ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) វិភាគថា កង្វះប្រព័ន្ធនីតិរដ្ឋ និងបក្សពួកនិយមក្នុងក្បាលម៉ាស៊ីនដឹកនាំធ្វើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាត់បង់ម្ចាស់ការស្ទើរទាំងស្រុង ធ្វើឱ្យកម្ពុជាក្លាយជារដ្ឋការពារបណ្តាញឧក្រិដ្ឋជន បាក់មុខលើឆាកអន្តរជាតិដែលប្រឈមការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។
នេះបើតាមសេចក្តីវិភាគកម្រាស៤ទំព័ររបស់ CAT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីអំពី «ស្ថានភាពប្រចាំប្រទេសកម្ពុជាចុងឆ្នាំ២០២៥»។
(CAT) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និយាយថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បាត់បង់ម្ចាស់ការស្ទើរទាំងស្រុងក្នុងកិច្ចការដឹកនាំ និងជម្រើសសេដ្ឋកិច្ចក្នុងឋានៈជាប្រទេសឯករាជ្យ អព្យាក្រិត្យ មិនចូលបក្ខសម្ព័ន្ធ ដូចចែងក្នុងរដ្ឋធម្មនុញ្ញ។
បើតាម CAT កង្វះប្រព័ន្ធនីតិរដ្ឋ និងបក្ខពួកនិយម ក្នុងរបបគ្រប់គ្រងរដ្ឋបច្ចុប្បន្នរបស់លោក ហ៊ុន ម៉ាណែត នៅខែតុលា និងដើមខែវិច្ឆិកា ឆ្នាំ២០២៥ កើតមានលើបញ្ហាជាច្រើន រួមមាន ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ការមិនអើពើនិវេទក្រហមរឿងឃាតកម្ម លោក លិម គិមយ៉ា ការបង្កកទ្រព្យសម្បត្តិឧកញ៉ា លី យ៉ុងផាត់ និងឧក្រិដ្ឋជន ចេន ហ្ស៊ី ការបន្តឃុំខ្លួនកងទ័ពកម្ពុជាចំនួន ១៨នាក់ និងវិបត្តិបំណុលពលរដ្ឋខ្មែរ។
បន្ថែមលើនេះ CAT ថា កម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន ម៉ាណែត និងតាមរយៈការជួយជ្រោមជ្រែងរបស់លោក ហ៊ុន សែន ត្រូវបានពិភពលោកមើលឃើញថា ជាជម្រកដ៏សុខសាន្តរបស់ឧក្រិដ្ឋជនអនឡាញ លាងលុយកខ្វក់ និងជារដ្ឋការពារឧក្រិដ្ឋជនដែលរងទណ្ឌកម្មពីអន្តរជាតិ ពិសេសសហរដ្ឋអាមេរិក។
ក្នុងនោះបុគ្គលជាប់ឈ្មោះជាឧក្រិដ្ឋជន រួមមាន ឧកញ៉ា ទ្រី ភាព លោក គន់ គីម មេកងអង្គរក្សរបស់លោក ហ៊ុន សែន ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា លោក ហ៊ុន តូ ក្មួយលោក ហ៊ុន សែន និងឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន ជាដើម។
ក្រុមអ្នកតស៊ូមតិកម្ពុជា សង្កត់ធ្ងន់ថា ការដឹកនាំបច្ចុប្បន្ន កំពុងរុញកម្ពុជាឲ្យកាន់តែអាប់ឱនកិត្តិយសជាតិ សេចក្តីថ្លៃថ្នូរ តម្លៃប្រជាជាតិខ្មែរក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេសតាមរយៈការរក្សាទុកឧក្រិដ្ឋជន និងការពារមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងក្នុងគណបក្សដែលជាប់ទណ្ឌកម្មអន្តរជាតិ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ ចាត់ទុកការវិភាគនេះ មិនបានឆ្លុះបញ្ចាំងពីភាពពិតនៅកម្ពុជាទេ វាគ្រាន់តែជាទស្សនៈមួយជ្រុង ដើម្បីវាយប្រហារលើរដ្ឋាភិបាលដែលជាទម្លាប់ដដែលៗរបស់ក្រុមប្រឆាំងប៉ុណ្ណោះ។
លោកថា៖ «ពួកគេមើលមកឃើញ សម្រាប់កម្ពុជា គឺក្នុងផ្លូវអាក្រក់ទាំងអស់ ដោយសារតែនិន្នាការរបស់ពួកគេតែម្ដង ភាពស្អប់របស់ពួកគេ។ អ៊ីចឹងចង់កម្ពុជា ធ្វើអ្វីល្អក៏ពួកគេមិនសប្បាយចិត្តដែរ។ ពួកគេវាយតម្លៃនីតិរដ្ឋនៅកម្ពុជា គឺតាមអារម្មណ៍នៃការខឹងស្អប់របស់ពួកគេតែប៉ុណ្ណោះ។ខ្ញុំគិតថា ពួកគាត់អាចពិចារណាបន្ថែមខ្លួនឯងទៅអាហ្នឹង! វាគ្មានតម្លៃអី សម្រាប់ប្រយោជន៍សម្រាប់ប្រទេសកម្ពុជាទេ ហើយយើងខិតខំប្រឹងប្រែងអ្វីដែលយើងកំពុងធ្វើនេះ យើងខិតខំប្រឹងប្រែងបន្ថែមទៀត អ្នកដែលនៅ! អ្នកដែលខំប្រឹងធ្វើ គឺយើងនៅតែខំប្រឹងធ្វើ ហើយអ្នកដែលវាយប្រហារ គឺជាទម្លាប់របស់ពួកគេទៅហើយ។ យើងធ្វើយ៉ាងណាសម្រាប់ប្រទេសកម្ពុជា គឺឱ្យប្រទេសកម្ពុជាជាប្រទេសរបស់យើងទាំងអស់គ្នា»។
យ៉ាងណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា ការវិភាគរបស់ក្រុមអ្នកតស៊ូមតិកម្ពុជា គឺជារឿងពិតនៅកម្ពុជា ហើយថា ការដឹកនាំនៅកម្ពុជាជាការដឹកនាំបែបឯកបក្ស គ្មានតុល្យភាពអំណាច ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគ្មាននីតិរដ្ឋរឹងមាំ ដែលជាឋានសួគ៌របស់ពួកឧក្រិដ្ឋជន។
លោកថា៖ «គេឱ្យដំបូន្មាន គេឱ្យអីអស់ហើយប៉ុន្តែ នៅតែប្រកែកញ៉ាញ។ ប៉ុន្តែអ្នកនាំពាក្យយើងត្រូវដឹងហើយគាត់ជាសត្វសេក! ធ្វើម៉េច យើងមិនអាចបន្ទោសគ្នាបានទេ។ អ្នកប្រព្រឹត្តអំពើហ្នឹងគឺថ្នាក់ដឹកនាំ និយាយឱ្យចំទៅ មេដឹកនាំជាឧក្រិដ្ឋជនធំ ចូលដៃចូលជើងគ្នាទាំងអស់! អ៊ីចឹងបាន អត់មានវះកាត់! អត់អាកាត់អីទាំងអស់។ មានគណបក្សប្រឆាំង គាត់មិនអាចជិះសេះលែងដៃ គាត់មិនអាចធ្វើអីស្រេចតែចិត្តទេ។ រំលាយគណបក្សសង្រ្គោះជាតិមក ២០១៧មក គឺប្រទេសកម្ពុជាធ្លាក់ដុនដាបមែនទែនហើយ។ យើងមើលទៅចាប់ផ្តើម២០១៧មករហូតដល់ឥឡូវនេះ គឺធ្លាក់ដល់បាតដាលមែនទែន ហើយធ្វើបាបប្រជាពលរដ្ឋ អ្នកណានិយាយអីអត់បានចាប់គេដាក់គុក ហ្នឹងជំនាន់ឪពុកហើយដល់ពេលកូនឡើងមកទៀត កូនយ៉ាប់ជាងឪ»។
ដោយឡែក នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរមានមូលដ្ឋាននៅអូស្ត្រាលី លោក សេង វណ្ណលី ធ្លាប់ផ្តល់បទសម្ភាសន៍ឱ្យVODថា រដ្ឋាភិបាលកម្ពុជាមិនអាចបោសសម្អាតឧក្រិដ្ឋកម្មឆបោកបានទេ បើកម្ពុជាគ្មានប្រព័ន្ធនីតិរដ្ឋរឹងមាំដើម្បីកាត់ទោសឧក្រិដ្ឋជនស្និទ្ធិនឹងមេដឹកនាំបាននោះ។
លោកថា៖ «ពេលដែលស្ថាប័ននីតិប្រតិបត្តិនីតិប្បញ្ញត្តិ និងស្ថាប័នតុលាការខ្វះស្វ័យភាព និងភាពឯករាជ្យ និងត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចប្រព័ន្ធបក្ខពួកនិយម និងនិទណ្ឌភាពនឹងរីកសុះសាយ អំពើពុករលួយនឹងចាក់ស្រែះចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។ ដូច្នេះខ្ញុំគិតថា ដើម្បីឲ្យមានការដោះស្រាយប្រកបដោយប្រសិទ្ធភាពបាន! មិនថាបញ្ហាអ្វីក៏ដោយ លុះត្រាតែពង្រឹងប្រព័ន្ធនីតិរដ្ឋមានស្ថាប័នឯករាជ្យ ដែលមានគណនេយ្យភាព និងតម្លាភាព ហើយដែលអាចមានសុវត្ថិភាពក្នុងការចាប់ចោទនិងដាក់គុកអ្នកប្រព្រឹត្តបាន! មិនថាអ្នកនោះខ្ពស់ឬទាប មានឥទ្ធិពលឬមិនមាន ជាមន្ត្រីឬជាជនសាមញ្ញ ទើបការបង្ក្រាបឬក៏យុទ្ធនាការនានា មិនថាកម្ទេចឧក្រិដ្ឋកម្មអនឡាញ អាជីវកម្មកខ្វក់និងកាត់បន្ថយ ឬបំបាត់អំពើពុករលួយ ទើបទទួលបានជោគជ័យ»។
អង្គការលើកលែងទោសអន្តរជាតិ បានចេញផ្សាយរបាយការណ៍ កាលពីខែមិថុនា ឆ្នាំ២០២៥ រកឃើញថា មានពលករបរទេសរាប់ពាន់នាក់ មកពីបណ្ដាប្រទេសអាស៊ី ដូចជា វៀតណាម ភូមា ចិន និងកោះតៃវ៉ាន់ មានទាំងកុមារ ដែលខ្លះត្រូវបានគេជួញដូរ បញ្ជូនទៅនៅក្នុងទីតាំងដូចនៅក្នុងគុក ដើម្បីបង្ខំឱ្យបម្រើការឆបោកតាមអនឡាញ និងលេងល្បែងតាមអនឡាញ នៅកម្ពុជា។
ប្រភពនោះ រកឃើ់ញថា ទីតាំងចំនួន៥៣ ដែលត្រូវអះអាងថា ជាកន្លែងឆបោកតាមអនឡាញ ស្ថិតនៅក្នុងខេត្តក្រុងចំនួន១៦ ក្នុងនោះរួមមានទីក្រុងភ្នំពេញ និងបណ្ដាខេត្តតាមព្រំដែន ដូចជា តាកែវ កំពត ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ខេត្តព្រះសីហនុ និងនៅទីក្រុងបាវិតខេត្តស្វាយរៀងជាដើម។
ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ពួកគេត្រូវបានគេឃុំឃាំងដោយមានវិធានការសន្ដិសុខយ៉ាងតឹងរ៉ឹង រួមទាំងការហ៊ុមព័ទ្ធរបងដោយបន្លាលួស បង្កប់អគ្គិសនីឆក់ និងក្រុមកងសន្ដិសុខប្រដាប់ដោយអាវុធ។
គម្រោងយុត្តិធម៌ពិភពលោក នៅឆ្នាំ២០២៤ បានចាត់ចំណាត់ថ្នាក់ប្រព័ន្ធយុត្តិធម៌កម្ពុជា បន្តស្ថិតនៅជិតបាតតារាង ពោលគឺលេខទី១៤១ ក្នុងចំណោម១៤២ប្រទេស គឺកម្ពុជានៅលើតែប្រទេសវេណេស៊ុយអេឡាមួយតែប៉ុណ្ណោះ៕









