កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាព(សត្រូវ)ជាបន្ទាន់ក្នុងជម្លោះព្រំដែន ក្រោយថៃបើកការបាញ់ប្រហារ បង្កឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់និង៣នាក់រងរបួស នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរខ្មែរថាជនស៊ីវិលខ្មែរទាំងនោះ កំពុងស្នាក់នៅក្នុងកៅស៊ូតង់លើដែនអធិបតេយ្យកម្ពុជា។
ក្រសួងការពារជាតិកម្ពុជា និយាយក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៣ ខែវិច្ឆិកានេះថា វេលាម៉ោង ១០:២០នាទី ថ្ងៃព្រហស្បតិ៍នេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ដោយគ្មានមូលហេតុ ចំនួនពីរលើក។
ក្រសួងគូសបញ្ជាក់ថា លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបង្កឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា រងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។
បើតាមប្រភពខាងលើ៖ «កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ»។
លើសពីនេះកម្ពុជា សូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាកាលពីម្សិលមិញនេះ។
ក្រសួងការពារជាតិ សូមបញ្ជាក់ជំហរសារជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
ក្រោយកើតហេតុ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសមួយបញ្ជាក់ថា ការបើកការបាញ់ប្រហារពីសំណាក់យោធាថៃនេះ សំដៅមកលើជនស៊ីវិលខ្មែរដែល «កំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ ក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរម្នាក់បានស្លាប់ »។
ជាការកត់សម្ភាល់ ការបើកការវាយប្រហារមកលើជនស៊ីវិលខ្មែរ ពីសំណាក់យោធាថៃនេះ បានធ្វើឡើងក្រោយថៃប្រកាសដកខ្លួនចេញពីបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។
កិច្ចព្រមព្រៀងនេះ មានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា និងមានការចុះហត្ថលេខាពីរទៀតធ្វើជាសាក្សី គឺប្រធានអាស៊ានប្តូរវេននៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតី លោក ដូណាល់ ត្រាំ ផងដែរ៕









