកា​​​ថា តាំង​ពី​ក្រោយ​សេច​ក្តី​ថ្លែង​ការណ៍​សន្កិភា​ព​រវាង​កម្ពុជា-ថៃ ត្រូវ​​បាន​ចុះ​ហត្ថ​លេខា​​លោក​​ពិនិត្យ​ឃើញ​ថា មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​​តាំង​ពីកា​រ​​ប្រជុំ JBC. RBC រហូត​ដល់​ការ​ដក​អាវុធ​ធុន​ធ្ងន់​ជំហាន​ដំបូង​ចេញ​ពី​តំបន់​ជម្លោះ ដោយ​មាន​​កា​រ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​របស់ AOT ។ នេះ​ជាដំណើរ​ឆ្ពោះទៅ​រក​ការ​បញ្ចប់ ឬ​​បន្ថ​យ​អរិយ​​ភាព​រវាង​ប្រទេស​ទាំង​ពីរ ដែល​យើង​ត្រូវ​ចូល​រួម​អបអរ​សាទរ។

ក្នុង​សេចក្តី​ថ្លែងការ​ណ៍​រួមទីក្រុងកូឡាឡំពួ ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​​ដោយ​​លោក​​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត​ និង​​​សម​ភាគី​ថៃ ​លោក ​អានុទីន ​និង​ក៏មាន​ការ​ចុះ​ហត្ថ​លេខា​​ធ្វើ​ជាសាក្សី​​ដោយ ​​លោក ​ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក ​អាន់វ៉ា អ៊ីប្រា​ហ៊ីម​ នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធាន​ប្តូរវេន​អាស៊ាន កាល​ពីថ្ងៃទី២៦​​ខែ​តុលា គឺបាន​ចែង​កំណត់​ឱ្យភាគី​កម្ពុជា ថៃ ​ដក​អាវុធធុន​ធ្ងន់​ពីព្រំដែន ដោះ​​មីន​​នៅ​តំបន់​​ដែល​​មាន​វិវាទ​​នៅ​តាម​ព្រំដែន ​និង​ដោះ​លែង​កងទ័ពកម្ពុជា​១៨​នាក់​​ដោយ​មិន​រង់ចាំជាដើម។

ប៉ុន្តែ​ លោកឧត្តមសេនីយ៍ទោ វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បាន​បញ្ជាក់​កាល​ពី​ថ្ងៃទី​៦ខែ​​វិច្ឆិកា​​ថា ​ការ​បញ្ជូន​​ទាហាន​​កម្ពុជា​​ចំនួន​១៨​​នាក់​ទៅ​​កម្ពុជា​​វិញ ​ដែ​ល​​គ្រោង​​ធ្វើ​នៅ​ថ្ងៃទី​​១២​​ខែ​វិច្ឆិកា ​នៅតែស្ថិតក្នុង​ដំណាក់កាល​​ពិចារណានិងរៀប​ចំ ​ដោយ​ថា ពេលវេលា​ដែល​​អាច​​​ធ្វើ​ទៅ​បាន​សម្រាប់ការដោះលែង ​ត្រូវតែធ្វើ​ឡើង​​បន្ទាប់ពីការដកអាវុធ​ធុនធ្ងន់​ក្នុង​ដំណាក់កាលទី១ និងការមិនរារាំងដល់ប្រតិបត្តិការ​ដោះ​មីនដែលកំពុង​ដំណើរការ។

ជាមួយគ្នា​នេះ​ ឧត្តមសេនីយ៍ ណាត់​​ថាផុន ណាក់ផានិត រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ បានថ្លែងយ៉ាងម៉ឺងម៉ាត់និង​​​ត្រង់ៗ​កាលពីថ្ងៃ​ទី​៥ខែ​​វិច្ឆិកា​​ថា ​​កម្ពុជា​ត្រូវ​តែប្រគល់​ប្រាសាទ​តា​ក្របី​ឱ្យថៃ ជាមួយ​នឹងការ​ព្រមានថា​ បើ​ថៃ​មិន​បាន​ប្រាសាទ​តាក្រ​បី​វិញ​ទេ នឹង​មិន​ពិភាក្សា​បញ្ហា​ផ្សេងទៀត រួម​ទាំង​មិន​បើក​ច្រកទ្វារ​ព្រំ​ដែន​ឡើយ​​។ នេះ​បើ​​តាម​សារ​ព័ត៌មាន​ ​Khaosod របស់ថៃ។

ជាការពិត ​ថៃ​មិន​បាន​គោរព​ទៅ​តាម​សេចក្តី​ថ្លែងការ​ណ៍​រួម​ទីក្រុង​កូឡាឡំ​ពួនោះ​ទេ​ ដោយ​​ភាគីថៃ​នៅ​តែបន្ត​ឈូស​​ឆាយ​​ដីស្រែដីចម្ការ​ និង​ផ្ទះ​ពល​រដ្ឋ​ខ្មែរ​ នៅ​ភូមិ​ព្រៃចាន់​ ភូមិ​ជោគ​ជ័យ ​និង​នៅ​តាម​តំបន់​មួយ​​ចំនួន​ទៀត​​ដដែល។ បន្ថែមពី​នេះ ​កាលពីថ្ងៃទី៥​ខែ​វិច្ឆិកា ​ទាហាន​ថៃបានចូលមក​កៀក​ប្រាសា​ទ​​ខ្នារប្រហែល​៣០០​ម៉ែត្រ ​​ដោយ​​បាន​រាយ​បន្លា​លួស ​និងជីក​លេណដ្ឋានដាក់​លូធំៗ​។​

ប្រាសាទខ្នារ ស្ថិតនៅលើជួរ​ភ្នំដងរែក នៅ​ប្រមាណ២០គីឡូ​ម៉ែត្រ​ ​ខាង​ជើង​ទីរួមខេត្ត​ឧត្តរ​មាន​ជ័យ និងមាន​ចម្ងាយ​៩​គីឡូម៉ែត្រ​ខាង​កើតប្រាសាទ​តាក្របី។ នេះ​បើ​តាម​​លោក ​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​។

ជាមួយ​គ្នា​នេះ ​នៅថ្ងៃទី៥ខែវិច្ឆិកា ថៃបាន​និង​កំពុង​សម្រុកធ្វើផ្លូវចូលមកក្នុង​ដីខ្មែរ​ ​នៅអូរ​ភ្លុក​ដំរី ឃុំថ្មដា ខេត្ត​ពោធិ៍​សាត់។ បន្ទាប់ពី​ទាហាន​ខ្មែរ​បានវាយកម្ទេចផ្ទះយោធាខ្មែរ​ចំនួន​៣ខ្នង ​នៅ​អូរភ្លុកដំរី​ តាម​សំណើ​របស់​​​​ថៃកាលពីពេល​ថ្មីៗនេះ ថៃកំពុងទាមទារគ្រប់គ្រងទីតាំង​ផ្ទះ​៣​ខ្នងនោះ និង​ទាម​​ទារ​យកបន្ទាយ​ទាហាន​​ខ្មែរ​ដែល​ហួស​មក​ខាង​កើត​​អូរភ្លុក​ដំរី​ជាង ៥០០​ម៉ែត្រថែមទៀត។

អូរភ្លុកដំរីជា​តំបន់១​ក្នុង​ចំណោម១៧​តំបន់​ ពីខេត្តពោធិ៍សាត់​ដល់ខេត្ត​កោះ​កុង ដែលថៃ​អះអាងថា ជាទឹក​ដីរបស់​ថៃ​ ហើយថៃទាមទារឱ្យ​កម្ពុជា​រុះ​រើផ្ទះ​​​ និង​លេណ​​ដ្ឋា​ន​​ទ័ព​ចេញ​ពី​​​​តំបន់​នោះ។

តំណាងរាស្ត្រគណបក្សប្រឆាំង លោក ​អ៊ុំ សំអាន​ ប្រាប់​វីអូឌីនៅថ្ងៃទី​៧​ខែ​​វិច្ឆិកា​នេះ​​ថា​ កា​រអ​ត់​ធ្មត់​របស់​មេដឹក​នាំ​ខ្មែរ និង​ការ​ឈរសូត្រ​គោរព​បទឈប់​បាញ់​តែម្នាក់ឯង និង​ការយល់​ព្រម​ដោះមីន និងការ​ដកអាវុធ​ធុន​​ធ្ងន់​​ពីព្រំ​ដែន​ទៅតាម​ភាគីថៃ​ ​​នឹងធ្វើឱ្យ​ខ្មែរ​បាត់​ប្រាសាទ​ខ្នារ ​ប្រា​សាទ​​តាក្របី ​និ​ង​​តំបន់​​អូរ​ភ្លុក​​ដំរី ​​នៅខេត្ត​ពោធិ៍សាត់ ​នាពេល​អនាគត ​ខណៈថៃ​កំពុង​ទាមទារយកប្រាសាទនិង​​តំបន់​​ទាំង​នេះ​។

លោកថា៖ «ហើយយើង​​ឃើញ​ពេល​​ធ្វើ​ផ្លូវ​ហ្នឹង​ មាន​​ប្រទះ​​នូវ​គ្រាប់​​កាំភ្លើង ​​ឬ​ក៏គ្រឿ​ង​ផ្ទុះដែ​ល​​បន្សល់​​ទុក​ ​តាំងពី​​ទសវត្សរ៍​​ទី​​៨០ ​ដែល​​បញ្ជាក់​ថា ទឹកដីរបស់​យើង​ឃើញទេ? ថៃនៅ​តែបន្តឈូសឆាយ​ដី​សម្អាត​មីន​​នៅ​ភូមិជោគជ័យ​ ភូមិ​ព្រៃចាន់ ដើម្បីផ្តល់​ដីនឹង​ទៅ​ឱ្យពលរដ្ឋ​ថៃឃើញទេ? និង​ឈ្លានពាន​ប្រាសាទខ្នា​រនិង​តំបន់​ផ្សេងៗ​​ទៀត​។ ដូច្នេះបាន​ន័យ​ថា​ ថៃគេអត់គោរពនឹង​គេឈ្លានពាន​ទឹក​ដីយើង​​គេបាន​ដីយើង​ ហើយ​យើង​នឹង​គោរព​បទ​​ឈ​ប់​​បាញ់​​តែ​ម្នា​ក់​​ឯង ​អត់ទៅទប់​ស្កាត់​ថៃឈ្លាន​ពានទឹកដីយើង​ យើងបាត់​​​ទឹក​ដី​ ដូច្នេះ​​អ្នក​ដែល​​គោរព​បទ​ឈប់​​បាញ់ ​គឺ​កម្ពុជា​​ហ្នឹង​បានតែ​សន្តិ​ភាពក្លែងក្លាយ​ ដល់ថៃគេអត់​គោរពសេចក្តីថ្លែង​ការណ៍​រួម​នឹ​ងថៃ​បាន​ដីខ្មែរ ដូច្នេះមេដឹកនាំខ្មែរ​យើងនឹងអាចថា​ជាមនុស្ស​ដែលល្ងង់ខ្លៅ ចាញ់ប្រៀបថៃដឹងថាចាញ់ប្រៀបថៃ ហើយនៅ​តែ​គោរពបទឈប់បាញ់​តែម្នាក់​ឯង​»

លោក​ អ៊ុំ សំអាន​ បញ្ជាក់​ថា នៅពេល​ដែល​ថៃមិន​គោរព​បទឈប់​បាញ់ ​គឺ​ចាំបាច់ណាស់​កម្ពុជា​​ត្រូវ​តែយក​កង​កម្លាំង​​ទៅ​​ទប់​ស្កាត់​នូវរាល់​ការ​រំលោភ​បំពាន ​ដែល​ជាការ​ប្រើសិទ្ធិការ​ពារខ្លួន កុំ​​​ឱ្យ​ថៃ​​​នៅ​តែ​ដោះ​មីន​​យក​​ដី​ប្រជាពល​រដ្ឋ​​ខ្មែរ​យើង​​​ទៅ​​ឱ្យ​ជន​ជាតិ​​ថៃ ដូច​ជា​នៅ​​ភូមិ​​ជោគ​ជ័យ​ និងភូមិ​ព្រៃចាន់​។

លោកថា៖ «តំបន់​ផ្សេងៗទៀត​ដែល​ថៃធ្វើផ្លូវចូល​ ដូចជានៅ​អូរភ្លុកដំរី ខេត្តពោធិ៍សាត់ហ្នឹង ​យើង​​ត្រូវ​ទប់​ស្កាត់​​​ទៅ​​ យើង​ឃើញ​សកម្មភាពដទៃទៀត ដូច​នៅប្រាសាទខ្នារអីហ្នឹង ថៃបាន​រាយ​បន្លាលួស ​និ​ងសា​ង​សង់​លេណ​ដ្ឋាន​ហ្នឹង ​យើង​​ទប់​ស្កាត់​ទៅ​ នៅពេលដែលយើងអត់​ធ្មត់​គោរពបទឈប់​​បាញ់​ ​គោរព​សេច​ក្តី​ថ្លែង​ការណ៍​​រួម ​ហើយ​អត់មាន​ចំណាត់ការ​អ្វីទាំង​អស់ ​យើង​ធ្វើម៉េចទប់​ស្កាត់​មហិច្ឆតា​ថៃឈ្លានពាន​បាន? ​ហើយ​មួយ​​ទៀត ​យើង​​ប្រញាប់​ប្តឹង​​ទៅ​​​តុលាការ​​អន្តរ​ជាតិ​​ICJ ទើប​​យើង​​អាចដោះស្រាយបញ្ហា​នៃការ​រំលោភបំពាន​ហ្នឹង​បាន ​ប៉ុន្តែបើសិនយើង​មិន​ទៅ​ទប់​ស្កាត់​ហើយ ​មិន​ប្តឹងទៀត ​អ៊ីចឹងទឹកដីនឹងធ្វើម៉េចការពារបាន​ ប្រាកដ​ជាបាត់បង់​ទឹកដីនឹងទៅ​ភាគីថៃហើយ»

លោក ​ម៉ែន ណាត​ ប្រធានក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា ​ថ្លែងថា ថៃ​មិន​បាន​គោរពកិច្ចព្រម​ព្រៀង​​នោះឡើយ​គឺ​​​នៅ​តែគឃ្លើន​បន្តចូល​មក​ធ្វើ​​ការ​ឈូស​ឆាយដីខ្មែរ​នៅ​តាម​តំបន់​មួយ​ចំនួន​​។

លោក​លើកឡើង​ថា បើ​តាម​ផែនទីបារាំង​សៀម​ដែល​ លោក​ ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុករដ្ឋលេខាធិការដ្ឋានកិច្ច​ការព្រំដែន ធ្លាប់​បាន​ធ្វើ​បទបង្ហាញ​មួយ​កាលពីឆ្នាំ​២០១១​ថា តំបន់​ប្រាសាទ​តាមាន់​តូច​ ប្រាសាទ​តាមាន់​​ធំ ​និង​ប្រាសាទ​​តាក្របី ​​​គឺ​ស្ថិត​នៅក្នុង​ទឹក​ដីកម្ពុជា​ ហើយ​នៅក្នុង​ផែនទី ​​គឺព្រំដែន​កម្ពុជា​ថៃ​នៅ​ផុត​ប្រាសាទ​​តាមាន់​ពី​កន្លះ​គីឡូ​​ទៅ ១គីឡូ។ ប៉ុន្តែឥឡូវ​ថៃមក​ដណ្តើមកាន់កាប់​នៅ​ប្រាសាទ​តាមាន់​តូច ​និងប្រាសាទ​​​តាមាន់​ធំមួយ​​ចំ​ណែក​​ដដែ​ល​។

លោកថា៖ «តែបើសិន​ដោះ​ស្រាយ​តាម​អាដេហ្វាតូ​​ ​សព្វ​ថ្ងៃ​នេះ​ ​អ៊ី​ចឹងបាន​ន័យ​ថា ​ថៃឈរជើង​នៅប្រា​សាទ​តាមាន់​​ពី​មុន​​យ៉ាងម៉េច​គឺ​ឱ្យឈរជើង​អ៊ីចឹង​តទៅទៀត​។ អ៊ីចឹង​បញ្ហា​ជម្លោះ​ហ្នឹង ​​​គឺ​នៅ​​ថ្ងៃ​ណា​​មួយ​​នឹង​ផ្ទុះឡើង​​វិញ ដោះ​ស្រាយ​​វាមិន​ដាច់​ស្រាច់​វាផ្ទុះ​ឡើងវិញ​។ ហើយ​បើផ្ទុះ​ឡើង​វិញ ​​វានឹង​មាន​​​រឿង​ដែល​ថៃ​ឈ្លាន​ពាន​បន្ថែម​ទៀត​។ ម្ល៉ោះហើយ​​មាន​តែតុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ទេ ​ដែល​អាច​កំណត់​ជោគវាសនា​ប្រទេសទាំង​ពីរ​ដោយ​យុត្តិធម៌​បាន​។ ត្រូវប្តឹង​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​បញ្ចប់ ​កុំ​ឱ្យវាមាន​ការ​សង្ស័យ​ទៅ​វិញទៅមក»។​​

សម្រាប់ ​លោក វន ចាន់ឡូត អ្នក​សិក្សា​ផ្នែក​ច្បាប់ ​បាន​ហៅ​កិច្ចព្រមព្រៀង​សន្ដិភាពទីក្រុង​​​កូឡា​ឡំពួ​ថា​ ក្លាយជា​លេស​សម​​ស្រប​​សម្រាប់លោក ហ៊ុន ម៉ាណែត ចុះញ៉ម​ចំពោះការឈ្លានពាន និងការ​បណ្ដោយឱ្យ​បាត់​បង់​អធិប​តេយ្យ​ជាតិ។

​លោក ​ចាន់​ឡូត​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា មេដឹកនាំទាំងឡាយណា ដែលគ្មានឆន្ទៈការពារទឹកដីឱ្យ​គង់វង្ស មិនគួរទទួល​បាន​ការគោរព និងឱ្យតម្លៃនោះទេ និង​ថា បើ​មេដឹកនាំគ្មានសម្បជញ្ញៈ​​ទទួលខុសត្រូវ​​ចុះចេញពី​អំណាច ដោយ​សារ​តែគ្មាន​សមត្ថភាពការពារ​ទឹកដី​ ពលរដ្ឋជាម្ចាស់អំណាចពុំគួរបន្ដបោះ​ឆ្នោត​​គាំទ្រ ឬគួរក្លាហានទាមទារឱ្យមេដឹកនាំ​នោះ​ចុះ​ចេញពីអំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ