ក្រោយយោធាថៃព័ទ្ធយកផ្ទះបណ្ដាលឱ្យអ្នកខ្លះធ្លាក់ខ្លួននៅក្នុងតង់កៅស៊ូរាប់សិបថ្ងៃ ពេលនេះពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ បានបង្ខំចិត្តជម្លៀសខ្លួនចោលចានចោលឆ្នាំង ក្រោយយោធាថៃ បើកប្រតិបត្តិការបាញ់ប្រហារ បង្កឱ្យម្នាក់ស្លាប់ និង៣នាក់របួស កាលពីថ្ងៃពុធ។
ពលរដ្ឋនៅភូមិព្រៃចាន់ លោក ស្រី ទាវ ប្រាប់វីអូឌីនៅថ្ងៃទី១៤ ខែវិច្ឆិកាថា លោកកំពុងស្នាក់នៅជំរុំក្នុងវត្តច័ន្ទស៊ី សាមគ្គី រតនារាម ក្រោយភៀសខ្លួនពីភូមិព្រៃចាន់ទាំងយប់ បន្ទាប់ពីមានការបាញ់ប្រហារពីយោធាថៃ។ លោកនិយាយដោយក្ដីព្រួយបារម្ភ ពីការបន្តឈ្លានពានរបស់ពួកគេមកលើទឹកដីកម្ពុជា ដែលអាចនឹងអូសបន្លាយធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅ។
លោក ស្រី ទាវ និយាយថា៖ «កូនតូចតាចមករញ៉ិករញ៉ក់ពេញហ្នឹងទាំងយប់ មានតែនៅក្រោមតង់ទៀតដដែលហ្នឹង។ យ៉ាប់ណាស់ពួកអស់នេះ[យោធាថៃ] មិនចប់ទេដឹង បើវាពន្យុះយើងរហូតនេះ»។
កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ យោធាថៃបានបើកការវាយប្រហារដោយកាំភ្លើងពិត មកលើពលរដ្ឋនៅភូមិព្រៃចាន់ ដោយពួកគាត់មិនបានដឹងខ្លួនមុននោះឡើយ។ ហេតុការណ៍នេះ បានបណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងបីនាក់ទៀតរងរបួសកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយការបាញ់ប្រហារស្ងប់បានបន្តិច ពលរដ្ឋភូមិព្រៃចាន់ បានម្នីម្នានាំគ្នាចេញពីកន្លែងលាក់ខ្លួន រៀបចំបង្វេចខោអាវមុងភួយចុះចោលផ្ទះ ចោលឆ្នាំងបាយដែលទើបនឹងដាំឆ្អិន ឆ្ពោះទៅជំរុំជនភៀសខ្លួនដើម្បីគេចគ្រាប់កាំភ្លើងទាហានថៃ។
បើតាមទិដ្ឋភាពនៅក្នុងវីដេអូចែកចាយលើបណ្ដាញសង្គម ប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ មានទាំងចាស់ ទាំងក្មេង ទារក និងស្រ្តីកូនខ្ចី បាននាំគ្នាធ្វើដំណើរទាំងយប់ ជាមួយនឹងភាពតក់ស្លុត ដោយអ្នកខ្លះជិះម៉ូតូ ខ្លះបរគោយន្តកន្ត្រៃ និងខ្លះទៀតសណ្ដោងរទេះ។
មេឃុំអូរបីជាន់ លោក តុល សារិន ឱ្យដឹងថា មកទល់ពេលនេះ មានពលរដ្ឋតិចតួចដែលមិនទាន់ចាកចេញពីភូមិ ដោយមានប្រជាការពារ និងកងកម្លាំងកម្ពុជាកំពុងឈរជើងយាមកាមនៅទីនោះ។
លោក តុប សារិន និយាយថា៖ «ដូចថាគ្រួសារគាត់នៅមើលផ្ទះមើលសម្បែងខ្លះ និងប្រជាការពារ»។
ចំណែកអភិបាលស្រុកអូរជ្រៅ លោក កែវ តារារស្មី បានប្រាប់សារព័ត៌មានក្នុងស្រុកថា មានប្រជាពលរដ្ឋជាង ២០០គ្រួសារ មកពីភូមិព្រៃចាន់ ភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ បានភៀសខ្លួនទាំងយប់មកស្នាក់នៅវត្តច័ន្ទស៊ីសាមគ្គី ដែលមានទីតាំងនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មិនមែនមានតែពលរដ្ឋនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យនោះទេដែលភៀសខ្លួន ពលរដ្ឋនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក៏មានជម្លៀសខ្លួនផងដែរ ក្រោយប្រទេសថៃបានបង្ហាញភាពតានតឹង ចង់លុបចោលកិច្ចព្រមព្រៀងសន្តិភាព កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្រោយចោទប្រកាន់ និងទាមទារកម្ពុជាឱ្យទទួលខុសត្រូវលើទាហានរបស់ខ្លួន ៤នាក់ ដែលបានជាន់មីន និងដែលចោទថាមីននោះគឺជារបស់កម្ពុជា។
ពាក់ព័ន្ធនឹងករណីទាហានថៃ បាញ់រះមកលើពលរដ្ឋខ្មែរនេះ អ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ុវ៉ារី (Winthai Suwaree) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែវិច្ឆិកាថា គឺជារឿងមិនពិត ដោយលោកអះអាងថា កម្ពុជា បានបង្កើតព្រឹត្តិការណ៍ទាំងនេះ ដើម្បីចោទប្រកាន់ថៃ។ លោក វីនថៃ បានចោទប្រកាន់ទៀតថា កម្ពុជាបានរំលោភបទឈប់បាញ់ ដោយបន្តលួចដាក់មីននៅតាមព្រំដែន ដែលធ្វើទាហានថៃជាច្រើននាក់ បានរងគ្រោះ។
ករណីទាហានថៃ ចូលបាញ់ប្រហារពលរដ្ឋខ្មែរនេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីថៃ លោក អានុធីន ឆាន់វីរៈគូន បានប្រកាសរំលាយចោលសេចក្ដីថ្លែងការណ៍រួម ស្ដីពីសន្តិភាពរវាងកម្ពុជា និងថៃ ដោយលោកអះអាងថា ថៃនឹងសម្រេចចិត្តខ្លួនឯងក្នុងការការពារបូរណភាពទឹកដីខ្លួន និងមិនដោះលែងទាហានខ្មែរទាំង ១៨នាក់នោះឡើយ។
កិច្ចព្រមព្រៀងសន្តិភាពមួយនេះ ត្រូវបានរៀបចំសម្របសម្រួល និងចូលរួមធ្វើសាក្សីពីប្រទេសមហាអំណាច គឺសហរដ្ឋអាមេរិក និងប្រធានអាស៊ាន គឺប្រទេសម៉ាឡេស៊ី កាលពីចុងខែតុលា។
ឆ្លើយតបការបំពានយ៉ាងធ្ងន់ធ្ងរនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈព្រឹទ្ធសភា បានព្រមានថៃថា ការប៉ុនប៉ងបំផ្លាញសន្តិភាព ឬបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ នឹងត្រូវជួបប្រទះនូវការការពារអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាបំផុត។
ព្រឹទ្ធសភាកម្ពុជា បានចាត់ទុកការបាញ់ប្រហារពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ថា ជាការរំលោភបំពានយ៉ាងគឃ្លើនលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ករណីទាហានថៃ ចូលមកបាញ់សម្លាប់ពលរដ្ឋខ្មែរនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ដែលអមនុស្សធម៌ និងរំលោភច្បាប់ធ្ងន់ធ្ងរ។ លោកបន្តថា ភាគីកម្ពុជា ត្រូវប្រមូលភស្តុតាង ដើម្បីលើកយកករណីនេះ ប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងប្រទេសហត្ថលេខី ដែលធ្លាប់ធានាការពារបូរណភាពទឹកដីកម្ពុជា។
លោកថា៖ «ត្រូវមានវិធានការជាបន្ទាន់ទៅលើភាគីថៃ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួន និងត្រូវដោះលែងឈ្លើយសឹកទាំង១៨នាក់ ឱ្យបានជួបជុំក្រុមគ្រួសារវិញ ហើយប្រើយន្តការច្បាប់អន្តរជាតិឱ្យតឹងរ៉ឹង ដើម្បីបង្ការប្រទេសថៃ និងប្រទេសដទៃផ្សេងទៀត កុំឱ្យប្រើឥទ្ធិពល និងអំណាចរបស់ខ្លួនហ្នឹង រំលោភលើច្បាប់អន្តរជាតិ»។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា និងបានធ្វើដំណើរទៅដល់ជំរុំជនភៀសខ្លួនផងដែរ។
ពលរដ្ឋដែលជាជនភៀសខ្លួន បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាព ដែលធ្វើឡើងដោយមានប្រទេសមហាអំណាច ជាសាក្សីនោះ គឺមានតែនៅលើក្រដាសប៉ុណ្ណោះ ដោយមិនអាចធានាបាននូវសន្តិភាពពិតប្រាកដនោះឡើយ ខណៈមេដឹកនាំកម្ពុជា បានបង្ហាញគោលជំហរទន់ជ្រាយ ស្របពេលដែលយោធាថៃ កាន់តែមានភាពព្រៃផ្សៃ និងអមនុស្សធម៌៕









