ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​កំពុង​ជំរុញ​លំហូរ​ពលរដ្ឋ​​​​ខ្មែរ​ទៅ​រក​សេវា​ព្យាបាល​នៅ​វៀត​ណាម

ចាប់​​តាំង​ពី​​មា​ន​​ការ​​ផ្ទុះ​សង្គ្រាម​​កាល​ពី​ខែ​កក្កដា ហើយ​​​ថៃ​​នៅ​​​តែប​ន្ត​​រំលោភ​​ឈ្លាន​​ពាន​យ៉ាង​​គឃ្លើន​​​ចូល​​មក​​ក្នុង​​ទឹក​​​ដី​​​កម្ពុជា​ឥត​ឈប់​​ឈរ​​រហូត​​មក​​ដល់​​ពេល​នេះ ​ទាំង​​ពល​រ​ដ្ឋ​​​ខ្មែរ​ និង​សមាជិកមេដឹកនាំ​គ្រួ​សារ​ហ៊ុន លែង​ចេញ​​ទៅ​ព្យាបាល​ជំងឺ​​នៅ​​ប្រទេស​ថៃ​ទៀត​​ហើយ ក៏​ប៉ុន្តែ​​​នៅ​​​តែ​បន្ត​​សម្រុក​​​ចេញ​ទៅ​​ព្យា​បាល​​ជំងឺ ​និង​​ពិនិត្យ​​សុខ​ភាព​​​​​នៅ​ក្រៅ​ប្រ​ទេស​ដដែល ​ដោយ​ដូរ​ទិសដៅ​ទៅ​កាន់​ប្រទេស​ផ្សេង​​ ដូចជា វៀត​ណាម​ ម៉ាឡេស៊ី​និង​ប្រទេស​​​ឥណ្ឌា​ជាដើម​ ដោយ​​សារ​​​តែមិ​ន​​ទុក​ចិត្ត​​សេវា​សុខា​ភិបាល​​​ក្នុង​​ស្រុក​។

លោក ​អ៊ិន រតនៈ ជាមន្ត្រី​រាជការ​ម្នាក់ មាន​​វ័យ​ជាង​​៥០​ឆ្នាំ​ រស់នៅរាជធានីភ្នំពេញ ​​​តែង​តែនាំ​ភរិយា​របស់​លោក​​ដែល​មាន​វ័យ​ជិត​៥០ឆ្នាំ​ ទៅ​ព្យា​បាល​ជំងឺ និង​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​សុរិន្ទ​ ឬនៅក្នុង​ទីក្រុង​​បាងកក ​ប្រទេស​ថៃ យ៉ាង​ហោច​ណាស់​​ពីរ​ដង​ក្នុង​១ឆ្នាំ​។ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​សង្គ្រាម​រវាង​កងទ័ព​​ថៃ ​កាល​ពី​ខែកក្កដា​មក លោក ​រតនៈ ​​បាន​បង្វែរ​ទិសដៅ​​ចេញ​​ទៅព្យា​បា​ល​​​ជំងឺ​ និង​ពិនិត្យ​សុខ​ភាព​​នៅ​​ប្រទេស​​វៀត​​​ណាម​​វិញ ​បន្ទាប់​ពី​លោក​បាន​ព្យា​យាម​ចូល​ទៅ​ព្យា​បាល​ជំងឺ​នៅ​តាម​គ្លីនិក​​ឯក​ជន​​​នៅ​​ភ្នំ​ពេញ​​មួយ​​រយៈ។

លោក​ ​រតនៈ ​ដែល​​កើត​ជំងឺ​​របេង​ក្នុង​​ឈាម ​ហើយ​បាន​ឆ្លង​មេរោគ​​រាល​​ដាលទៅ​ដល់​​ពង​ស្វាស​ ដែល​ត្រូវធ្វើការ​​វះ​កាត់​​ បាន​ប្រាប់​វីអូឌី​កាលពីថ្ងៃទី​៨​ខែ​វិច្ឆិកា​ថា បន្ទាប់​ពីមាន​ការ​បិទ​ច្រក​ព្រំដែន​កម្ពុជា-​ថៃ​មក ​លោក​បាន​​ទៅ​​ព្យា​បាល​​នៅ​​​​គ្លីនិក​​ឯក​ជន​នៅភ្នំពេញ​​មួយ​ចំនួន​ ក៏ប៉ុន្តែការ​ពិនិត្យ​​​និង​ការ​វិនិច្ឆ័យរោគ​​​របស់​គ្រូពេទ្យ​ខ្មែរ​ ហាក់​ដូច​មិន​បាន​ត្រឹមត្រូវនោះទេ ​ខណៈ​ការ​វិនិច្ឆ័យ​រោគ​របស់​គ្រូពេទ្យ​ថៃ​ និង​គ្រូពេទ្យ​វៀត​ណាម ​វាមាន​​កម្រិតត្រឹមត្រូវខ្ពស់​ជាង ​​ហើ​យ​ការ​ព្យា​បាល​ក៏មាន​ប្រសិទ្ធភាព​ជាង​ផង​ដែរ។

លោកថា៖ «ស្រុកខ្មែរ​យើង ​ខ្ញុំបានទៅពិនិត្យ​គ្លីនិក​ចំនួន​៣ ហើយ​ការ​វាយ​តម្លៃ​វាអត់ត្រូវ​ដោយ​សារ​គាត់​បាន​​វ៉ៃថ្នាំ​ ហើយ​​បាន​ព្យាបាល​មួយ​រយៈ​​មក​ហើយ។ គ្លីនិកខ្លះ ​ខ្ញុំ​ក៏​ត្រូវ​បាន​គេឃាត់​ទុក​ដេក​នៅ​នុង​១អាទិត្យ​​ហើយ​គេចាក់ថ្នាំផ្សះព្យួរ​ស្សេរ៉ូម ​ប៉ុន្តែដល់​ពេល​ចេញមក​អាការៈ​​ជំងឺ​​នឹង​​ក៏​អត់​បាត់។ ចឹង​ខ្ញុំក៏សម្រេចចិត្តទៅប្រទេស​​វៀតណាម​ ដើម្បី​ធ្វើការ​ពិនិត្យ​និង​ធ្វើការ​វាយ​តម្លៃ​​ជំងឺ​។​ ​បន្ទាប់​មក​ ​ជាលទ្ធផល​គេវាយ​តម្លៃ​​ហើយ​ក៏ចាប់​​ផ្តើម​ធ្វើការ​វះកាត់ ​គេ​ថា​មិន​អាច​ទុកបាន​ទេ ហើយ​​តម្លៃថ្លៃថ្នូរ​អី ​វាខុសគ្នា​មិន​ច្រើន​ប៉ុន្មាន​​ដែរទេ​។ ចឹង​ហើយ​​​បាន​ខ្ញុំទៅ​ព្យា​បាល​​​​នៅប្រទេស​ជិត​ខាង​ មិន​មែន​​ថា​​មិន​បាន​ឆ្លងកាត់​​ពេទ្យ​​នៅ​ប្រទេស​ខ្មែរទេ»។

បន្ថែមពីនេះ ​លោក​ថា មន្ទីរពេទ្យ​នៅ​ថៃ និង​វៀតណាម ​ក៏​មាន​ឧបករណ៍​​សម្រាប់​វិនិច្ឆ័យ​​រោគ​ទំនើប​ជាងហើយ​​គ្រូពេទ្យ​គេ​​ក៏​បំពេញការ​ងារ​​យក​ចិត្ត​ទុកដាក់​​ជាង ​និង​ការ​និយាយ​ស្តី​សម​រម្យ​​​​ចំពោះ​អ្នក​ជំងឺ​ ខុស​ពី​គ្រូ​ពេទ្យ​​ខ្មែរ​មួយ​​​ចំនួន​។ លោក ​អ៊ិន រតនៈ បាន​ទៅ​ធ្វើការ​វះកាត់ ​និងព្យា​បាល​ជំងឺ​របស់​លោក​ ​នៅ​មន្ទីរពេទ្យ​វៀត​ណាម ​អស់​រយៈ​ពេល​​៣យប់​៣ថ្ងៃ ​កាល​ពី​ពាក់​កណ្តាល​​​​ខែ​តុលា ​ឆ្នាំ​២០២៥ ដោយ​ចំណាយ​អស់ប្រាក់​ប្រមាណ​​២ពាន់​​ដុល្លារ​។

ជាមួយគ្នា​នេះ ​អ្នក​ស្រី ​សន ចរិយា​ វ័យ​​៤០​​ឆ្នាំ​ ជាពលរដ្ឋរស់នៅសង្កាត់​បឹងទំពុន ​ខណ្ឌមាន​ជ័យ ​រាជ​ធានី​ភ្នំ​ពេញ​ បាន​និយាយ​ថា បញ្ហាសេវាសុខាភិបាល​​នៅកម្ពុជា ពិត​ជានៅ​មានភាព​ខ្វះខាត​លើ​ផ្នែក​មួយ​ចំនួន ដោយ​​គ្រូពេទ្យ​ខ្លះ ​មិន​ចេះ​​ធ្វើ​​ការ​វិនិច្ឆ័យ​រោគឱ្យ​ថ្នាំ​លេបច្រើនៗ​​​អា​ងអី​អាង​​ចាក់​ថ្នាំ​ ព្យួរស៊ីរ៉ូម​ ដើម្បី​​ធ្វើ​យ៉ាង​ណា​​​អាច​យក​លុយ​ពីអ្នក​ជំងឺ​ឱ្យ​បាន​ច្រើន ដោយ​ហាក់​មិនសូវ​​គិត​ពី​អាយុជីវិត​របស់​អ្នក​ជំងឺ​នោះឡើយ។ ​

ស្ត្រី​ដែល​ទើប​វិលត្រឡប់​មក​ពីព្យា​បាល​ជំងឺក្រពះ​នៅ​ប្រទេស​វៀតណាម ​កាល​ពីសប្តាហ៍​មុន​​រូប​នេះ បាន​ឱ្យ​ដឹង​​​ថា ឥឡូវ​​មានពលរដ្ឋ​ខ្មែរ​​​​ច្រើន​ណាស់​ បាន​សម្រុក​ទៅ​ព្យា​បាល​ជំងឺ ​និង​ពិនិត្យ​​​​សុខភាព​នៅ​មន្ទីរពេទ្យ​ក្នុង​​​ប្រទេស​​​វៀត​ណាម គឺឡើង​ស្ទះ​ពេទ្យ​វៀត​ណាម ​រក​កន្លែង​ដេកគ្មាន​ ​ចាប់​តាំង​ពីកម្ពុជា​​មាន​សង្គ្រាម​​ព្រំដែន​​ជាមួយ​ថៃ​មក​។ ស្ត្រី​ដែល​​បដិសេធ​មិន​ឱ្យ​ថត​សំឡេង​រូបនេះ ​និយាយ​ថា នៅពេទ្យ​វៀតណាម​​ក៏​គេពិនិត្យ​វិនិច្ឆ័យ​រោគ​រាង​ល្អិត​ល្អន់​ប្រហាក់​​ប្រហែល​ពេទ្យ​ថៃ​ដែរ ហើយ​គេ​ផ្តល់ថ្នាំតិចលេបម្តង​១គ្រាប់​​ឬពីរបីគ្រាប់​តែ​​មាន​​ប្រសិទ្ធ​ភាព មិន​មែន​ឱ្យ​លេបថ្នាំ​ច្រើន​ៗ​​​ដូច​ពេទ្យខ្មែរ ប៉ុន្តែ​មិន​សូវមាន​ប្រសិទ្ធភាព​នោះទេ។

ចំណែក​ លោក ​សេង សុង​​ ជាពលរដ្ឋ​រស់នៅ​ស្រុក​ពារាំង ​ខេត្ត​ព្រៃវែង​ ដែល​បាន​​នាំ​ឪពុក​ក្មេក​​និង​​បង​​ប្អូន​សាច់​ថ្លៃ​​៤នាក់​​​ ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​វៀតណាម​ កាល​​ពី​ពា​ក់​​កណ្តាល​​ខែ​​តុលា ​បាន​​​ប្រាប់​​វីអូឌីកាល​​​ពី​ថ្ងៃទី​​១០​​ខែ​​វិច្ឆិកា​​ថា ការ​ពិនិត្យ​​និង​​ព្យា​បា​ល​​ជំងឺ​​នៅ​​ពេទ្យ​​ថៃ ​និងពេទ្យ​វៀតណាម ​គេមាន​កម្រិត​ខ្ពស់​ជាង​​គួរ​​ឱ្យ​​​ជឿ​​ទុក​ចិត្ត​ ខណៈគ្រូពេទ្យ​ខ្មែរ​មួយ​ចំនួន ​ធ្វើ​ការ​ព្យា​បាលខ្ជីខ្ជា​​នៅអូសក្រ​ឡា​​ធ្វើ​យ៉ាង​​ណា​​ដើម្បីកៀប​​យក​​លុយ​​ពី​អ្នក​​ជំងឺ​​ឱ្យ​បាន​​ច្រើន។

លោកថា៖ «មុន​ដំបូង​ព្យាបាល​ជំងឺនៅ​​ខ្មែរ​យើង​​សភាព​ជំងឺ​​វា​អត់​​បាន​ធូរ​ ដល់​​ពេល​​ទៅ​​​ថៃ​ ​វាបាន​ធូរ ​ត្រូវ​​ច្រើន​។ ព្យា​បាល​​នៅ​​ថៃ​​គ្រាន់​តែថា​តម្លៃ​វាថ្លៃ​ បើយើង​ប្រៀប​ធៀប​តម្លៃព្យា​បាល​នៅ​វៀត​ណាម​​ប្រភេទ​ជំងឺ​អស់​ ​៥០០[ដុល្លារ​] ​​​ទៅ​វៀតណាម​អស់​ចន្លោះ​ពី​១០០០ទៅ​១០០០[ដុល្លារ​]​ជាង​តិចតួច​»

វីអូឌី ​មិន​អាច​ទាក់​ទង​លោកស្រី ​ឱ វណ្ណឌីន ​រដ្ឋ​លេខាធិ​ការ​​ និង​ជា​​អ្នក​​នាំ​ពាក្យ​​ក្រសួង​​សុខា​​ភិបាល ​​ដើម្បី​​ស្នើ​សុំ​​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ នៅថ្ងៃទី​១០​​ខែ​វិច្ឆិកានេះ។

យ៉ាងណាក្តី​ កាលពី​ថ្ងៃទី៦​ខែវិច្ឆិកា​​នេះ ​លោក ​ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​​ឆ្មក់​​​ចុះ​​ទៅ​​ពិនិត្យដោយ​មិន​បាន​​ជូន​ដំណឹង​​ជា​​មុន នៅម​ណ្ឌល​សុខ​ភាព​​កោះរ៉ុង ស្ថិត​​​នៅ​​លើ​​ដែន​​កោះ​កណ្តាល​សមុទ្រ ក្នុង​ខេត្ត​ព្រះ​សីហនុ ដោយ​បានសង្កេតឃើញ​ថា បុគ្គលិក​នៅ​ប្រចាំការ២៤ម៉ោងក្នុងមួយថ្ងៃ។ មណ្ឌលសុខភាពមាន​បរិស្ថានអនាម័យស្អាត​ ​អ្នកជំងឺត្រូវ​បានទទួលពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ មិនមា​នកា​ររ​ង់​ចាំ​​ហើយ​​គុណ​ភាព​សេវា ត្រូវ​​បាន​វាយ​តម្លៃ​ថា គ្រប់​គ្រាន់ និង​មាន​ការ​រីក​ចម្រើន​ជា​ដើម​។ លោក​​រ​ដ្ឋ​មន្ត្រី​​ បាន​​លើក​​​ទឹក​​ចិ​ត្ត​ឱ្យ​​បុគ្គលិក​​ពេទ្យ​​ទាំង​អស់​​ បន្ត​ប្រឹង​​ប្រែ​ង​ក្នុង​​ភារកិច្ច​បម្រើសេ​វា​សុខា​ភិ​បាល​​​ឱ្យ​​កាន់​​តែ​ល្អប្រ​សើរ​​ ដើម្បី​កសាង​ស្នាម​ញញឹម​​ជូ​ន​​ប្រជា​​ពលរដ្ឋ។ នេះ​​បើ​​យោង​​តាម​​ហ្វេស​ប៊ុក​​ក្រសួង​​សុខា​ភិបាល​។

ទាក់​ទង​​នឹង​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ចេញទៅព្យាបាល​ជំងឺនៅ​ក្រៅ​ប្រទេស​វិញ​ លោក ​ឈាង​ រ៉ា ​ធ្លាប់​​បាន​​ថ្លែង​​កាល​​ពី​ចុង​​ឆ្នាំ​​២០២៤​​ថា នៅ​​ក្នុង​ឆ្នាំ២​០២៣ ក្រសួង​​សុខាភិបា​ល​​ បាន​ធ្វើ​ការ​​ប៉ាន់​​ប្រមាណ​​មាន​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​ប្រមាណ​​​ពី​​ជាង​២០​ទៅ​​២​៥​ម៉ឺន​​នាក់​ ​ស្មើនឹង​១,៥% បាន​​ចេញ​​​ទៅ​​ពិនិត្យ ​និង​ព្យាបាល​​ជំងឺ​​នៅ​​បរទេស​ តែ​បើ​​ប្រៀប​ធៀប​នឹង​​អ្ន​ក​​ជំងឺ​ដែលទ​ទួល​​ពិនិត្យ​​ព្យាបាល​នៅ​ក្នុង​ស្រុក គឺ​​មាន​ចំនួន​​ប្រមាណ​ជាង​​១៣​លាន​នាក់ ស្មើ​នឹង​៩៨,៥%។ យ៉ាង​នេះ​​ក្ដី លោក​​ថា ក្រសួង​​សុខាភិបាល ​នៅ​តែ​បន្ដ​ខិត​ខំ​​ប្រឹង​ប្រែងពង្រឹង​​ការ​​ផ្ត​ល់​​សេវា​សុខា​ភិបាល ​ឱ្យ​បាន​កាន់​តែល្អប្រសើរ​ ​ទាំង​​សេវា​សុខ​ភាព​​រដ្ឋ ​និង​​ឯកជន ​​​ធ្វើ​​យ៉ាង​​ណា​ផ្ដល់​ការ​​ជឿ​​ទុក​​ចិត្ត​ ​ដើម្បី​កាត់​បន្ថយ​​ការ​ចេញ​​​ទៅទ​ទួល​សេវា​សុខា​ភិបា​ល​នៅ​ក្រៅ​ប្រទេស។

ជាច្រើន​ឆ្នាំ​មក​ហើយ​ ប្រជាពល​រដ្ឋ​ខ្មែរ​​ដែល​មាន​ជីវភាព​​រាង​​សមរម្យ​​ តែង​តែចេញទៅ​ព្យា​បាល​​​ជំងឺ​​នៅ​ប្រទេស​ថៃ​​និង​វៀត​ណាម ចំណែក​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ​ក្នុង​នោះ​ក៏មាន​មេដឹកនាំគ្រួសារ​ហ៊ុន​ផង​ដែរ​តែង​​ចេញទៅព្យាបាល​ជំងឺ​នៅ​ប្រទេស​បារាំង​ សិង្ហបុរី និង​ប្រទេស​ឥណ្ឌាជាដើម។

អ្នក​ស្រី ​ហ៊ុន ស៊ីណាត ​ប្អូន​ស្រី​​លោក ​ហ៊ុន​ សែន ​ប្រធានព្រឹទ្ធសភា ​កាល​ពី​ថ្ងៃទី៤ខែ​​តុលា បាន​បង្ហោះ​សារ​និង​​រូប​ថត​​នៅ​លើ​បណ្តាញ​​សង្គម​​ថា​ ថ្ងៃនេះនាំ ​ជំនាងផ្ទះឡើងទៅ​ព្យា​បាល​ជំងឺ​នៅប្រទេស​​ឥណ្ឌា ខណៈ​កាល​ពីមុន ​ត្រូវឡើង​ទៅ​ព្យា​បាល​នៅមន្ទីរពេទ្យ Bumrungrad នៅ​ក្នុង​ទីក្រុង​បាងកក ​ប្រទេសថៃ។

​អ្នក​ស្រី​​បញ្ជាក់​ក្នុង​សំណេរ​ដើម​ថា​៖ «ឥលូវនេះដូរទិស​​ហើយ រ​ក​គ្រូពេទ្យ​​ឥណ្ឌាម្ដង​ ទៅ​គ្រូពេទ្យ​​ដើម​នៅ​​ថៃ​មិន​ស្រួល​ វា​​ចាប់​ឯង​ធ្វើ​​ចំណាប់​ខ្មាំង​ដូច​​កង​ទ័ព​​កម្ពុជា​​១៨​​នាក់​ទៀត​ងាប់​​ហើយ​ មុខ​ខ្ញុំ​នេះ ពួក​វា​ស្គាល់​ច្បាស់​​ ចឹ​ងទៅកន្លែងព្រះសម្មា​សម្ពុទ្ធ​វិញហើយ»

នៅ​ថ្ងៃទី​៨ ខែ​​តុលា ម្តាយ​មីង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជាអ្នក​គ្រប់​គ្រង​អ្នក​​លក់​​ឡេ​​លើ​​បណ្តាញ​​សង្គម ​ដែល​ជាផ្នែក​មួយ​នៃការ​លាងលុយ​ខ្មៅ​របស់​គ្រួ​សារ​​​ហ៊ុន​រូប​នេះ បាន​សរសេរ​​​បង្ហោះ​​ទៀត​ថា​​ មក​ដល់​ទី​ក្រុង​ញូដេលី ​ប្រទេស​ឥណ្ឌា​ហើយ​ មកសួរ​សុខទុក្ខប្អូនថ្លៃ​សម្រាក​​ព្យា​បាល​ជំងឺ​​នៅ​មន្ទីរ​ពេទ្យ​ Apollo ពេល​នេះ​មានសង្ឃឹម​ច្រើន​​ហើយ។ អ្នក​ស្រី​បាន​ឱ្យ​ដឹងថា នៅប្រទេសឥណ្ឌានេះឃើញ​មានខ្មែរ​មក​​ព្យា​​បាល​ជំងឺ​​ច្រើន​ ហើយសួរនាំ​​ទៅច្រើនតែមក​ដូរគ្រ​លៀន និងដូរថ្លើម។

សម្រាប់​ លោក​ រតនៈ ​​​ដែ​ល​​ជា​មន្ត្រីរា​ជកា​រ​​មាន​​បណ្ណ បសស តែ​មិន​​ដែ​ល​​បាន​​​ប្រើ​​ដោយ​​សារ​​តែ​​ធុញ​ទ្រាន់​ក្នុង​ការ​​ទៅ​​ឈរ​​រង​ចាំនៅ​​តាម​​មន្ទីរ​ពេទ្យ​រដ្ឋនានា​ ដែល​មានអ្នក​ឈររង់ចាំព្យា​បាល​ដល់​ខ្ទង់​ពាន់​​នាក់​​ក្នុង​១ថ្ងៃៗ​ ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវបង្កើនការ​យ​ក​​ចិត្ត​​ទុក​ដាក់​​ពង្រីក​​សេវា និង​​ពង្រឹង​​គុណ​ភាព​​សុខាភិ​បាល​បង្កើន​​​ចំនួន​​គ្រូពេ​ទ្យ​ និង​​ចំណេះ​​ជំនាញ ​​ព្រម​ទាំងក្រម​សីលធម៌​របស់​គ្រូពេទ្យ។​

លោកថា៖ «ខ្ញុំ​ចង់​ឃើញ​ក្រសួង​សុខាភិបាល​ហ្នឹង ​​ជួយ​​ជំរុញ​ធ្វើយ៉ា​ង​ណា​​ឱ្យ​​ការ​​ព្យា​បា​ល​​នៅ​​ប្រទេស​ខ្មែរ​យើង​​ហ្នឹង​​វា​សម្បូរ​​បែប​។ ចង់​​និយាយ​​ថា គឺ​មាន​​អ្ន​ក​​ជំនាញ​​បច្ចេក​ទេស​ច្រើន​ ​មាន​​ក្រម​សីល​ធម៌​​វិជ្ជា​ជីវៈ​​កាន់​តែ​ល្អប្រ​សើរ ​ហើ​​យ​​ប្រកប​​ដោយ​​គុណ​ភាព ​និង​​តម្លៃ​ទៀត​​សោត ​អាច​ធ្វើឱ្យ​ប្រជាជន​យើង​ទទួល​យកបានចង់​និយាយ​ថា​មិ​ន​​មាន​តម្លៃថ្លៃខ្លាំង»។

ជាមួយគ្នា​នេះ ​ទាំង​លោក ​សុង និង​លោក រតនៈ ​ក៏​ដូច​ជាអ្នកស្រី ​ចរិយា ​ផង​ដែរ ​បាន​​និយាយ​​ដូ​ច​​គ្នា​​ថា ប្រសិន​​​បើ​គ្រូពេ​ទ្យ​​ខ្មែរ​​ធ្វើការ​​ព្យា​បាល​​ជំងឺ​​ដោយ​​យក​​ចិត្ត​​ទុក​ដាក់​​ខ្ពស់​ ​និយាយ​​ស្តី​​មាន​​សីល​ធម៌​ ថែម​ទាំង​​មាន​​ភាព​​សុចរិត​​ស្មោះ​​​ត្រង់ មិន​កុហក ​កៀប​ស៊ី​លុយ​កាក់​​​អ្ន​ក​​​ជំងឺ​ នោះ​​គ្មាន​ពល​រដ្ឋ​ខ្មែរ​ណា​​ចង់​ចេញទៅព្យា​បាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ ដែល​មាន​គ្រូ​ពេទ្យ​​ជា​សាសន៍​ដទៃ​​ពិបាក​និយាយ​​គ្នា​នោះទេ។

ប្រភព​ដដែល​ បាន​អះអាងថា ជាច្រើន​ឆ្នាំ​មក​ហើយ​​គ្រូពេទ្យ​ខ្មែរ​​មួយ​ចំនួន​ ទាំង​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ និង​ឯកជន​ហាក់​ឱ្យ​តម្លៃ​លើ​លុយ​​ធំ​ជាង​អាយុ​ជីវិតមនុស្ស ​ដោយ​ទុកអ្នក​ជំងឺ​ចោល​មិន​ព្រម​ធ្វើការ​ព្យា​បាល ​បើសិន​អ្នក​ជំងឺនោះ​មិន​ទាន់​បង់​​លុយ ​​រហូតដល់​​ធ្វើឱ្យអ្នក​រងរបួស​ធ្ងន់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខ្លះ ​បាន​ស្លាប់ ​ដោយ​សារ​តែ​ពុំមាន​សាច់ញាតិ​​ទៅបង់ប្រាក់ព្យាបាល​ទាន់​ពេល​វេលា ហើយ​អ្នក​ខ្លះ​មាន​ជំងឺ​ធម្មតា​​ដែល​មិនគួរ​ស្លាប់​ ក៏បែរ​ជាស្លាប់​ផង​ដែរ​ បន្ទាប់​ពី​ទៅ​ព្យា​បាល​ជំងឺ​នៅ​មន្ទីរពេទ្យ​​ ឬគ្លីនិក​ឯកជន​ប៉ះ​ចំគ្រូពេទ្យគ្មាន​ជំនាញ។

សូម​បញ្ជាក់​ផងដែរថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឡានក្រុង​ជាង១០ក្រុម​ហ៊ុន ​រង់ចាំ​ដឹកអ្នក​ដំណើរ​​ពីភ្នំពេញទៅ​ទីក្រុង​ហូជីមិញ អតី​ត​ក្រុង​ព្រៃ​នគរ​របស់​កម្ពុជា ​ដែលក្នុង​នោះ​​ភាគ​ច្រើន​ទៅព្យាបាលជំងឺ​​។ ក្រុមហ៊ុនទាំងនោះ ​ស្ទើ​តែទាំង​អស់​​ជាក្រុម​ហ៊ុន​របស់​​វៀត​ណាម​​​បើក​បរ​ដោយ​ជន​ជាតិ​វៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ