បញ្ញវន្ត​ខ្មែរ​រំលេច​ពី​សារៈ​សំខាន់​នៃ​ការ​ផ្សះ​ផ្សា​ជាតិ​ចំ​ពេល​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ

ខណៈយោ​ធា​ថៃ​បើក​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​ទំនើង​ចិត្ត នៅ​ភូមិ​ព្រៃ​ចាន់ ក្នុង​ពេល​ថ្មីៗ​នេះ ក្រុម​បញ្ញ​វន្ត​ខ្មែរ​បាន​លើក​ឡើង​ពីសា​រៈ​សំខាន់​នៃ​ការ​ផ្សះ​ផ្សា​ជាតិ តាម​រយៈ​ការ​​ដោះ​​លែង​​អ្នក​​ទោស​មនសិការ​​ទាំង​អស់ ឱ្យ​មាន​សេរី​ភាព​​ដើម្បី​ឯកភា​ព​ជាតិ​ខ្មែរ​ទប់​ទល់​មហិច្ឆ​តាឈ្លាន​ពាន​ពី​បរទេស ដែល​ជា​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា និង​តាម​បណ្តាំ​សម្តេច​ឪ។

ការលើកឡើងនេះ ក្រោយទាហានថៃបានបើកការបាញ់ប្រហារ​យ៉ាង​ឃោរ​ឃៅ មក​លើ​ជន​ស៊ី​វិល​ខ្មែរ នៅ​ភូមិ​ព្រៃ​ចាន់ បណ្តាល​ឱ្យ​ម្នាក់​ស្លាប់ និង​៣នាក់​ទៀត​រង​របួស កាល​ពី​ថ្ងៃ​​ពុ​ធ ទី​១​២​ ខែ​វិច្ឆិកា ដែល​កម្ពុជា​បាន​​ថ្កោល​​ទោស​យ៉ាង​​ដាច់​​អហង្ការ ចំពោះ​ទង្វើ​អមនុស្ស​ធម៌ ដ៏​សាហាវ​ឃោរ​ឃៅ​នេះ។

ជុំវិញបញ្ហានេះ អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា លើក​ឡើង​ថា ការ​បង្រួប​បង្រួម​ជាតិ ពិត​មាន​សារៈ​សំខាន់ ដែល​ធ្វើ​ឱ្យ​ខ្មែរ​ឈ្នះ​គ្រប់​សត្រូវ អាច​ការ​ពារ​ទឹក​ដី និង​មាន​វិសាល​ភាព​ទាំង​វប្បធម៌ ​ប្រពៃណី អរិយ​ធម៌​ដូច​សម័យ​មហា​នគរ។

លោករំលឹកដែរថា នៅសម័យអង្គរ ការបង្រួបបង្រួមមិនត្រឹមតែក្នុ​ង​ខ្សែ​រាជ​វង្ស​ទេ តែ​មន្រ្តី​គ្រប់​ជាន់​ថ្នាក់ រាស្រ្ត​គ្រប់​ស្រទាប់​វណ្ណៈ គ្រប់​និន្នាការ​បាន​រួម​គ្នាជា​ធ្លុង​មួយ ធ្វើ​ឱ្យ​ខ្មែរ​ក្លាយ​ជា​ប្រទេស​ដែល​រុង​រឿង​មួយ​ នៅ​តំបន់​អាស៊ី​អគ្នេយ៍ ដែល​បរទេស​មិន​ហ៊ាន​ឈ្លាន​ពាន​ដី​ខ្មែរ​នោះ​ទេ។

លោក​ថា ក្នុងសម័យបច្ចុប្បន្ននេះវិញ បើ​ចង់​ឱ្យខ្មែ​រ​ខ្លាំង​ក្លាយ​ជា​ប្រទេស​រឹង​មាំ ចាំបាច់​ណាស់​ អ្នក​នយោ​បាយ​ខ្មែរ​មិន​គួរ​មាន​ការ​គុំគួន និង​តាម​កំទេច​ខ្មែរ​គ្នា​ឯង ដែល​នាំ​ឱ្យ​ជាតិ​បែក​បាក់​ ងាយ​ធ្វើឱ្យ​​បរទេស​ឈ្លាន​ពាន​ដី​ខ្មែរ​តាម​ទំនើង​ចិត្ត។

លោកថា៖ «ការផ្សះផ្សាការបង្រួបបង្រួមគ្នា គឺ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ហ្នឹង អាច​ទប់​ទល់​ជាមួយ​សត្រូវ អា​ច​ធ្វើ​ឱ្យ​ខ្មែរ​ហ្នឹង អភិវឌ្ឍន៍​កាន់​តែ​ជឿន​លឿន​ឡើង​ថែម​ទៀត។ ដូច្នេះ​អ្វី​ដែល​ខ្មែរ​អាច​សាម​គ្គី​គ្នា​បាន​ហ្នឹង! គឺ​ទី១​ពា​ក់​ព័ន្ធ​​ការ​លុប​បំបាត់ គេ​ហៅ​ថា នយោ​បាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ពីព្រោះ​យើង​ឃើញ​នយោ​បា​យ​​នេះ ហាក់​បី​ដូច​ជា​នៅ​តែ​មាន​ការ​អនុវត្ត​នៅ​តែ​មាន​ការ​គុំគួន​ខឹង ឬ​ក៏​ហៅទៅ​តា​ម​កម្ទេច​ជាន់​ពន្លិច​គ្នា​ទៅ​វិញ​ទៅ​មក»។

ជាមួយគ្នានេះ អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី បាន​បញ្ចេញ​មតិ​លើ​ហ្វេស​ប៊ុក​លោក​ថា ក្រៅ​ពី​ទទួល​ការ​ឈឺចា​ប់​ចំពោះ​ទង្វើ​របស់​ថៃ​លើ​កម្ពុជា នៅ​ពេល​នេះ ក្នុង​នាម​ជា​ខ្មែរ​ក៏​ត្រូវ​ចាប់​ផ្តើម​ទទួល​ស្គាល់​ខ្លួន​ឯង​ផង​ដែរ​ថា ចាប់​តាំង​ពី​ក្រោយ​សម័យ​អង្គរ​មក ខ្មែរ​បាន​ចំណាយ​ពេល​ច្រើន​លើស​លប់ ដើម្បី​ឈ្លោះ​ខ្មែរ​គ្នា​ឯង​ជាជាង​រួម​គ្នា​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន ដើម្បី​ការ​ពារ​ខ្លួន​ពី​អំពើ​វាត​ទី​របស់​ប្រទេស​ជិត​ខាង។

លោកបន្ត​ថា មូលហេតុចម្បងនៃការបាត់បង់ដីកម្ពុជាក្រោម គឺ​ក៏ដោយ​សារ​បារាំង​បាន​មើល​ឃើញ​ថា នៅ​ពេល​នោះ បើ​ទុក​ឲ្យ​ខ្មែរ​គ្រប់​គ្រង ក៏ប្រ​ហែល​ជា​ខ្មែរ​ពុំ​អាច​មាន​សមត្ថ​ភាព​ការ​ពារបា​ន​ដែរ ដោយ​សារ​ខ្មែរ​ខ្សោយ​ទាំង​ការ​ដឹក​នាំ និងធ​ន​ធាន​មនុស្ស​ដែល​ចេះ​តែ​បាត់​បង់​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ដោយ​រូម​ទាំង​ការ​សម្លាប់​អ្នក​ចេះ​ដឹង​ខ្មែរ​ផង​ដែរ។

លោកយល់ថា ខ្មែរជាពូជអ្នកសាងអង្គរដ៏មហិមា​ តែ​បច្ចុប្បន្ន​ខ្មែរ​ស្ទើរ​​តែ​គ្មាន​អ្នក​ជំនាញ​ខ្មែរ​ ដើម្បី​ជួស​ជុល​អង្គរ​ដោយ​ខ្លួន​ឯង។

បើតាមលោក មាស នី ការរៀបរាប់បែប​នេះ គ្មាន​ចេតនា​បង្អាប់​ខ្មែរ​ទេ គឺ​គ្រាន់​ចូល​រួម​ដើម្បី​ដាស់​ស្មារតី​ជន​ជាតិ​ខ្មែរ​ទាំង​អស់​គ្នា រួម​ទាំង​អ្នក​នយោបាយ​គ្រប់​និន្នាការ​ថា បើ​ខ្មែរ​មិន​ខ្លាំង គេ​មើល​ងាយ មិន​ថា​ខាង​លិច​ឫ​ខាង​កើត​ទេ ហើយ​បើ​ខ្មែរ​មិន​ខ្លាំង ក៏​គ្មាន​មហា​អំណាច​ណា​គេ​នឹង​រំពឹង​ធ្វើ​ជាដៃ​គូ​យុទ្ធ​សាស្រ្ត​យូរ​អង្វែង​ជាមួយ​ដែរ មិន​ថាមហា​អំណាច​ឆ្វេង​ឫ​ស្តាំនិ​យម​នោះ​ឡើយ ហើយ​នៅ​ទីចុង​បំផុត បើ​ខ្មែរ​មិន​ខ្លាំង​ដោយ​ខ្លួន​ឯង​ទេ​នោះ អាច​នឹង​សល់​តែ​ខ្មែរ តែ​គ្មាន​ប្រទេស​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​នោះ​ឡើយ។

ការលើកឡើងរបស់ក្រុមបញ្ញវន្តខ្មែរនេះដូចគ្នាទៅនឹងព្រះរាជបណ្តាំចុងក្រោយ​របស់​សម្តេច​ឪ ​មុន​ព្រះ​អង្គ​ចូល​ទីវង្គត បាន​ឱ្យខ្មែ​រ​រួប​រួម​គ្នា​ជាធ្លុ​ង​មួយ​ទើប​ខ្មែរ​ខ្លាំង។

លោកថា៖ «មិនមែនមានមហិច្ឆតាដល់ទៅចង់​ធ្វើ​មហា​អំណាច​នោះ​ទេ គឺ​ថា​យើង​ចង់​តែ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​យើង​រួប​រួម​គ្នា​ ប្រែ​មក​ថា​ខ្លាំង​ឬ​យក​ពេល​មក​ហើយ​ ហើយ​ខ២! យើង​ចេះតែ​ដើរ​ទៅ​មុខ​ក្នុង​វិស័យ​អ្វី​ក៏​ដោយ ក៏​យើង​ចេះ​តែដើ​រ​ទៅ​មុ​ខ​ដរាប ពួត​ដៃគ្នា​កសាង​អ្វី​ដែល​ជា​ឧត្តម​ប្រយោជន៍​របស់​ជាតិ​យើង»។

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងពិធីមួយនៅខេត្តសៀម​រាប កាល​ពី​អំឡុង​ខែមិថុនា អំឡុង​ពេល​កង​ទ័ព​កម្ពុជា​ពេល​នោះ ប្រឈម​មុខ​ជាមួយ​ទាហាន​ថៃ​នៅ​តាម​បន្ទាត់​ព្រំដែន មុន​ពេល​ផ្ទុះ​អាវុធ លោក​ក៏​បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មាន​ស្មារតី​សាមគ្គី​ជាតិ ឯកភាពជាតិ ដើម្បី​ការ​ពារ​ទឹក​ដី​ប្រឆាំង​នឹង​បរទេស​ឈ្លាន​ពាន​ដែរ។

លោកថា៖ «ស្មារតីរួមគ្នានេះហើយ ដែលធ្វើឲ្យយើងក្លាយប្រទេស​យើង​តូច​ជាង​ប្រទេស​មួយ​ទៀត សេដ្ឋកិច្ច​យើង​មិន​ទាន់​ខ្លាំង​ដូច​គេ ទទួល​ស្គាល់ ប៉ុន្តែ​អ្វី​ដែល​ខ្លាំង​គឺ​ការ​មូល​មតិ​ឯកភាព​ជាតិ​របស់​យើង​នេះ គឺ​ជា​ចំណុច​ខ្លាំង​របស់​កម្ពុជា​ដែល​យើង​ត្រូវ​ធ្វើ​ពេល​នេះ»។

យ៉ាងណា សម្រាប់​អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា យល់​ថា ការ​បង្រួប​ប​ង្រួម​ជាតិ​ពិត​ប្រាកដ មិន​មែន​រួម​រួប​តែ​មនុស្ស​មួយ​ក្រុម​ទេ តែ​ត្រូវ​មាន​ការ​ចូល​រួម​ពី​ក្រុម​មនុស្ស​គ្រប់​និន្នាការ​នយោបា​យ​ដែរ។

លោកថា៖ «បក្សកាន់អំណាច មិនអាចផាត់ក្រុមណាមួយចោល​បាន​ទេ ជាពិសេស​គឺ​អ្នក​ដែល​មាន​និន្នាការ​តែង​តែ​រិះ​​គ​ន់​អ្នក​មាន​និន្នា​ការ មិន​ស្រប​នឹង​ខ្លួន​ហ្នឹង គឺ​មិន​អាច​ផាត់​ពួក​គាត់​ចោល​បាន​ទេ ពីព្រោះ​ពួក​គាត់​ក៏​ជា​ផ្នែក​មួយ​​នៃកា​រ​ចូល​រួម​ទាំង​មនសិការ ដើម្បី​កសាង​ជាតិ​ទាំង​កម្លាំង​កាយ​កម្លាំង​ស្មារតី ដើម្បី​រួម​ចំណែក​មួយ​ក្នុង​ការ​ផ្តល់​យោបល់​​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ជាតិ​រីក​ចម្រើន​ប្រសើរ​ឡើង​កាន់​តែ​ឆ្ពោះ​ទៅ​មុខ​ថែម​ទៀត។ ការ​ដែល​សាមគ្គីគ្នា​ហ្នឹង​ មិន​មែន​មាន​តែមួ​យ​ក្រុម មាន​តែ​មួយ​បក្ស មាន​តែ​មួយ​ពួក មាន​តែគ្នា​ឯង​អត់​គ្នា​គេ! អ៊ីចឹង​វា​គួរ​តែ​ខ្មែរ​ទាំង​មូល​មាន​ទស្សនៈ មាន​នយោ​បាយ មាន​ឆន្ទៈ​មាន​ការ​អភិវឌ្ឍ​ចូល​រួម​ទាំង​អស់​គ្នា មាន​ភាព​សាមគ្គី​ទាំង​អស់​គ្នា​គ្រប់​ស្រទាប់ ប្រជា​ជន​គ្រប់​និន្នា​ការ​នយោបាយ​ទាំង​អស់! បាន​ធ្វើ​ឲ្យ​ខ្មែរ​ហ្នឹង​រីក​ចម្រើន​បាន​ធ្វើ​ឲ្យ​ខ្មែ​រហ្នឹង​ទប់​ទល់​ជាមួយ​​សត្រូវ​ឈ្លាន​ពាន​បាន»។

ដូចគ្នានេះដែរ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងកា​រ​ស្រាវ​ជា្រវ លោក សេក សុជាតិ យល់​ថា បើ​ចង់​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពិត គួរ​លើក​លែង​ទោស​អ្នក​នយោបាយ​ប្រឆាំង​ និង​សកម្ម​ជន​សង្គម​ទាំង​អស់ ដើម្បី​ឱ្យ​មាន​សេរី​ភាព​ដែល​ពួក​គេ​ គឺ​ជា​តួអ​ង្គ​ជំរុញ​យុត្តិ​ធម៌​សង្គម​តាម​បែប​ប្រជា​ធិប​តេយ្យ។

លោកថា ការប្រេះឆារវាងអ្នកនយោបាយ​ គឺជាកា​របែ​ក​បាក់​ជាតិ​ដ៏​ធំ ហើយ​ការ​​ផ្សះ​ផ្សា​ជាតិ​ឡើង​វិញ ពិត​ជា​អាច​ធ្វើទៅ​បើ​អ្នក​នយោ​បាយ​ខ្មែរ​គ្រប់​និន្នា​ការ ងាក​មក​ជជែក​គ្នា​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​គោល និង​មិន​យក​គ្នា​ធ្វើ​ជា​សត្រូវ។

លោក សុជាតិ សង្កត់ធ្ងន់ថា តាមប្រវត្តិសាស្រ្តការបែបបាក់ជាតិ​ធ្វើ​ឱ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្រ្គាម​មិន​ចេះ​ចប់ មាន​ទាំង​រដ្ឋ​ប្រហារ របប​វាលពិ​ឃាត​សម្លាប់​ខ្មែរ​គ្នា រហូត​ទាល់​តែ​មាន​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ ដែល​ឱ្យ​ខ្មែរគ្រប់​ភាគី​ចូល​តុច​រចា​ទើប​អាច​ស្រោច​ស្រង់​ជាតិ​ខ្មែរ​ឡើង​វិញ​បាន។

លោកថា«កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជា​ប​រិប​ទ​ថ្មី​ដែល​ធ្វើឲ្យ​ក​ម្ពុជា​មាន​ការ​ឯក​ភាព​គ្នា​ទៅ​វិញ​ទៅ​មក រវាង​អ្នក​កាន់​និន្នាការ​៤​ ដែល​យើង​ហៅ​ថា​ជា​ចតុភាគី​ដែល​បាន​ព្រម​ព្រៀង​ឯក​ភាព​គ្នា​ បញ្ចប់​សង្គ្រាម​ ហើយ​ងាក​មក​កាន់​ការ​ដឹក​នាំ​តាម​បែប​ប្រជា​ធិប​តេយ្យ ដែល​មាន​ការ​បោះ​ឆ្នោត​នៅ​រៀង​រាល់ ៥ឆ្នាំ​ម្ដង ដូច្នេះ​នោះ​គឺ​ជា​មេរៀន​ដ៏​ល្អ​ដែល​បង្ហាញ​ថា ប្រទេស​មួយ​មាន​សន្តិភាព​មាន​ស្ថិរ​ភាព​ជាក់​ច្បាស់ គឺ​ដោយ​សារ​តែ​ការ​បង្រួប​បង្រួម​ ហើយ​និង​ការ​សម្រេច​ចិត្ត​មិន​យក​គ្នា​ធ្វើ​ជា​សត្រូវ»

ជុំវិញរឿងនេះដែរ គណបក្សក​ម្លាំង​ជាតិ បាន​​ចេ​ញ​សេចក្តី​ថ្លែង​ការ​ណ៍​នៅ​​ថ្ងៃ​​ទី​​១៣ ខែ​វិច្ឆិកា​ថា ដើម្បី​ការ​ពារ​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លូត​​ត្រង់ រួម​ទាំង​​កា​រ​​ពារ​នៅ​​ដែន​អធិប​តេយ្យ​បូរណ​ភាព​​ទឹក​​​ដី​​កម្ពុជា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ទៅ​​តុលាការ​យុត្តិ​ធម៌​​អន្តរ​ជាតិ (ICJ) ស្នើសហ​​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​កោះប្រ​ជុំ​ជា​បន្ទាន់។

មួយវិញទៀត ត្រូវដោះលែងមេដឹកនាំ និងសកម្មជន​នយោ​បាយ សកម្ម​ជន​សិទ្ធិ​មនុស្ស មេ​សហជីព សមាគ​ម សកម្ម​​ជន​​ដីធ្លី យុវជន​បរិស្ថាន សកម្ម​ជន​២៣​តុលា និង​អ្នក​ជាប់​ឃុំ​មនសិការ ឱ្យ​មាន​សេរីភា​ព​ឡើង​វិញ។

គណបក្សកម្លាំងជាតិ បានអំពាវនាវដល់គ្រប់ភាគី​នយោបា​យ និង​ឥស្សរ​ជន​នយោបាយ​ទាំង​អស់ ឱ្យ​មាន​ការ​សន្ទនា​​នយោ​បាយ ដើម្បី​ឈាន​ទៅ​ការ​ផ្សះ​ផ្សា​ជាតិ ការ​បង្រួប​បង្រួម​ជាតិ ឱ្យ​មាន​សាមគ្គី​ភាព ឯក​ភាព​ជាតិ​ពិត​ប្រាកដ ដូច​ជា ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ “ខ្មែរ​រួប​រួម​ ទើប​ខ្មែរ​ខ្លាំងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ