ការអត់ធ្មត់រហូតទាហានថៃ ចូលបាញ់ពលរដ្ឋខ្មែរស្លាប់និងរងរបួស នៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជំរុញឱ្យមានការស្តីបន្ទោសថា រដ្ឋាភិបាលគ្រួសារហ៊ុន គ្មានសមត្ថភាពការពារទឹកដី និងអាយុជីវិតពលរដ្ឋ ដែលការណ៍នេះ ពួកគេបារម្ភថា ថៃនឹងបន្តធ្វើបាបពលរដ្ឋខ្មែរ និងលេបទឹកដីបន្ថែមទៀត ក្រោមអំណាចគ្រួសារហ៊ុន បើគ្មានចរន្តផ្លាស់ប្តូរនោះទេ។
កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកានេះ ក្រសួងការពារជាតិ បានបញ្ជាក់ថា ទាហានថៃបានបើកការបាញ់ប្រហារយ៉ាងឃោរឃៅ មកលើជនស៊ីវិលខ្មែរ នៅភូមិព្រៃចាន់ បណ្តាលឱ្យម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ។
លើសពីនេះ កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃ ម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ។
តំណាងរាស្ត្រពីបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅភាពគឃ្លើនរបស់ទាហានថៃនេះ មកពីមេដឹកនាំគ្រួសារហ៊ុន គ្មានសមត្ថភាពការពារអាយុជីវិតពលរដ្ឋ និងទឹកដីខ្មែរ ធ្វើឱ្យថៃបានចិត្តបន្តបំពានអធិបតេយ្យខ្មែរជាបន្តបន្ទាប់ រួមទាំងបាញ់សម្លាប់ទាហានខ្មែរ នៅតំបន់មុំ៣ ខេត្តព្រះវិហារ និងពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។
សម្រាប់លោក អ៊ុំ សំអាន ភាពគឃ្លើនរបស់យោធាថៃ ក៏ឆ្លុះបញ្ចាំងផងដែរថា គ្រួសារហ៊ុន គ្មានទំនួលខុសត្រូវ ចំពោះជោគវាសនាជាតិ មាតុភូមិ និងប្រជារាស្រ្តខ្មែរនោះទេ។
លោកថា៖ «បង្ហាញពីអសមត្ថភាពនៃការដឹកនាំរបស់ក្រុមគ្រួសារត្រកូលហ៊ុន ហើយពីភាពកំសាក និងភាពទន់ជ្រាយ ហើយនិងភាពទន់ខ្សោយរបស់ត្រកូលហ៊ុន ក្នុងការដឹកនាំប្រទេសដែលបណ្ដោយឱ្យបរទេសជិតខាង គឺជាពិសេសប្រទេសថៃហ្នឹង មកបាញ់សម្លាប់ប្រជារាស្ត្រខ្មែរនៅលើដីខ្មែរ វាអត់ដែលមាន ក្នុងប្រវត្តិសាស្រ្តសម្រាប់បរទេសជិតខាងមកបាញ់សម្លាប់ខ្មែរលើដីខ្មែរហ្នឹង វាកម្រនឹងកើតមាន អ៊ីចឹងវាជាប្រវត្តិសាស្ត្រហើយ គឺប្រវត្តិសាស្ត្ររបស់ខ្មែរ ឬក៏ប្រវត្តិសាស្ត្រពិភពលោកហ្នឹង មានតែមេដឹកនាំខ្មែរទេ ដែលអន់បំផុតជាមេដឹកនាំដែលខ្សោយបំផុតកំសាកបំផុត»។
លោកស្តីបន្ទោសថា លើពិភពលោកនេះ គ្មានមេដឹកនាំណា ដែលកំសាក និងទន់ខ្សោយ ដូច លោក ហ៊ុន ម៉ាណែត បណ្តោយឱ្យសត្រូវចូលឈ្លានពានទឹកដី និងបាញ់ប្រហារពលរដ្ឋខ្លួន តាមអំពើចិត្តបែបនេះទេ។
លោកថា ពលរដ្ឋកម្ពុជានឹងរងគ្រោះកាន់តែធ្ងន់ធ្ងរ បើពលរដ្ឋមិនសាមគ្គីគ្នា ដើម្បីផ្លាស់ប្តូរមេដឹកនាំដែលគ្មានសមត្ថភាពនេះទេនោះ។
លោកថា៖ «ដូច្នេះការដឹកនាំកំសាកញី និងទន់ខ្សោយរបស់ក្រុមគ្រួសារត្រកូលហ៊ុននេះ នឹងបង្កឲ្យគ្រោះថ្នាក់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ នៅពេលបច្ចុប្បន្ននិងពេលអនាគត នឹងធ្វើឲ្យប្រជាប្រិយខ្មែរនិងរងគ្រោះពីការបាញ់ប្រហារ ពីសំណាក់ប្រទេសថៃបន្តទៀត នឹងធ្វើឱ្យប្រជារាស្រ្តខ្មែរយើងហ្នឹង អាចស្លាប់និងរបួសបន្តទៀត ទាហានខ្មែរអាចស្លាប់និងរបួសបន្តទៀត ឲ្យទឹកដីខ្មែរយើងហ្នឹងនឹងបាត់បង់បន្ថែមទៀតទៅខាងប្រទេសថៃនិងប្រទេសវៀតណាម»។
អ្នកនាំពាក្យរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី គឺលោក គឹម សុខ ព្រឹត្តិការណ៍ ដែលបានកើតឡើងនៅភូមិព្រៃចាន់ ជារឿងដ៏សង្វេករបស់ពលរដ្ឋខ្មែរ នៅក្រោមការដឹកនាំដែលគ្មានសមត្ថភាព ការពារទឹកដី និងសេចក្តីសុខរបស់ពលរដ្ឋ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ ប្រាប់VODថា រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងដោះស្រាយបញ្ហានេះ ដែលថា គ្មានចាំបាច់អ្វីត្រូវឆ្លើយតបនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងទាំងនោះទេ ។
លោកថា៖ «ខ្ញុំមិនចង់ឆ្លើយតបជាមួយនឹងក្រុមមនុស្សប៉ុន្មាននាក់ ដែលអត់បានការគ្មានប្រយោជន៍សម្រាប់ប្រទេសជាតិទេ ប្រទេសយើងកំពុងតែត្រូវការរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានជាអ្វីដែលយើងគិតគូរ ប៉ុន្តែក្រុមទាំងអស់នោះជាក្រុមដែលបន្លឺតាមសត្រូវ ដែលបម្រើបរទេស អីចឹងគ្មានបានការអីទាំងអស់»។
យ៉ាងនេះក្តី ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ការអត់ធ្មត់រហូតធ្វើឱ្យសត្រូវចូលឈ្លានទឹកដីតាមចិត្ត និងបើកការបាញ់ប្រហារសម្លាប់ពលរដ្ឋខ្លួនតាមទំនើងចិត្ត ហើយនៅមិនប្រើសិទ្ធិការពារខ្លួនទៀត បញ្ជាក់ពីអសមត្ថភាពរបស់មេដឹកនាំ ដែលថា ជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ប្រជាជាតិខ្មែរ ទៅថ្ងៃអនាគត បើគ្មានអ្វីប្រែប្រួល។
លោកថា៖ «ករណីរដ្ឋាភិបាលខ្សោយនៅតាមប្រទេសដទៃទៀត គឺគេមានទម្លាក់វិធីទម្លាក់រដ្ឋាភិបាលច្រើនហើយដូចជានៅបង់ក្លាដេស នៅស្រីលង្កា នៅប្រទេសជាច្រើនទៀត នៅក្នុងពិភពលោកហ្នឹង គឺគេទម្លាក់ជាហូរហែរ ហើយអារដ្ឋាភិបាលដែលទន់ខ្សោយហ្នឹង ហើយខ្សោយហ្នឹងវាមានរឿងដោយឡែកពីគ្នារឿងខ្លះរឿងពុករលួយរឿងខ្លះ រឿងបក្ខពួកនិយមឬខ្លះរឿងផ្ដាច់ការអ៊ីចឹងទៅ ប៉ុន្តែអាខ្សោយក្នុងរឿងការពារជាតិក៏ជាចំណែកដែរ ដែលពលរដ្ឋគាត់មានសិទ្ធិក្នុងការទម្លាក់រដ្ឋាភិបាលហ្នឹងដែរ»។
យ៉ាងណា លោក ម៉ែន ណាត ជំរុញឱ្យមេដឹកនាំគ្រួសារហ៊ុន ត្រូវតែប្តឹងថៃទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីឱ្យកាត់ទោសថៃ ដោយចាត់ទុកថា ការបាញ់ប្រហារជនស៊ីវិលខ្មែរស្លាប់និងរងរបួសបំពានច្បាប់អន្តរជាតិ ។
លើសពីនេះ ត្រូវពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ សំណុំរឿងព្រំដែននេះ ដើម្បីទប់ស្កាត់មហិច្ចតាថៃបន្តឈ្លានពានទឹកដីខ្មែរ ដើម្បីកុំឱ្យជាប់ឈ្មោះជាមេដឹកនំាំក្បត់ជាតិ។
បើតាម មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









