លោក សម រង្ស៊ី ចោទ​ថា​គ្រួសារ​ហ៊ុន​​​គ្រោង​ផ្ទេរ​មាស​ជាង​៥៤​តោន​ជា​ទ្រព្យ​បម្រុង​ជាតិ​ទៅ​ទុក​នៅ​ចិន

លោក សម រង្ស៊ី ដែលកំពុងនិរទេស​ចោទ​​ថា រដ្ឋាភិបា​​លគ្រួសារ​ហ៊ុន ​មា​ន​គម្រោង​ផ្ទេរ​មាស​៥៤​តោន​ ឬស្មើ​នឹង​ជាង​២៦​ពាន់​លាន​ដុល្លារ ដែល​ជា​ទ្រព្យ​បម្រុង​របស់​ជាតិ ផ្ទេរ​ពី​ប្រទេស​លោក​សេរី ទៅ​ទុក​នៅ​ប្រ​ទេ​ស​​ចិន ដោយ​ថា ដើម្បី​លួង​ចិត្ត​ចោរ​អន្តរ​ជាតិ ប្លុក​លោក​សេរី​កំពុង​តាម​ចាប់។

កាលពីថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ​២០២៥នេះ រដ្ឋាភិបាល​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ ថ្កោស​ទោស​យ៉ាង​ដាច់​អហង្ការ លើ​រដ្ឋាភិ​បាល​គ្រួសារ​ហ៊ុន ដោយ​ចោទ​ពី​ចេតនា​ផ្ទេរ​មាស ប្រមាណ​៥៤​តោន ដែល​បាន​តម្កល់​នៅ​ធនាគារ​នៃ​ប្រទេស​ស្វីស សហរដ្ឋ​អាមេ​រិក និង​អង់​គ្លេស​ ទៅ​ដាក់​នៅ​ធនាគារ​នៃ​ប្រទេស​ចិន​កុម្មុយ​និស្ត។

លោកចោទថា ទង្វើនេះ គឺជាការរឹបអូសយកទ្រព្យ​សម្បត្តិ​របស់​ជាតិ ទៅ​លួង​ចិត្ត​ពួក​ម៉ា​ហ្វី​យ៉ា​ជន​ជាតិ​ចិន ដែល​ថា​ជាចោ​រអ​ន្តរ​ជាតិ ខណៈ​សហរដ្ឋ​អាមេរិក អង់​គ្លេស និង​សម្ព័ន្ធ​មិត្ត កំពុង​តាម​ចាប់។

លើសពីនេះ លោក​ថា អំពើ​បែប​នេះ ក៏​ជា​ការ​កម្ទេច​ចោល​ទាំង​ស្រុង​នូវ​ទំនុក​ចិ​ត្ត​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​របស់​កម្ពុជា ដែល​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ជា​មូល​ដ្ឋាន​ទូទាត់ ពី​ព្រោះ​មាស​គឺ​ជា​ទុន​បម្រុង​អន្តរ​ជាតិ ដ៏​សំខាន់​បំផុត​របស់​ជាតិ។

ប្រភពនិយាយថា៖ «នេះ​មាន​ន័យ​ថា រប​ប​ភ្នំពេញ​នៃ​គ្រួសារ​ហ៊ុន អស់​ផ្លូវ​ក្នុង​ការ​ផ្សះ​ផ្សា​ធ្វើ​ពាណិជ្ជ​កម្ម​ជា​​មួយ បណ្តា​ប្រទេស​សេរី ប្រជា​ធិប​តេយ្យ ឬ​ប្រទេ​សនី​តិ​រដ្ឋ​ហើយ»។

សម្រាប់រដ្ឋាភិបាលនៅក្រៅប្រទេសរបស់លោក សម រង្ស៊ី បង្ហាញ​ការយ​ល់ថា​ នេះ​ជា​សញ្ញា​ដែល​បង្ហាញ​ថា ប្រទេស​កម្ពុជា និង​ប្រជា​ពលរ​ដ្ឋ​ខ្មែរ នឹ​ង​រអិល​វិល​ទៅ​កាន់​របប​អតីត​កាល​ដែល​ខ្សត់​ពាណិជ្ជ​កម្ម​ក្រៅប្រ​ទេស ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​តាម​យថា​កម្ម ដោយ​ខ្សត់​ទីផ្សារ​អន្តរ​ជាតិ សម្រាប់​លក់​ផលិត​ផល​ រហូត​ទាល់​តែ​ដល់​ពេល​រប​បភ្នំពេញ​នៃ​គ្រួសារ​ហ៊ុន ដួល​រលំ​អំណាច។

បន្ថែមលើ​សេចក្តីថ្លែងការណ៍​នេះ លោក អ៊ុំ សំអាន ដែល​មាន​ឈ្មោះ​ក្នុង​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​នេះ បាន​ប្រាប់​VOD នៅ​ថ្ងៃទី​១១​ខែ​វិច្ឆិកា​នេះ​ថា ការ​សំអាង​នៃ​សេចក្តី​ថ្លែង​ការ​ណ៍​នេះ ហាក់​ស៊ី​គ្នា​ទៅ​នឹង​សារ​ព័ត៌​មាន​អន្តរ​ជាតិ​ពីរ​ដែល​អាច​ជឿ​បាន។

លោក​ថា៖ «ខ្ញុំយល់ថា ព័ត៌​មាន​ពី Business Times ហ្នឹង​គឺ​អាច​ទុក​ចិត្ត​បាន​ពី​ការ​ផ្ទេរ​មាស​ពី​ប្រទេស​សេរី​ទៅ​កាន់​ប្រទេស​ចិន​កុម្មុយ​និស្ត ហើយ​ការ​ពន្លឿន​ផ្ទេរ​មាស​ចេញ​ពី​ប្រទេស​សេរី​ទៅ​ប្រទេស​ចិន​កុម្មុយ​នីស្ត​នេះ»។

លើសពីនេះ លោក​ចាត់​ទុក​ថា គម្រោង​ផ្ទេរ​ទ្រព្យ​បម្រុង​របស់​ជាតិ ទៅ​ទុក​នៅ​ប្រទេស​ចិន ​ពី​សំណាក់​បក្ស​កាន់​អំណាច​​នេះ ឆ្លុះ​បញ្ចាំង​ថា គ្រួសារ​ហ៊ុន​កំពុ​ង​ខ្លាច​សហគមន៍​អន្តរ​ជា​តិ​បង្កក​ទ្រព្យ​សម្បត្តិ ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​គ្រួសា​រ​ហ៊ុន​ពិត​ជា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋ​កម្ម​ឆបោក គឺ​លោក ចេន ហ្ស៊ី​ ដែល​សហគមន៍​អន្តរ​ជាតិ ទាំង​សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់​គ្លេស និង​បណ្តា​ប្រទេស​ចំនួន ៧ទៀត កំពុង​តាម​ចាប់​ខ្លួន និង​បង្កក​ទ្រព្យ​សម្បត្តិ​ជាច្រើ​ន​របស់​ លោក ចេន ហ្ស៊ី ទីប្រឹក្សា​លោក ហ៊ុន សែន ដែល​រក​ឃើញ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ឆបោក Scammer online Cyber crime និង​លាង​លុយ​កខ្វក់ជាដើម។

សម្រាប់ លោក អ៊ុំ សំអាន គ្រួសារហ៊ុនប្រហែលជាដឹងថា បើនៅបន្ត​ដាក់​មាស​ជាតិ​នៅ​ក្នុង​ប្រទេស​លោក​សេរី​ទៀត ថ្ងៃ​ណាមួ​យ​ប្រទេស​លោក​សេរី​ទាំង​នេះ នឹង​បង្កក ឬ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ទាំង​នោះ ដែល​ធ្វើ​ឱ្យ​មេដឹក​នាំ​គ្រួសារ​ហ៊ុន​អាច​នឹង​ប្រឈម​ហានិភ័យ​ពី​ការ​ដួល​រលំ​អំណាច ការណ៍​នេះ ទើប​មេដឹក​នាំ​គ្រួសារ​ហ៊ុន​ពន្លឿន​ចង់​ផ្ទេរ​មាស​ជាតិ​​ពី​ប្រទេស​សេរី​ទៅ​ប្រទេស​កុម្មុយ​និស្ត​ចិន​បែប​នេះ។

លោកថា៖ «មេដឹកនាំខ្មែរយើងត្រកូលហ៊ុនហ្នឹង គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​នៃ​ការ​ឆបោក​តាម​អន​ឡាញ​ព្រោះ​យើង​ដឹង​ហើយ​ឧកញ៉ា ចេន ហ្ស៊ី ជាទីប្រឹក្សា​របស់​លោក ហ៊ុន សែន ទីប្រឹក្សា​របស់​លោក ហ៊ុន ម៉ាណែត សូម្បីតែ​ឧកញ៉ា​ លី យ៉ុង​ផាត់ ឧកញ៉ា​ កុក អាន ហ្នឹង​សុទ្ធ​តែ​ជាម​នុស្សស្និ​ទ្ធ​នឹង​ត្រកូល​ហ៊ុន​ ការណ៍​នេះ គាត់​ព្រួយ​បារម្ភ​ខ្លាច​ប្រទេស​សេរី​ហ្នឹង គេប​ង្កក​មាស​ហ្នឹង​ទៅ​ វា​អាច​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​»។

បើតាម​សារ​ព័ត៌​មាន The Business Times ចុះផ្សាយកាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ​២០២៥ ឱ្យ​ដឹ​ង​ថា ប្រទេ​ស​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ ដែល​គ្រោង​ផ្ទេរ​មាស​ទុក​ជាមួយ​ប្រទេស​ចិន។

ប្រភពបន្ត​ថា ប្រជាជាតិ​អាស៊ីអា​គ្នេយ៍មួ​យ​នេះ គឺ​កម្ពុជា​កំពុង​មាន​គ្រោង​ផ្ទេរ​មាស​ទុន​បម្រុង​ទុក​របស់​ជាតិ​ខ្លួន​ទៅ​ក្នុង​ឃ្លាំង​មាស​ ជាមួយ​ទីផ្សារ​ក្រុម​ហ៊ុន​មាស​សៀង​ហៃ ក្នុង​ទីក្រុង Shenzhen នៃ​​ប្រទេស​ចិន។

បើតាម The Business Times «យោង​តាម​ការ​វាយ​តម្លៃ​ចុង​ក្រោយ​របស់​ក្រុម​ប្រឹក្សា​មាស​ពិភព​លោក​ ធនាគារ​កណ្តាល​របស់​កម្ពុជា​ ដែល​មាន​មាស​ប្រហែល ៥៤ តោន ដែល​ជា​ទុន​បម្រុង​របស់​ជាតិ ​ឬ​ស្មើ​នឹង​ប្រាក់​បរទេ​ស​ចំនួន ២៦​ពាន់​លាន​ដុល្លារ​អាមេរិក គ្រោង​នឹង​ផ្ទេរ​ចេញ​ពី​ប្រទេស​ស្វីស សហរដ្ឋ​អាមេរិក និង​ចក្រ​ភព​អង់​គ្លេស ទៅ​ប្រទេស​ចិន​ជំនួស​វិញ»។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​​លោក​ថា ​ជា​ព័ត៌​មាន​មិន​ពិត ប្រឌិត​ដើម្បី​ចោទ​ប្រកាន់​ថ្នាក់​ដឹ​ក​នាំ​កម្ពុជា​ប៉ុណ្ណោះ។

លោកថា៖ «ពួកគេនោះ បាន​ព័ត៌​មាន​ពី​ណា ពួក​គេ​បាន​ព័ត៌​មាន​ពី​ប្រទេស​ណា គឺ​ពួក​គេ​បន្លឺ​តាម​ប្រទេស​មួយ​ទៀត​ហ្នឹង ចឹង​បុគ្គល​ក្រុម​ទាំង​អស់​នេះ បម្រើ​ផល​ប្រយោជន៍​នរណា​គេ​ឥឡូវ​ហ្នឹង បម្រើ​ផល​ប្រយោជន៍​ខ្មែ​រ ឬ​ក៏​បម្រើ​ផល​ប្រយោជន៍​បរទេស ចឹង​វា​ជា​សកម្ម​ភាព​មួយ​ដែល​គ្មាន​តម្លៃ​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​ទាល់​តែ​សោះ»។

យ៉ាងណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែន​ករុណា មិន​គាំទ្រ​ឱ្យ​រដ្ឋាភិ​បាល​​កម្ពុជា​ផ្ទេរ​មាស​របស់​ជាតិ​ពី​ប្រទេស​លោក​សេរី ទៅ​ប្រទេស​ចិន​កុម្មុយ​និស្ត​នោះ​ទេ។

លោកយល់ថា ការផ្ទេរមាសរបស់ជាតិរាប់តោនបែបនេះ ចេញ​ពី​ប្រទេស​លោក​សេរី វា​នឹង​បង្ក​ហានិ​ភ័យ​ដល់​ប្រព័ន្ធ​សេដ្ឋ​កិច្ច​ជាតិ គឺធ្វើ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​កាន់​តែ​អស់​ទំនុក​ចិត្ត​ចង់​រក​ស៊ី​ជាមួយ​កម្ពុជា​ ការណ៍​នេះ វា​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ ជាពិសេស​ប្រជា​រាស្រ្ត​ខ្មែរ​ម្ចាស់​ប្រទេស។

លោកថា៖ «ក្រោយពីមានបញ្ហារឿង Scammer រឿង​អន​ឡាញ ការ​ឆបោក​អន​ឡាញ និង​អំពើ​ឧក្រិដ្ឋ​កម្ម​ផ្សេងៗ​ ត្រូវ​បាន​បែក​ធ្លាយ បាន​ន័យ​ថា ត្រូវ​បាន​បំបែក​សំណុំ​រឿង​បន្ត​បន្ទាប់ ហើយ​ត្រូវ​បាន​បណ្ដា​ប្រទេស​ផ្សេងៗ​បង្កក​នូវ​ប្រាក់​វាល់​ពាន់​លាន​ដុល្លារ ដែល​យើង​មើល​ឃើញ​ទាំង​អស់​គ្នា ចឹង​ក្រោយ​ពី​មាន​បញ្ហា​ហ្នឹង​ ទើប​ថ្មីៗ​ហ្នឹង ខាង​រដ្ឋាភិ​បាល​ហាក់​ដូច​ជា​មិន​មាន​ទំនុក​ចិត្ត​ ក្នុង​ការ​រក្សា​នូវ​ទ្រព្យ​សម្បត្តិ​របស់​ជាតិ​ ឬ​ក៏​ទ្រព្យ​សម្បត្តិ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​របស់​ខ្លួន ទៅ​ទីតាំង​ណា​មួយ​ដែល​ខ្លួន​យល់​ថា មាន​សុវត្ថិ​ភាព​ ប៉ុន្តែស​ម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា ទៅ​ទី​ណា​ក៏​ដោយ បើ​សិន​ជា​យើង​មិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​ ទៅ​​តាម​គោល​ការណ៍​អន្តរ​ជាតិ​ អាច​នឹង​ប្រឈម​នឹង​បញ្ហា​ជា​បន្ត​បន្ទាប់​ទៀត បើ​សិន​ជា​មិន​មាន​ដំណោះ​ស្រាយ​ណា​មួយ ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរ​ជាតិ​គេ​ជឿ​ជាក់​ត្រូវ​បាន»។

កាលពីថ្ងៃទី៣១ ខែ​តុលានេះ ប៉ូលិសសិង្ហ​បុរី បាន​ប្រកាស​រឹប​អូស​ទ្រព្យ​សម្បត្តិ​ លោក ចេន ហ្ស៊ី បន្ថែម​ទៀត​ចំនួន​ជាង ១១៥ លាន​ដុល្លារ​អាមេរិក ក្រោយ​ពី​សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់​គ្លេស និង​កូរ៉េ​ខាង​ត្បូង​ ប្រកាស​ដាក់​ទណ្ឌ​កម្ម​បង្កក​ទ្រព្យ​សម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សា​លោក ហ៊ុន សែន នោះ។

ប្រភពអះអាងថា លោក ចេន ហ្ស៊ី ទីប្រឹក្សា​លោក ហ៊ុន សែន ជា​មេក្លោង​ឧក្រិដ្ឋ​កម្ម​ឆបោក​ខ្នាត​អន្តរ​ជាតិ​ ដែល​ទីភ្នាក់​ងារ​ស៊ើប​អង្កេត FBI អាមេរិក បញ្ជាក់​ថា លោក ចេន ហ្ស៊ី ជា​មេ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី ដែល​កំពុង​ប្រតិ​បត្តិ​ការ​ក្នុង​ប្រទេស​ចំនួន ៣០ លើ​ពិភព​លោក។

ប្រភពបន្តថា លោក ចេន ហ្ស៊ី ដែលគេស្គាល់ថាជាទីប្រឹក្សាលោក ហ៊ុន សែន បាន​បង្កើត​ក្រុម​ហ៊ុន​ជា​ច្រើន រួម​ទាំង​ក្រុម​ហ៊ុន Prince Group ដើម្បី​លាង​លុយ​កង្វក់ និង​ប្រព្រឹត្តិ​បទ​ល្មើស​ឆបោក​ខ្នាត​អន្តរ​ជាតិ​។

ប្រភព​បន្ត​ទៀត​ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុង​សហការ​ជាមួយ​ប្រទេស​ដៃគូ ដើម្បី​បន្ត​ដាក់​ទណ្ឌ​កម្ម​បង្កក​ទ្រព្យ​សម្បត្តិ លោក ចេន ហ្ស៊ី ព្រោះ​គាត់​ជា​មេឧក្រិដ្ឋ​កម្ម​ឆបោក​ខ្នាត​អន្តរ​ជាតិ ធ្វើ​ប្រតិ​បត្តិ​ការ​លួច​លុយ​រាប់​ពាន់​លាន​ដុល្លារ ជុំវិញ​ពិភព​លោក។

ការណ៍នេះ ប្រទេសជាដៃគូ មានទាំងថៃ តៃវ៉ាន់ ហុងកុង និង​សិង្ហ​បុរី បាន​នឹង​កំពុង​សហការ​អនុវត្ត​វិធាន​ការ​បង្កក​​ទ្រព្យ​សម្បត្តិ​លោក ចេន ហ្ស៊ី និង​តាម​ប្រមាញ់​ចាប់​ខ្លួន​គាត់​ផង​ដែរ។

លោក ​ចេន ហ្ស៊ី ដែលជាម្ចាស់ក្រុមហ៊ុន ព្រីនស៍​គ្រុប បាន​​បា​ត់​វត្ត​​មាន​​​តាំង​​​ពី​​ពាក់​​កណ្តាល​​ខែ​​តុលា ពោល​គឺនៅ​ក្រោយ​​​ពេល​ដែល​ចក្រ​ភព​អង់​គ្លេស សហរដ្ឋ​អាមេរិក សិង្ហ​បុរី និង​តៃវ៉ាន់ ជា​ដើម បាន​ដក​ហូត​ទ្រព្យ​សម្បត្តិ និង​ប្រកាស​តាម​ចាប់​ខ្លួន​ ករណី​ឆបោក​តាម​អ៊ីន​ធឺណិត ធ្វើ​ទារុណ​កម្ម និង​លាង​លុយ​កខ្វក់។

​លើសពីនេះ បើតាម​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ ដូច​ជា Times Now របស់​​ឥណ្ឌា និង CNN របស់​​អាមេរិក ជាដើម បាន​​ចុះ​ផ្សាយ​ជា​ហូរហែ​អំពី​ប្រវត្តិ និង​ការ​រក​ស៊ីរ​បស់​លោក ចេន ហ្ស៊ី ដោយ​ភ្ជាប់​ជាមួយ​ឈ្មោះ​អតីត​មេដឹក​នាំ​កម្ពុជា​ លោក ហ៊ុន សែន ដែល​ជា​បុគ្គល​សំខាន់ នៅ​ពី​ក្រោយ​ការ​ផ្ដល់​ទីកន្លែង​ឱ្យ​គាត់ បង្កើត​រោង​ចក្រ​ឧស្សាហ​កម្ម​ឆបោក​តាម​អ៊ីន​ធឺណិត លំដាប់​​ថ្នាក់​អន្តរ​ជាតិ នៅ​លើ​ទឹក​ដី​កម្ពុជា។

សារព័ត៌មានទាំងនេះ បានដកស្រង់​នូវ​សេចក្ដី​សន្និដ្ឋាន​បឋម​របស់​អាជ្ញាធរ​អន្តរ​ជាតិ​ថា លោក ចេន ហ្ស៊ី​ អាច​នឹង​កំពុង​លាក់​ខ្លួន ក្នុង​ប្រទេស​ណា​មួយ​នៅ​ទ្វីប​អាស៊ី ដែល​មាន​ប្រព័ន្ធ​នីតិ​រដ្ឋ​ខ្សោយ និង​សម្បូរ​អំពើ​ពុក​រលួយ ដោយ​ក្នុង​នោះ កម្ពុជា​ត្រូវ​បាន​គេ​សង្ស័យ​ខ្លាំង​ជាង​គេ។

ប្រភពទាំងនោះ បានលើកឡើងថា ច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក លោក ចេន ហ្ស៊ី បាន​ព្យាយាម​រក្សា​ទំនាក់​​ទំនង​ជិត​ស្និទ្ធ​ជាមួយ​គ្រួសារ​ លោក ហ៊ុន សែន ដែល​ជា​មេបក្ស​កាន់​អំណាច​នៅ​កម្ពុជា រហូត​លោក​​ត្រូវ​​បាន​​អតីត​មេដឹក​នាំក​ម្ពុជា លោក ហ៊ុន សែន តម្លើង​ឋានៈ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក ដែល​​មាន​ឋានៈ​ជា​រដ្ឋ​មន្ត្រី និង​បន្ទាប់​មក ជា​ទីប្រឹក្សា​របស់​កូន​ប្រុស​​លោក​ដែលបា​ន​ស្នង​តំណែង គឺ​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ចា​ស់​វស្សាមួ​យ​ចំនួន​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ