ថៃផ្អាកផ្ដល់សិទ្ធិស្នាក់​នៅ​ដល់​ពលករ​ខ្មែរ​ភា្លមៗ​ក្រោយ​ប្រកាស​ដក​ខ្លួន​ពី​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់

ក្រោយ​ប្រកាសដ​ក​ខ្លួន​ពី​បទ​ឈប់​បាញ់ ថៃ​បាន​ចាត់​វិធាន​ផ្អាក​ផ្ដល់​សិទ្ធិ​ស្នាក់​នៅ​ដល់​ពលករ​ខ្មែរ ដែល​កំ​ពុ​ង​ធ្វើការ​​នៅ​​ប្រទេស​របស់​ខ្លួន កា​រណ៍​នេះ​ជំរុញ​ឱ្យ​មាន​ការ​បារម្ភ​ពី​​អ​នា​​គ​តមិន​ច្បា​​ស់​លា​ស់​​​​រប​ស់​ព​ល​ករ​ខ្មែ​រ បើ​រដ្ឋាភិ​បាល​មិ​ន​​ពង្រីក​​ឱកាស​ការ​ងារ ដើម្បី​ឆ្លើ​​យត​ប​ទៅ​​នឹង​​តម្រូវ​ការ​ចាំបា​​ច់ពួក​គេ​បាន។

សារព័ត៌មានថៃ​ The Nation Thailand បាន​ស្រង់​សំដី​អ្នក​ស្រី ត្រៃស៊ុលី ត្រៃសរណៈ​គូន អគ្គ​លេខា​ធិការ​នៃ​នាយក​រដ្ឋ​មន្ត្រី មកចុះ​ផ្សា​យ​កាល​ថ្ងៃ​ទី១​០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ។

អ្នកស្រី ត្រៃស៊ុលី ត្រៃសរណៈគូន (Traisulee Traisoranakul) អគ្គលេខាធិការ​នៃ​នាយក​រដ្ឋ​មន្ត្រី ​បាន​និយាយ​ថា នាយក​​រដ្ឋ​មន្ត្រី លោក អានុធីន ឆានវីរៈ​គូន (Anutin Charnvirakul) បាន​សម្រេច​ផ្អាក​ការ​ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​ព្រាង​សេចក្តី​ប្រកាស​របស់ក្រសួង​មហា​ផ្ទៃ ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​លិខិត​អនុញ្ញាត​ការ​ងារ​ផុត​កំណត់​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ជា​បណ្តោះ​អាសន្ន។

អ្នកស្រី ត្រៃស៊ុលី បន្តថា អាជ្ញាធរថៃបានរកឃើញថា ពលករខ្មែរ​ជិត ១០​ម៉ឺន​នាក់ លិខិត​អ​នុញ្ញា​ត​ធ្វើ​​ការ​រប​ស់​ពួក​គេ បាន​ផុត​កំណត់​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​មិន​អាច​កំណត់​អត្ត​សញ្ញាណ ឬ​កំណត់​​ទីតាំ​​ង​បា​ន​ត្រឹម​ត្រូវ​ទេ។

លោកស្រីថា ការ​ផ្តល់​ការ​បន្ត​សុពល​​ភា​ព​ដោយ​ស្វ័យ​ប្រវត្តិ​ ដោ​​យគ្មា​ន​ការ​ផ្ទៀង​ផ្ទាត់​អាច​បង្ក​ហា​និភ័យ​ដល់​​សន្តិ​​សុ​ខជាតិ និង​បង្កើន​ករណី​ចូល​ប្រទេស​ខុស​ច្បាប់ និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន។

បន្ថែ​មពីនេះ លោក អានុធីន ក៏បានបញ្ជាឱ្យមានការត្រួតពិនិត្យពេញ​លេញ ដើម្បី​ធានា​បា​​ន​នូវ​ការ​អ​នុ​លោ​ម​​តាម​​ច្បា​​ប់យ៉ាង​តឹង​រឹង និង​ការ​ផ្ទៀង​ផ្ទាត់​ពេញ​លេញ​នៃ​កំណត់​ត្រាទាំ​ង​អស់​មុន​ពេល​អនុ​ម័ត។

វិធានសម្រេចចិត្តរបស់រដ្ឋាភិបាលថៃនេះ បានធ្វើឡើង​បន្ទាប់​ពី​ទាហាន​ថៃ​ពីរ​នាក់​ទៀត បាន​រង​របួស​ដោយ​ដើរ​ជាន់​​មីន​​នៅ​តំបន់​ភ្នំ​ទ្រព្យ ដែល​ថៃ​ចោ​ទ​ថា​ជា​មីន​ទើប​នឹង​ដាក់​ថ្មី​ពី​ភាគី​កម្ពុជា រំលោភ​លើ​កិច្ច​ព្រម​​ព្រៀង​បទ​ឈប់​បាញ់​កម្ពុជា ថៃ។

យ៉ាងណា កម្ពុជា តាមរយៈក្រសួងការបរទេស កាល​ពី​ថ្ងៃ​ទី១​០ខែ​វិច្ឆិកា បាន​ប្រកាស​ច្រាន​ចោល​ដោយ​ថា ការ​ចោទ​ប្រកា​ន់​របស់​ថៃ និង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​ដែល​ថៃ​ប្រកាស​ដក​ខ្លួន​ពី​កិច្ច​ព្រម​ព្រៀង​នេះ។

VOD មិនទាន់អាចសុំការឆ្លើយតបពី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ លោក ស៊ុន មេសា ដើម្បី​ចង់​ដឹង​ពី​ជម្រើស​ទទួល​ខុស​ត្រូវ លើ​ជោគ​វាសនា​ពលករ​ខ្មែរ ជុំវិ​ញ​វិធាន​រដ្ឋាភិបាល​ថៃ​នា​ពេល​នេះបាន​ទេ គិត​ត្រឹម​​ម៉ោង​ផ្សាយ​នេះ។

យ៉ាងណាកន្លងទៅ ​​លោក ​ហេង សួរ រ​ដ្ឋ​មន្ត្រី​​ក្រសួង​​ការងារ កាល​ពី​ថ្ងៃទី​​​៣១ ខែ​​សីហា ​ឆ្នាំ​២០២៥ បាន​និយាយ​ថា ​មា​ន​​​ពលរដ្ឋ​​​ខ្មែរ​ ​៩២​ម៉ឺន​​នាក់ ​បាន​​វិល​​ត្រឡប់​​​ពី​​ប្រទេស​ថៃ​​ ចូល​​មក​​កម្ពុជា​វិញ​ ក្នុងនោះ​​មាន​​ពលករ​ប្រហែល​​៧០​​ម៉ឺន​នាក់ ប្រឈម​នឹងភាពអត់ការងារធ្វើ​​ ។

សម្រាប់ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មាន​​ប្រសាសន៍ថា ប្រសិន​​បើ​រដ្ឋា​ភិ​បាល​ថៃ ចាត់​វិធាន​បែប​នេះ​មែន អាច​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រ​យោជន៍​ប្រ​ទេសទាំ​​ង​សង​ខាង។ ហើយ​ថា មិន​ចំណេញដ​ល់​ប្រទេស​ទាំង​ពីរ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ធ្វើ​ឱ្យ​ព​លរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ប្រ​ឈម​វិបត្តិ​​ការ​​ងារ ជីវភាព រួម​ទាំង​វិនិយោគ​ផង​ដែរ។

លោកថា៖ «កាលណាពលករមិនមានការងារ​ធ្វើ វា​ប៉ះ​ពាល់​ដល់​បញ្ហា​ជីវភាព​ ប៉ះ​ពាល់​ដល់​កូន​ចៅ​​ក្រុម​គ្រួសារ​របស់​គាត់ ការ​ទទួល​បាន​ការ​អប់​រំ​អី​ក្ដី​ហ្នឹង វា​ច្បាស់​ជា​ប៉ះ​ពាល់​ហើយ ចំពោះ​រឿង​មួយ​រឿង​ពន្ធ​នៃ​បដិការ​ដែល​ចរចា​ជាមួយ​​អាមេរិក ទោះ​បី​ជា​បាន​ជោគ​ជ័យ​មួយ​ជំហាន​ធំ​ក៏​ដោយ ​ក៏​នៅ​តែ​ប៉ះពា​ល់​ដល់​ការ​ងារ​របស់​ពលករ​ក្នុង​ស្រុក​ប្រហែល​ជាង​១០​ម៉ឺន​នាក់​​ប៉ុណ្ណោះ ដូច្នេះ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ហើយ​ បើ​បន្ថែម​ចំនួន​កាន់​តែ​ច្រើ​នអត់​ការ​ងារ​កាន់​តែ​ច្រើន វា​ធ្វើ​ឲ្យសេ​ដ្ឋកិច្ច​ក្ដី​អី​ក្ដី​ កម្ពុជា​ហ្នឹង​វា​រង​ផល​ប៉ះ​ពាល់ ហើយ​ម្យ៉ាង​ជី​វភាព​របស់​មនុស្ស បើ​សិន​ជា​មនុស្ស​២០ ទៅ​៣​០​ម៉ឺន​នាក់​អត់​ការ​ងារ​ធ្វើ វា​ធ្វើ​ឲ្យ​កម្រិត​ឬ​ក៏​ចំនួន​ភាគ​រយ​នៃ​ភាព​ក្រីក្រ​ហ្នឹង​វា​នឹង​កើន​ឡើង»។

យ៉ាងណាក្ដី លោកច័ន្ទរ័ត្ន លើកឡើងថា ក្នុងកាលៈទេសៈនេះ កម្ពុជាចាំបាច់ណា​ស់ត្រូវតែប​ង្ហាញ​ភាព​ខ្លាំង​​​រប​ស់ខ្លួន ដោយរដ្ឋាភិបាល រួម​ទាំង​ក្រសួង​ពាក់​ព័​ន្ធ គួរ​មាន​វិធាន​បង្កើ​​តឱកាស​ការ​ងា​​រក្នុង​ស្រុក​ឱ្យ​​បាន​ច្រើ​​ន ​បង្កើន​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​អាច​ផ្ដល់​ឱកាស​ការ​ងារ​ជូន​ដល់​ពលរដ្ឋ។

ករណីនេះ មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុ​កប្រចាំ​ប្រទេស​ថៃ​នៃ​អង្គការ​សង់​ត្រាល់ លោកលឹង​ សុផុន ថ្លែង​ប្រាប់​VOD នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នេះ​ថា ស្ថានភាព​បច្ចុប្ប​ន្ន​របស់​ពលករ​ខ្មែ​រ​ដែល​កំពុង​​រ​ស់​​នៅ​​និ​ង​ធ្វើការ​នៅ​ថៃ គឺប​ន្ត​ធ្វើ​ការ​ធម្មតា​ ដោយ​មិន​ទាន់​ឃើញ​មាន​សកម្ម​ភាព​នៃ​ការ​គំរាម​កំហែង ឬ​វិធា​​ន​ជញ្ជូ​​នត្រលប់​ទៅ​កាន់​ប្រទេស​វិញ​ឡើយ ។

លោក សុផុន បន្ត​ថា ស្រប​ពេល​ពលករប​ង្ហាញ​ពី​ក្ដី​បារម្ភ​ជុំវិញ​ការ​អាច​បាត់​បង់​សិទ្ធិ​ធ្វើ​ការ អាជ្ញា​ធរ​ថៃ​កំពុង​​យក​ចិត្តទុ​ក​ដាក់​ពិនិត្យ​ទៅ​លើ​​លិខិត​ការ​ងារ​ស្រប​ច្បាប់​ ​ដែល​ពលករ​បាន​ដាក់​ស្នើ​ទាំង​១០​ម៉ឺ​​ននា​ក់​នេះ​ផង​ដែរ ។

លោកថា៖ «ពលរដ្ឋខ្មែរយើងនៅក្នុងប្រទេសថៃ មានការព្រួយបារម្ភ និង​មាន​ការ​កង្វល់​ទាក់​ទង​ទៅ​នឹង​ការ​ស្នើសុំ​បន្ត​សុពល​ភាព​ប័ណ្ណ​ការ​ងារ​នៅក្នុ​ង​ប្រទេស​ថៃហ្នឹ​ង ហើយ​១៣ខែ​កុ​ម្ភៈ​កន្លង​មក​២០២៥​ហ្នឹង​ គឺ​ពលករ​កម្ពុជា​យើង​ហ្នឹង​ចំនួន​១០​ម៉ឺន​នាក់ កន្លង​មក​ហ្នឹង មាន​ការ​ស្នើ​សុំ​ធ្វើ​ថ្មីៗ​នឹង​រដ្ឋាភិ​បាល​ថៃ​ បាន​បង្ហាញ​ក្តី​កង្វល់​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​តែ​រស់​នៅ​ប្រទេស​ថៃ តែ​ដោយ​ឡែក​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​តែ​ស្នាក់​នៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​កន្លង​មក​ហ្នឹង ឃើញ​ច្រើន​ដោយ​ខាង​ក្រសួង​ការ​ងារ​ថៃ​បាន​បញ្ជាក់​ថា​ ថ្មីៗ​នេះ​ថា​មាន​ចំនួន​រហូត​ទៅ​ដល់​៤៩​ម៉ឺន​នាក់ ដែល​កំពុង​ស្នាក់​នៅ​ធ្វើការ​ ប៉ុន្តែ​ចំនួ​ន​១០ម៉ឺន​នាក់​ហ្នឹង ដូច​ការ​ស្នើសុំ​ប​ន្ត​សុពល​ភាព​ប័ណ្ណ​ការ​ងារ​នៅ​ក្នុង​ប្រទេស​ថៃ»

ចំណែក អ្នក​គ្រប់​​គ្រង​​កម្មវិធី​ការងារ​​នៃ​​អង្គការ​​សង់​ត្រាល់ លោក ឃុន ថារ៉ូ យល់​ថា សកម្ម​ភាព​នេះ​កំពុង​បង្ហាញ​ថា​ថៃ​មិន​បាន​គោរព​ទៅ​តាម​គោល​ការណ៍​អង្គ​ការ​ពលកម្ម​អន្តរ​ជាតិ​រំលោភ​ទៅ​លើ​ក្រប​ខណ្ឌ​នៃ​ការ​គាំ​ពារ​ពលករ​ចំណាក​ស្រុក​ ក្នុង​កម្រិត​អាស៊ាន​និង​កិច្ច​ព្រម​ព្រៀង​ ឬ​អនុសារណៈ​ក្នុង​ការ​បញ្ជូន​ពលករ​ជាដើម ព្រោះ​ថៃ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​លក្ខណៈ​ឯកតោ​ភាគី។

លោក ថារ៉ូ បន្តថា ជុំវិញបញ្ហានេះ នឹងជះផលអវិជ្ជមានទៅដល់ពលករ លើវិបត្តិកា​រងា​រ និង​ប្រាក់​ចំណូល​ ហើយ​ចង់​មិន​ចង់​ពួក​គាត់​ត្រូវ​តែ​ធ្វើការ​សម្រេច​ចិត្ត​ទាំង​បង្ខំ ដែល​អាច​ប្រឈម​មុខ​ទៅ​នឹង​ភាព​មិន​ស្រប​ច្បាប់​ ដូច្នេះ​រដ្ឋាភិបាល​​កម្ពុជា​គួរ​កែ​ទម្រង់​ទៅគោ​ល​នយោ​បាយ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ដែល​ព​លករ​កំពុង​ប្រ​ឈ​ម​​រួម​ទាំង​កិច្ច​គាំពារ​សុខ​មាល​ភាព​ការ​ងារ ជាពិសេស​ត្រូវ​លុប​បំបាត់​អ្នក​កេង​ប្រវ័ញ្ញឆបោក​ពលករ​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជាដើម។

លោកថា៖ «បញ្ហានេះ ជាឧបសគ្គរារាំង ហើយទាមទារឲ្យមានកំណែ​ទម្រង់​គោល​នយោ​បាយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ភាព​វិបត្តិ​ដែល​កើត​ចេញ​មក​ពី​ជម្លោះ​ព្រំដែន ដែល​ប៉ះ​ពាល់​ទៅ​ដល់​ស្ថាន​ភាព​សុខុមាល​ភាព​ការ​ងារ​ប្រាក់​ចំណូល​​របស់​ពលករ​ខ្មែរ អ៊ីចឹង​ប្រសិន​បើ​មិន​វាង​នូវ​គោល​នយោបាយ​ឆ្លើយ​តប​ណា​មួយ ដើម្បី​ផ្ដល់​នូវ​កិច្ច​អន្តរា​គមន៍​​ដោយ​មាន​ប្រសិទ្ធ​ភាព ​នៅ​ក្នុង​ការ​ធានា​ឲ្យ​ពួក​គាត់​អាច​មាន​ឱកាស​ ក្នុង​ការ​ស្វែង​រក​ការ​ងារ ឬ​ក៏​គោល​នយោ​បាយ​គាំពារ​សង្គម​ណា​មួយ​នោះ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សំណាញ់​សុវ​ត្ថិ​ភាព​ នៅ​ក្នុង​អំឡុង​ពេល​ដែល​គាត់​អត់​មាន​ការ​ងារ​ធ្វើ​ និង​ដើម្បី​ដោះ​ស្រាយ​ទៅ​នឹង​ស្ថាន​ភាព​សេច​ក្ដី​ត្រូវ​ការ​ចាំបាច់​ណាស់ អាហ្នឹង​វា​ទាម​ទារ​ឲ្យ​មាន​នូវ​ការ​ឆ្លើយ​តប​ជា​បន្ទាន់»។

បើតាមលោក ថារ៉ូ ផ្អែកលើការសិក្សារបស់សង់ត្រាល់កន្លងមកឃើញ​ថា ប្រព័ន្ធ​​គាំ​ពារ​សេចក្ដី​ត្រូ​​វ​ការ​​ជា​មូល​ដ្ឋាន​រួម​ទាំង​កង្វះ​ទីផ្សារ​ការ​ងារ​ ជា​ភាព​ចាំបាច់​ណាស់ សម្រាប់​កម្ពុជា​ក្នុង​វិស័យ​ការ​ងារ ដែល​ទាម​ទា​រ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ បង្កើន​នូវ​ឱកាស​ទីផ្សារ​ការ​ងារ និង​សម្រួល​ដល់​ការ​សង​បំណុ​ល​ជូន​ព​ល​ករ​ដែល​ប្រឈម​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​កម្ពុ​ជា-ថៃ ។

លោកថា៖ «ទោះជួបឧបសគ្គនឹងស្ថានភាពនៃទីផ្សារការងារ ប្រសិនបើ​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​កំណែ​ទម្រង់​ ក្នុង​ការ​វិនិយោគ​ទៅ​លើ​មុំ​បី​ ទី១​ផ្តល់​ការ​គាំពារ​នៅ​ក្នុង​អន្តរ​កាល​មួយ​សម្រាប់​ពួក​គាត់ ខ្ញុំគិត​ថា វា​នឹង​អាច​ជួយ​ដោះ​បន្ទុក​របស់​ពួក​គាត់ ទី២​ពិនិត្យ​ពិចារណា​ទៅ​នឹង​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​ជាពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​បំណុល​ ការ​ព្យួរ​នូវ​ការ​បង់​សង​បំណុល ប្រាក់​ខែ​ប្រាក់​ការ​ដើម​ជាដើម​ហ្នឹង វា​អាច​ជួយ​សម្រាល​បន្ទុក ខណៈ​ពេល​ដែល​​អត់​មាន​ការ​ងារ​ធ្វើ ទី៣​គឺ​ការ​វិនិយោគ​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធន​ធាន​មនុស្ស ហើយ​វគ្គ​បណ្ដុះ​បណ្ដាល​ដែល​កន្លង​ទៅ ក្រសួង​បាន​លើក​ឡើង​ក្នុង​ការ​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ ខ្ញុំ​គិត​ថា នឹង​វា​ជាគោ​ល​ដៅ​រយៈ​ពេល​វែង ចឹង​ប្រសិន​បើ​យើង​មាន​គោល​នយោ​បាយ​ឆ្លើយ​តប​ទាន់​ពេល​នៅ​ក្នុង​អន្ត​រកាល​រយៈ​ពេល​ខ្លី​ពេក វា​នឹង​អាច​ជួយ​សម្រាល​បន្ទុក​ ហើយ​យើង​ត្រូវ​គិត​អំពី​ការ​កំណែ​ទម្រង់​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ ​ការ​វិនិយោគ​ទៅ​លើ​ប្រព័ន្ធ​កិច្ច​គាំពា​រ​សង្គម ឲ្យ​បាន​ទូលំទូលាយ​គ្រប​ដណ្តប់​ទៅ​ដល់​ក្រុម​គ្រួសារ​ពលករ​ដែល​គាត់​មាន​ជីវភា​ព​ក្រី​ក្រ»។

យោង​តាម​របាយការណ៍​របស់​​វិទ្យា​ស្ថានបណ្តុះ​បណ្តាល និងស្រាវ​​ជ្រាវ​​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI)​ កាល​​ពីថ្ងៃ​ទី​២៧​​ខែ​សីហា​ បច្ចុប្បន្ន​មាន​ពលករខ្មែរទើប​វិលត្រឡប់​មក​ពីថៃ​​​ប្រមាណតែ​១៩ម៉ឺន​នាក់​​ប៉ុ​ណ្ណោះ​ ក្នុង​​ចំណោម​៩២​ម៉ឺន​នាក់​​​ដែល​ទទួល​​បាន​ការ​ងារ​ធ្វើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ