ភាពអត់ធ្មត់ជុំវិញជម្លោះព្រំដែនជាមួយថៃ ដែលជំរុញឱ្យទាហានថៃ បើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរតាមទំនើងចិត្ត នៅភូមិព្រៃចាន់ បង្កឱ្យស្លាប់និងរបួសកាលពីថ្ងៃពុធនោះ ជំរុញមតិចម្រុះកើតឡើង ពីវិធានចាំបាច់នានា ដើម្បីទប់ស្កាត់សត្រូវឈ្លានពាន ដែលកំពុងបំពានច្បាប់អន្តរជាតិនេះ។
អ្នកខ្លះថាបញ្ហានេះ កម្ពុជាចាំបាច់ត្រូវប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC រីឯខ្លះទៀតលើកឡើងថា វាដល់ពេលហើយដែលកម្ពុជាត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិICJ ដើម្បីការពារទឹកដី និងខ្លះថាកម្ពុជាចាំបាច់ត្រូវប្រើសិទ្ធិការពារខ្លួន ដើម្បីទប់ទល់ទៅនឹងទង្វើឈ្លានពានរបស់ថៃជាដើម។
ផ្តើមចេញពីបញ្ហានេះ នៅថ្ងៃដែលយោធាថៃបើកការបាញ់ប្រហារលើពលរដ្ឋខ្មែរ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈហ្វេសប៊ុកខ្លួន បានប្រាប់អាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ ការពារប្រជាពលរដ្ឋខ្មែរ ពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ឱ្យបានជាដាច់ខាត។
ជុំវិញរឿងនេះ ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន កត់សម្គាល់ថា ថៃបានត្រៀមកម្លាំងប្រដាប់អាវុធ និងប្រកាសហែកចោលកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាថែមទៀត ដែលបង្ហាញពីចេតនាឈ្លានពានដីខ្មែរដោយកម្រោល។
លោកថា៖ «ទី១ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះឥរិយាបថ និងទង្វើរបស់យោធាថៃ រួមទាំងរដ្ឋាភិបាលថៃដែលប្រព្រឹត្តបំពានទាំងច្បាប់អន្តរជាតិ ទាំងធម្មនុញ្ញអង្គការសហប្រជាជាតិទាំងច្បាប់មនុស្សធម៌អន្តរជាតិ ហើយទាំងកិច្ចព្រមព្រៀងសន្តិភាពថ្មីៗនេះ នៅគូឡាឡាំពួផង ជាទង្វើមួយដែលយើងមិនអាចទទួលយកបានទេ»។
លោកថា ស្ថានភាពបែបនេះ កម្ពុជាមានតែពឹងពាក់លើអន្តរជាតិ មានអាមេរិកជាដើម ដើម្បីដាក់សម្ពាធថៃគោរពបទឈប់បាញ់ រួមទាំងយកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស យន្តការ ICJ និងប្តឹងទៅអង្គការសហប្រជាជាតិ ទើបបន្ថយកម្តៅព្រំដែននៅពេលនេះបាន។
យ៉ាងណា លោកថា កម្ពុជាមិនអាចពឹងអន្តរជាតិរហូតទេ ពោលគឺមានតែកម្ពុជាខ្លាំងទាំងផ្នែកយោធា និងសេដ្ឋកិច្ច ទើបប្រទេសជិតខាងមិនអាចរំលោភបំពានបាន។
លោកថា៖ «ខ្ញុំឃើញរាជរដ្ឋាភិបាលបច្ចុប្បន្ន ក៏ប្រឹងប្រែងហើយមានការអត់ធ្មត់ ប៉ុន្តែការរំលោភបំពានបែបនេះ យើងដឹងហើយថាវាចៀសមិនរួចពីការតតាំង ឬក៏ប្រើប្រាស់កម្លាំងដើម្បីការពារខ្លួនទេ ព្រោះជាទូទៅយើងរំពឹងលើច្បាប់អន្តរជាតិ ហើយយើងអាចប្រើប្រាស់យន្តការច្បាប់ប្ដឹងទៅអង្គការសហប្រជាជាតិ ឬក៏តុលាការអន្តរជាតិជាដើម។ ប៉ុន្តែខ្ញុំមិនរំពឹងថាថៃគេគោរពច្បាប់ប៉ុន្មានទេ បើយើងគ្មានលទ្ធភាពការពារខ្លួនឯងនោះ»។
ដោយឡែក លោក មូន ពេជ្យ នាយទាហានកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក បានសរសេរសារនៅលើហ្វេសប៊ុកលោកនៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា សប្តាហ៍ក្រោយ លោកនឹងដាក់ពាក្យបណ្ដឹង ប្ដឹងក្រុមមេយោធា និងអ្នកដឹកនាំនយោបាយថៃ ដែលពាក់ព័ន្ធអំពីបទឧក្រិដ្ឋរបស់ពួកគេ មកលើប្រជាជនខ្មែរ និងប្រទេសកម្ពុជា ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
លោកថា ការប្តឹងនេះ ធ្វើឡើងដោយផ្អែកលើមាត្រា១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម ហើយគិតត្រឹមពេលនេះ លោកទទួលបានអ្នកគាំទ្រចំនួនជាង ៣៥ម៉ឺននាក់ហើយ តាមរយៈការចុះឈ្មោះតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៣ ខែវិច្ឆិកា ចាត់ទុកទង្វើយោធាថៃ មានភាពសាហាវឃោរឃៅ និងអមនុស្សធម៌ ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរលើអាយុជីវិតប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ និងក៏ជាទង្វើឈ្លានពានដ៏កម្រោលមកលើទឹកដីនៃកម្ពុជា។
បក្សកម្លាំងជាតិថា ដើម្បីការពារអាយុជីវិតពលរដ្ឋខ្មែរស្លូតត្រង់ រួមទាំងទឹកដី រដ្ឋាភិបាលកម្ពុជា ត្រូវដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងស្នើសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកោះប្រជុំជាបន្ទាន់។
ស្ថាប័នជាតិនៅកម្ពុជា មានក្រសួងការបរទេសកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងព្រឹទ្ធសភាជាដើម បានចេញសារថ្កោលទោសជាបន្តបន្ទាប់ និងទាមទារឱ្យថៃទទួលខុសត្រូវចំពោះការបាញ់សម្លាប់ពលរដ្ឋកម្ពុជា។
ព្រឹទ្ធសភាកម្ពុជា ព្រមានថា ការប៉ុនប៉ងបំផ្លាញសន្តិភាព ឬបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ នឹងត្រូវជួបប្រទះនូវការការពារអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាបំផុត។
សម្រាប់ នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរមានមូលដ្ឋាននៅអូស្ត្រាលី លោក សេង វណ្ណលី យល់ថា កិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ មានភាពផុយស្រួយ ដោយសាររដ្ឋាភិបាលស៊ីវិលថៃដឹកនាំដោយលោក អនុធីន គ្មានឥទ្ធិពលលើក្រុមយោធាថៃ។
លោកថា ក្រុមយោធាថៃបច្ចុប្បន្នធ្លាក់ប្រជាប្រិយភាព ទើបព្យាយាមបង្កជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីច្បាមយកដីខ្មែរកសាងមុខមាត់ខ្លួនឡើងវិញ ធ្វើឱ្យរដ្ឋាភិបាលថៃងាកទៅរួបរួមជាមួយយោធាដើម្បីបានអំណាចបន្តដឹកនាំ។
លោកថា៖ «អ្វីដែលកម្ពុជាត្រូវធ្វើនៅចំពោះមុខហេតុការណ៍ ដែលកើតមានឡើង កាលពីម្សិលមិញនេះ ខ្ញុំគិតថា ទី១កម្ពុជាព្យាយាមជំរុញឲ្យភាគីពាក់ព័ន្ធ ដាក់សម្ពាធថៃបន្ថែមដើម្បីធ្វើម៉េចឲ្យថៃវិលមកតុចរចា ហើយឱ្យថៃប្រកាន់ភ្ជាប់នូវការអនុវត្តឲ្យបានខ្ជាប់ខ្ជួន ស្របតាមកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយកម្ពុជា នៅទីក្រុងកូឡាឡាំពួរ។ ទី២កម្ពុជាត្រូវតែជំរុញដំណើរការដាក់ពាក្យបណ្ដឹងទៅអង្គការពាក់ព័ន្ធ អង្គការសិទ្ធិមនុស្សអន្តរជាតិ ឬក៏តុលាការICJ ដើម្បីលើកយកបញ្ហានេះមកពិភាក្សា នៅក្នុងដំណើរការនៃការដាក់ពាក្យបណ្ដឹង ដើម្បីឲ្យតុលាការអន្តរជាតិសម្រេចធ្វើការអាកាត់ទៅលើការកំណត់ខណ្ឌសីមាព្រំដែន»។
សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពកម្ពុជា និងថៃ ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមយន្តការអាស៊ាន និងមហាអំណាចសហរដ្ឋអាមេរិក ដែលក្នុងនោះមានការចុះហត្ថលេខា ពីនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ និងប្រធានអាស៊ានប្តូរវេន លោក អ៊ានវ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតី ត្រាំ ធ្វើជាសាក្សីលើការពង្រឹងបទឈប់បាញ់នេះផងដែរ និងក្រោយមានការប្រកាសគាំទ្រពីប្រទេសបារាំង និងជប៉ុនផងដែរ។
ជាការកត់សម្គាល់ ក្រោយបទឈប់បាញ់ចូលជាធរមាន ភាគីថៃមិនបានគោរពបទឈប់បាញ់ទេ ថៃបានចល័តទ័ពចូលមករាយបន្លាលួសយកដីខ្មែរជាបន្តបន្ទាប់ ដូចជា នៅប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមច្បាមយក១៧ទីតាំងទៀត នៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង តាមផែនទីដែលថៃគូសឯកតោភាគី ដែលមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ហៅថា ជាផែនទីចោរ៕









