ថៃបន្តដោះមីនរំលោភដីខ្មែរនៅភូមិ​ជោគ​ជ័យ​ទោះ​ប្រកាស​​ដក​ខ្លួន​ពី​បទ​ឈប់​បាញ់

យោធា​ថៃ​​​នៅ​តែ​បន្ត​ធ្វើ​​សកម្ម​​ភា​ព​​ដោះ​​មីន ជា​ឯកតោ​ភាគី​រំលោភ​ដី​ខ្មែរ ​​នៅ​​ភូមិ​​ជោគ​​ជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ទោះ​ប្រកាស​ដក​ខ្លួន​ពី​​កិ​ច្ច​​ព្រម​​ព្រៀង​ឈប់​បាញ់ រហូត​បើក​ប្រតិ​បត្តិ​ការ​បាញ់​សម្លាប់​ពល​រ​ដ្ឋ​​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ កាល​ពី​ថ្ងៃ​ពុធ។

ឥរិយបទបែបនេះ ត្រូវបានអ្នកតាមដានចាត់ទុកថា ជា​ទង្វើ​ឈ្លាន​ពាន​ដ៏​ឃោរ​ឃៅ មក​លើ​ដែន​អធិ​ប​តេយ្យ​របស់​កម្ពុជា និង​ប្រមាថ​មក​លើ​ពូជ​សាសន៍​ខ្មែរ ដែល​មេដឹក​នាំ​ខ្មែរ​គួរ​ដល់​ពេល​ប្រើច្បា​ប់​អន្តរ​ជាតិ និង​សិទ្ធិ​ស្វ័យ​ការ​ពារ ដើម្បី​ទប់​ទល់​ទៅនឹ​ង​មហិច្ឆតា​ឈ្លាន​ពាន​យ៉ាង​គឃ្លើន​របស់​ថៃ​នេះ។

កាលពីថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ សារព័ត៌មានថៃប៉ុស្តិ៍លេខ៧ ឱ្យដឹ​ង​ថា យោធ​ភូមិ​ភាគ១​ថៃ បាន​បន្ត​ធ្វើ​សកម្ម​ភាព​ដោះ​មីន​នៅ​ភូមិ​ណង​ចាន់ (ភូមិ​ជោគ​ជ័យ) ទោះ​រដ្ឋាភិបាល​ថៃ ប្រកាស​លុប​ចោល​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជាមួយ​កម្ពុ​ជា​ក្តី។

ប្រភពនិយាយថា​ ក្រុមយោធាដោះមីនថៃ បាន​ប្រើគ្រឿងចក្រ​ចំនួន​៤គ្រឿង ដើម្បី​ធ្វើ​ការ​ដោះ​មី​ន​នៅ​ត្រង់​ចំនុច​ភូមិ​ណង​ចាន់ ដែល​ខ្មែរ​ហៅ​ភូមិ​ជោគ​ជ័យ ជា​ឯកតោ​ភាគី ព្រោះ​​គ្មា​ន​​វត្តមាន​​ភាគី​​កម្ពុជា​ចូល​រួម​នោះ​ទេ។

ក្រោម​រូបភាពឈ្លានពានទឹកដីខ្មែរទាំងកម្រោលនេះ ប្រភពសារព័ត៌មាន​ថៃ ប្រើពាក្យ​ថា ខ្លួន​ពន្លឿន​ដោះ​មីន​តាម​ព្រំដែន​នៅ​តំបន់​មាន​ជម្លោះ គឺ​ភូមិ​ណង​ចាន់ និង​ភូមិ​ណង​យ៉ាកែ​វ ដើម្បី​សុវត្ថិ​ភាព​ប្រជា​ពលរដ្ឋ​ថៃ រស់​នៅ​លើទឹ​ក​ដី​ថៃ។

ជុំវិញបញ្ហនេះ តំណាងរាស្រ្តបក្សប្រឆាំង លោក​ អ៊ុំ សំអាន ប្រាប់​VOD​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា​នេះ​ថា​ សកម្ម​ភាព​របស់​យោធា​ថៃ ជា​ចេតនា​ឈ្លាន​ពាន​ដី​ខ្មែរ​យ៉ាង​គឃ្លើន ដោយ​ដឹង​ច្បាស់​ថា មេដឹក​នាំ​គ្រួសារ​ហ៊ុន​ នឹង​មិន​ហ៊ាន​រារាំង​មហិច្ឆតា​ឈ្លាន​ពាន​នេះ​ទេ។

លោក​ថា៖ «ទោះបីជាថៃប្រកាសដកខ្លួនពីសេចក្ដីប្រកា​ស​រួម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ក៏​ដោយ ក៏​ប៉ុន្តែ​ថៃ​នៅ​តែ​បន្ត​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ នៅ​តែប​ន្ត​ដោះ​មីន​នៅ​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាស់​ហ្នឹង​ ដូច​ជា​ពី​ម្សិល​មិញ​នេះ គេ​នៅ​តែ​បន្ត​រាវ​មីន​សម្អាត​មីន​ គោល​បំណង​រប​ស់​ថៃ គឺ​ដើម្បី​សម្អាត​មីន​នៅ​ភូមិ​ជោគ​ជ័យ​ ភូមិ​ព្រៃ​ចាស់​ហ្នឹង​ បន្ទាប់​មក​គេ​ចែក​ដី​ដែល​ដោះ​មីន​ហើយ​ហ្នឹង​ ទៅ​ឲ្យប្រ​ជាពលរដ្ឋ​ថៃ​នៅ​ភូមិ​ទាំង​ពីរ ដូច្នេះ​មាន​ន័យ​ថា​ថៃ​នៅ​តែ​បន្ត​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា»។

លោកសង្កត់​ធ្ងន់​ថា ការ​ពន្លឿន​ដោះ​មីន នៅ​ភូមិ​ជោគ​ជ័យ និង​ការ​បាញ់​សម្លាប់​ពលរដ្ឋ​​ខ្មែរ​ម្នាក់ រង​របួស​៣នាក់​ទៀត​នៅ​ភូមិ​ព្រៃ​ចាន់ ឆ្លុះ​បញ្ចាំង​ពី​ចេតនា​របស់​ថៃ គឺ​ចង់​គំរាម​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចេញ​ពី​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ ដើម្បី​ពង្រីក​ទឹក​ដី តាម​ផែន​ទី​ខ្នាត​១/៥០​ពាន់ ដែល​ថៃ​គូរ​ដោយ​ឯកតោភា​គី ដើម្បី​លេប​ទឹក​ដី​ខ្មែរ។ ផែន​ទី​ខ្នាត​១លើ​៥០​ពាន់​នេះ លោក ហ៊ុន សែន ធ្លាប់​ហៅ​ថៃ​ជា​ផែន​ទី​ចោរ។

លោកថា៖ «ការណ៍នៅតែបណ្ដោយឲ្យថៃ​បន្ត​ដោះ​មីន​នៅ​ភូមិ​ជោគ​ជ័យ ពី​ម្សិល​មិញ​បន្ថែម​ទៀត​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​ខ្មែរ​យើង​ហ្នឹង គឺ​លោក ហ៊ុន ម៉ាណែត មិន​ខ្វល់​ខ្វាយ​ពីកា​រកា​រ​ពារ​ទឹក​ដី​ខ្មែរ​នោះ​ទេ​គឺ​នៅ​តែ​បណ្ដោយ​ឲ្យ​ថៃ​ដោះ​មីន​នៅ​ក្នុង​ដី​ខ្មែរ​ហ្នឹង​ស្រេច​ចិត្ត ហើយ​យើង​ដឹង​ហើយ​បន្ទាប់​ពី​ការ​ដោះ​មីន​ហើយ​និង​ថៃនឹ​ង​ប្រគល់​ដី​ខ្មែរ​ហ្នឹង​ ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​ថៃ ដូច្នេះ​វា​ឆ្លុះ​បញ្ចាំង​ថា​ត្រកូល​ហ៊ុន​នេះ ដឹក​នាំ​ប្រទេស​អត់​ខ្វល់​ខ្វាយ​ពីកា​រ​ការ​ពារ​ទឹក​ដី​នោះ​ទេ»។

ប្រហែលគ្នានេះដែរ អ្នកច្បាប់ និងជាអ្នក​វិភាគ​ឯករាជ្យ លោក វ៉ន ចាន់​ឡូត និយាយ​ថា ចរិត​ចោរ​សៀម​ ទោះ​ជា​មាន​កិច្ច​ព្រម​ព្រៀង​១០០​ទៀត ក៏​មិន​គោរ​ព​ដែរ ព្រោះ​វា​ប៉ះ​ពាល់​ដល់​ការ​ឈ្លាន​ពាន​របស់​គេ។

លោកបន្តថា ការបន្ត​ដោះមីននៅភូមិជោគជ័យ រួម​ទាំង​ការ​បាញ់​សម្លាប់​ទាហាន និង​ពលរដ្ឋ​ខ្មែរ សបញ្ជាក់​ឱ្យ​ឃើញ​ថា ថៃ​មិ​នបោះ​បង់​មហិច្ចតា​ឈ្លាន​ពាន​ដី​ខ្មែរ និង​ជិះ​ជាន់ ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។

លោកថា៖ «ការដោះមីននេះ គឺជាទម្រង់នៃការឈ្លានពានមួយ​របស់​ភាគី​ថៃ តាម​រយៈ​ការ​មិន​គោរព​ទៅ​នឹង​ភាគី​កម្ពុជា​ទាំង​ដែល​ប្រទេស​ទាំង​ពីរ ត្រូវ​មាន​ការ​ជជែក​គ្នា​ការ​ព្រម​ព្រៀង​គ្នា និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​កំណត់​ពី​ទីតាំង​នៃ​ការ​ដោះ​មីន ក៏​ដូច​ជាកា​រ​សហការ​គ្នា​ ដោយ​មិន​អាច​ផាត់​ចេញ​ភាគី​ណា​មួយ​បាន​ឡើយ ឬ​ក៏​ធ្វើ​សកម្មភាព​ជា​ឯកតោ​ភាគី​បាន​ឡើយ ការ​បន្ត​ប្រើ​ប្រាស់​រូប​ភាព​នៃ​ការ​ដោះ​មីន​មនុស្ស​ធម៌ ដោយ​ភាគី​ថៃ​ខ្លួន​ឯង​ទាំង​រដ្ឋា​ភិ​បាល​ ហើយ​និង​ក្រុម​យោធា​បាន​ប្រកាស​ព្យួរ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជាមួយ​ក​ម្ពុជា បង្ហាញ​ឲ្យ​ឃើញ​ពី​នយោបា​យគ្មា​ន​សណ្ដាប់​ធ្នាប់​របស់​ភាគី​ថៃ»។

VOD មិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីមេឃុំអូរបីជាន់ លោក តុល សារិន និង​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​បន្ទា​យ​មាន​ជ័យ លោក លី សុវណ្ណា​រិទ្ធ បាននៅ​ឡើ​យ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

យ៉ាងណា ក្រោយយោធាថៃបើកការបាញ់សម្លាប់ពលរដ្ឋខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ កាល​ពី​ថ្ងៃពុ​ធ​នោះ មេដឹក​នាំ​គ្រួសារ​ហ៊ុន​​បាន​បញ្ចេញ​ប្រតិក​ម្ម​ព្រមៗ​គ្នា រួម​ទាំង​ក្រសួង​ពាក់​ព័ន្ធ ប៉ុន្តែមិ​ន​បាន​និយាយ​ទាល់​តែ​សោះ​ពីការ​​​​ប្រើ​​ច្បាប់​​អន្តរ​ជាតិ ដើម្បី​ទប់​ស្កាត់​ទង្វើឈ្លា​ន​ពាន​នេះ។

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន តាម​រយៈសេចក្តីថ្លែងការណ៍របស់​ព្រឹទ្ធស​ភា​​កម្ពុជា ចុះ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​នេះ បាន​​ព្រមា​ន​​ថា «ការ​​ប៉ុន​​ប៉ង​បង្ក​​គ្រោះ​​ថ្នាក់​​ណា​​មួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​​ស្លូត​​ត្រង់ នឹង​​ត្រូវ​​ជួប​​ប្រទះ​នូ​​វការ​ការ​​ពារ​​អធិប​តេយ្យ​ភាព​ជាតិ​​កម្ពុជា​​យ៉ាង​ម៉ឺង​ម៉ាត់​ និង​ខ្លាំង​ក្លា​បំផុត»។

ព្រឹទ្ធសភាកម្ពុជា សង្កត់ធ្ងន់ថា ខ្លួនប្រកាន់ជំហរឯកភាព​ជាធ្លុ​ង​​មួ​យ​​យ៉ាង​រឹងមាំ​ជា​មួយ​រាជ​រដ្ឋាភិ​​បាល ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ភាព បូរណ​ភាព​ទឹក​ដី និង​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ចំណែក ប្រធានប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​ថា បើមេ​ដឹក​នាំ​គ្រួ​សារ​ហ៊ុន មិន​ដោះស្រា​យ ឬ​រក​យុត្តិធ​ម៌​ឱ្យពលរដ្ឋ​ខ្មែរ ដែល​ស្លាប់ និង​របួស ដោយ​ការ​បាញ់​ប្រហារ​ពី​យោធា​ថៃ​ទេ មេដឹក​នាំ​នឹង​រងកា​រស្តី​​បន្ទោស​ពី​ខ្មែរ​តជំនាន់ ពាក់​ព័ន្ធ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​នេះ ។

លោក​ថា៖ «លោក ហ៊ុន សែន ដំណាក់​កាល​នេះ គេ​ចោទ​ប្រកាន់​ថា គាត់​នឹង​បាត់​បង់​ការ​ទទួល​ខុស​ត្រូវ​ ថា​គាត់​ទន់​ខ្សោយ​គាត់​នឹង​ស្រឡាញ់​​តែ​​អំណាច​ មិន​ស្រឡាញ់​ពលរដ្ឋ​ការ​ចោទ​ប្រកាន់​​ អាហ្នឹង​សុទ្ធ​តែ​ត្រឹម​ត្រូវ​ជា​ការ​ពិត​ លោក ហ៊ុន សែន ក្រុម​គ្រួសារ​គាត់​ហ្នឹង​ដឹក​នាំ​ទៅ​វាអ៊ី​ចឹង​មែន មើល​ឃើញ​ថា ទន់​ខ្សោយ​មើល​ឃើញ​ថា មិន​ទទួល​ខុស​ត្រូវ​ពេ​ញ​លេញ​ចំពោះ​ជាតិ​ មិន​ការ​ពារ​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ ឲ្យ​បាន​ពិត​ប្រាកដ​ មិន​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ឲ្យ​បាន​ពេញ​លេញ អ៊ីចឹង​អាហ្នឹង​គេ​ចោទ​ប្រកាន់​ទាំង​អស់​ហ្នឹង សុទ្ធ​តែ​ជា​ចំណែក​នៃ​ការ​ចោទ​ត្រូវ»។

សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព​កម្ពុជា-ថៃ ត្រូវ​បាន​​ធ្វើ​ឡើ​​​ង​​នៅ​​​ប្រទេស​​​ម៉ាឡេ​​ស៊ី កាល​​​​​​ពី​​ថ្ងៃ​​ទី២៦​ ខែ​​តុលា ឆ្នាំ​​២០២៥ ក្រោយ​យន្ត​ការ​អាស៊ាន និង​មហា​អំណាច​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​មាន​ការ​ចុះ​ហត្ថ​លេខា ពី​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​នាយករដ្ឋ​មន្ត្រី​ថៃ និង​ប្រធាន​អាស៊ាន​ប្តូរ​វេន លោក អ៊ានវ៉ា អ៊ីប្រា​ហ៊ីម និង​ប្រធានាធិបតី​ ត្រាំ ធ្វើ​ជា​សាក្សី​ ថៃមិនបានគោរ​ពនោះទេ។​

ជាការ​កត់​​សម្គាល់​ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ភាគី​​ថៃ​មិន​​បាន​​គោរព​​បទ​​ឈប់​​បាញ់​​ទេ ថៃ​បាន​ចល័ត​ទ័ព​ចូល​​ម​ក​​រាយ​​បន្លា​​លួស​​យក​​ដី​​​ខ្មែរ​​​ជា​​បន្ត​បន្ទាប់ ដូច​​ជា នៅ​ប្រាសាទ​តាមាន់ធំ ស្ថិត​ក្នុង​ខេត្ត​​ឧត្តរ​មាន​ជ័យ តំបន់​អាន​​សេះ ក្នុង​ខេត្ត​ព្រះ​វិហារ ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​​ជ័យ ក្នុង​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​​មាន​ជ័យ និង​គំរាម​ច្បាម​​​​យក​​១៧​ទីតាំង​ទៀត នៅ​ខេត្ត​​ពោធិ៍​សាត់ និង​ខេត្ត​កោះ​កុង តាម​ផែន​ទី​ដែល​ថៃ​គូដោយ​ឯកតោ​ភាគី ដែល​មេ​ដឹក​នាំ​កម្ពុជា​លោក ហ៊ុន សែន ហៅ​ថា ជា​ផែន​ទី​ចោរ។

ជុំវិញបញ្ហានេះ លោក សេង វណ្ណលី នាយកកម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​ប្រជា​ធិប​តេយ្យ​ខ្មែរ ដែល​មាន​មូល​ដ្ឋាន​នៅ​អូស្ត្រាលី បាន​និយាយ​ថា ការ​ដែល​ទាហាន​ថៃ​បើ​ក​ប្រតិ​បត្តិ​ការ​បាញ់​សម្លាប់​ជន​ស៊ីវិល​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ ជា​ទង្វើ​យោរ​ឃៅ ដែល​ឆ្លុះប​ញ្ចាំង​ថា ថៃ​មិន​គោរព​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ទេ។

តែផ្ទុយទៅ​វិ​ញ ថៃយក​របៀប​វារៈ​នៃ​ការ​បើក​ប្រតិ​បត្តិ​ការ​ពង្រីក​ការ​ឈ្លាន​ទឹក​ដី​ខ្មែរ ដើម្បី​ទាក់​ទាញ​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​ថៃ។

ស្ថិតក្នុងស្ថានភាពនេះ កម្ពុជាចាប់បាញ់ណាស់ ត្រូវរុញសំណុំរឿងព្រំដែន ទៅកាន់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ ICJ ទើបអា​ចទ​ប់ស្កា​ត់​មហិច្ឆតា​ឈ្លាន​ពាន​រប​ស់​ថៃ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​បាន។

លោកថា៖ «កម្ពុជាត្រូវតែជំរុញដំណើរការដាក់ពាក្យ​បណ្ដឹង​ទៅ​អង្គ​ការ​​ពាក់​​ព័ន្ធ ​មិ​ន​​ថា​អ​ង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ឬ​​​ក៏តុ​លាការ ICJ ដើម្បី​លើក​យក​បញ្ហា​នេះ មក​ពិភាក្សា​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​ ដើម្បី​ឲ្យតុ​លាការ​អន្តរ​ជាតិ នឹង​សម្រេច​ធ្វើ​ការ​អនុ​ម័ត​ទៅ​លើកា​រ​កំណត់​ខណ្ឌ​សីមា​ព្រំ​ដែន»។

យ៉ាងណា លោកបង្ហាញក្តីបារម្ភថា បើមេដឹកនាំគ្រួសារហ៊ុនមិនប្រើជម្រើស​នេះទេ​ «ភាព​ស្រប​ច្បាប់​នៃ​ការ​ការ​ពារ​អធិប​​តេយ្យ និង​បូរណ​ភាព​ទឹក​ដី ពី​ការ​ឈ្លាន​ពាន​របស់​បរទេស ប្រហែ​ល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ ដោយ​ប្រព័ន្ធ​ដឹក​នាំ​បែប​គ្រួសារ​និយម ដែល​បណ្តុះ​ទៅ​ដោយ​ឧក្រិដ្ឋ​កម្ម​ឆបោក នាបច្ចុប្បន្ន​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ