អតិថិជន​ព្រីនស៍​ត្អូញ​ត្អែរ​បញ្ហា​ប្រឈម​ដែល​ធនាគារ​បង្កើន​​ប្រាក់​ពិន័យ​២៤​ភាគ​រយ​ក្រោយ​បង់​យឺត

អតិថិជន​ខ្លះ ដែល​បាន​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍ បាន​ត្អូញ​ត្អែរ​ពី​វិបត្តិ​គ្រួសារ ដោយ​សំអាង​ថា ធនាគារ​នេះ បាន​កាត់​ការ​ប្រាក់​ទៅ​ជា​ដើម​ក្នុង​ករណី​ខ្វះ​លទ្ធភាព​បង់ និង​បង្កើន​ប្រាក់​ពិន័យ​ដល់​ទៅ​ ២៤​ភាគរយ បើ​ពួក​គេ​បង់​យឺត​យ៉ាវ ដែល​ធ្វើ​ឱ្យ​កើន​បំណុល​ទ្វេ​ដង។

ការណ៍នេះ អ្នកឃ្លាំមើលចាត់ទុកថា ជាសកម្មភាព​ផ្ទុយ​ពី​ច្បាប់ ដែល​រដ្ឋាភិ​បាល​ត្រូវ​អន្តរា​គមន៍​បន្ទាន់ ដើម្បី​ទប់​ស្កាត់​ចលាចល​សង្គម ដែល​កើត​ចេញ​ពី​អតិថិជន​រង​គ្រោះ​កាន់​តែ​ច្រើន​អស់​ការ​អត់​ធ្មត់ ។

ការទម្លាយ​ពីកា​របង្កើន​ប្រាក់​ពិន័យ​នេះ ចំពេល​ម្ចាស់ធ​នាគារ​នេះ​គឺ ឧកញ៉ា ចេន ហ្ស៊ី​ ត្រូវ​អាមេរិក និង​ចក្រ​ភព​អង់​គ្លេស រួម​ទាំង​ប្រទេស​មួយ​ចំនួន​ទៀត បង្កក​ទ្រព្យ​សម្បត្តិ និង​តាម​ចាប់​ខ្លួន​ ពាក់​ព័ន្ធ​ការ​ឆបោក​តាម​អន​ឡាញ និង​លាង​លុយ​កខ្វក់ លំដាប់​អន្តរ​ជាតិ។

ស្រ្តីម្នាក់បានទម្លាយប្រាប់ VOD ថា ខ្លួនធ្លាប់ជាបុគ្គលិករបស់​ធនាគារ​ព្រីនស៍​ ហើយ​បាន​ខ្ចី​លុយ​ទិញ​ផ្ទះ ដោយ​ធនាគារ​គិត​ការ​ប្រាក់ ៥.​៥​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ តែ​ក្រោយ​លាឈប់​ពី​ការ​ងារ​ ធនាគារ​បាន​គិត​ការ​ប្រាក់​ដូច​អតិថិជន​ទូទៅ​វិញ។

ប្រភពបន្តថា ក្នុងពេលថ្មីៗនេះ​ដោយសារជួបវិបត្តិសេដ្ឋកិច្ច​ក្នុង​គ្រួសារ ទើប​បង់​សង​ទៅ​ធនាគារ​យឺត​យ៉ាវ ធ្វើ​ឱ្យ​ធនាគារ​បាន​ពិន័យ​ចំនួន​លុយ​ដែល​បង់​យឺត រួម​ជា​មួយ​ការ​ប្រាក់​ពី ៨ភាគ​រយ​ទៅ​៩ភាគ​រយ រួម​ទាំង​ត្រូវ​បូក​បញ្ចូ​លជា​មួយ​ប្រាក់​ដើម​ថែម​ទៀត។

ជាងនេះទៀត ស្រ្តីរូបនេះថា ចំពេលស្ថាបនិកធនាគារ​ព្រីនស៍ គឺ​ឧកញ៉ា ចេន ហ្ស៊ី​ ផ្ទុះរឿ​ង​រក​ស៊ី​បទ​ឧក្រិដ្ឋ​ឆបោក ភាគី​ធនាគារ​ក៏​បាន​បង្កើន​អត្រា​ការ​ប្រាក់​ដល់​១៨​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​តែ​ម្តង​ បើ​អតិថិជន​នៅ​តែ​បង់​សង​យឺត​ចាប់​ពី​១ខែ​ឡើង​ទៅ។ 

ប្រភពថា៖ «ផ្ទុះរឿង​​ ចេន ហ្ស៊ី ហ្នឹង​គឺ​ធនាគារ​គេ​អូតូ​អនុម័ត​តែ​ម្ដង គឺ​បាន​ន័យ​ថា រាល់​អតិថិ​ជន​ដែល​មាន​កម្ចី​លុយ​ទិញ​ផ្ទះ​បង់​យឺត​មួយ​ខែ ចូល​ដល់​ខែ​ទី​ពីរ​ នៅ​តែ​អត់​ទាន់​មាន​លុយ​បង់ គឺ​ធនាគារ​ព្រីនស៍ គេ​និង​អូតូ​ការ​ប្រាក់​ពី​៨​ឬ​៩ភាគ​រយ​ហ្នឹង ទៅ ១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ​តែ​ម្ដង​ហើយ​មាន​អត្រា​ផាក​ពិន័យ​លើ​១៨​ភាគ​រយ​ទៀត បើ​សិន​ជា​គេ​ត្រូវ​ឡើង​ទៅ​១៨​ភាគរយ​ហើយ​​យើង​នៅ​តែ​បង់​យឺត គឺ​គេ​មាន​២៤​ភាគរយ​ទៀត។ ពេល​គេដំ​ឡើង​ការ​ប្រាក់​យើង​ពី​ធម្មតា​ទៅ​ដប់​១៨​ភាគរយ​ហ្នឹង​ហើយ គឺ​មា​ន២៤​ភាគ​រយ ផាក​ពិន័យ​ពី​លើ​ទៀត ដែល​យើង​អត់​ទាន់​មាន​លុយ​បង់»។

បើតាម​អតិថិជនរូបនេះ ខ្លួនធ្លាប់តវ៉ាជាមួយធនាគារ​ដែរ​ តែ​មិន​ទទួល​បាន​ផល​ទេ ដោយ​ធនាគារ​ថា អត្រា​ការ​ប្រាក់​១៨​ភាព​រយ​ក្នុង​មួយ​ឆ្នាំ​នេះ មិន​ខុស​ច្បាប់​ទេ កុំ​ឱ្យ​តែ​លើស​ពី​នេះ។

អ្នកស្រី​ថា៖ «ពេលដែលយើងតវ៉ាចរចា​ថា​១៨ភាគ​រយ​ហ្នឹង វា​លើស​ហើយ! គេ​ថា​ធនាគារ​ជាតិ​អត់​ថា​អី​ផង ឲ្យ​តែ​នៅ​ចន្លោះ​ក្រោម​១៨​ភាគរយ​ហ្នឹង។ ធនាគារ​ចង់​ធ្វើ​អី​ធ្វើ​ទៅ​ គេ​និយាយ​អ៊ីចឹង​ហើយ​ដល់​ពេល​អ៊ីចឹង​ យើ​ងជា​​ប្រជាជន​អត់​ដឹង​រត់​ទៅ​ណា​ទេ​បង។ គិត​មើល​យើង​ពេល​ដែល​គេ​ទៅ​ឡើង​ទៅ​ដប់​១៨​ភាគរយ​ ហើយ​យើង​លក់​នេះ​លក់​នោះ​យ​ក​ទៅ​បង់។ ប​ង់​ពី​៦០០​ទៅ​១២០០ ដើម​យើង​បាន​ថា​ប៉ុន្មាន​រៀល​ទេ ពេល​ដែល​យើង​ចង់​ឲ្យ​មាន​អន្តរា​គមន៍​ជួយ គឺ​យើង​អត់​ដឹង​ទៅ​រក​អ្នក​ណា! ពឹង​អ្នក​ណា ផ្លូវ​ច្បាប់​អី​ក៏​យើង​មិន​ដឹង​ថា​ទៅ​ពឹង​អ្នក​ណា​ទេ នៅ​ស្រុក​ខ្មែរ​ហ្នឹង បង​អើយ​ខ្ញុំ​ធ្លា​ប់បា​ន​រត់​ទៅ​រ​ក​អ្នក​សារ​ព័ត៌​មាន​អី​ដែរ ប៉ុន្តែ​មិន​​មាន​ណាគេ​​ហ៊ាន​ជួយ​ផ្សាយ​ឲ្យ​យើង​ទេ អត់​មាន​អ្ន​កណា​គេ​ជួយ​និយាយ​ឱ្យ​​យើង​ទេ» ។

ជុំវិញរឿងនេះ VOD មិនអាចទាក់ទងធនាគារព្រីនស៍ និងប្រធាន​ធនាគារ​ជាតិ​កម្ពុជា អ្ន​ក​ស្រី ជា សិរី ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​ទេ​គិត​ត្រឹម​ម៉ោ​ងផ្សា​យ​នេះ។

សម្រាប់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថារិន្រ្ទ ចាត់​ទុក​​ការ​ពិន័យ​ការប្រាក់​ខ្ពស់​លើ​អតិថិជន​បែប​នេះ​ ជា​ទង្វើ​ខុស​ច្បាប់​ដែល​រដ្ឋាភិ​បាល​ត្រូវ​មាន​វិធាន​ការ​ទប់​ស្កាត់​បន្ទាន់ ដើម្បី​បញ្ចៀស​ចលាចល​សង្គម។

លោកថា៖ «នេះគឺកេងប្រវ័ញ្ចពី​ប្រជាពលរដ្ឋ​ទាំង​ស្រុង​ហើយ ហើយ​កិច្ច​សន្យា​នេះ​ជាមួយ​គ្នាហើយ​ក្នុង​ប៉ុន្មាន​ឆ្នាំៗ គេ​មិន​អាច​ផ្លាស់​ប្តូរ​ការ​ប្រាក់​តាម​ស្រេច​តែ​ចិត្ត​អ៊ី​ចឹ​ង​ទេ។ ៤ទៅ​១​០​ឆ្នាំ គឺ ការ​ប្រាក់ នៅ​តែ​ដដែល។ ខ្ញុំជឿជា​ក់​ហ៊ាន​តែ​ធ្វើ​អ៊ីចឹ​ង គឺ​ប្រជា​ពលរដ្ឋ​មិន​អាច​ទ្រាំ​បាន​ទេ ព្រោះថា ប្រទេស​កម្ពុជា​យើង​អត់​មាន​ច្បាប់! អ​ត់​មាន​អី​ទាំង​អស់។ អ៊ីចឹង​មាន​ន័យ​ថា ថ្នាក់​ដឹក​នាំ​ជា​ពិសេស លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋ​មន្រ្តីហ្នឹ​ង មិន​អាច​ក្តោប​ក្តាប់​អ្នក​វិនិ​យោគ ពួក​អ្នក​នាយ​ទុន​ធ្វើ​អី​បាន​ស្រេច​តែ​ចិត្ត នាំ​ឱ្យ​ផ្ទុះ​ហើយ​ មិន​យូរ​ទេ​រឿង​ហ្នឹង កាន់​តែ​ផ្ទុះ​ទៅ​ខ្លាំង​មែន​ទែន​ហើយ»។

សម្រាប់ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គកាសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត និយាយ​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​មាន​យន្ត​ការ​ជួយ​សម្រួល​ពលរដ្ឋ​សង​ត្រលប់​ទៅ​ធនាគារ​បើ​មាន​បញ្ហា​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ។

លោកបន្ថែមថា បើមានករណីបង្កើនការប្រាក់ដូចធនាគាព្រីសន៍​មែន គឺ​ផ្ទុយ​ពី​គោល​ការណ៍​រដ្ឋាភិ​បាល​ហើយ អតិថិជន​​អាច​រក​ការ​អន្តរាគម​ន៍​ពី​ធនាគារ​ជាតិ​ ដើម្បី​រក​ដំណោះ​ស្រាយ​បន្ទាន់​ផង​ដែរ។

លោកថា៖ «តាមផ្លូវច្បាប់ ទោះបីថាមិនឲ្យលើសពី១៨ភាគរយ​ក្នុង​មួយ​ឆ្នាំ ក៏​មិន​អាច​ថា​ដំឡើង​ការ​ប្រាក់​តាម​អំពើ​ចិត្ត​បាន​ដែរ ពីព្រោះ​អានេះ​ វាទា​ក់ទ​ងនឹ​ង​ភាព​ទំនុក​ចិត្ត​រវាង​ធនាគារ​ជាមួយ​នឹង​អតិថិជន។ កាល​ណា​ប្រសិន​ជា​ធ្វើ​សកម្មភាព​អ៊ីចឹង​មែន វា​ប៉ះ​ពាល់​សម្រាប់​អតិថិជន​ច្រើន​ទៀត​ អ៊ីចឹង​ករណី​នេះ ខ្ញុំ​មិន​ច្បាស់​ទេ ប៉ុន្តែ​បើ​សិន​ជា​ធ្វើ​អ៊ីចឹង​ វា​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​ពី​អតិថិជន។ ហើយថ្មីៗ​យើង​ដឹង​ហើយ​ថា ធនាគារ​មួយ​នេះ​ក៏​កំពុង​តែ​មាន​បញ្ហា​ទាក់​ទង​នឹង​អ្នក​ដឹក​នាំ​ដែល​មាន​ការ​ផ្ទុះរឿ​ង​ពី​បរទេស​អី​ជា​ដើម អ៊ីចឹង​ទៅ​បើ​សិន​ជា​រឿង​ហ្នឹង គឺ​វា​អាច​ប៉ះ​ពាល់»

យ៉ាងណា នៅពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនព្រីសន៍គ្រុប បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ច្រាន​ចោល​ការ​ចោទ​ថា ឧកញ៉ា ចេន ហ្ស៉ី បាន​ចូល​រួម​ក្នុង​សកម្មភាព​ខុស​ច្បាប់​ក្នុង​ឧក្រិដ្ឋ​កម្ម​ឆបោក។

ប្រភពនោះថា ការ​ចោទប្រកាន់នេះគឺគ្មានមូលដ្ឋានច្បាស់លាស់ និង​មាន​គោល​បំណង​រក​លេស​ ដើម្បី​​រឹបអូស​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​ព្រីសន៍​គ្រុប​ថា អស់​រយៈ​ពេល​ជាង​មួយ​ទស្សវត្សរ៍​ហើយ ដែល​ក្រុម​ហ៊ុន​បាន​ធ្វើ​ប្រតិ​បត្តិ​ការ​ប្រកប​ដោយ​តម្លា​ភាព និង​អនុលោម​តាម​ច្បាប់​ជា​ធរមាន។

ក្រសួង​​យុត្តិធម៌​​​អាមេរិក នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា​ ប្រកាស​​ថា អាមេរិក​​​បា​​ន​​បង្កក​​ទ្រព្យ​​​សម្បត្តិ​ ​១៥​ពាន់​​លាន​​ដុល្លារ​​របស់​​ឧកញ៉ា ចេន ហ្ស៊ី ព្រម​​ទាំង​​ចេញ​​ដីកា​​ចោ​ទ​​ប្រកាន់​​ជុំវិញ​​ការ​​បើក​​មជ្ឈ​មណ្ឌល​​​ឆបោក​​តាម​​អន​​ឡាញ លាង​​លុយ​​កខ្វក់ និង​​បង្ខាំង​​មនុស្ស​​ខុស​​ច្បាប់។

បើតាមក្រ​សួង​យុត្តិធម៌​អាមេរិក រដ្ឋ​អាជ្ញាតុ​លាការ​​សហព័ន្ធ​​សហរដ្ឋ​​អាមេរិក​​ក្រុង​​ញ៉ូវ​​យ៉ក បាន​​ចោទ​​​ប្រកាន់​ លោក ចេន ហ្ស៊ី ជុំវិញ​​បទ​ឧក្រិដ្ឋ​​ឆបោក និង​​លាង​​លុយ ដែល​​អាច​​ប្រឈម​​ជាប់​ពន្ធនាគារ​​៤​០​​ឆ្នាំ។

ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បញ្ជាក់​​ថា លោក ចេន ហ្ស៊ី (Chen Zhi) បាន​ធ្វើ​​ឱ្យ​​ក្រុម​​ហ៊ុន Prince Group ក្លាយ​​​ជា​អង្គកា​រ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ដ៏​ធំ​​បំផុត​​មួយ​​នៅ​អាស៊ី ដែល​កំពុង​​ប្រតិបត្តិ​​ការ​​នៅ​ក្នុង​ប្រទេស​​ចំនួន​​៣០​​នៅ​លើ​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ