ថៃគ្រោង​ជូន​ដំណឹង​ទៅ​អាមេរិក​ពី​បំណង​ផ្អាក​អនុវត្ត​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ជាមួយ​កម្ពុជា

រដ្ឋាភិបាល​ថៃ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​នឹង​ប្រាប់​ទៅ​សហរដ្ឋ​អាមេរិក ពី​បំណង​ផ្អាក​អនុវត្ត​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ជាមួយ​កម្ពុជា និង​មិន​បញ្ជូន​ទាហាន​ខ្មែរ​១៨​នាក់​នោះ​ទេ ក្រោយ​ពី​ថៃ​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ខែ​មុន នៅ​ចំពោះ​មុខ​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រ​ធាន​អាស៊ាន​ប្តូរ​វេន​រួច​មក។

ទីភ្នាក់ងារ​សារ​ព័ត៌​មាន​រ៉យ​ទ័រ ​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២​៥​នេះ​ថា រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​ថៃ​លោក​ ណាត​ថា​ផុន ណាក់​ផានីត​(Natthaphon Narkphanit) បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ទីក្រុង​បាង​កក​ក៏​នឹង​ផ្អាក​បញ្ជូន​អ្នក​ទោស​សង្រ្គាម​កម្ពុជា​ចំនួន ១៨​នាក់ ដែល​បច្ចុប្បន្ន​កំពុង​ឃុំ​ឃាំង​ដោយ​យោធា​ថៃ​ផង​ដែរ។ លោក​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​មួយ​ថា​ តើ​ទាហាន​នឹ​ង​ត្រូវ​ដាក់​ពង្រាយ​ឡើង​វិញ​ដែរ​ឬ​ទេ។ 

យោធា​ថៃ​ បាន​ចោទ​ប្រកាន់​ប្រទេស​កម្ពុជា ពី​បទ​ដាក់​មីន​ថ្មីៗ បន្ទាប់​ពី​ប្រទេស​ទាំង​ពី​រ​បាន​ព្រម​ព្រៀង​លើ​ជំហាន​បទ​ឈប់​បាញ់​ ដែល​រួម​បញ្ចូល​ទាំង​ការ​ដក​ទ័ព និង​អាវុធ​ធន់​ធ្ងន់​ ព្រម​ទាំង​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំរបស់ទីក្រុង​បាង​កក។

នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ ក្រសួង​ការ​ពារ​ជាតិ​របស់​ប្រទេស​កម្ពុជា បាន​បដិសេធ​ថា មិន​បាន​ដាក់​មីន​ថ្មី​ និង​បាន​ជំរុញ​ឱ្យ​ភាគី​ថៃ​ជៀស​វាង​ការ​ល្បាត​នៅ​ក្នុង​តំបន់​មីន​ចាស់។ ក្រសួង​ការ​ពារ​ជាតិ បាន​បន្ថែម​ថា ប្តេជ្ញា​​ធ្វើ​ការ​ជាមួយ​ទីក្រុង​បាង​កក​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ខែ​តុលា។

បទឈប់បាញ់ដែលត្រូវបានពង្រឹងចុះហត្ថាលេខា អំឡុ​ង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ​​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​បំណង​បន្ត​​លើ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ដែល​បាន​សម្រប​សម្រួល​កាល​ពី​ខែ​កក្កដា ដោយ​លោក ត្រាំ(Trump) បាន​អំពាវ​នាវ​ដល់​មេដឹក​នាំ​ប្រទេស​ទាំង​២ ជំរុញ​ឱ្យ​ពួក​គេ​បញ្ចប់​អរិភាព ឬ​ប្រឈម​មុខ​នឹង​ការ​ផ្អាក​កិច្ច​ចរចា​​ពាណិជ្ជ​កម្ម​រៀងៗ​ខ្លួន​ជាមួយ​ទីក្រុង​វ៉ាស៊ីន​តោន។

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហា​សាក់ ភួង​កេត​កែវ​(Sihasak Phuangketkeow) បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ លោក​​នឹ​ងព​ន្យល់​ទៅ​កាន់​សហរដ្ឋ​អាមេ​រិក និង​ប្រទេស​ម៉ាឡេ​ស៊ី ជា​ប្រធាន​នៃ​ប្លុក​អាស៊ាន​ដែល​បាន​សម្រប​សម្រួល​​ដល់​ដំណើរ​ការ​បទ​ឈប់​បាញ់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ