កម្ពុជាបង្ហាញការព្រួយបារម្ភជុំវិញការដែលថៃប្ដូរជំហរមិនព្រមប្រគល់ទាហានខ្មែរ ១៨នាក់ ឱ្យកម្ពុជាវិញ តាមកិច្ចព្រមព្រៀងរួម រួមទាំងការប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងនេះ ដោយថៃភ្ជាប់បញ្ហាទាហានខ្លួនពីរនាក់ជាន់មីននៅតំបន់ភ្នំទ្រព្យ។
យោងតាមសេចក្តីប្រកាសចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជា បានបដិសេធទៅនឹងការចោទប្រកាន់របស់ថៃដែលថៃ ដែលថាទាហានខ្លួនពីរនាក់រងរបួសនោះ គឺដោយសារជាន់មីនដែលកម្ពុជាទើបនឹងដាក់ថ្មីនៅតំបន់ភ្នំទ្រព្យ។
ការចោទប្រកាន់ពីភាគីថៃនេះ កម្ពុជាអះអាងថា ជាមីនដែលទាហានថៃជាន់បង្កការរងរបួសពីរនាក់ថ្មីទៀតនោះ ជាមីនបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង១៩៨០មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ។
លើសពីនេះ កម្ពុជា អះអាងពីការព្រួយបារម្ភខ្លាំង ដែលប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍រួម រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាដោយមានវត្តមានរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ក្រៅពីការច្រានចោលការចោទប្រកាន់ពីភាគីថៃ កម្ពុជាក៏បានគូសបញ្ជាក់ថា ខ្លួនប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួមក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគី នៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ។
យ៉ាងណាក្ដី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក Winthai Suwaree អះអាងប្រាប់សារព័ត៌មានថៃ The Nation Thailand កាលពីថ្ងៃចន្ទថា ការផ្ទុះមីននៅចំនុច Huai Ta Maria ស្រុក Kantharalak នៃខេត្ត Si Saket ធ្វើឲ្យទាហានថៃរងរបួសបន្ថែមទៀតនេះ គឺបណ្តាលមកពីគ្រាប់មីនដែលទើបនឹងដាក់ថ្មី ដោយភាគីកម្ពុជាដែលជា ការបំពានយ៉ាងច្បាស់លើសេចក្តីប្រកាសសន្តិភាពរួម និងជាសញ្ញានៃអរិភាពជាថ្មី។
ជាមួយគ្នានេះដែរ បន្ទាប់ពីចំណាយពេល៣ម៉ោងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នាយករដ្ឋមន្ត្រីថៃថ្មី លោក Anutin Charnvirakul នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បានប្រកាសលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ថា ថៃបានសម្រេចចិត្តផ្អាកអនុវត្តសេចក្តីប្រកាសសន្តិភាពកម្ពុជា-ថៃ។ នេះបើយោងតាមសារព័ត៌មាន Khaosod ថៃ។
យ៉ាងណា វីអូឌី មិនអាចរកការបញ្ជាក់បន្ថែម ពីអ្នកនាំពាក្យក្រសួងការបរទេស ជុំ សន្ទរី និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា គិតត្រឹមម៉ោងផ្សាយនេះ ដើម្បីចង់ដឹងថា បើថៃមិនទទួលយកការបំភ្លឺរបស់កម្ពុជា ខាងភាគីកម្ពុជានឹងធ្វើអ្វីទៀត ដើម្បីជំរុញឱ្យថៃគោរពកិច្ចព្រមព្រៀង និងបញ្ឈប់ពង្រីកការឈ្លានពានកម្ពុជា ខណៈអ្នកនាំពាក្យគណបក្សកាន់អំណាច លោក ជា ធិរិទ្ធ បញ្ជាក់ថាសំណួរនេះពាក់ព័ន្ធនឹង អ្នកនាំពាក្យរដ្ឋាភិបាល។
លោកថា៖ «រឿងនេះទាក់ទងនឹងរដ្ឋាភិបាលគេធ្វើ ចឹងសូមទាក់ទងទៅអ្នកនាំពាក្យរដ្ឋាភិបាលឯកឧត្ដម ប៉ែន បូណា ឬក្រសួងការពារជាតិ»។
សម្រាប់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយថា ចាប់ពីថ្ងៃផ្ទុះអាវុធមក ថៃមិនដែលគោរពបទឈប់បាញ់ ឬកិច្ចព្រមព្រៀងនេះទេ។
លោកថា តែផ្ទុយទៅវិញថៃ បានពង្រីកការឈ្លានពានកម្ពុជាជាបន្តបន្ទាប់ ដូចជា នៅតំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់ ប្រាសាទខ្នារ ប្រាសាទតាក្របី ផ្នែកខ្លះនៃប្រាសាទតាមាន់ធំ ភូមិជោគជ័យ និងភូមិព្រៃចាន់។ ហើយថាពេលនេះ ថៃកំពុងរកលេសវាយគ្រប់គ្រងប្រាសាទតាក្របី ខណៈរដ្ឋាភិបាលកម្ពុជាឱបបទបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពមិនប្រើសិទ្ធការពារទឹកដីនោះ។
យ៉ាងណា លោករំឭកឱ្យមេដឹកនាំកម្ពុជា ប្រញាប់ពន្លឿនដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ ដើម្បីទប់ទល់ទៅនឹងមហិច្ឆតាឈ្លានពានរបស់ថៃ ដោយសំអាងថា ថៃនៅតែចិញ្ចឹមចិត្ត ដណ្ដើមយកប្រាសាទនិងតំបន់ទាំងនេះ។
លោកថា៖ «ថៃយកលេសថាទាហានគេជាន់មីន ដើម្បីឈ្លានពានទឹកដីខ្មែរ ឥលូវនេះចង់ឈ្លានពានចំណុចដទៃទៀត ដូចជា ប្រាសាទតាក្របី ប្រាសាទខ្នារ តំបន់អូរភ្លុកដំរី ដូច្នេះថៃនៅតែមានលេសផ្សេងៗ ដើម្បីឈ្លានពានទឹកដីខ្មែរយើងមិនបញ្ឈប់នោះទេ ប្រសិនកម្ពុជាមិនប្រើផ្លូវច្បាប់ប្ដឹងទៅកាន់តុលាការយុត្តិធម៌ICJត្រូវជំរុញទៅសហរដ្ឋអាមេរិក គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យដាក់សម្ពាធមកខាងថៃ គោរពសេចក្ដីថ្លែងការណ៍រួមនៅម៉ាឡេស៊ីជាបន្ទាន់ ហើយហ្នឹងត្រូវនិយាយជាមួយប្រធានអាស៊ាន ដើម្បីដាក់សម្ពាធទៅថៃ និងប្រញាប់ប្ដឹងបញ្ហាព្រំដែនជាមួយថៃហ្នឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ហើយមួយទៀត គឺត្រូវត្រៀមកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងត្រូវចល័តទ័ពនិងសព្វាវុធមកព្រំដែន ឡើងវិញ ដើម្បីត្រៀមការពារពីការឈ្លានពានពីសំណាក់ប្រទេសថៃ»។
លោក អ៊ុំ សំអាន សង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវបោះបង់ផ្នែកការទូតឡើយ ហើយកម្ពុជាចាំបាច់ណាស់ត្រូវតែបញ្ជូនកងកម្លាំងទៅឈរជើងទប់ស្កាត់នូវរាល់ការរំលោភបំពានឡើងវិញ ដោយការប្រើសិទ្ធិការពារខ្លួន កុំឱ្យថៃនៅតែបន្តបំពានមកលើដែនអធិបតេយ្យរបស់កម្ពុជា ដោយយកលេសដោះមីន និងចោទថាកម្ពុជាថាលួចដាក់មីន។
ជុំវិញបញ្ហានេះ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ហៅការដែលថៃប្រកាសទាត់ចោលកិច្ចព្រមព្រៀងសន្ដិភាពកូឡាឡាំពួរនេះ បញ្ជាក់ច្បាស់ថា ថៃមិនចង់ឱ្យមាន ភាគីទីបីចូលរួមដោះស្រាយបញ្ហាព្រំដែននេះ ដែលនាំឱ្យអន្ដរាយដល់ផែនការឈ្លានពាន។
លោកគូសបញ្ជាក់ថា បើទោះថៃមានមហិច្ឆតាបែបនេះក្តី ប៉ុន្ដែការបើកប្រតិបត្តិការទ្រង់ទ្រាយធំទាំងបំពាន ទំនងមិនអាចកើតមានឡើយ ពីព្រោះភាគីថៃមិនមែនមហាអំណាចសព្វាវុធ មិនអាចប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់អន្ដរជាតិ ជាពិសេសអាមេរិក។
លោកលើកឡើងក្នុងសំដីដើមថា៖ «ការទាត់ចោលកិច្ចព្រមព្រៀងសន្ដិភាពកូឡាឡាំពួររបស់ភាគីថៃ ស្ដែងឱ្យឃើញការមិនអាចទាញបានផលចំណេញពីកិច្ចព្រមព្រៀងមួយនេះ ដោយភាគីថៃស្អប់បំផុតភាគីទីបីចូលខ្លួនមកចាត់ចែងកិច្ចការ នាំឱ្យអន្ដរាយដល់ផែនការឈ្លានពានរបស់ខ្លួន»។
លើសពីនេះ លោកថា ការប្រកាសផ្អាកអនុវត្តជាឯកតោភាគី ក៏ប៉ុន្ដែភាគីថៃនៅតែទាមទារឱ្យកម្ពុជាអនុវត្តលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងសន្ដិភាពតែឯងដដែល ជាថ្នូរនឹងអ្វីដែលថៃសំដៅថា ចង់ឃើញភាពស្មោះត្រង់របស់កម្ពុជាជាមុន។ ថ្វីដ្បិតតែថៃក្លាហានព្យួរកិច្ចព្រមព្រៀង ប៉ុន្ដែការបើកប្រតិបត្តិការណ៍ទ្រង់ទ្រាយធំទាំងបំពាន និងគ្មានលេសដ៏សមទំនង ទំនងមិនអាចកើតមានឡើយ ព្រោះភាគីថៃមិនមែនមហាអំណាចសព្វាវុធ មិនអាចប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់អន្ដរជាតិ ជាពិសេសអាមេរិក។
ត្រង់ចំនុចនេះ លោក ចាន់ឡូត សង្កត់ធ្ងន់ថា៖ «ត្រូវចាំថា អាមេរិកត្រូវរក្សាឧត្តមភាព និងការផ្ដល់ភាពជឿជាក់របស់ខ្លួន ដោយមិនអាចឈរមើលកិច្ចប្រឹងប្រែងរបស់ខ្លួនត្រូវបំផ្លាញឡើយ។ តាក់តិចនេះ ថៃអាចធានាកេងផលចំណេញបានខ្លះៗ តាមរយៈការចល័តកងទ័ព និងពង្រឹងកងកម្លាំងរបស់ខ្លួនដោយប្រើលេសដោះមីន រួចបន្ដឈរជើងក្នុងតំបន់ទាំងនោះតែម្ដង ដូចភាគីថៃបានធ្វើកន្លងមកនៅផ្នែកខ្លះនៃភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់ផ្សេងៗមួយចំនួនទៀត ដែលកម្ពុជាចាំបាច់ត្រូវប្រុងប្រយ័ត្ន»។
សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកម្ពុជា និងថៃ ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមយន្តការអាស៊ាន និងមហាអំណាចសហរដ្ឋអាមេរិក ដែលក្នុងនោះមានការចុះហត្ថលេខា ពីនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ និងប្រធានអាស៊ានប្តូរវេន លោក អ៊ានវ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតី ត្រាំ ធ្វើជាសាក្សីលើការពង្រឹងបទឈប់បាញ់នេះផងដែរ និងក្រោយមានការប្រកាសគាំទ្រពីប្រទេសបារាំង និងជប៉ុនផងដែរ។
ជាការកត់សម្គាល់ ក្រោយបទឈប់បាញ់ចូលជាធរមាន ភាគីថៃមិនបានគោរពបទឈប់បាញ់ទេ ថៃបានចល័តទ័ពចូលមករាយបន្លាលួសយកដីខ្មែរជាបន្តបន្ទាប់ ដូចជា នៅប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមច្បាមយក១៧ទីតាំងទៀត នៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង តាមផែនទីដែលថៃគូដោយឯកតោភាគី ដែលមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ហៅថា ជាផែនទីចោរ៕









