កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន បានបញ្ជាក់អំពី‘‘ការវាយប្រហារដ៏ជោគជ័យ’’របស់ខ្លួន លើសហគ្រាសឥន្ធនៈគីមីដែលជារោងចក្រគីមីគ្រប់គ្រងដោយលូកូអ៊ីល(Lukoil) ទីក្រុងបាត់ឌីអននើស (Budyonnovsk) ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា។
ប្រភពសារព័ត៌មានឯករាជ្យទីក្រុងគីវ (The kyiv independent) បានរាយការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា យន្តហោះគ្មានមនុស្សបើក ឬដ្រូន(Drones) អង្គភាពឌីបស្ត្រែក (Deep Strike)នៃកងកម្លាំងប្រតិបត្តិការពិសេស បានវាយប្រហារតំបន់ឧស្សាហកម្មមួយនៅបាត់ឌីអននើស។
យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា កងការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ឬដ្រូន(Drones)ចំនួន ២២គ្រឿងពេញមួយយប់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលក្នុងនោះមាន ៤គ្រឿងនៅពីលើតំបន់ស្តាវ្រូភុលក្រៃ(Stavropol Krai) ដែលទីក្រុងបាត់ឌីអននើស (Budyonnovsk) ស្ថិតនៅទីនោះផងដែរ។
ក្រសួងយោធាទូទៅរបស់អ៊ុយក្រែន បាននិយាយថា ‘‘មានការផ្ទុះជាច្រើន ហើយភ្លើងឆេះកើតឡើងនៅក្នុងតំបន់គោលដៅ ហើយលទ្ធផលនៃការវាយប្រហារនេះ កំពុងត្រូវបានពិនិត្យបន្ថែម’’។
ស៊ូភើណូវ៉ា(Supernova+) គឺជាប៉ុស្តិ៍តេឡេក្រាមដ៏ល្បីល្បាញរបស់អ៊ុយក្រែន បានបង្ហោះអំពីការវាយប្រហារដោយនិយាយថា មាន‘‘ការវាយប្រហារយ៉ាងហោចណាស់បី’’ ទៅលើរោងចក្រគីមីឥន្ធនៈស្តាវ្រូលែន(Stavrolen) ដោយអ្នកស្រុកក៏រាយការណ៍ពីការផ្ទុះផងដែរ។
អភិបាលនៃស្តាវ្រូភុលក្រៃ(Stavropol Krai) បាននិយាយនៅលើតេឡេក្រាមថា បំណែកយន្តហោះគ្មានមនុស្សបើកឬដ្រូន(Drones)ដែលបានធ្លាក់នោះ បានបង្កឱ្យមានអគ្គិភ័យនៅក្នុងតំបន់ ហើយអ្នកពន្លត់អគ្គិភ័យ និងសេវាកម្មផ្នែកសង្រ្គោះបន្ទាន់ កំពុងឆ្លើយតបទៅកាន់កន្លែងកើតហេតុ។
សហគ្រាសឥន្ធនៈគីមីស្តាវ្រូលែន(Stavrolen) គឺជាក្រុមហ៊ុនឈានមុខមួយរបស់រុស្ស៊ី និងជាក្រុមហ៊ុនសម្ព័ន្ធរបស់ លូកូអ៊ីល(Lukoil)។
ក្រសួងយោធាទូទៅរបស់អ៊ុយក្រែន បាននិយាយថា រោងចក្រនេះ ផលិតគ្រឿងបន្លាស់យន្តហោះគ្មានមនុស្សបើកឬដ្រូន សមាសធាតុផ្សំ និងប្រភេទផ្សេងៗនៃឧបករណ៍យោធារុស្ស៊ី។
អ៊ុយក្រែន តែងតែបើកការវាយប្រហារប្រឆាំងនឹងយោធា និងឧស្សាហ៍កម្មក្នុងប្រទេសរុស្ស៊ី ដោយពឹងផ្អែកជាចម្បងលើយន្តហោះគ្មានមនុស្សបើកដែលអភិវឌ្ឍន៍នៅក្នុងស្រុក៕









