ពលរដ្ឋខ្មែរម្នាក់​ស្លាប់​និង​៣នាក់​រង​របួ​ស​ក្រោយ​ទាហាន​ថៃ​បើក​ការ​បាញ់​ប្រហារ​នៅ​ភូមិ​ព្រៃ​ចាន់

យ៉ាង​ហោច​ណាស់ ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ស្លាប់ និង​៣នាក់​ផ្សេង​ទៀត រង​របួស​ ដោយ​សារ​ទាហាន​ថៃ​បើក​ការ​បាញ់​ប្រហារ នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ពួក​គេ​កំពុង​ស្នាក់​នៅ​ក្នុង​ជម្រក​កៅស៊ូ​តង់ ក្នុង​ដែន​អធិប​តេយ្យ​កម្ពុជា ស្ថិត​ក្នុង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។

ភ្លាមៗ​ក្រោយ​កើត​ហេតុ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ឱ្យ​ដឹង​ថា ការ​បើក​ការ​បាញ់​ប្រហារ​ពី​សំណាក់​យោធា​ថៃ​នេះ ពលរដ្ឋ​​ខ្មែរ​ម្នាក់​ស្លាប់​ និង​​ ៣នាក់​បាន​រង​របួស។

ក្រសួងថា ការបាញ់ប្រហារ​ពីសំ​ណាក់​យោធា​ថៃ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ១៥:៥០​នាទី ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ យោង​តាម​ព័ត៌​មាន​បឋម​ពី​អាជ្ញាធរ​មូល​ដ្ឋាន ករណី​នេះ​បង្ក​ការ​របួស​ជន​ស៊ីវិល​ចំនួន ៣រូប និង​ស្លាប់​ម្នាក់​។

ដោយឡែក អ្នក​នាំ​ពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ការ​ដែល​ថៃ​បើក​ការ​បាញ់​ប្រហារ​មក​លើ​«ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ជម្រក​កៅស៊ូ​តង់ ក្នុង​ដែន​អធិប​តេយ្យ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ស្ថិត​ក្នុង​ភូមិ​ព្រៃចាន់ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ស្លាប់»។

បើតាមក្រសួងការពារជាតិកម្ពុជា ការបើកការវាយប្រហារពីសំណាក់​យោធា​ថៃ ធ្វើ​ឡើង​បន្ទាប់​ពី​ថៃ​បាន​ធ្វើ​សកម្ម​ភាព​បង្ក​ហេតុ​ជា​ច្រើន​រាប់​មិន​អស់​ច្រើន​ថ្ងៃ​មក​ហើយ ក្នុង​ចេតនា​ញុះ​ញង់​ដើម្បី​នាំ​ដល់​ការ​ប៉ះ​ទង្គិច​គ្នា។

លើសពី​នេះ កម្ពុជា បាន​ប្រកាស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​ទង្វើ​អមនុស្ស​ធម៌​ដ៏​សាហាវ​ឃោរ​ឃៅ​នេះ ហើយ​​ថា នេះ​បង្ហាញ​យ៉ាង​ច្បាស់​កាល​ដែល​ភាគី​ថៃ បាន​រំលោភ​បំពា​ន​លើ «សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ​» ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ដែល​ចុះ​ហត្ថ​លេខា ដោយ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា និ​ងថៃ​ ក្រោម​សាក្សី​របស់​លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក​ អាន់​វ៉ា អ៊ីប្រា​ហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ានប្តូរ​វេន។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោល​ទោស​យ៉ាង​ម៉ឺង​ម៉ាត់ ចំពោះកា​រ​រំលោភ​បំពាន​សេច​ក្តី​ថ្លែង​ការណ៍​រួម ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ និង​សកម្មភាព​ខុស​ច្បាប់​របស់​ថៃ​ម្តង​ហើយ​ម្តង​ទៀត​នេះ ដោយ​ទាម​ទារ​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កំរោល​នេះ។

លើសពីនេះ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែល​គំរាម​កំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ទន្ទឹម​នឹង​នេះ កម្ពុជា​អំពាវ​នាវ​ឱ្យ​ភាគី​ថៃ​ងាក​មក​គោរព​កិច្ច​ព្រម​ព្រៀម​បទ​ឈប់​បាញ់ សេចក្តី​ថ្លែង​ការណ៍​រួម​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព និង​កាតព្វ​កិច្ច​ទាំង​ឡាយ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ស្មោះ​ត្រង់ និង​ដោយ​សុច្ឆន្ទៈ​ពិត​ប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ