ទើបចុះហត្ថលេខាបានជាង ២សប្ដាហ៍ នៅប្រទេសម៉ាឡេស៊ី សេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពកម្ពុជា-ថៃ កំពុងដើរទៅរកភាពផុយស្រួយ ក្រោយភាគីថៃទាញឧប្បត្តិហេតុ ទាហានជាន់មីនមកធ្វើជាកម្មវត្ថុ ដើម្បីផ្អាកកិច្ចព្រមព្រៀងមួយនេះ។
រាជរដ្ឋាភិបាលថៃ តាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នៅថ្ងៃទី១១ ខែវិច្ឆិកា បានប្រកាសពីការអនុម័តផ្អាកសេចក្តីប្រកាសរួមថៃ-កម្ពុជា និងអនុញ្ញាតឱ្យមានប្រតិបត្តិការយោធាទៅកាន់តំបន់ព្រំដែន ដើម្បីជំរុញឱ្យកម្ពុជាទទួលខុសត្រូវ ចំពោះឧប្បត្តិហេតុផ្ទុះមីន ដែលបង្ករបួសដល់ទាហានថៃនៅជិតព្រំដែនកាលពីថ្ងៃចន្ទ។
ពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ លោក ស្រី ទាវ ប្រាប់វីអូឌីថា ការសម្រេចរបស់ថៃ ធ្វើឱ្យលោកកាន់តែមានក្ដីបារម្ភពីភាពតានតឹងផ្នែកយោធា ស្របពេលដែលលោកនិងអ្នកភូមិផ្សេងទៀត កំពុងស្ថិតនៅតំបន់ក្ដៅ ដែលទាហានថៃព័ទ្ធសំណាញ់ និងបន្លាលួស។ លោកបន្តថា មកទល់ពេលនេះ មិនទាន់មានការប្រែប្រួលជាកត់សម្គាល់នៅតំបន់នេះទេ តែលោកលឺសំឡេងគោះអ្វីម្យ៉ាងចេញពីផ្ទះ ដែលទាហានថៃព័ទ្ធយក។
លោក ស្រី ទាវ និយាយថា៖ «បាទ! ដូចតែដូច មិនដឹងវាធ្វើអីក្លិកក្លុកៗក្នុងផ្ទះយើង វាគោះពេញតែក្នុងផ្ទះយើងហ្នឹងឯង ដែលវាព័ទ្ធនៅក្នុងហ្នឹង។ អត់! មើលអត់ឃើញ[…] បារម្ភហ្នឹងឯង មិនដឹងម៉េចអីម៉េច ខែនេះដល់ខែស្រូវស្រែ អ្នកខ្លះគ្នាមិនទាន់បានច្រូត»។
ក្រៅពីសេចក្ដីថ្លែងការណ៍ស្ដីពីសន្តិភាព កិច្ចព្រមព្រៀងដទៃទៀត រវាងកម្ពុជា-ថៃ ក៏រដ្ឋាភិបាលថៃ ប្រកាសផ្អាកដូចគ្នា។ ការប្រកាសនេះ ធ្វើឡើងក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ រយៈពេល៣ម៉ោង ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី អនុធីន ឆានវីរៈគុល បន្ទាប់ពីមានហេតុការណ៍ ទាហានថៃបួននាក់រងរបួស ដោយសារផ្ទុះគ្រាប់មីននៅតំបន់ ហួយតាម៉ារៀ ក្នុងខេត្តស៊ីសាកេត ដែលស្ថិតនៅទល់មុខប្រាសាទព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា។
ឆ្លើយតបនឹងហេតុការណ៍នេះ នៅល្ងាចថ្ងៃដដែល ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។
ទោះយ៉ាងណា ក្រោយកិច្ចប្រជុំនៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីថៃ លោក អនុធីន បញ្ជាក់ថា ការផ្អាកកិច្ចព្រមព្រៀងទាំងអស់ នឹងនៅតែបន្ត លុះត្រាកម្ពុជាបញ្ចប់នូវទង្វើដែលថៃចោទថាជាអរិភាព។
ចំណែក រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់តៈពល ណាកផានិច្ច បានប្រាប់អ្នកយកព័ត៌មានខ្លួនថា ការបញ្ជូនទាហានកម្ពុជាចំនួន ១៨នាក់ ត្រឡប់មកកម្ពុជា ក៏នឹងត្រូវបានផ្អាកដូចគ្នា។
យោងតាមកាសែតថៃ The Nation អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក សិរីពង្ស អ័ងខៈសកុលគៀត (Siripong Angkasakulkiat) បាននិយាយថា ការផ្ទុះមីនកាលពីថ្ងៃចន្ទ បានជំរុញឱ្យនាយករដ្ឋមន្ត្រី អនុធីន បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធត្រៀមការពារព្រំដែន និងក្រសួងមហាផ្ទៃ ការពារប្រជាពលរដ្ឋពីការប៉ះទង្គិចដែលអាចកើតមាន។
ប៉ុន្តែព្រឹត្តិការណ៍ក្នុងរយៈពេលមិនដល់២៤ម៉ោងនេះ បានជំរុញឱ្យអ្នកឃ្លាំមើលកម្ពុជា ដាក់ក្ដីសង្ស័យថា ករណីផ្ទុះមីនដែលមានទាហានថៃរងគ្រោះនោះ មិនមែនជាឧបទ្ទវហេតុនោះឡើយ។
អ្នកតាមដាននយោបាយ និងសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា វាមិនមែនជារឿងចៃដន្យនោះទេ ដែលទាហានថៃស្រាប់តែជាន់មីន ហើយរដ្ឋាភិបាលថៃយកហេតុផលនេះចោទប្រកាន់ និងផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាភ្លាមៗបែបនេះ។ លោកបន្តថា កិច្ចព្រមព្រៀងនេះ មានភាពផុយស្រួយ និងមានអាយុខ្លី តាំងតែពីដំបូង ដោយសារថៃធ្លាប់បានបង្ហាញភាពស្ទាក់ស្ទើរ ក្នុងការធ្វើដំណើរទៅចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ។
លោក មាស នី ថ្លែងថា៖ «ភាគីថៃពេលនោះដូចជាមានភាពស្ទាក់ស្ទើរ ក្នុងការទៅចូលរួមប្រជុំដើម្បីចុះហត្ថលេខាទៅលើសេចក្ដីប្រកាសរួមគ្នាហ្នឹង [….] អ៊ីចឹងនៅក្នុងករណីផ្ទុះមីននេះវា ជួនកាលវាមិនមែនជារឿងចៃដន្យទេ វាអាចជារឿងដែលគ្រោងទុកដោយសារកងទ័ពថៃ ដើម្បីរកមធ្យោបាយណាមួយបង្កឱ្យមានភាពតានតឹងហ្នឹងឡើងវិញ»។
សេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពកម្ពុជា-ថៃ ត្រូវបានរៀបចំចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ក្រោមវត្តមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។
មុនចុះហត្ថលេខាពីរថ្ងៃ ប្រទេសថៃ បានប្រកាសពីដំណឹងសោយទិវង្គតរបស់ម្ចាស់ក្សត្រី សីរីគីត ដោយនាយករដ្ឋមន្ត្រីថៃ លោក អនុធីន បានលើកហេតុផលកាន់ទុក្ខ មិនចង់ទៅចុះហត្ថលេខា តែក្រោយមកក៏ទៅចូលរួមវិញ ក្រោមសម្ពាធដោយប្រយោលរបស់សហរដ្ឋអាមេរិក។
ទោះយ៉ាងណា កិច្ចព្រមព្រៀងសន្តិភាពមួយនេះ នៅតែមកដល់ចំណុចផុយស្រួយ ដែលធ្វើឱ្យពលរដ្ឋកម្ពុជា ពិសេសអ្នកនៅតាមព្រំដែន ព្រួយបារម្ភពីភាពតានតឹងផ្នែកយោធា និងការធ្វើទុក្ខបុកម្នេញរបស់ទាហានថៃមកលើកម្ពុជាជាថ្មីម្ដងទៀត៕









