លោក ហ៊ុន សែន ដែលគេដឹងថា មានអំណាចកំពូលនៅកម្ពុជា កំពុងកាន់តួនាទីជានាយឧត្តសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភាផងនោះ ក្រៅពីគាំទ្ររដ្ឋាភិបាលលើវិធានថ្កោលទោសទង្វើយោធាថៃបើកការបាញ់ប្រហារលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បានព្រមានថា ការប៉ុនប៉ងបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ នឹងត្រូវជួបប្រទះនូវការការពារអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាបំផុត ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំថ្ងៃដែលទាហានថៃបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ បង្កឱ្យមានអ្នកស្លាប់ម្នាក់ និងរបួស៣នាក់ ក្រោយថៃប្រកាសដកខ្លួនដោយឯកតោភាគីពីបទឈប់បាញ់។
បើតាមសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជា ចុះថ្ងៃទី១២វិច្ឆិកា បាននិយាយថា ខ្លួនថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចាត់ទុកថា ការបាញ់មកលើពលរដ្ឋខ្មែរជាទង្វើដ៏ព្រៃផ្សៃយង់ឃ្នង។
ព្រឹទ្ធសភាថា ការណ៍នេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីនលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
ព្រឹទ្ធសភា គូសបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់គ្នាចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានអនុវត្តការអត់ធ្មត់ជាអតិបរមា ដោយបានចៀសវាងមិនធ្វើការវាយបក បើទោះជាមានការញុះញង់បង្កហេតុជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ដោយគោរពយ៉ាងពេញលេញនូវគោលការណ៍សន្តិភាព និងភាពជាអ្នកជិតខាងល្អ។ ទោះជាយ៉ាងណា កម្ពុជានឹងមិនធ្វើសម្បទានចំពោះអធិបតេយ្យភាព ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនជាដាច់ខាត។
លើសពីនេះ ព្រឹទ្ធសភា គូសបញ្ជាក់ថា កម្ពុជាសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃអស់ទាំងនោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាពក្នុងតំបន់ និងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ។
ព្រឹទ្ធសភាកម្ពុជា សង្កាត់ធ្ងន់ថា ខ្លួនប្រកាន់ជំហរឯកភាពជាធ្លុងមួយយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ហើយបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះសន្តិភាព កិច្ចសន្ទនា និងនីតិរដ្ឋ។
ប៉ុន្តែព្រឹទ្ធសភាបានព្រមានថា «ការប៉ុនប៉ងបំផ្លាញសន្តិភាព ឬបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ នឹងត្រូវជួបប្រទះនូវការការពារអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាបំផុត»៕









