ការដែលតុលាការថៃចេញដីកាឱ្យតាមចាប់ខ្លួនមនុស្សជំនិតមេដឹកនាំកម្ពុជា ត្រូវបានគេមើលឃើញថា ជាការបង្កើនសម្ពាធ ដើម្បីសម្រេចមហិច្ឆតាលេបទឹកដីខ្មែរ តាមផែនទីខ្នាត១/៥០ពាន់ ដែលថៃគូរដោយឯកតោភាភី ខណៈថៃកំពុងសម្រុកធ្វើផ្លូវតាមព្រំដែន ទាំងគ្មានការទប់ស្កាត់ពីក្រសួងការពារជាតិកម្ពុជា ។
កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ តុលាការព្រហ្មទណ្ឌថៃបានចេញដីកាចាប់ខ្លួន លោក លី យ៉ុងផាត់ និងលោក កុក អាន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
តាមសារព័ត៌មាន ខ៉ាវសុត បានឱ្យដឹងថា ប៉ូលីសបង្ក្រាបបទល្មើសឆបោករបស់ថៃ បានចុះបង្ក្រាបទីតាំងចំនួន៣៦កន្លែង និងរឹបអូសទ្រព្យសម្បត្តិរបស់ លោក លី យ៉ុងផាត់ បន្ថែមទៀត គិតជាទឹកប្រាក់ចំនួន ៤០០លានបាត ឬស្មើជិត ១២លានដុល្លារអាមេរិក។
ប្រភពបន្តថា ក្រោយទទួលបានដីកាពីតុលាការព្រហ្មទណ្ឌ អាជ្ញាធរបង្ក្រាបបទល្មើសឆបោកបានចុះឆែកឆេរទីតាំងចំនួន៣៦ក្នុងប្រទេសថៃ និងប្រកាសចាប់ខ្លួនលោក លី យ៉ុងផាត់ និងសមាជិក ៤នាក់ទៀត។
ប្រភពឱ្យដឹងថា ដីការបស់តុលាការថៃ បានបញ្ជាក់យ៉ាងច្បាស់ថា លោក លី យ៉ុងផាត់ និងសមាជិកដទៃទៀត បានគប់គិតគ្នាប្រព្រឹត្តបទល្មើសឆបោក Scammer ក្នុងការរកស៊ីលាងលុយកង្វក់ជាដើម។
ប្រភពបន្តថា លោក លី យ៉ុងផាត់ និងលោក កុក អាន ត្រូវបានតុលាការថៃចេញដីកាចាប់ខ្លួន ដែលរកឃើញថា អ្នកទាំងពីរមានជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោក បង្កការគំរាមគំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោក។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ការប្រកាសតាមចាប់ខ្លួន លោក លី យ៉ុងផាត់ និងលោក កុក អាន ជាលេសរបស់ថៃ ដើម្បីដាក់សម្ពាធមេដឹកនាំគ្រួសារហ៊ុន កុំឱ្យប្រឆាំងនឹងមហិច្ចតាថៃឈ្លានពានដីខ្មែរតាមព្រំដែន។
លោកបន្តថា ថៃកំពុងអនុវត្តយុទ្ធសាស្រ្តព្រួញមួយបាញ់បានសត្វពីរ ព្រួញទី១ រួមគ្នាសហការជាមួយអន្តរជាតិ រួមមានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីបង្រ្កាបឧក្រិដ្ឋកម្មឆបោកជុំវិញពិភពលោក។
ព្រួញទី២ បាញ់គំរាមមេដឹកនាំគ្រួសារហ៊ុន កុំឱ្យហ៊ានប្រឆាំងមហិច្ចតាថៃឈ្លានពាន បើមិនដូច្នោះទេ ថៃនឹងបន្តលាតត្រដាងរឿងអាស្រូវឧក្រិដ្ឋកម្មឆបោក និងចាប់ខ្លួនសមាជិកបក្សកាន់អំណាចបន្ថែមទៀត។
លោកថា៖ «ជាការពិតគឺថៃប្រើយុទ្ធសាស្ត្រនេះ ដើម្បីបិទមាត់មេដឹកនាំខ្មែរ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត កុំឲ្យតវ៉ារឿងដែលថៃរំលោភឈ្លានពានយកទឹកដីខ្មែរយើង ដូចជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងថៃចង់មកដោះមីននៅប្រាសាទតាក្របី និងតំបន់ដទៃទៀត នៅតាមព្រំដែន ហើយថៃឈ្លានពាននៅប្រាសាទខ្នារ ច្រកអានសេះ និងតំបន់ផ្សេងៗទៀតដែលថៃយកអត់ទាន់បាន ដូចជា នៅតំបន់អូរភ្លុកដំរីជាដើម និងតំបន់ចំណុចអក្សរUនៅខេត្តប៉ៃលិនជាដើម»។
សម្រាប់លោក អ៊ុំ សំអាន ការដឹកនាំរបស់គ្រួសារហ៊ុនដែលចិញ្ចឹមពួកឧក្រិដ្ឋជនឆបោក ចាប់ជំរិតនេះ នឹងបង្កហានិភ័យកាន់តែធ្ងន់ធ្ងរដល់សង្គមជាតិ និងបូរណភាពទឹកដីខ្មែរ ដែលថៃយកបញ្ហានេះ មកធ្វើជាចំណងចងមេដឹកនាំខ្មែរកុំឱ្យហ៊ានប្រតិកម្ម តបតនឹងការឈ្លានពានរបស់ខ្លួន។
លោកអះអាងថា ក្រោមការដឹកនាំផ្តាច់ការបស់មេដឹកនាំគ្រួសារហ៊ុននេះ បានធ្វើឱ្យកម្ពុជាក្លាយជាជម្រកក្រុមឧក្រិដ្ឋជន បង្កការគំរាមគំហែងដល់សនិ្តសុខពិភពលោក និងបង្កការភ័យខ្លាចដល់ពលរដ្ឋខ្មែរ។
លោកថា៖ «ថៃចេញដីកាចាប់ខ្លួនលោកកុក អាន កន្លងមក ឥឡូវនេះចេញដីកាចាប់ខ្លួននិងរឹបអូសទ្រព្យសម្បត្តិរបស់ឧកញ៉ា លី យ៉ុងផាត់ ទៀតហ្នឹង គឺដើម្បីជាការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាហ្នឹង ឱ្យព្រមដោះមីន និងព្រមប្រគល់ប្រាសាទខ្មែរយើងទៅយកប្រាសាទខ្នារ និងប្រាសាទតាក្របីទៅឱ្យថៃ ដូច្នេះវាជាការដាក់សម្ពាធដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា និងកាត់ដីឲ្យថៃតាមបំណងរបស់ថៃហ្នឹង។ បញ្ហាមួយបញ្ហាមួយទៀតគឺដោយសារតែបទឧក្រិដ្ឋនៃការឆបោកតាមអនឡាញហ្នឹង គឺបានពាក់ព័ន្ធទៅនឹងឧកញ៉ា កុកអាន ឧកញ៉ា លី យ៉ុងផាត់ អ៊ីចឹងមែន»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ ប្រាប់VODថា ការចេញដីកាចាប់ខ្លួនសមាជិកព្រឹទ្ធសភាកម្ពុជាជាបន្តបន្ទាប់នេះ ឆ្លុះបញ្ចាំងពីនយោបាយទុច្ចរិតរបស់ថៃ ដើម្បីមួលបង្កាច់ និងបន្តុះបង្អាប់មុខមាត់កម្ពុជាប៉ុណ្ណោះ។
លោកថា៖ «ចំពោះដីកានេះ វាគឺជាល្បែងនយោបាយប្រជាភិថុតិរបស់ភាគីម្ខាងទៀត ក្នុងគោលដៅដើម្បីបន្តុះបង្អាប់ ឬក៏បង្ខូចកិត្តិយសរបស់កម្ពុជា ខ្ញុំសូមបញ្ជាក់ថា ឯកឧត្តម លី យ៉ុងផាត់ គឺជាសមាជិកព្រឹទ្ធសភារបស់កម្ពុជា ហើយមានអភ័យឯកសិទ្ធិ លោកជាពលរដ្ឋខ្មែរ អ៊ីចឹងទទួលបានកាលពីក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់ គឺមិនអនុញ្ញាតបញ្ជូនពលរដ្ឋខ្មែរទៅឲ្យប្រទេសណាមួយទេ»។
អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត និយាយថា ការដឹកនាំប្រទេសដែលពោរពេញទៅដោយអំពើពុករលួយ និងក្រុមឧក្រិដ្ឋកម្មឆបោកដូចបច្ចុប្បន្ន ជៀសមិនផុតពីការបង្កគ្រោះថ្នាក់ដល់សង្គមជាតិ បូរណភាពទឹកដី និងប្រជារាស្រ្តម្ចាស់ប្រទេស។
លោកយល់ថា ការចេញដីកាតាមចាប់ខ្លួនសមាជិកបក្សកាន់អំណាចនេះ ហាក់បង្ហាញពីចេតនារបស់ថៃព្រមានមេដឹកនាំកម្ពុជា កុំឱ្យប្រឆាំងនឹងមហិច្ចតាថៃឈ្លានពានទឹកដីខ្មែរ តាមរយៈគំរាមគ្រប់រូបភាព។
លោកថា៖ «ភាគីថៃគេមើលឃើញពីចំណុចខ្សោយមួយនេះ ដែលថាភាគីកម្ពុជានឹងព្រមចុះញ៉ម ហើយនិងបន្ទន់ជំហរដើម្បីយកផលប្រយោជន៍ផ្ទាល់ខ្លួន ដោះដូរជាមួយនឹងផលប្រយោជន៍ដែលភាគីថៃចង់បានល្មោះហើយការដាក់សម្ពាធដោយភាគីថៃ មាននៅចំណុចខ្លាំងក្នុងដៃរបស់ខ្លួន គឺផលប្រយោជន៍នៃមនុស្សជំនិតមួយចំនួនរបស់ លោក ហ៊ុន សែន គឺនៅលើទឹកដីថៃការចាប់បានចំណុចខ្សោយនេះហើយដែលធ្វើឲ្យភាគីថៃ មានប្រៀបហើយដែលយើងឃើញជាក់ស្ដែង ទោះបីជាភាគីថៃបន្តរំលោភបំពានបន្តរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ឬក៏កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយនេះក៏ដោយ ក៏ភាគីកម្ពុជាមិនមានការឆ្លើយតបណាមួយទៅកាន់ភាគីថៃដែរ»។
លើសពីនេះ កាលពីថ្ងៃសុក្រ ទី៣១ ខែតុលា ទីភ្នាក់ងារបង្ក្រាបការលាងលុយកង្វក់របស់ថៃ បានប្រកាសរឹបអូសទ្រព្យសម្បត្តិ លោក លី យ៉ុងផាត់ បន្ថែមទៀតចំនួនជាង ៣៥០លានបាត ឬប្រមាណជា ១០.៨ លានដុល្លារអាមេរិក រកឃើញថា មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក។
ប្រភពរៀបរាប់ថា លោក លី យ៉ុងផាត់ មានតំណែងជាច្រើននៅប្រទេសកម្ពុជា ទាំងជាសមាជិកព្រឹទ្ធសភា ប្រធានហិរញ្ញគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជាផងដែរ។
ចំណែក លោក កុក អាន ក៏ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានអាជ្ញាធរថៃ តាមចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិជាង ២៧លានបាត ឬស្មើនឹង ៨០ម៉ឺនដុល្លារអាមេរិក ក្រោយរកឃើញថា «មានជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន និងលាងសម្អាតលុយ»។
លោក លី យ៉ុងផាត់ និងលោក កុក អាន សុទ្ធសឹងជាមនុស្សជំនិតមេដឹកនាំកម្ពុជា និងមានតំណែង តួនាទីខ្ពស់ៗក្នុងជួររដ្ឋាភិបាលកម្ពុជា និងមានងារជាឧកញ៉ា ។
តាមរបាយការណ៍នានា បង្ហាញថា មនុស្សជំនិតៗមួយចំនួន នៅជុំវិញប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវបានអន្តរជាតិរកឃើញជាបន្តបន្ទាប់ថា ជាមេឧក្រិដ្ឋជនរកស៊ីចិញ្ចឹមអំណាចគ្រួសារហ៊ុន ក្នុងនោះមាន ឧកញ៉ា លី យ៉ុងផាត់ ដែលជាកាន់កាប់លុយឱ្យគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជាផងនោះ ជាប់ឈ្មោះក្នុងបញ្ជីខ្មៅអាមេរិក ជុំវិញបទឧក្រិដ្ឋឆបោក និងការរំលោភសិទ្ធិមនុស្ស។ លើសពីនេះ ចេន ហ្ស៊ី ជនជាតិចិន ដែលបច្ចុប្បន្នជាទីប្រឹក្សា លោក ហ៊ុន សែន តុលាការចិនរកឃើញជាប់ពាក់ព័ន្ធបទឧក្រិដ្ឋអនឡាញខុសច្បាប់ និងរងទណ្ឌកម្មពីអាមេរិក និងចក្រភពអង់គ្លេសផងដែរ។
ជាងនេះទៀត ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ប្រកាសដាក់ទណ្ឌកម្មឧកញ៉ា ទ្រី ភាព ទីប្រឹក្សាលោក ហ៊ុន សែន ក្រោយរកឃើញថា បណ្តាញបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា មានជាប់ពាក់ព័ន្ធក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព។
របាយការណ៍ស្រាវជ្រាវជាង៧០ទំព័ររបស់វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២៥ ដែលរកឃើញថា កម្ពុជានៅក្រោមអំណាចរដ្ឋាភិបាលគ្រួសារហ៊ុន ជាទីតាំងស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មអនឡាញ។
ប្រភពបន្តថា គ្រួសារហ៊ុនដើរតួនាទីជាអ្នកការពារពួកអ្នកមានអំណាច ឱ្យគប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មបរទេស ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមគណបក្សកាន់អំណាច ដោយពួកគេអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញ ប្រមាណពីជាង ១២ពាន់លាន ទៅ ១៩ពាន់លានដុល្លារនៅក្នុង១ឆ្នាំ។
តាមរបាយការណ៍ដដែល បុគ្គលដែលជាប់សង្ស័យពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ៕









