សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសលុបចោលបម្រាមលក់អាវុធឱ្យកម្ពុជា លើវិស័យការពារជាតិ បន្ទាប់ពីប្រធានាធិបតី ត្រាំ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសថៃ ដែលជាប្រទេសជិតខាងរបស់កម្ពុជា កាលពីសប្តាហ៍មុន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា កន្លងមកសហរដ្ឋអាមេរិក រួមទំាងអាណត្តិលោក ចូ បៃឌិន(Joe Biden) បានដាក់បម្រាមការនាំចេញអាវុធមក ប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ដោយលើកឡើងអំពីការកើនឡើងឥទ្ធិពលនៃយោធារបស់ប្រទេសចិន នៅទីនោះ ក៏ដូចជាសិទ្ធិមនុស្ស និងការចោទប្រកាន់ថា មានអំពើពុករលួយ។
យោងតាមសេចក្តីជូនដំណឹងមួយនៅក្នុងហ្វេដើរ៉ល រេងជិះស្ទើរ(Federal Register) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ(Marco Rubio) បានដកការរឹតបន្តឹងដោយផ្អែកលើ ‘‘ការខំប្រឹងយ៉ាងសិ្វតស្វាញស្វែងរកសន្តិភាព និងសន្តិសុខរបស់ប្រទេសកម្ពុជា រួមទាំងតាមរយៈការចូលរួមជាថ្មីជាមួយសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន’’។
វាមិនច្បាស់ទេថាតើកង្វល់របស់សហរដ្ឋអាមេរិក លើឥទ្ធិពលយោធារបស់ប្រទេសចិន ក្នុងប្រទេសកម្ពុជា ត្រូវបានដោះស្រាយដែរឬទេ។ មន្ត្រីអាមេរិកជាច្រើនឆ្នាំ បានលើកឡើងការព្រួយបារម្ភអំពីការពង្រីកមូលដ្ឋានទ័ពជើងទឹកនៅរាមរបស់ចិន ដែលឱ្យទីក្រុងប៉េកាំងមានមូលដ្ឋានមួយទៀត នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
ការប្តេជ្ញារបស់សហរដ្ឋអាមេរិក ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក ភីត ហេកសេត(Pete Hegseth)បាននិយាយបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា(Tea Seiha) នៅម៉ាឡេស៊ី កាលពីថ្ងៃសុក្រថា លោក‘‘បានយល់ព្រមចាប់ផ្តើមសមយុទ្ធយោធាទ្វេភាគីជាមួយកម្ពុជាឡើងវិញ’’។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងក្នុងអំឡុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលប្រសើរឡើង ជាមួយប្រទេសថៃ កាលពីដើមសប្តាហ៍នោះថា លោកបានតែងតាំងលោក ត្រាំ(Trump) សម្រាប់ពានរង្វាន់ណូបែលសន្តិភាពសម្រាប់តួនាទីរបស់លោក ក្នុងការបញ្ចប់ការប្រយុទ្ធគ្នានៅតាមព្រំដែនដែលបានផ្ទុះឡើងកាលពីខែកក្កដា។
អ្នកជំនាញអាស៊ីអាគ្នេយ៍ លោក ក្រេហ្គរី ផូលីង (Gregory Poling) នៅឯមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងអន្តរជាតិនៃទីក្រុងវ៉ាស៊ីនតោន បាននិយាយថា លោកជឿជាក់ថា ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក គឺជាសញ្ញាដ៏ធំ ខណៈដែលលោកសង្ស័យថាប្រទេសកម្ពុជាមានចំណាប់អារម្មណ៍ ឬសមត្ថភាព ដើម្បីទទួលបានឧបករណ៍ទំនើបៗរបស់សហរដ្ឋអាមេរិក។
លោកបានមានប្រសាសន៍ថា ការកើនឡើងនៃទំនាក់ទំនងបច្ចុប្បន្ន សមនឹង‘‘គំរូដែលធ្លាប់ឃើញនីមួយៗដែលរដ្ឋបាលអាមេរិក ព្យាយាមធ្វើការចាប់ផ្តើមទំនាក់ទំនងជាមួយក្រុងភ្នំពេញឡើងវិញ ដោយសន្មតថាមេដឹកនាំកម្ពុជាជឿថា ពួកគេបានផ្លាស់ប្តូរទិសដៅទៅរកក្រុងប៉េកាំងហួសហេតុពេក’’៕









