ក្រុមហ៊ុនអេចស៊ីស៊ី គ្រុប (HCC Group) ដែលជាក្រុមហ៊ុនសម្អាតព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានអះអាងថា ការចោទដែលថាខ្លួនបានបញ្ចប់កិច្ចសន្យាការងារបុគ្គលិក ដោយមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍តាមច្បាប់ការងារនោះ គឺជារឿងមិនពិត ធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ក្រុមហ៊ុន ខណៈមានការតវ៉ាមួយនៅក្រសួងការងារ កាលពីថ្ងៃពុធ។
នៅរសៀលថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មករប្រមាណជាង ៧០នាក់ ដែលភាគច្រើនជាស្ត្រី បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ និងដាក់ញត្តិទៅក្រសួងសាម៉ីមួយនេះ ឱ្យជួយអន្តរាគមន៍រកដំណោះស្រាយ ដោយចោទថាក្រុមហ៊ុនអេចស៊ីស៊ី គ្រុប បានបញ្ចប់កិច្ចសន្យាការងារពួកគេ ទាំងមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍មួយចំនួនតាមច្បាប់ការងារ ដូចជា ប្រាក់ជួសការជូនដំណឹងជាមុន និងប្រាក់ជំងឺចិត្តជាដើម។
បុគ្គលិកក្រុមហ៊ុនអេចស៊ីស៊ី បានលើកឡើងអំឡុងពេលប្រមូលផ្តុំថា ខាងក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកភ្លាមៗ នៅពេលដែលព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានបិទដំណើរការ ដោយមិនមានការជូនដំណឹងជាមុន និងទូទាត់អត្ថប្រយោជន៍ទៅតាមច្បាប់។
អ្នកស្រីបន្តថា ពួកគាត់ទាមទារឱ្យក្រុមហ៊ុនដោះស្រាយទូទាត់សំណងបញ្ចប់កិច្ចសន្យាការងារ ទៅតាមច្បាប់ចំនួន ៥ចំណុច ដែលកន្លងមកខាងក្រុមហ៊ុនទូទាត់ឱ្យខ្លះហើយ ប៉ុន្តែប្រាក់ជូនដំណឹងជាមុន និងសំណងជំងឺចិត្ត ខាងក្រុមហ៊ុនមិនបានទូទាត់ឱ្យនោះទេ។
ស្ត្រីរូបនោះនិយាយថា៖ «ខ្ញុំចង់ឱ្យខាងរាជរដ្ឋាភិបាល ខាងក្រសួងការងារ គាត់ជួយដោះស្រាយរឿងថា ពួកខ្ញុំអត់សុខចិត្ត រឿងថាការបិទព្រលានយន្តហោះពោធិ៍ចិនតុងនេះ ពួកគាត់អត់មានគិតលុយឱ្យពួកខ្ញុំទេ លុយផ្តល់ដំណឹងមុន៣ខែក៏អត់ លុយសងជំងឺចិត្តក៏អត់ ហើយនិងលុយរបស់ពួកខ្ញុំដែលខំប្រឹងធ្វើការកាលពីឆ្នាំ២០២១ ក៏គាត់អត់គិតឱ្យ និយាយទៅក្រុមហ៊ុនគាត់អត់មានទំនួលខុសត្រូវជាមួយបុគ្គលិក។ ហើយនៅពេលដែលព្រលានយន្តហោះបិទពិប គាត់បញ្ឈប់កូនចៅក៏គាត់អត់មានជូនដំណឹង គាត់អត់មានថាបើបិទព្រលានហ្នឹងហើយ គាត់ត្រូវរកការងារណាដែលឱ្យកូនចៅចូលបានគ្រប់កន្លែងចឹងណា តែនេះទីតាំងនិមួយៗពួកខ្ញុំគ្មានអ្នកណាមានការងារធ្វើទេ ដើរស្វែងរកការងារធ្វើ ដោយសារអី?ខាងក្រុមហ៊ុនគាត់អត់មានផ្តល់ដំណឹងឱ្យយើង ដល់ថ្ងៃដែលត្រូវបិទ បានគាត់ប្រាប់ថាព្រលានយន្តហោះបិទ»។
យ៉ាងណា លោក ហួន ហុក នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអេចស៊ីស៊ី (HCC Group Co, Ltd) បានឱ្យវីអូឌីដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកានេះថា ក្រុមហ៊ុនមិនមានកាតព្វកិច្ចទទួលខុសត្រូវ លើការផ្តល់អត្ថប្រយោជន៍ជំងឺចិត្តនិងប្រាក់ជួសការជូនដំណឹង ដល់បុគ្គលិកដែលតវ៉ានោះទេ ដោយថា ក្រុមហ៊ុនបានជូនដំណឹង ៣ខែមុនតាមច្បាបការងារ។ ហើយថា រដ្ឋាភិបាលក៏បានប្រកាសជាសាធារណ ពីគម្រោងបិទការងារនៅព្រមានយន្តហោះភ្នំពេញនេះដែរ។
លោកថា៖ «លិខិតជូនដំណឹងលើកទី១ ព្រោះខ្ញុំដឹងព័ត៌មាន រដ្ឋាភិបាលគេបិទ[ព្រលានយន្តហោះអន្តរជាតិភ្នំពេញ] មិនចឹង ខ្ញុំជូនដំណឹង៣ខែមុន យកទៅបិទលើក្តារខៀនផង ប្រជុំផងអីផង ហើយប្រធានសហជីពស្អីៗហ្នឹង គឺគាត់ចូលរួមប្រជុំទាំងអស់ មានរូបថតមានអីទៀត ក្រោយមកបានរដ្ឋាភិបាលថា ហរឥលូវពន្យាមួយខែទៀត រហូតដល់ថ្ងៃទី០៩ ខ្ញុំចេញលិខិតមួយទៀត អូខេលូវរដ្ឋាភិបាលពន្យា ចឹងខ្ញុំសូមបងប្អូននៅបន្តធ្វើការរហូតដល់ថ្ងៃចុងក្រោយ ថ្ងៃណាថ្ងៃហ្នឹងទាំងអស់គ្នា ហើយខ្ញុំនឹងPay លុយទៅតាមការដែលយើងធ្វើការ គិតជាខែ បើលើសប៉ុន្មានថ្ងៃឱ្យទៀត ឱ្យគ្រប់ទាំងអស់ ប្រជុំប្រាប់ពួកគាត់ទាំងអស់ ហើយដល់ពេលយកមកផ្សាយថាពួកខ្ញុំអត់ប្រាប់ អត់ជូនដំណឹង ឈប់ភ្លាមៗ ហើយឧបមាថាពួកខ្ញុំអត់ប្រាប់ អ្នកណាក៏គេដឹងថាបិទព្រលានដែរ ត្រូវអត់? ហើយបើយើងធ្វើការក្នុងព្រលាន យើងអត់ដឹងថាបិទព្រលានគេបិទ មានតែសត្វ។ ពួកគាត់អត់ល្អទេ ធ្វើហ្នឹងធ្វើបង្ខូចឈ្មោះក្រុមហ៊ុន»។
យ៉ាងណា លោក ហួន ហុក ទទួលស្គាល់ថា ក្រុមហ៊ុនបានគណនាប្រាក់អតីតភាពការងារ (Seniortiy) ខ្វះជូនបុគ្គលិក ដែលនាំឱ្យការទូទាត់ប្រាក់អត្ថប្រយោជន៍ទៅតាមច្បាប់ មានការយឺតយ៉ាវ ប៉ុន្តែខាងក្រុមហ៊ុនបាននិងកំពុងធ្វើការជាមួយមន្ត្រីក្រសួងការងារ ដើម្បីទូទាត់ជូនពួកគេឱ្យបានឆាប់។
លោកថា៖ «ពួកខ្ញុំមានកំហុសតែមួយទេ គឺខ្ញុំគណនាអាលុយ Seniortiy របស់គាត់ខ្វះ ហើយខ្ញុំកំពុងតែធ្វើការងារហ្នឹងដើម្បីយកទៅឱ្យគាត់ ស្រាប់តែគាត់ទៅតវ៉ាភ្លាមបណ្តោយ បើនិយាយរឿងជូនដំណឹង គឺខ្ញុំជូន រឿងខ្វះលុយ ខ្ញុំខ្វះ ខ្ញុំទទួលស្គាល់ថាខ្ញុំខ្វះ ហើយខ្ញុំកំពុងតែធ្វើអាការងារ Seniortiy ដែលអ្នកចាំអត់កាលពីឆ្នាំ២០២១ ដែលយើងកើតកូវីដហ្នឹង រដ្ឋាភិបាលសុំឱ្យក្រុមហ៊ុនទាំងអស់ លើកលែងអត់បង់អា Seniortiy ហ្នឹងទាំងអស់ក្នុងទូទាំងប្រទេស ប៉ុន្តែនៅពេលណាដែលក្រុមហ៊ុនរកស៊ីកាក់កប ចំណេញអីឡើងអីវិញជួយដោះស្រាយឱ្យកម្មករផង ហើយពួកខ្ញុំនៅពេលដែលបញ្ចប់កិច្ចសន្យានៅហ្នឹង ពួកខ្ញុំយកអាហ្នឹងមកPay[ផ្តល់]ឱ្យគាត់ទាំងអស់ទៀត ឆ្នាំ២០២៥ក៏ខ្ញុំPayឱ្យទៀត និយាយទៅខ្ញុំ Clear ឱ្យអត់ឱ្យខុសច្បាប់ទេ គ្រាន់តែថាវាមានការយឺតយ៉ាវ អូខេខ្ញុំទទួលស្គាល់ ប៉ុន្តែគាត់អត់អាចទៅប្រាប់ថា ខ្ញុំហ្នឹងអត់ជូនដំណឹងគាត់ បញ្ឈប់ភ្លាមៗដោយអត់ជូនដំណឹងគាត់ វាអត់ត្រូវទេ»។
យោងតាមឯកសារដែលលោក ហួន ហុក ផ្តល់ឱ្យ គឺកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនអេចស៊ីស៊ី បានជូនដំណឹងពីការបិទប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពាក់កណ្តាលខែកក្កដា តែអាចមានការប្រែប្រួលទៅតាមសភាពការជាក់ស្តែង ហើយខាងក្រុមហ៊ុននឹងបន្តការងារជាមួយបុគ្គលិកដល់ថ្ងៃទី៣១ ខែកក្កដា។
ក្រោយមកទៀត នៅថ្ងៃទី១១ ខែមិថុនា ក្រុមហ៊ុននេះ បានជូនដំណឹងជាថ្មីទៀត ក្រោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជូនដំណឹងជាផ្លូវការពីការបិទព្រលានយន្តហោះនេះនៅថ្ងៃទី០៩ ខែកញ្ញា ដែលករណីនេះ ខាងក្រុមហ៊ុននឹងបន្តការងារបុគ្គលិករហូតដល់ថ្ងៃទី០៩នោះ។
សម្រាប់សេចក្តីជូនដំណឹងចុងក្រោយ ដែលធ្វើឡើងនៅថ្ងៃទី០៨ ខែកញ្ញា ខាងក្រុមហ៊ុនបានបញ្ជាក់ពីការបិទព្រលានជាផ្លូវការ ដូចដែលក្រុមហ៊ុនបានជូនដំណឹងដល់បុគ្គលិកជាបន្តបន្ទាប់នាពេលកន្លងមក ហើយថា បុគ្គលិកទាំងអស់នឹងត្រូវបញ្ចប់កិច្ចសន្យាការងារនៅថ្ងៃទី០៨ ខែកញ្ញានោះ។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) សង្កេតឃើញថា បញ្ហាវិវាទការងារនៅក្រុមហ៊ុនអេចស៊ីស៊ី ដែលបន្តមកដល់ពេលនេះ ដោយសារតែភាគីក្រុមហ៊ុន និងបុគ្គលិកដែលត្រូវបានបញ្ឈប់ នៅតែអះអាងរៀងខ្លួនថា ភាគីម្ខាងបានជូនដំណឹងហើយ តែភាគីម្ខាងទៀតថា មិនបានជូនដំណឹង ខណៈក្រុមហ៊ុនបានទទួលសិទ្ធិសម្អាតនៅព្រលានយន្តហោះថ្មី ប៉ុន្តែមិនបានយកបុគ្គលិកចាស់ទៅធ្វើការ តែបែរទទួលយកអ្នកដាក់ពាក្យថ្មីចូលធ្វើការ។
លោកពន្យល់ថា និតិវិធីនៃការជូនដំណឹង ក្រុមហ៊ុនគួរមានលិខិតជាលាយលក្ខណ៍អក្សរ ហើយប្រគល់ឱ្យបុគ្គលិកម្នាក់ៗ ដើម្បីឱ្យពួកគាត់បានដឹងឮ និងស៊ីញ៉េទទួល ឬជូនដំណឹងទៅសហជីពដែលជាតំណាងឱ្យបុគ្គលិកទាំង៧២នាក់។
លោកថា៖ «ហើយនីតិវិធីនៃការជូនដំណឹងឱ្យស្របទៅតាមនីតិវិធីថាតើជូនយ៉ាងម៉េច មិនមែនទៅយកអាក្រដាសតែមួយសន្លឹកហ្នឹងទៅបិទ[ក្តារខៀន] ហៅថាជូនដំណឹងស្របតាមនិតិវិធីទេ ពីព្រោះពួកគាត់សុទ្ធតែមានកិច្ចសន្យារៀងៗខ្លួន ចឹងនៅពេលដែលចូលធ្វើការមានកិច្ចសន្យា នៅពេលដែលបញ្ចប់ពួកគាត់ ក៏ត្រូវមានការបញ្ចប់ជាលាយលក្ខណ៍អក្សរ ទាំង៧២ហ្នឹង បើសិនរាប់ទៅតាមនីតិវិធី ត្រូវតែធ្វើលិខិតជូនដំណឹងគ្រប់ៗគ្នាហ្នឹងទៅ ហើយកម្មករគាត់ស៊ីញ៉េទទួលថាបានទទួលនូវការលិខិតជូនដំណឹងហ្នឹង វាចប់បាត់ហើយប៉ុណ្ណឹង វាអត់មានអីវែងឆ្ងាយ[…]ហើយមួយទៀតសំណងជំងឺចិត្តគេនោះ ចង់និយាយថា ក្នុងច្បាប់ថាត្រូវមានហេតុផលសមរម្យ ប៉ុន្តែហេតុផលហ្នឹងសមរម្យដែរអត់ បើក្រុមហ៊ុនគាត់ទៅទទួលសិទ្ធិបានការងារនៅព្រលានថ្មី ហើយអត់យកពួកគាត់ពីព្រលានចាស់ហ្នឹងទៅធ្វើ ហើយអត់បានទូទាត់ឱ្យបានត្រឹមត្រូវទៀត»។
យ៉ាងណា លោក ទូច កុសល បានជំរុញឱ្យភាគីវិវាទទាំងពីរ បន្តការចរចាដោយសន្តិវិធី និងរកចំណុចកណ្តាល ដោយសម្បទាឱ្យគ្នាម្នាក់បន្តិច នោះបញ្ហាវិវាទនេះនឹងអាចដោះស្រាយបញ្ចប់បានឆាប់។
លោកថា៖ «ខ្ញុំសំណូមពរទៅភាគីទាំងក្រុមហ៊ុនក៏ដោយ ខាងនាយកដ្ឋានក្រសួងការងារអីជាដើម គឺថា ព្យាយាមរកចំណុចកណ្តាលណាមួយដើម្បីបញ្ចប់វិវាទហ្នឹង កុំឱ្យវានៅរ៉ាំរ៉ៃវែងឆ្ងាយ[] ខ្ញុំគិតថា តិចច្រើនក៏ដោយ គឺក្រុមហ៊ុនគួរពិចារណាទៅលើការទាមទារហ្នឹងទៅ យ៉ាងហោចណាស់ក៏ផ្តល់ឱ្យពួកគាត់បានខ្លះទៅ ព្រោះពួកគាត់ធ្វើការនៅហ្នឹងយូរហើយ គ្រាន់គាត់យកទៅប្រកបមុខរបរអីតិចតួចចឹងទៅណា»។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបិទដំណើរការទាំងស្រុង កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានដំណើរការអស់រយៈពេលជិត ៧០ឆ្នាំ។
បច្ចុប្បន្នព្រលានយន្តហោះថ្មី ដែលមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅខេត្តកណ្តាល បាននិងកំពុងបើកដំណើរការ ហើយបើតាមក្រុមអ្នកតវ៉ា ក្រុមហ៊ុនអេចស៊ីស៊ីគ្រុបនេះ ក៏បានដេញថ្លៃជាប់ ក្នុងការសំអាតព្រលានថ្មីនេះដែរ ប៉ុន្តែខាងក្រុមហ៊ុនបានរើសបុគ្គលិកថ្មីចូលធ្វើការ ដោយមិនយកបុគ្គលិកដែលធ្លាប់សំអាតនៅព្រលានយន្តហោះចាស់ ទៅធ្វើការនៅព្រលានថ្មីនោះទេ៕









