ការសិក្សាថ្មី​មួយ​រក​ឃើញ​ថា​ការ​វាយ​តម្លៃ​សេរី​ភាព​សារ​ព័ត៌​មាន​កម្ពុជា​ប្រសើរ​ឡើង​គឺ​ខ្វះ​ឯករាជ្យ​ភាព

ការសិ​ក្សាស្រា​វ​ជាវ​ថ្មី​មួយ​របស់​VOD​ រក​ឃើញ​ថា ការ​ដែល​ក្រសួង​ព័ត៌​មាន​ដែល​ជា​សេនា​ធិការ​របស់​រដ្ឋាភិបាល​​កម្ពុ​​​ជា​បាន​វា​​យ​តម្លៃ​ថា សេរី​ភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៥​នេះ ប្រសើរ​ជាង​ឆ្នាំ​មុន​មិន​អាច​ប្រើ​ប្រាស់​​​ជា​មូល​ដ្ឋា​ន​ ដើម្បី​ឆ្លុះ​បញ្ចាំង​ការ​ពិត​បាន​ទេ បើ​ធៀប​នឹង​ការ​រក​ឃើញ​ពី​ស្ថាន​ប័ន​នានា​ ដែល​មិន​ចំណុះ​ឱ្យ​​រដ្ឋា​​ភិ​បាល ដែល​ការណ៍​នេះ ទាមទា​រ​ឱ្យមា​ន​ការ​ត្រួត​ពិនិត្យ​ពី​ឯករាជ្យ​ឡើង​វិញ។

ផ្តើម​ចេញ​ពី​បញ្ហា​នេះ ការ​ស្ទង់​មតិ​ឆ្នាំ​២០២៥ របស់​ក្រ​សួង​ព័ត៌​មាន បាន​អះ​អាង​ថា ជាង​៨១​ភាគ​រយ​( ៨១,៤%) នៃ​អ្នក​​សារ​ព័ត៌​មាន​ចំនួន ៤៦៧​នាក់ វាយ​តម្លៃ​សេរីភាព​សារ​ព័ត៌​មាន​ជា​វិជ្ជមាន ហើយ​ជាង​ ៨៦% និយាយ​ថា ពួក​គេ​មាន «សេរីភាព​ពេញ​លេញ» និង «មាន​អារម្មណ៍​ថា​មាន​សុវត្ថិ​ភាព» ដោយ​បាន​ធ្វើ​សន្និដ្ឋាន​ស្ថាន​ភាព​សេរីភាព​ព័ត៌​មាន​នៅ​កម្ពុជា​ជា​រួម​ថា «ល្អ​ឥត​ខ្ចោះ»។

យ៉ាង​ណា​ក្តី បើក្រ​ឡេក​ទៅ​មើល​របាយ​ការណ៍​របស់​អង្គ​ការ​អ្នក​សារព័ត៌​មាន​គ្មាន​ព្រំដែន (Reporters Without Borders) ចុះ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២៩២៥ បាន​ចាត់​ថ្នាក់​កម្ពុជា​ស្ថិត​នៅ​លេខ​១៦១ ក្នុង​ចំ​ណោ​​ម​ប្រទេស​ចំនួន ១៨០ នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌​មាន​ពិភព​លោក ក្នុង​ប្រភេទ «ធ្ងន់​ធ្ងរ​ខ្លាំង» ជាមួយ​នឹង​ពិន្ទុ ២៨,១៨ ធ្លាក់​ចុះ ១៩ ចំណាត់​ថ្នាក់​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ។

របាយការណ៍សេរីភាពក្នុងពិភពលោក​ឆ្នាំ​២០២៥ របស់ Freedom House ចុះ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ២០២៥ បាន​ចាត់​ថ្នាក់​កម្ពុជា​ម្តង​ទៀត​ថា «មិន​មាន​សេរី​ភាព» ជាមួយ​នឹង​ពិន្ទុ ២៣/១០០ ដោយ​លើក​ឡើង​ពី​ការ​គាប​សង្កត់​ជា​បន្ត​បន្ទាប់​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ និង​អ្នក​ប្រឆាំង។ រង្វាស់​ឯករាជ្យ​ទាំង​នេះ​ផ្ទុយ​នឹង​របាយ​ការណ៍​ស្ទង់​មតិ​របស់​ក្រសួង​ព័ត៌​មាន​ទាំង​ស្រុង។

ទិន្នន័យក្នុងស្រុករបស់អ្នកឃ្លាំមើល​ស្ថាន​ភាព​សារ​ព័ត៌​មាន​កម្ពុជា ក៏​ប្រាប់​រឿង​រ៉ាវ​ខុស​គ្នា​ខ្លាំង​ទៅ​នឹង​របាយ​ការណ៍​ស្ទង់​មតិ​របស់​ក្រសួង​ព័ត៌​មាន​ផង​ដែរ។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌​មាន CamboJA បាន​ចុះផ្សា​យ​ឯកសារ​ចង​ក្រង​របស់​ខ្លួន​ដែល​បាន​រាយ​ការណ៍​ពី​ចំនួន ៤១​ករណី នៃ​ការ​យាយី​លើ​អ្នក​ពាក់​ព័ន្ធ​នឹង​សារ​ព័ត៌​មាន ដោយ​មាន​ជន​រង​គ្រោះ​យ៉ាង​ហោច​ណាស់ ៦៤នាក់ ក្នុ​ង​ឆ្នាំ​២០២៤ ដែល​ក្នុង​នោះ​ការ​យាយី​ផ្នែក​ច្បាប់ គឺ​ជា​ឧបករណ៍​ទូទៅ​បំផុត​ ក្នុង​នោះអ្ន​ក​សារ​ព័ត៌​មាន​ចំនួន ៥នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​មុន​ការ​កាត់​ក្តី និង​ម្នាក់​ត្រូវ​បាន​សម្លាប់ ខណៈ​ពេល​កំពុង​រាយ​ការណ៍​អំពី​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ ករណី​រឹត​ត្បិត​សេរី​ភាព​សារ​ព័ត៌​មាន​កើន​ឡើង​ប្រហែល ២៨% បើ​ប្រៀប​ធៀប​ទៅ​នឹ​ង​ឆ្នាំ​២០២៣។

VOD មិនអាចសុំការពន្យល់ពី អនុរដ្ឋលេ​ខាធិការ និង​ជា​អ្នក​នាំពាក្យក្រសួងព័ត៌​មាន លោក ទេព អស្នារិទ្ធ បាន​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

យ៉ាងនេះក្តី កាលថ្ងៃទី៣០ ខែ​មេសា ឆ្នាំ២០២៥ នៅ​ក្រសួង​ព័ត៌​មាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​​ក្រសួងព័ត៌​មាន បាន​​ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន​មួយ ស្ដីពី ស្ថាន​ភាព​សេរីភាព​សារ​ព័ត៌​មាន ឆ្នាំ​២០២៥ លោក​បាន​​អះ​អាង​ថា របាយ​ការណ៍​របស់​ក្រសួង​នេះ បាន​បញ្ជាក់​ពី​ការ​ពិត​នៃ​ស្ថាន​ភាព​សេរី​ភាព​សារ​ព័ត៌​មាន​នៅ​កម្ពុជា មិន​ដូច​របាយ​ការណ៍​មួយ​ចំនួន ដែល​​បរទេស​ចេញ​ផ្សាយ​ដោយ​ការ​ប៉ាន់​ស្មាន និង​ផ្អែក​តាម​របាយ​ការណ៍​បន្ត​ពី​អង្គ​ការ​ផ្សេង​ដែល​ទទល​បាន​ជំនួយ​ពី​ក្រៅ​ប្រទេស​នោះ​ឡើយ។

តែយ៉ា​ងណា ក្នុងសេចក្តីថ្លែងការណ៍រួមមួយ​ដោយ​ក្រុម​អង្គ​ការ​ក្នុង​ស្រុក និង​អន្តរ​ជាតិ​ចំនួន ១៧​ស្ថាប័ន ដែល​បាន​ចុះ​ផ្សាយ​ដោយ CamboJA ដូច​គ្នា បាន​កត់​សម្គាល់​ថា នៅ​ដើម​ឆ្នាំ​២០២៥ អ្នក​សារ​ព័ត៌​មានចំនួន ៣នាក់​ទៀត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ និង​អ្នក​យក​ព័ត៌​មាន​បរិស្ថាន​ជន​ជាតិ​អង់​គ្លេស​ម្នាក់​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​​កម្ពុជា​វិញ ព្រោះ​ព្រួយ​បារម្ភ​អំពី​ការ​រាយ​ការណ៍​អំពី​ដី​ធ្លី បរិស្ថាន និង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។

ការចាប់ខ្លួនអ្នកកា​សែត​ស៊ើប​អង្កេត ក្នុង​ខែ​តុលា ឆ្នាំ​២០២៤ ដោយ​ចោទ​ពីបទ​ចោទ​បទ «ញុះ​ញង់» ដោ​យ​សា​​រតែ​ការ​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​របស់​ខ្លួន ត្រូវ​បាន​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ​​ និង​អង្គ​ការ​ឃ្លាំ​មើ​ល​​សិទ្ធិម​នុស្ស ថ្កោល​ទោស​ចំពោះ​ចំ​ណាត់​ការ​របស់​របប​ភ្នំពេញ​ថា ជា​ផ្នែក​មួយ​នៃ​កា​​រ​ប​ង្ក្រា​ប​លើ​អ្នក​រាយ​ការណ៍​រិះ​គន់​កាន់​តែ​ទូលំ​ទូលាយ និង​បង្ហាញ​ពី​របៀប​ដែល​ច្បាប់​ព្រហ្ម​ទណ្ឌ​ធម្មតា​ត្រូវ​បា​ន​​ប្រើ​ ដើម្បី​បំភិ​ត​បំភ័យ​អ្នក​សារ​ព័ត៌​មាន។

អ្វី​ដែលសំខាន់នោះ ការស្ទង់មតិរបស់ក្រសួងព័ត៌មានកម្ពុជា មិនមាន​ភាព​ឯករាជ្យ និង​ខ្វះ​តម្លាភាព​ផង​ដែរ​។ ការ​ស្ទង់​មតិ​នេះ ត្រូវ​បាន​រចនា​ឡើង និង​ផ្សព្វ​ផ្សាយ​ដោយ​អាជ្ញាធរ​តែ​មួយ​ ដែល​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​ប្រ​ព័​ន្ធ​​​ផ្សព្វ​ផ្សាយ និង​​បាន​គាំទ្រ​ការ​បិទ​ប្រតិ​បត្តិ​ការ​របស់​សារ​ព័ត៌​មាន​ឯករាជ្យ ដូច​ជា VOD ហើយ​វិធី​សាស្រ្ត​នៃការ​​ស្ទ​ង់ម​តិ​ជា​លម្អិត​ទៀត​សោត ក៏​ពុំ​បាន​ផ្សព្វ​ផ្សាយ​នៅ​ឡើយ។

ផ្ទុយទៅវិញ របាយការណ៍របស់ស្ថាប័នអន្តរជាតិ RSF, Freedom House, យន្តការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ និង​អង្គ​ការ​ក្នុង​ស្រុក ដូច​ជា CamboJA និង CCHR ដែល​បាន​ប្រើ​ប្រាស់​លក្ខណៈ​វិនិច្ឆ័យ និង​កត់​ត្រា​ករណី​ជាក់​ស្តែង។

ស្ថាប័នឯករាជ្យទាំងនេះ បន្តវាយតម្លៃអំពីសេរីភាពនៃការបញ្ចេញ​មតិ និង​សេរី​ភាព​សារ​ព័ត៌​មាន​នៅ​កម្ពុជា​ថា​ «ស្ថិត​​នៅ​ក្រោម​ការ​វាយ​ប្រហារ» ជាពិសេស លើ​អ្នក​សារ​ព័ត៌​មាន​ដែល​រាយ​ការណ៍​អំពី​បញ្ហា​ន​យោបាយ ដីធ្លី អំពើ​ពុក​រលួយ និង​បរិស្ថាន តែ​ងប្រ​ឈម​មុខ​នឹង​ការ​គំរា​មកំហែង​ផ្នែក​ច្បាប់ ការ​ឃុំ​ខ្លួន ការ​បណ្តេញ​​ចេញ និង​សូម្បី​តែ​អំពើ​ហិង្សា​ដ៏​កាច​សាហាវ។

ជារួមការស្ទង់មតិរបស់ក្រសួងព័ត៌មាន​ដោយ​ខ្លួន​ឯង មិន​អាច​ប្រើ​ប្រាស់​ជាមូល​ដ្ឋាន​ក្នុង​ការ​វាយ​តម្លៃ​អំពី​សេ​រី​​ភាព​សារ​ព័ត៌​មាន និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ទេ វា​ទាម​ទារ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឯករាជ្យ​ខាង​ក្រៅ និង​ក្នុង​ស្រុក និង​ប្រកប​ដោយ​វិធី​សាស្ត្រ​ដែល​អាច​ជឿ​ជាក់​បាន ហើយ​ជា​អ្វី​ដែល​ការ​ស្ទង់​មតិ​របស់​ក្រសួង​ព័ត៌​​មា​ន​​កម្ពុជា​ខ្វះ​ខាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ