កម្មករ​​តវ៉ា​រឿង​​​ក្រុមហ៊ុនសំ​អាត​ព្រលាន​យន្ត​ហោះភ្នំ​ពេញ​បញ្ចប់​​ការ​ងារ​​មិន​ទូទាត់​សំណង​តាម​ច្បាប់

កម្មករ​និយោជិត​​​ជាង ៧០​នាក់ ​​​​​​​រក​ក្រសួង​ការ​ងារ​ជួយ ដោយ​សំអាង​ថា​ក្រុម​ហ៊ុន​​អេច​​ស៊ីស៊ី​ គ្រុប (HCC Group Co, Ltd) ដែល​សំអាត​ព្រលាន​យន្ត​ហោះ​​អន្តរ​​ជាតិ​ភ្នំពេញ បញ្ចប់​កិច្ច​សន្យា​ការ​ងារ​ពួក​គេ ​ទាំង​មិន​បាន​ទូទាត់​ប្រាក់​សំណង​​​​​ឱ្យ​តាម​ច្បាប់ ក្រោយ​​ទីតាំង​នោះ​​​​បិទដំណើរ​​​ការ​។

ការ​ស្នើនេះ បាន​ធ្វើឡើង​​អំឡុង​ពេល​​​បុគ្គលិក​ក្រុមហ៊ុ​ន​​អេច​​ស៊ីស៊ី ដែល​ជាក្រុម​ហ៊ុន​​សំអាត​​ព្រលាន​​​យន្ត​ហោះ​​អន្តរ​​ជាតិ​​ភ្នំពេញ ឬ​ព្រលាន​​យន្ត​ហោះ​ពោធិ៍​ចិន​តុង​​​ បាន​ទៅប្រ​មូល​​ផ្តុំ​​នៅ​មុខ​​ក្រសួង​​ការ​​ងារ នៅ​​ថ្ងៃ​ទី​១២​​ ខែ​​វិច្ឆិកា ឆ្នាំ​២០២៥។

បុគ្គលិក​​ក្រុមហ៊ុន​អេច​ស៊ីស៊ី​ អ្នកស្រី មិន កញ្ញា បាន​ឱ្យ​ដឹង​ថា ​ការដែលពួកគាត់​ទៅ​ប្រមូល​ផ្តុំ​នៅ​ក្រសួង​ការ​ងារ​នេះ គឺ​ចង់​ឱ្យ​ក្រសួង​ជួយ​សម្រប​សម្រួល​រក​​ដោះ​ស្រាយ​បញ្ចប់​​​វិវាទ​​ការ​ងារ​ ដោយ​​សារ​​តែ​​ខាង​​ក្រុម​​ហ៊ុន​បាន​​​បញ្ឈប់​បុគ្គលិក​ភ្លាម​ៗ ​នៅពេល​ដែលព្រលាន​យន្តហោះ​អន្តរ​ជាតិ​ពោធិ៍ចិន​តុង​ បាន​បិទ​ដំណើរ​ការ​ ដោយ​​មិន​មានការ​ជូនដំណឹង​ជាមុន និងទូទាត់​អត្ថប្រយោជន៍​​ទៅតាម​ច្បាប់​​។

អ្នកស្រីបន្តថា ពួកគាត់​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយទូទាត់​សំណងបញ្ចប់​កិច្ច​សន្យា​ការ​ងារ ​​ទៅតាមច្បាប់​ចំនួន ៥ចំណុច ដែល​កន្លងមក​ខាង​ក្រុមហ៊ុនទូទាត់​​ឱ្យ​ខ្លះហើយ​ ប៉ុន្តែប្រាក់​ជូន​ដំណឹង​​​ជាមុន និង​សំណ​ង​ជំងឺ​ចិត្ត ខាង​ក្រុម​ហ៊ុន​មិន​បាន​ទូទាត់ឱ្យ​នោះទេ។

អ្នកស្រីថា៖ «ខ្ញុំចង់​ឱ្យ​ខាង​រាជរដ្ឋាភិបាល ខាងក្រសួងការងារ គាត់​ជួយ​ដោះស្រាយ​​រឿង​ថា ពួក​​ខ្ញុំ​អត់​សុខ​ចិត្ត រឿ​ងថា​​កា​របិទព្រលាន​យន្ត​ហោះពោធិ៍ចិនតុងនេះ ពួកគាត់​អត់មាន​គិត​លុយ​ឱ្យ​ពួក​ខ្ញុំទេ​ លុយ​ផ្តល់​ដំណឹង​​មុន​៣ខែក៏​អត់ លុយ​សង​ជំងឺ​ចិត្តក៏អត់​ ហើយ​និង​លុយ​របស់​ពួក​ខ្ញុំ​ដែល​​ខំប្រឹង​ធ្វើការ​​​កាល​​ពី​ឆ្នាំ​២០២១ ក៏គាត់​អត់គិតឱ្យ​​​​ និយាយ​​ទៅ​ក្រុមហ៊ុនគាត់​អត់មានទំនួល​ខុស​​ត្រូវ​​​ជាមួយ​បុគ្គលិក។ ហើយ​នៅពេល​​ដែល​​ព្រលាន​យន្ត​ហោះ​​បិទ​ពិប គាត់​បញ្ឈប់​កូនចៅក៏​គាត់​អត់​មានជូន​ដំណឹង​ គាត់អត់មាន​ថា​បើ​​បិទ​ព្រលាន​​ហ្នឹង​​ហើយ គាត់​ត្រូវ​រក​ការ​ងារ​ណា​ដែល​​ឱ្យ​កូន​ចៅចូល​បានគ្រប់កន្លែង​ចឹងណា​ តែ​នេះ​ទីតាំង​និមួយ​ៗ​ពួក​ខ្ញុំ​គ្មានអ្នក​ណា​មានការ​​ងារ​ធ្វើ​ទេ​ ដើរ​ស្វែង​រក​ការ​ងារធ្វើ​ ដោយសារ​អី​?​ខាង​ក្រុមហ៊ុន​គាត់​អត់​មាន​​​ផ្តល់​ដំណឹង​ឱ្យយើង​ ដល់​ថ្ងៃដែល​ត្រូវ​បិទ បានគាត់​ប្រាប់ថាព្រលាន​យន្ត​ហោះ​បិទ​»។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិត​នៅក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ និង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ​ត្រូវបានបិទ​ដំណើរ​ការទាំ​ង​ស្រុង ​​​កាលពី​ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ​២០២៥ បន្ទាប់​ពី​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ជិត ៧០​ឆ្នាំ។

បច្ចុប្បន្ន​ព្រលាន​យន្ត​ហោះ​ថ្មី ដែលមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិត​​នៅ​ខេត្ត​​កណ្តាល បាននិងកំពុង​បើកដំណើរការ​ ហើយ​ក្រុមហ៊ុន​អេច​ស៊ីស៊ីគ្រុបនេះ ក៏​បាន​ដេញ​ថ្លៃជាប់ ក្នុងការ​​​សំអាត​ព្រលាន​ថ្មី​​​នេះ​ផងដែរ ប៉ុន្តែខាង​ក្រុមហ៊ុន​បានរើស​បុគ្គលិក​ថ្មីចូលធ្វើការ​​ ដោយ​​មិនយក​បុគ្គលិក​​​​ដែលធ្លាប់សំអាត​​នៅព្រលាន​យន្តហោះចាស់ ទៅធ្វើការនៅ​ព្រលាន​ថ្មី​​​នោះទេ។ នេះ​បើតាមការ​បញ្ជាក់​​ពីក្រុម​កម្មករ​ដែល​តវ៉ា។

កម្មករ​បម្រើការ​ងារ​នៅ​ក្រុមហ៊ុន​​អេចស៊ីស៊ី​ ដែលត្រូវ​បានបញ្ឈប់​ពីកា​រងារ​ម្នាក់ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ការ​ដែលក្រុមហ៊ុនបញ្ឈប់​បុគ្គលិក ​ដោយ​មិន​ទូទាត់​ប្រាក់សំណង​​ទៅតាម​ច្បាប់ការងារនេះ ជា​រឿង​​អយុត្តិធម៌ ដែលការណ៍នេះ ពួកគាត់​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​ ក៏ដូចជាក្រសួងការ​ងារ​ ជួយ​អន្តរាគមន៍​រក​​ដំណោះស្រាយ​។

លោកថា៖ «សំណូមពរ​ដល់ថ្នាក់ដឹកនាំសម្តេច សម្តេច​មហា​បវធិបតី សូមជួយ​​រក​យុត្តិធម៌ដល់​ពួកខ្ញុំជាកម្មករ​ វា​អយុត្តិ​ធម៌​ណាស់​ដែល​បញ្ឈប់​ពួកខ្ញុំ​ មិន​ផ្តល់ដំណឹង។ ហើយគ្នា​ពួកខ្ញុំមាន​ច្រើននាក់ បុគ្គលិក​ដល់​​៧០នាក់ជាង​ឯណោះ សូមជួយផង​»

លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេស​ចរណ៍​កម្ពុជា​​ (CTWUF) មាន​ប្រសាសន៍​ថា តាមរយៈការ​ចរចា​រក​ដំណោះ​ស្រាយ​នាពេល​កន្លង​មក ខាង​ក្រុម​ហ៊ុន​​បាន​ទូទាត់​សំណង​​ទៅ​តាម​ច្បាប់​​មួយចំនួន​ដែរ​ ដូចជា ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ប្រាក់អតីត​ភាព​ការ​ងារ និងប្រាក់ខែចុង​ក្រោយ។ ប៉ុន្តែ​សម្រាប់​​ប្រាក់​​ជួស​ការ​​ជូនដំណឹងជាមុន​ និង​ប្រាក់​សំណង​​ជំងឺ​ចិត្ត ខាង​ក្រុម​ហ៊ុន​​មិន​បាន​ផ្តល់​​ឱ្យ​​ទេ ដោយ​​ក្រុម​ហ៊ុន​បាន​លើក​ឡើង​​ថា ខាង​​ព្រលាន​​យន្ត​​ហោះ​​​នោះ បានផ្តាច់កិច្ចសន្យាជាមួយ​ក្រុមហ៊ុនសម្រាប់​ការ​សំអាត​នៅព្រលាន​យន្ត​ហោះ​ចាស់ ហើយខាង​ក្រុមហ៊ុន​ក៏បាន​យក​​សេចក្តីជូនដំណឹងទៅបិទ​នៅ​ក្តារ​ខៀនរបស់​ក្រុមហ៊ុន​ដែរ។ ​

តែយ៉ាងណា លោកថា ខាង​ភាគីកម្មករ​បានអះអាងថា មិន​បានឃើញ​ការ​ជូនដំណឹង​ពីខាង​ក្រុមហ៊ុន​ទេ​ ខណៈខាងក្រុមហ៊ុន​ក៏បានជាប់​ក្នុងការ​ដេញថ្លៃសំអាត​នៅព្រលាន​យន្តហោះ​ថ្មី​ដែរ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិនបានយក​កម្មករ​ទាំងនោះទៅធ្វើការ​បន្ត​នៅព្រលាន​យន្ត​ហោះថ្មី​នោះទេ។​ ការណ៍នេះ លោក​ជំរុញឱ្យ​ភាគីទាំង​ពីរ​បន្តការ​ចរចា​ដោយសន្តិវិធី និងផ្អែកទៅលើ​ទិដ្ឋភាព​ច្បាប់​ស្តីពីការងារ។​

លោក ទូច កុសល​ ថ្លែង​​ថា៖ «អាហ្នឹង​សំខាន់លើ​ជំហរ​ក្រុមហ៊ុន បើសិនជាគាត់​​អាចផ្តល់ឱ្យកម្មករ​បាន អាហ្នឹង​​វា​ចប់​ហើយ​រឿង​ហ្នឹង ហើយ​​​​បើសិនជា​មិន​អាច​ផ្តល់​ឱ្យ​បាន​ទេ អាហ្នឹ​ង​​វានៅមានការ​អូសបន្លាយពេល​វេលា​ទៅមុខ​ទៀត​ ព្រោះ​ខ្ញុំឃើញ​ជំហរ​កម្មករ ខ្ញុំបាន​ជួប​កម្មករ​ប៉ុន្មានដង​ គាត់​​នៅតែ​ទាម​ទារ២ចំណុច​ហ្នឹង គឺ​ប្រាក់​ជួស​ឱ្យការ​ជូនដំណឹង និង​ប្រាក់សំណង​ជំងឺ​ចិត្ត​ហ្នឹង»

វីអូឌី មិនអា​ចសុំការ​អត្ថាធិប្បាយ​ជុំវិញករណីនេះ ពីអ្នកនាំ​ពាក្យក្រសួង​ការ​ងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេសា និង​តំណាង​ក្រុមហ៊ុន​អេច​ស៊ីស៊ីគ្រុប បាន​ទេ នៅ​ថ្ងៃទី​១៣​ ខែ​វិច្ឆិកា​នេះ។​

តែបើតាម​ប្រធាន​សហជីព លោក ទូច កុសល ភាគីតំណាង​កម្មករ និង​ខាង​ក្រុមហ៊ុន ​គ្រោ​ង​នឹង​​​ជួប​ចរចាគ្នា​ជា​ថ្មីទៀត នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា​ខាង​មុខនេះ។

កន្លងមក ​​កម្មករជាង១០០នាក់ ដែល​​ធ្វើការ​នៅក្រុមហ៊ុនអេចស៊ីស៊ី ដែល​​ជា​​ក្រុម​ហ៊ុន​​ផ្តល់​​សេវា​​សំអាត​​ព្រលាន​​យន្ត​ហោះ​​ខេត្ត​​សៀម​រាបផង​ដែរនោះ ​ក៏បាន​នាំគ្នាតវ៉ាផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​​ព្យួរ​កា​​រងា​រកម្មករ​ ​​ដោយ​​មិន​​បាន​ជូន​ដំណឹង​ទៅ​មន្ទីរ ឬ​ក្រសួងការងារ កាល​ពី​ឆ្នាំ២០២០ ក្នុង​​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។

តែយ៉ាងណា បើតាមសហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេស​ចរណ៍​កម្ពុជា​​ វិវាទ​ការ​​ងារ​នៅ​ខេត្ត​សៀមរាប​នោះ​ ត្រូវ​បានដោះស្រាយ​បញ្ចប់ កាល​ពីអំឡុង​ខែ​មីនា ឆ្នាំ​២០២៥នេះ ដោយ​​​​ខាង​ក្រុមហ៊ុនយល់​​ព្រម​​បើក​ប្រាក់សំណង​​បញ្ចប់​កិច្ចស​ន្យាកា​រ​​ងារ​​ជូន​​កម្មករ​និយោជិត​ចំនួន ១១២នាក់​ ដែលមានទឹកប្រាក់សរុបជាង​ ៨ម៉ឺន​ដុល្លារ​ (៨១,៨២៣.២៦​​ដុល្លារ​​សហរដ្ឋ​អាមេរិក) ក្រោយ​វិវាទ​បានអូស​បន្លាយ​អស់​រយៈពេល ៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ