បុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុន Grab Food ប្រមាណជិត ១០០នាក់ បានផ្ទុះការតវ៉ានៅព្រឹកថ្ងៃចន្ទនេះ ដោយសារតែខាងក្រុមហ៊ុន បានបិទ App របស់ពួកគេ ដោយមិនប្រាប់ជាមុន។
យោងតាមសារព័ត៌មានក្នុងស្រុកមួយចំនួន ឱ្យដឹងថា បុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុន Grab Food បានផ្ទុះការតវ៉ានៅម៉ោងប្រមាណ ៩កន្លះព្រឹក នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថិតនៅចំណុចផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពដដែល ឱ្យដឹងថា មូលហេតុនៃការតវ៉ានេះ ដោយសារតែខាងក្រុមហ៊ុន បានបិទ App របស់ពួកគេ ដោយមិនបានជូនដំណឹងជាមុន។
បុគ្គលិកក្រុមហ៊ុន Grab Food ម្នាក់ដែលមិនបញ្ជាក់ឈ្មោះ បានប្រាប់ទំព័រហ្វេសប៊ុកឈ្មោះ CEO ថា ក្រុមហ៊ុនបានបិទ App របស់បុគ្គលិកចាស់ភ្លាមៗ ដោយមិនមានការជូនដំណឹងជាមុន ដែលធ្វើឱ្យពួកគេមិនអាចដឹកទំនិញ និងអាហារជូនភ្ញៀវបាន ខណៈបច្ចុប្បន្នចំណូលដែលបានមកពីការដឹកជញ្ជូនអាហារនេះ ក៏មានការធ្លាក់ចុះ ស្របពេលដែលក្រុមហ៊ុនទទួលយកបុគ្គលិកថ្មីៗជាហូរហែរ។
ករណីនេះ ពួកគេបានស្នើឱ្យខាងក្រុមហ៊ុនមុននឹងបិទ App បុគ្គលិកណាម្នាក់ គួរមានការជូនដំណឹងជាមុន និងបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់ និងគួរផ្អាកការជ្រើសរើសបុគ្គលិកថ្មីបន្ថែម ដោយសារតែបច្ចុប្បន្នអ្នកដឹកជញ្ជូនបានកើនឡើងដល់ជិត ១ម៉ឺននាក់ទៅហើយនោះ។
យ៉ាងណា វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីខាងក្រុមហ៊ុន Grab បានទេនៅថ្ងៃនេះ។
កាលពីដើមខែកក្កដា ឆ្នាំ២០២៤ បុគ្គលិកដឹកជញ្ជូនទំនិញ និងម្ហូបអាហាររបស់ក្រុមហ៊ុន Grab Food ប្រមាណ១០០នាក់ ធ្លាប់បានផ្ទុះការតវ៉ាម្តងមកហើយ ដើម្បីទាមទារកុំឱ្យក្រុមហ៊ុននេះ រើសបុគ្គលិកដឹកជញ្ជូនបន្ថែម ជាហេតុធ្វើឱ្យបុគ្គលិកចាស់ មិនសូវមានទំនិញដឹក និងរកប្រាក់ចំណូលមិនសូវបាន។ អំឡុងពេលតវ៉ានោះ ពួកគេក៏បានទាមទារកុំឱ្យក្រុមហ៊ុនទំលាក់ការងារច្រើនគោលដៅក្នុងពេលតែមួយ ចៀសវាងភ្ញៀវរងចាំយូររករឿងពួកគេជាដើម៕









