អង្គការគំនិតផ្ដួចផ្ដើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ហៅកាត់ថា GI-TOC ដែលជាបណ្ដាញអ្នកជំនាញធ្វើការលើរឿងទប់ស្កាត់ក្រុមឧក្រិដ្ឋជនឆ្លងដែនលើពិភពលោក បានចេញរបាយការណ៍មួយស្ដីពីសន្ទស្សន៍អង្គការឧក្រិដ្ឋកម្ម ដោយបានដាក់ចំណាត់ថ្នាក់កម្ពុជា ស្ថិតក្នុងចំណោមប្រទេសមានស្ថានភាពអាក្រក់បំផុត ក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលមានក្រុមឧក្រិដ្ឋជនច្រើន តែសមត្ថភាពបង្រ្កាបរបស់រដ្ឋាភិបាលនៅទន់ខ្សោយ។
ជាមួយគ្នានេះ គម្រោងយុត្តិធម៌ពិភពលោក (WJP) ដែលជាអង្គការស្រាវជ្រាវសង្គមពិភពលោក បានដាក់ចំណាត់ថ្នាក់កម្ពុជាទាបជាងគេ ក្នុងចំណោម១៤៣ប្រទេស នៅក្នុងសន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំរបស់ខ្លួនដោយនៅពីលើតែប្រទេសវេណេស៊ុយអេឡា និងអាហ្វហ្គានីស្ថានប៉ុណ្ណោះ។
ការចាត់ចំណាត់ថ្នាក់របស់អង្គការអន្តរជាតិទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលគ្រួសារហ៊ុន ចាប់តាំងពីមានការផ្ទុះសង្គ្រាមជាមួយថៃ ក្នុងរយៈពេលប្រមាណ៤ខែកន្លងមកនេះ បានចាប់ឃុំខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គមចំនួន១៧នាក់បន្ថែមទៀត ដោយសារតែពួកគេបានបញ្ចេញមតិសម្តែងការខ្វល់ខ្វាយពីបញ្ហាសង្គម ធ្វើឱ្យចំនួនអ្នកទោសនយោបាយដែលជាប់ឃុំកើនឡើងដល់៨៨នាក់ ក្នុងនោះក៏មានលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិផងដែរ។
ការចាត់ចំណាត់ថ្នាក់របស់អង្គការពិភពលោកនេះ ក៏ធ្វើឡើងបន្ទាប់ពីស្ថាប័នអន្តរជាតិមួយចំនួន រួមទាំងសហរដ្ឋអាមេរិកផងដែរ បានរកឃើញថា កម្ពុជាជាជម្រកឧក្រិដ្ឋជនល្បែងអនឡាញចាប់ជម្រិតធំជាងគេនៅលើពិភពលោក ដែលមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗពីគណបក្សប្រជាជនកម្ពុជាជាប់ពាក់ព័ន្ធ ក្នុងនោះក៏មានមេក្លោងឧក្រិដ្ឋជនជនជាតិចិន កាន់សញ្ជាតិខ្មែរឈ្មោះ ចេន ហ្ស៊ី ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។
វីអូឌីមិនអាចទាក់ទងលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេនៅថ្ងៃទី១២ខែវិច្ឆិកានេះ។
ប៉ុន្តែយ៉ាងណាក្តី លោកបានថ្លែងនៅលើបណ្តាញសង្គមរបស់លោក ដោយហាក់មិនទទួលស្គាល់ពីភាពអសកម្មយ៉ាងខ្លាំងរបស់មេដឹកនាំរដ្ឋាភិបាល ទើបធ្វើឱ្យមានការបញ្ចេញមតិរិះគន់នោះឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ ថែមទាំងបានស្តីបន្ទោសអ្នកនយោបាយប្រឆាំង និងសកម្មជនអង្គការសង្គមស៊ីវិលមួយថា បានប្រើប្រាស់សិទ្ធិហួសព្រំដែនដែលមានចែងកំណត់ក្នុងច្បាប់។
លោកថា៖ «អ៊ីចឹងសូមបងប្អូនកុំចាញ់បោលក្រុមជ្រុលនិយមមួយក្តាប់តូច ដែលនៅក្រៅប្រទេសដែលតែងតែប្រព្រឹត្តខុសច្បាប់ ដែលដាក់ខ្លួនឯងជាក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង តែងតែញុះញង់ឱ្យបងប្អូនយើងមួយចំនួនដែលខ្វះការពិចារណា ឱ្យជឿពួកគេហើយប្រព្រឹត្តខុសច្បាប់ ដល់ប្រព្រឹត្តខុសច្បាប់ ត្រូវវិធានការច្បាប់ចាត់ឡើង ដូច្នេះបងប្អូនប្រយ័ត្នត្រង់ចំណុចនេះឱ្យមែនទែន»។
យ៉ាងណាក្តី បើតាមរបាយការណ៍របស់ GI-TOC ដែលជាបណ្ដាញអ្នកជំនាញធ្វើការលើរឿងទប់ស្កាត់ក្រុមឧក្រិដ្ឋជនឆ្លងដែនលើពិភពលោកចេញកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥(https://global.ocindex.net/press-kit/) បង្ហាញថា ខ្លួនបានធ្វើការសិក្សាលើប្រទេសជារដ្ឋសមាជិក អង្គការសហប្រជាជាតិចំនួន១៩៣ប្រទេស លើការជួញដូរមនុស្ស និងថ្នាំញៀន ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា និងបរិស្ថាន និងសមត្ថភាពរបស់ប្រទេសទាំងនោះ ក្នុងការឆ្លើយតបទៅនឹងអំពើល្មើសដែលកើតមាន ការអនុវត្តច្បាប់និងកិច្ចសហការណ៍អន្តរជាតិ។
យ៉ាងណាក្តី ទំនោរកើនឡើងនៃចំនួនឧក្រិដ្ឋកម្មគឺកើតមានជាសកល រួមទាំងការកើនឡើងនៃការជួញដូរមនុស្សនិងថ្នាំញៀន ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងឧក្រិដ្ឋកម្មផ្នែកហិរញ្ញវត្ថុ ហើយអ្វីដែលកាន់តែមានភាពស្មុគស្មាញ នៅពេលដែលមានរបត់មួយជាប់ពាក់ព័ន្ធនឹងភូមិសាស្រ្តនយោបាយ បច្ចេកវិទ្យា ការគំរាមកំហែងផ្នែកបរិស្ថាន និងជម្លោះ។ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន២០ ដែលមានក្រុមអង្គការឧក្រិដ្ឋកម្ម។ នេះបើតាម GI-TOC។
នាយកផ្នែកទំនាក់ទំនងអង្គការ GI-TOC លោក Walter Kemp បាននិយាយថា ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ ជាឧទាហរណ៍នៃការបញ្ចូលគ្នានៃទម្រង់ផ្សេងៗរបស់ក្រុមឧក្រិដ្ឋកម្មឆ្លងដែន ក្នុងលក្ខណៈទ្រង់ទ្រាយធំ រួមទាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា អំពើពុករលួយ ការលាងលុយកខ្វក់ និងការឆបោកនានា។
លោកបន្តថា នេះមានន័យថា ពួកគេមិនមែនស្ថិតនៅក្នុងតែសូចនាករឧក្រិដ្ឋកម្មតែមួយរបស់របាយការណ៍នោះទេ តែវាមានចូលក្នុងសូចនាករច្រើន។ នេះបើយោងតាមសារព័ត៌មានខេមបូចា។
បន្ថែមពីនេះ របាយការណ៍បានបង្ហាញថា កម្ពុជាបានពិន្ទុខ្ពស់លើសូចនាករមួយចំនួន ដូចជា ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងហិរញ្ញវត្ថុ ដែលសូចនាករខ្លះបានពិន្ទុស្ទើរតែឬស្មើនឹង៨,៥ ក្នុងចំណោមពិន្ទុចំនួន១០ បើគិតតាំងពីរបាយការណ៍បានធ្វើតាំងពីឆ្នាំ២០២៣មក។
កម្ពុជាក៏មានពិន្ទុខ្ពស់លើការជួញដូរគ្រឿងញៀន និងបទល្មើសសត្វព្រៃ ដែលនេះ បានឆ្លុះបញ្ចាំងពីកម្សោយនៃការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរសត្វព្រៃ និងការលួចរត់ពន្ធសត្វព្រៃឆ្លងដែនផងដែរ។ ពិន្ទុដែលកំណត់ថា ជាឧក្រិដ្ឋកម្មសកលគឺ ៥,០៨ ហើយកម្ពុជានិងប្រទេសក្នុងតំបន់ ដូចជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម គឺមានពិន្ទុខ្ពស់ជាងនេះ។ ចំពោះពិន្ទុសម្រាប់សមត្ថភាពបង្ក្រាប គឺ៤,៧៨ ប៉ុន្តែកម្ពុជាបានត្រឹម ៣,៤៦ ដែលពិន្ទុនេះធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់ក្នុងតំបន់ គឺនៅក្រោមឡាវ និងមីយ៉ាន់ម៉ា។ នេះបើតាមអង្គការអន្តរជាតិ GI-TOC។
ជាមួយគ្នានេះ គម្រោងយុត្តិធម៌ពិភពលោក(WJP) កាលពីថ្ងៃទី៣១ខែតុលា បានដាក់ចំណាត់ថ្នាក់កម្ពុជាទាបជាងគេក្នុងចំណោម១៤៣ប្រទេសនៅក្នុងសន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំរបស់ខ្លួន (https://worldjusticeproject.org/rule-of-law-index/country/2025/Cambodia) ដោយនៅពីលើតែប្រទេសវេណេស៊ុយអេឡា និងអាហ្វហ្គានីស្ថានប៉ុណ្ណោះ ដែលជាប្រទេសស្ថិតក្នុងវិបត្តិមនុស្សធម៌ និងរបបផ្តាច់ការ។ កម្ពុជាបានទទួលចំណាត់ថ្នាក់បាតតារាង ក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ដោយឈរនៅលេខរៀងចុងក្រោយគេ ក្នុងចំណោម១៥ ប្រទេស ក្នុងការវាយតម្លៃពីមូលដ្ឋានគ្រឹះនៃនីតិរដ្ឋ។
WJP បានកំណត់ស្តង់ដារវាយតម្លៃរបស់ខ្លួនលើប្រព័ន្ធច្បាប់ ស្ថាប័ននិងបទដ្ឋានដែលទាក់ទងនឹងការទទួលខុសត្រូវនីតិយុត្តិធម៌ រដ្ឋាភិបាលបើកចំហនិងភាពមិនលម្អៀងនៃយុត្តិធម៌។ លើសពីនេះ កម្ពុជាតែងតែជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេស៣៨ ដែលស្ថិតក្នុងក្រុមប្រាក់ចំណូលទាបនិងមធ្យមចាប់តាំងពីឆ្នាំ២០១៥ ដែលជាឆ្នាំបង្កើតសន្ទស្សន៍នេះមក។
បើទោះបីជាពិន្ទុរបស់កម្ពុជាធ្លាក់ចុះតែបន្តិចបន្តួច ដែលតិចជាង១ភាគរយក៏ដោយ ក៏ WJP បានបញ្ជាក់ថា និន្នាការធ្លាក់ចុះនៃនីតិរដ្ឋសកលលោក បានកើនឡើងយ៉ាងគំហុក។ ក្នុងឆ្នាំ២០២៥នេះ ប្រទេសចំនួន៦៨ភាគរយ បានឃើញការអនុវត្តនីតិរដ្ឋធ្លាក់ចុះ ផ្ទុយពីចំនួន៥៧ភាគរយក្នុងឆ្នាំ២០២៤។
នាយកប្រតិបត្តិរបស់ WJP លោក Alejandro Ponce បាននិយាយថា ការធ្លាក់ចុះជាលំដាប់នៃនីតិរដ្ឋបានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណា នៅឆ្នាំនេះ យើងឃើញមានការផ្លាស់ប្តូរយ៉ាងខ្លាំងគឺមានប្រទេសកាន់តែច្រើនកំពុងធ្លាក់ចុះ ហើយប្រទេសតិចជាងមុនកំពុងមានភាពប្រសើរឡើង។ នេះបើយោងតាមសារព័ត៌មានខេមបូចា។
បើតាមWJP សន្ទស្សន៍នីតិរដ្ឋសកលនេះ វាយតម្លៃនីតិរដ្ឋដោយផ្អែកលើកត្តាសំខាន់ៗ ដូចជា ការកំណត់អំណាចរដ្ឋាភិបាល ការទប់ស្កាត់អំពើពុករលួយ តម្លាភាពរបស់រដ្ឋាភិបាល សិទ្ធិជាមូលដ្ឋាន និងយុត្តិធម៌សង្គម។ របាយការណ៍នេះ ត្រូវបានបង្កើតឡើងដោយប្រមូលទិន្នន័យពីការស្ទង់មតិតំណាងទូទាំងប្រទេសរបស់សាធារណជន និងពីអ្នកជំនាញផ្នែកច្បាប់ក្នុងស្រុក និងអន្តរជាតិ។
គោលបំណងចម្បង គឺដើម្បីផ្តល់ជាឧបករណ៍វិភាគសម្រាប់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជនប្រើប្រាស់ ក្នុងការជំរុញកំណែទម្រង់គោលនយោបាយ និងពង្រឹងគណនេយ្យភាព។ ពិន្ទុនីតិរដ្ឋរបស់កម្ពុជាស្ថិតនៅក្រោមមធ្យមភាគសកល ដោយសារប្រទេសនេះទទួលបានពិន្ទុទាបខ្លាំង ក្នុងការវាយតម្លៃលើការទប់ស្កាត់អំពើពុករលួយនិងតម្លាភាពរបស់រដ្ឋាភិបាល។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់វីអីឌីនៅថ្ងៃទី១២ខែវិច្ឆិកានេះថា អង្គការអន្តរជាតិទាំងពីរខាងលើ គឺមានសូច្ចនាករណ៍ និងវិធីសាស្រ្តក្នុងការវាយតម្លៃពីនីតិរដ្ឋតាមប្រទេសនីមួយៗក្នុងពិភពលោក។
បច្ចុប្បន្ននេះ ស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្ភពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណែត ជាពិសេសប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានទាំងកម្ពុជាផងដែរ ដែលកំពុងរងគ្រោះដោយសារឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណែត។ លោកបញ្ជាក់ថា ដូច្នេះការវាយតម្លៃ និងដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដែលមាននីតិរដ្ឋទាបជាងគេក្នុងពិភពលោក និងមានក្រុមឧក្រិដ្ឋជនច្រើន តែសមត្ថភាពបង្ក្រាបនៅមានកំរិតនោះ គឺមិនមានអ្វីប្លែកពីឆ្នាំមុនៗដែលអង្គការអន្តរជាតិទាំងពីរបានវាយតម្លៃ និងចាត់ចំណាត់ថ្នាក់សម្រាប់កម្ពុជានោះទេ។
លោកថា៖ «កន្លងមក យើងឃើញកម្ពុជាទទួលការរិះគន់ពីនីតិរដ្ឋ ជាពិសេសថ្មីៗគឺទាក់ទងទៅឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណែត ដែលបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា វិស័យទេសចរណ៍ ការវិនិយោគជាដើម។ ដូច្នេះរាជរដ្ឋាភិបាល និងអាជ្ញាធរត្រូវតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណែត ពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព លុបបំបាត់អំពើពុករលួយ និងបង្កើនកិច្ចសហប្រត្តិបត្តិការជាមួយបណ្តាប្រទេសជិតខាង ក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណែត»។
ជាមួយគ្នានេះ ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅកាត់ថា CAT បានចេញការវិភាគមួយកាលពីថ្ងៃទី១១ ខែវិច្ឆិកាថា កង្វះប្រព័ន្ធនីតិរដ្ឋ និងបក្ខពួកនិយមជាប្រព័ន្ធ ក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋធ្វើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាត់បង់ម្ចាស់ការស្ទើរតែទាំងស្រុង ក្នុងការដឹកនាំ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយបាននិងកំពុងធ្វើឱ្យកម្ពុជាក្លាយជារដ្ឋការពារបណ្តាញឧក្រិដ្ឋជន មានកេរ្តិ៍ឈ្មោះស្អុយអាសោចលើឆាកអន្តរជាតិ ដែលប្រឈមនឹងការដាក់ទណ្ឌកម្មជុំទិសពីសហគមន៍អន្តរជាតិ។
ចំណែក លោក សុខ សុគន្ធ ហៅ ជែម សុខ អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម ក៏ថ្លែងដែរថា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត កំពុងតែប្រព្រឹត្តអំពើបាប គឺគិតតែពីធ្វើទុក្ខបុកម្នេញចាប់ខ្មែរគ្នាឯងដាក់គុកដោយមិនយកច្បាប់ជាធំ ខណៈដែលពលរដ្ឋគ្រាន់តែបញ្ចេញមតិសម្តែងការខ្វល់ខ្វាយពីអសមត្ថភាពយ៉ាងខ្លាំងរបស់មេដឹកនាំ ប៉ុន្តែមេដឹកនាំគ្រួសារហ៊ុនបែរជាបង្ហាញឱ្យឃើញពីភាពទន់ខ្សោយ និងអត់ឱនយ៉ាងខ្លាំងចំពោះថៃដែលកំពុងតែឈ្លានពានទឹកដីកម្ពុជា៕









