ពលរដ្ឋខ្មែរ-អាមេរិកាំងកញ្ញា សេង ធារី បន្តគ្មានសេរីភាពទោះ​ប្រធានាធិបតី ត្រាំ ខំរកសន្តិភាព​ឱ្យ​កម្ពុជា

សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិច​ស្រពិ​ល​នៅ​ឡើយ ក្រោយ​លោក ដូណាល់ ត្រាំ​ បាន​ប្រឹង​ប្រែង​នាំ​មក​នូវ​បទ​ឈប់​បាញ់​ ដើម្បី​សន្តិភាព​របស់​កម្ពុជា ក្នុង​សង្រ្គាម​ឈ្លាន​​​ពាន​របស់​ថៃ។

មន្រ្តីបក្សប្រឆាំង និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​ កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ស្តារ​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ និង​ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​សហរដ្ឋ​អាមេរិក។

កញ្ញា សេង ធារី កើតនៅរាជធានីភ្នំពេញ​ក្នុ​ង​ឆ្នាំ១៩៧១។ ក្នុង​សម័យ​ខ្មែរ​ក្រហម​ កញ្ញា​ត្រូវ​បាន​ជម្លៀស​ឱ្យ​ទៅ​រស់​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ជាប់​ព្រំដែន​ប្រទេស​វៀត​ណាម ហើយ​ឪពុក​ម្តាយ​របស់​កញ្ញា ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​នៅ​ពេល​នោះ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៩ កញ្ញា និងសា​ច់ញាតិ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​ការ​សម្លាប់​របស់​ខ្មែរ​ក្រហម​ បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក ពួក​គាត់​ក៏​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​ទៅ​រស់​នៅ​លើទឹ​ក​ដី​នៃ​សហរដ្ឋ​អាមេរិក។

ចាប់តាំងពីពេលនោះមក កញ្ញា សេង ធារី បានរស់​នៅ ធំ​ដឹង​ក្តី និង​ទទួល​បាន​ការ​អប់​រំ​ផ្នែក​ច្បាប់ និង​បាន​ក្លាយ​ជា​មេធាវី​ផ្នែក​សិទ្ធិ​មនុស្ស​អ​ន្ត​រ​ជាតិ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។

ក្រោយទទួលបានសញ្ជាតិជាពលរដ្ឋអាមេរិកាំង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ នៅ​ឆ្នាំ​២០០៤ កញ្ញា​បាន​វិល​ត្រឡប់​ចូល​ប្រទេស​​កម្ពុជា​វិញ និង​បាន​ចូល​រួម​ធ្វើ​កិច្ច​ការ​ងារ​សង្គម ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស និង​នយោ​បាយ​ដ៏មាន​ប្រជា​ប្រិយ​ភាព​មួយ​រូប រហូត​ដល់​ពេល​កញ្ញា​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួ​ន​ក្នុង​ពន្ធនាគារ ក្រោម​អំណាច​សាល​ក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២។

កញ្ញាត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពី​បទ​ ញុះ​ញង់ និង​រួម​គំនិត​ក្បត់​ ពាក់​ព័ន្ធ​សកម្ម​ភាព ​និ​ង​ការ​បញ្ចេញ​មតិ​គាំទ្រ​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស។

ក្រោយតុលាការប្រកាសសាលក្រមភ្លាមៗ កញ្ញា​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិ​ហារ រយៈ​ពេល​ជាង​១​ឆ្នាំ មុន​នឹង​ត្រូវ​បាន​បញ្ជូន​មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ក្នុង​រាជ​ធានី​ភ្នំពេញ​វិញ​ក្រោយ​ពី​មាន​ការ​តវ៉ា​របស់​មេធាវី និ​ង​ក្រុម​គ្រួសារ។        

អង្គការការពារសិទ្ធិមនុស្សជាតិ អន្តរជាតិ និង​អង្គ​ការ​សហ​ប្រជា​ជាតិ ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​កញ្ញា សេង ធារី ធ្វើ​ឡើង​ក្រោម​រូប​ភាព​នយោ​បាយ រំលោភ​សិទ្ធិ​មនុស្ស និង​តាម​ទំនើង​ចិត្ត​របស់​រដ្ឋាភិ​បាល​កម្ពុជា ដោយ​​សា​​រ​តែ​​បុព្វ​ហេតុ​ទាម​ទារ​សិទ្ធិ​សេរី​ភាព យុត្តិ​ធម៌​សង្គម និង​កំណែ​ទម្រង់​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា បើ​ទោះ​ជា​អា​ជ្ញាធរ​រដ្ឋាភិ​បាល​​កម្ពុជា​អះ​អាង​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​របស់​កម្ពុជា​ក្តី។

ក្នុងអំឡុងពេល កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចខ្មែរចាប់ខ្លួន ទំនាក់​ទំនង​រវា​ងក​ម្ពុជា និង​សហរដ្ឋ​អាមេរិក​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ធ្លាក់​ចុះ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា និង​ការ​ងាក​ជ្រុល​ទៅ​ខាង​ចិន​របស់​រដ្ឋាភិ​បាល​កម្ពុជា។ អតីត​នា​យក​រដ្ឋ​មន្រ្តី និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ លោក ហ៊ុន សែន ធ្លាប់​សម្តែង​ការ​ខឹង​សម្បារ​ចំពោះ​សកម្ម​ភាព​របស់​កញ្ញា សេង ធារី រហូត​ដាក់​រហស្ស​នាម​បែប​ចំអក​ឱ្យ​កញ្ញា​ថា​ជា «អប្សរា​ក្បាល​ត្រងោល»។

លោក ហ៊ុន សែន ក៏បានបញ្ជាទៅកាន់តុលាការឱ្យដាក់គុក​កញ្ញា សេង ធារី ឱ្យ​គ្រប់​ចំនួន​ទោស​កំណត់​ដោយ​គ្មាន​ការ​បន្ធូរ​បន្ថយ ឬ​លើក​លែង​ទោស​នោះ​ឡើយ។

ដោយសារតែកញ្ញា សេង ធារី ជាពលរដ្ឋខ្មែរ-អាមេរិកាំង និងដោយ​សារ​តែ​ការ​ចាប់​ឃុំ​ខ្លួន​កញ្ញា​ជា​ករណី​នយោបា​យ ទំនាក់​ទំនង​ល្អរ​វាង​កម្ពុជា និង​អាមេរិក ត្រូវ​បាន​គេ​មើល​ឃើញ​​ជា​ទូទៅ​ថា ជា​កត្តា​សំខាន់​បំផុត​មួយ​ដែល​អាច​កំណត់​ជោគ​វាសនា​សេរីភាព​របស់​កញ្ញា។

បច្ចុប្បន្ន ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ សញ្ញា​នៃ​ភាព​ធូរ​ស្រាល​ក្នុង​ទំនាក់​ទំន​ង​រវាង​កម្ពុជា និង​អាមេរិក ហាក់​មាន​ភាព​ប្រសើរ​ឡើង​ ក្រោយ​ពេល​លោក ដូណាល់ ត្រាំ បាន​ហៅ​ទូរសព្ទ​ទាក់​ទង​ដោយ​ផ្ទាល់​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​ដោះ​ស្រាយ​រក​បទ​ឈប់​បាញ់​ក្នុង​ជម្លោះព្រំ​ដែន​រវាង​កម្ពុជា-ថៃ។ តាម​រយៈ​កិច្ច​ប្រឹង​ប្រែង​នេះ នៅ​ទី​បំផុត​ លោក ដូណាល់ ត្រាំ បាន​ចូល​រួម​ជា​សាក្សី​អម​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហីម (Anwar Ibrahim) ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​ថ្លែង​ការណ៍​រួម​សន្តិភាព រវាងក​ម្ពុជា​និង​ថៃ ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ២០២៥។

ប៉ុន្មានថ្ងៃក្រោយមក រដ្ឋមន្រ្តីក្រសួងសង្គ្រាម​សហរដ្ឋអាមេរិក លោក ភីត ហេក​សែត (Pete Hegseth) ក៏បាន​ជួ​បប្រ​ជុំជា​មួយ​រដ្ឋម​ន្រ្តីក្រ​សួង​ការពា​រ​ជាតិ​កម្ពុជា លោក ទៀ សីហា នៅ​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី ហើយ​ដែល​សហរដ្ឋ​អាមេរិក​​បញ្ជាក់​ជំហរ​ចង់​ចាប់​ផ្តើម​សម​យុទ្ធ​យោធា​ឆ្មាំ​អង្គរ​ជាមួយ​កម្ពុជា​ជា​ថ្មី ក្រោយ​អាក់​ខាន​អស់​រយៈ​ពេល ៨​ឆ្នាំ។

បើតាមសេចក្តីប្រកាសរបស់សេតវិមាន សហរដ្ឋអាមេរិក ក៏​នឹង​ដក​បំរាម​លក់​សព្វា​វុធ​មក​ឱ្យ​ប្រទេស​កម្ពុជា​ បង្កើន​ចំនួន​កៅអី​សម្រាប់​មន្រ្តី​កម្ពុជា​សិក្សា​នៅ​តាម​មហា​វិទ្យា​ល័យ​យោធា​ល្បីៗ​ នៅ​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេ​រិក និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គ​ការ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ការ​ជួញ​ដូរ​គ្រឿង​ញៀន​ និង​មជ្ឈ​មណ្ឌល​ឆបោក​​តាម​ប្រព័​​ន្ធ​បច្ចេក​វិទ្យា​ជា​ដើម។

តំណាង​រាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស រួម​មាន លោក សម រង្ស៊ី អ្នក​ស្រី មូរ សុខ​ហួរ និង​កូនស្រីរបស់​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ជា​ដើម តែង​លើក​យក​សំណុំ​រឿង​របស់​​កញ្ញា សេង ធារី លោក កឹម សុខា និង​អ្នក​ជាប់​ឃុំ​នយោ​បាយ និង​មន​សិការ​ផ្សេង​ទៀត ទៅ​ជជែក​ជាមួយ​មន្រ្តី​រដ្ឋាភិ​បាល និង​អ្នក​នយោ​បាយ​អាមេរិក ទាម​ទារ​ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា​ដោះលែ​ង​ពួក​គេ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

សម្រាប់លោក អ៊ុំ សំអាន ការ​ដោះ​លែង​កញ្ញា សេង ធារី និង​អ្នក​ជាប់​ឃុំ​នយោ​បាយ និង​មនសិការ​ដទៃ​ទៀត​ នឹ​ង​ធ្វើ​ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ច្រើន​ផ្នែក​សេដ្ឋ​កិច្ច ការ​អភិវឌ្ឍ កម្ចី ឬ​ជំនួយ និង​ការ​គាំទ្រ​នៅ​លើឆា​ក​អន្តរ​ជាតិ ជាពិសេស​ក្នុង​ពេល​កម្ពុជា​កំពុង​មាន​ជម្លោះ​ព្រំដែន​មិន​ទាន់​ចប់​សព្វ​គ្រ​ប់​ជាមួយ​ប្រទេស​ថៃ។

 លោក អ៊ុំ សំអាន បញ្ជាក់ក្នុងសំដីដើម​ថា៖ «កម្ពុជាប្រាកដ​ជាទទួល​បាន​ផល​ចំណេញ ឬ​ផល​ប្រយោជន៍​ពី​អាមេរិក ដូច​ជា អាមេរិក​ឈប់​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ GSP ដល់​កម្ពុជា ហើយ​កាល​ណាប្រ​ព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP ទទួល​បាន​មក​វិញ គឺ​នឹង​បង្កើត​ការ​ងារ​រោង​ចក្រ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ឡើង។ អាមេរិក​ក៏​នឹង​ជួយ​កម្ពុជា​ឱ្យ​មាន​បទ​ឈប់​បាញ់ ឱ្យ​មាន​សន្តិភាព​ជាមួយ​ថៃ​ ហើយ​ក៏​នឹង​មាន​អ្នក​វិនិយោគ​របស់​អាមេរិក​ទៅ​បណ្តាក់​ទុន​នៅ​កម្ពុជា ដើម្បី​បង្កើត​​ការ​ងារ​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា​ផង​ដែរ»។  

កញ្ញា សេង ធារី បានជាប់ពន្ធនាគារអស់រយៈពេលជិត ៣ឆ្នាំក​ន្លះ គិត​មក​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ។

​នាយកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែង​ថា ដើម្បី​ឱ្យ​កម្ពុជា​មាន​ទំនាក់​ទំនង​​កាន់​តែ​ល្អ​ប្រសើរ​ជាមួយ​សហ​រដ្ឋ​អាមេរិក ក៏​ដូ​ចជា​​ទទួល​បាន​នូវ​ការ​គាំទ្រ​ផ្នែក​ការ​ទូត​ពី​ប្រ​ទេ​ស​​នា​​នា​នៅ​លើ​ឆាក​អន្តរ​ជាតិ ក្នុង​ពេល​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ជួយ​ស្វែង​រក​បទ​ឈប់​បាញ់​ ស​ម្រាប់​កម្ពុជា​និង​ថៃ កម្ពុជា​គួរ​ពិចារណា​ដោះ​លែង​កញ្ញា សេង ធារី និង​អ្នក​ជាប់​ឃុំ​មនសិការ និង​អ្នក​នយោបាយ​ផ្សេងទៀត​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ឆាប់ៗ ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក អំ សំអាត ថ្លែង​បញ្ជាក់ថា៖ «មិន​មែន​តែ​កញ្ញា សេង ធារី មួយ​ទេ កម្ពុជា​យើង​ក៏​គួរ​ពិនិត្យ​ទៅ​លើ​ករណី​ឯកឧត្តម កឹម សុខា ក៏ដូ​ច​ជា​សកម្ម​ជន​នយោបាយ​ផ្សេងៗ សកម្ម​ជន​សិទ្ធិ​មនុស្ស សកម្មជ​ន​បរិស្ថាន​ជាដើម ដែល​កន្លង​​មក​អាមេរិ​កាំង​តែង​មាន​ការ​រិះ​គន់​ទៅ​លើ​បញ្ហា​ទាំង​អស់​នេះ។ វា​គួរ​ដល់​ពេល​ហើយ កម្ពុជា​គួរ​ពិនិត្យ​ពិចារណា បើ​មិន​អ៊ីចឹង​ទេ យើង​ឃើញ​ថា​អាច​នឹង​មាន​កា​រ​រិះ​គន់​បន្ត​ទៀត»។

ក​ន្លងទៅ មេដឹកនាំកម្ពុជាតែងបញ្ចេញប្រតិកម្មខ្លាំងៗ​ឆ្លើយ​តប​ចំពោះកា​រ​រិះ​គន់​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិប​តេយ្យ ការ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​បង្រ្កាប​បទ​ល្មើស​ជួញ​ដូរមនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាដើម។

សហរដ្ឋអាមេរិក ក៏បានដាក់មន្រ្តីធំៗ និង​ឧកញ៉ាមួយ​ចំនួន ដែល​មាន​ទំនាក់​ទំន​ងជិត​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃកា​រ​ដាក់​ទណ្ឌ​កម្ម​បង្កក​ទ្រព្យ​សម្បត្តិ និង​មិន​ផ្តល់​ទិដ្ឋាកា​រ​ចូល​ជាន់​ទឹ​ក​ដី​អាមេរិក។

ថ្មីៗនេះ សហរដ្ឋអាមេរិក ថែម​ទាំង​ប្រកាស​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពី​ក្រុមហ៊ុន Prince Group របស់​អ្នក​ឧកញ៉ា​ខ្មែរ​ដើម​កំណើត​ចិន និង​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន គឺ​លោក ចេន ហ្ស៊ី ប្រមាណ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​សហរដ្ឋអា​មេរិក​ចោទ​ប្រកាន់​អ្នក​ឧកញ៉ា​វ័យ​ក្មេង​ មាន​លុយ​វាល់​លាន​ដុល្លារ​រូប​នេះ​ថា ជា​មេខ្លោង​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ជួញ​ដូរ​មនុស្ស និង​លាង​លុយ​កខ្វក់​។ល។ វិធាន​ស្រដៀង​គ្នា​នេះ ប្រឆាំង​នឹ​ងលោ​ក ចេន ហ្ស៊ី ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិ​បាល​ចក្រ​ភព​អង់​គ្លេស និង​អាជ្ញាធរ​ប្រទេស​សិង្ហ​បុរី​ផង​ដែរ។

ទោះជាទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក មិន​សូវ​ជា​ល្អ​ដោយ​សារ​កត្តា​មួយ​ចំនួន ប្រទេស​ទាំង​ពីរ​ក៏​មាន​ទំនាក់​ទំន​ងល្អូក​ល្អឺន​នឹង​គ្នា​ម្តង​ម្កាល​ដែរ។

ជាក់ស្តែង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បោះដៃ​ចូល​រួម​ជួយ​សម្រប​សម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​ក្នុង​ជម្លោះ​ព្រំដែ​ន​កម្ពុជា-ថៃ ទាំង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត បាន​សម្តែង​ការ​ស្វាគមន៍ និង​ទទួល​យក​ការ​សម្រប​សម្រួល​របស់​អាមេរិក។ ជា​ការ​អរគុណ​ចំពោះ​អាមេរិក លោក ហ៊ុន ម៉ាណែត ថែម​ទាំង​បាន​ប្រកាស​គាំទ្រ​បេក្ខ​ភាព​លោក ដូណាល់ ត្រាំ សម្រាប់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ទៀត​ផង។

ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​បាន​ផ្តល់​កាដូ​សេរីភា​ពដ​ល់​ពលរ​ដ្ឋអា​មេរិកាំង​ដើម​កំណើត​ខ្មែរ​កញ្ញា សេង ធារី ដល់​លោក ដូណាល់ ត្រាំ នោះឡើ​យ។

វីអូឌី បាន​ទាក់ទងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសាកសួរអំពី​បញ្ហា​នេះ ប៉ុន្តែ​ស្ថាន​ទូត​អាមេរិក​បាន​បង្វែរ​ឱ្យ​សួរ​ទៅ​កាន់​ក្រសួង​ការ​បរទេស​អាមេរិក​វិញ ដែល​វីអូឌី​មិន​ទាន់​អាច​ទាក់​ទង​បាន។

ចំណែក អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក ជិន ម៉ាលីន បានបដិសេធឆ្លើយត​ប​សំណួរ​របស់​វីអូឌី ​ដោយ​លើក​​ហេតុ​ផល​ថា វីអូឌី​ជា​ស្ថាប័ន​មិន​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​ក្រសួង​ព័ត៌​មាន​របស់​កម្ពុជា។ ទោះជាយ៉ាងណា មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ធ្លាប់​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​តាម​ដាន និង​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​លើករណី​របស់​កញ្ញា សេង ធារី។

ចាប់តាំងពីត្រូវបានឃុំខ្លួនកាលពីខែ​មិថុនា ឆ្នាំ២០២២​មក កញ្ញា សេង ធារី បាន​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​នៅ​ក្នុង​ពន្ធនា​គារ​មិន​តិច​ជាង ៤​ដ​ង​នោះ​ឡើយ ដើម្បី​ទាម​ទារ​ឱ្យមា​ន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះកា​រ​ជាប់​ឃុំរបស់​កញ្ញា​ផ្ទាល់ និង​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះលែ​ង​សកម្ម​ជន​នយោបាយ និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​ដោយ​អយុត្តិ​ធម៌ ។

កញ្ញាក៏ធ្លាប់ប្ដឹងទៅក្រសួងមហាផ្ទៃ ដើម្បីរកដំណោះស្រាយពីភាពមិន​ប្រក្រតី​ក្នុង​ពន្ធនា​គារ ពាក់​ព័ន្ធ​នឹង​ទារុណ​កម្ម​ផ្លូវ​ចិត្ត​លើ​អ្នក​ជាប់​ឃុំ​ផង​ដែរ។

បច្ចុប្បន្ននេះ កញ្ញា សេង ធារី មិនទាន់ចាត់តាំងក្រុមមេធាវីការពារ​សិទ្ធិ​ថ្មី​សម្រាប់​បន្ត​ការ​ពារ​ក្តី​ឱ្យ​កញ្ញា​នៅ​តុលាការ​​នៅ​ឡើយ​ទេ ដោយ​សារ​​តែ​កញ្ញា​ចង់​ផ្លាស់​ប្តូរ​ក្រុម​មេធាវី​ទៅ​តាម​ដំណាក់​កាល​នៃ​ដំណើរ​ការ​ក្តី​នៅ​តុលាការ។

អតីតមេធាវីការពារសិទ្ធិឱ្យកញ្ញា សេង ធារី លោក​បណ្ឌិត សឺន ជុំជួន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​ថា តាម​ដែល​លោក​ដឹង កញ្ញា សេង ធារី បាន​រង​នូវ​សម្ពាធ​ផ្លូវ​ចិត្ត​ច្រើន ដោយ​សារ​តែ​ការ​រស់​នៅក្នុ​ង​ភាព​ស្មុគ្រ​ស្មាញ​នៅក្នុ​ង​ពន្ធនាគារ។

លោកបណ្ឌិត សឺន ជុំជួន ឱ្យដឹងបន្ថែមថា កញ្ញា សេង ធារី តែងការពារ​ជំហរ​ក្នុង​នាម​កញ្ញា​ជាម​នុស្ស​ស្អាត​ស្អំ មិន​បាន​​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដែល​ជា​ភាព​រឹង​មាំរ​បស់​មេធាវី​សិទ្ធិ​មនុស្ស​អន្ត​រ​ជាតិ​រូប​នេះ។

លោកបណ្ឌិត សឺន ជុំជួន ថ្លែងបន្តថា៖ «ពេលដែលខ្ញុំជាមេធាវីការពារសិទ្ធិឱ្យ​កញ្ញា សេង ធារី គ្រា​នោះ​គឺសុខ​ភាពគា​ត់​ល្អធ​ម្មតា​ទេ គ្រាន់​តែ​ថា​ខាង​សុខ​ភាព​ផ្លូវ​ចិត្ត​មិន​បាន​ជា​សុខ​សប្បាយ​ប៉ុន្មាន​ទេ ដោយ​សារ​គាត់​មាន​បញ្ហា​ផ្លូវ​ចិត្ត​ច្រើន នៅ​ក្នុង​សម្ពាធ ភាព​ស្មុគ្រ​ស្មាញ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ ជាពិសេស​នៅ​ក្នុង​មណ្ឌល​អប់​រំ​កែ​ប្រែ គាត់​មិន​សូវ​រីក​រាយ​​ណាស់​ណា​ទេ នៅក្នុ​ង​សម្ពាធ​ផ្លូវ​ចិត្ត​របស់​គាត់»។​

យ៉ាងណា លោក អ៊ុំ សំអាន ផ្តល់ទស្សនៈថា ដើម្បីឱ្យកម្ពុជាមានទំនាក់ទំនង​កាន់​តែ​ប្រសើរ​ខ្លាំង​ឡើង​ថែម​ទៀត​ជាមួយ​​សហរដ្ឋ​អាមេរិក ក្រៅតែ​ពី​កម្ពុជា​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ​ តាម​រយៈ​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នាជា​មួយអា​មេរិក រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស ពង្រឹង​លទ្ធិប្រជា​ធិប​តេយ្យ និង​ត្រូវ​ហ៊ាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គល​មាន​លុយ​មាន​អំណាច ជា​មេខ្លោង​នៅ​ពី​ក្រោយ​បទ​ល្មើស​ធំៗដែ​ល​បង្ក​ផល​ប៉ះពា​ល់​មិន​ល្អ​ដល់​ទំនាក់​ទំនង​រ​វាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

លោក អ៊ុំ សំអាន បញ្ជាក់បន្ថែមថា៖​ «កម្ពុជាត្រូវដោះលែងអ្នកទោសមនសិការ​ទាំង​អស់ រួម​ទាំង​កញ្ញា សេង ធារី លោក កឹម សុខា ងាក​មក​ផ្លូវ​ប្រជា​ធិប​តេយ្យ គោរព​សិទ្ធិ​មនុស្ស រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌។ កម្ពុជា​ត្រូវ​បង្ក្រាប​បទ​លើ្មស​ឆបោក​តាម​អន​ឡាញ ហើយ​ហ៊ាន​ចាប់​មន្រ្តី​ធំៗ ឬ​ឧកញ៉ា​ដែល​នៅ​ពីក្រោយ​បទ​ឧក្រិដ្ឋ ដូច​ជា ឧកញ៉ា ចេន ហ្ស៊ី ឧកញ៉ា លី យ៉ុង​ផាត់ ឧកញ៉ា ហ៊ុន តូ ឧកញ៉ា ទ្រី ភាព ឧកញ៉ា កុក អាន ជាដើម»។ 

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​តាម​ទូរសព្ទ​ជាមួ​យ​លោក ខាស់ ភេ​តែល (Kash Patel) នាយក​នៃ​ការិយាល័យ​ស៊ើប​អង្កេត​កម្រិត​សហព័ន្ធ (FBI) របស់​សហរដ្ឋ​អាមេរិក។

បើតាមលោក ហ៊ុន ម៉ាណែត ភាគីទាំងពីរបានពិភាក្សាពី​កិច្ចសហ​ប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​សន្តិ​សុខ​របស់​កម្ពុជា និង FBI ក្នុង​ការ​ទប់​ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដូច​ជា ការ​ជួញ​ដូរ​មនុស្ស គ្រឿង​ញៀន ឃាត​កម្ម ជំរិត​ទារ​ប្រាក់ ឧក្រិដ្ឋ​កម្ម​ហិរញ្ញ​វត្ថុ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា។ 

បន្ទាប់មកនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត ក៏បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក ម៉ៃឃើល ហ្សក ឌីស៊ុមបើ (Michael George DeSombre) ឧបការីរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួលប​ន្ទុក​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ី​ហ្វិក។ ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ពី​ការ​បន្តពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​ឱ្យកា​ន់​តែ​ស៊ី​ជម្រៅ ជាពិសេស​ក្នុង​វិស័យ​វិនិ​យោគ និង​ពាណិជ្ជ​កម្ម ព្រម​ទាំង​គូស​បញ្ជាក់​ពី​ការ​តាម​ដាន​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ការ​អនុវត្ត​សេច​ក្តី​ថ្លែង​ការណ៍​រួម​សន្តិភា​ព​រវាង​កម្ពុជា-ថៃ ដែល​បាន​ចុះហ​ត្ថ​លេខា​នៅ​​ប្រទេស​ម៉ាឡេ​ស៊ី ដោយ​មាន​លោក ដូណាល់ ត្រាំ ជាសាក្សី។

មន្រ្តីបក្សប្រឆាំងលើកឡើងថា ដរាបណារដ្ឋាភិបាលរបស់​លោក ហ៊ុន ម៉ាណែត បន្ត​រំលោភ​សិទ្ធិ​មនុស្ស មិន​គោរព​គោល​​ការណ៍​​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​បង្រ្កាប​ទៅ​លើ​បុគ្គល​មាន​លុយ​មាន​អំណាច​ដែល​ជា​មេខ្លោង​ប្រព្រឹត្ត​បទ​ល្មើស​ធំៗ កម្ពុជា​នៅ​តែ​បន្ត​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ដែល​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​​បន្ត​មិន​ទុក​ចិត្ត ហើយ​ទីបំផុត​ភាគី​ដែល​ខាត​បង់​ផល​ប្រយោជន៍ គឺ​ប្រទេស​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ