ក្រុមហ៊ុនព្រីនស៍គ្រុបនៅក្នុងប្រទេសកម្ពុជា ដែលប្រធានក្រុមហ៊ុនត្រូវបានរឹបអូសទ្រព្យសម្បត្តិជាង ១៥ពាន់លានដុល្លារ (១៩.៥៤ពាន់លានសិង្ហបុរី) បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងដែលថាលោក ចេន ហ្ស៊ី បានប្រមូលទ្រព្យសម្បត្តិតាមរយៈការឆបោកតាមអ៊ីនធើណែត។
សារព័ត៌មាន ដឹស្ត្រេត ថាមស៍(the straitstimes) បានរាយការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ភាពច្របូកច្របល់នៃការរឹបអូសទ្រព្យសម្បត្តិនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី បានកំណត់គោលដៅក្រុមហ៊ុនព្រីនស៍គ្រុប(Prince Group)របស់ប្រទេសកម្ពុជា ដោយអាជ្ញាធរបានចោទប្រកាន់ស្ថាបនិករបស់ខ្លួនលោក ចេន ហ្ស៊ី ថាបានដំណើរការអង្គការឧក្រិដ្ឋកម្មឆ្លងដែន។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីខែតុលា បានបើកបង្ហាញការចោទប្រកាន់លើមហាសេដ្ឋីរូបនេះថា ជាអ្នកគ្រប់គ្រងលើជំរុំការងារដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ដែលមានកម្មករត្រូវបានជួញដូរធ្វើការបោកប្រាស់តាមអនឡាញ។
ក្រុមអ្នកស៊ើបអង្កេតអាមេរិក បានរឹបអូស ប៊ីតខញ(Bitcoin)ដែលមានតម្លៃប្រមាណ ១៥ពាន់លានដុល្លារដែលគេចោទប្រកាន់ថាជាប្រាក់ចំណូលឧក្រិដ្ឋកម្ម ដែលជាសកម្មភាពរឹបអូសដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រសួងយុត្តិធម៌។
ចក្រភពអង់គ្លេស ក៏បានបង្កកទ្រព្យសម្បត្តិអាជីវកម្ម និងអចលនទ្រព្យដែលមានតម្លៃជាង ១៣០លានដុល្លារផងដែរ ខណៈដែលតៃវ៉ាន់ សិង្ហបុរី និងហុងកុង បានរឹបអូសទ្រព្យសម្បតិជាតិដល់ទៅជាង ៣៥០លានដុល្លារ។
ក្រុមហ៊ុនបាននិយាយនៅថ្ងៃទី១១ ខែវិច្ឆិកាថា ‘‘បដិសេធទាំងស្រុងចំពោះការយល់ថា ខ្លួន និងប្រធានរបស់ខ្លួនគឺលោក ចេន ហ្ស៊ី(Chen Zhi) បានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយ’’។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា ‘‘ការចោទប្រកាន់នាពេលថ្មីៗនេះ គឺគ្មានមូលដ្ឋានហើយហាក់បីមានគោលបំណងបង្ហាញអំពីភាពត្រឹមត្រូវនៃការរឹបអូសទ្រព្យសម្បត្តិដោយខុសច្បាប់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ’’។ នេះជាសេចក្តីថ្លែងការណ៍ដំបូងរបស់ក្រុមហ៊ុនចាប់តាំងពីការបង្រ្កាបបានចាប់ផ្តើម។
ក្រុមហ៊ុនព្រីនហូលឌីងគ្រុប(Prince Holding Group) ដែលជាក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេសកម្ពុជាបានប្រតិបត្តិការជាង៣០ប្រទេស ដែលមានចំណាប់អារម្មណ៍លើអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងអាជីវកម្មតាំងពីឆ្នាំ២០១៥។
អាណាចក្រអាជីកម្មមានគ្រប់ទីកន្លែងក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលមានការវិនិយោគអចលនទ្រព្យចំនួន ២ពាន់លានដុល្លារអាមេរិក រួមទាំងផ្សារទំនើបដ៏ធំព្រីនអ៊ីនធើណេសិនណល ផ្លាសា(Prince International Plaza)ក្នុងរាជធានីភ្នំពេញ។
ក្រសួងយុត្តិធម៌អាមេរិក បានហៅព្រីនស៍គ្រុប(Prince Group) ថាជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន‘‘ដ៏ធំបំផុតមួយរបស់អាស៊ីអាគ្នេយ៍’’៕









