ទាហាន​ថៃយ៉ាង​តិច​៧នាក់​បំពាន​ផ្លូវ​ភេទ​ស្ត្រី​ខ្មែរ​ម្នាក់​ពេល​ឆ្លង​ដែន​ច្រក​របៀង​នៅ​ស្រុក​កំរៀង

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចុះសួរសុខ​ទុក្ខ​ស្ត្រីរង​គ្រោះ​ដោយ​​ការ​រំលោភ​ផ្លូវ​ភេទ​ពីសំណាក់​ទាហាន​ថៃ នៅថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

យ៉ាង​ហោច​ណាស់ មាន​ទាហាន​ថៃ​ឈុត​ខ្មៅ​ចំនួន​៧​នាក់ បាន​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​​​ស្ត្រី​ព​ល​ករ​ខ្មែរ​ វ័យ​១៨​ឆ្នាំ​ម្នាក់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ក្នុង​ពេល​នាង​រួ​​ម​ដំណើរ​​ជាមួ​យ​ព​លករ ១២​នាក់​ផ្សេង​ទៀត​ ដើម្បី​ឆ្លង​ដែន​ត្រឡប់​ទៅ​​ស្រុ​ក​កំណើត​នៅ​​កម្ពុជា។

តាមសម្រង់​សម្ដីពី​ក្រុម​ពលករ​ខ្មែរ ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន​ក្នុង​ស្រុក បាន​​រៀ​ប​រាប់​ថា​ អំឡុង​​ពេល​ពួក​គេ​ទាំង​១៣នា​ក់​ធ្វើ​ដំណើរ​តាម​ច្រក​របៀង ​ម​ក​​ដល់​​ចំណុច​​កើត​ហេតុ មាន​​ទាហាន​​​ថៃ​​ឈុត​​ខ្មៅ​មួយ​ក្រុម​បាន​​កាក់​​រថយន្ត​ ហើយ​​​ឲ្យ​ពួក​គេ​​ចុះ​​ដើ​ម្បី​នាំ​​​​​ទៅ​សាក​សួរ​។ ក្នុង​​ពេល​សាក​សួរ ពួក​​ទាហាន​​ថៃ បាន​វាយ​​ធ្វើ​បាប​​លើ​​ពលករ​​ខ្មែរ​​ទាំង​អស់ ជា​ពិសេស​​ពលករ​​​ប្រុស​ៗ ដែល​ត្រូវ​បាន​​វា​យ​​​ធ្វើ​​ទារុណ​កម្ម​​យ៉ាង​​សាហាវ​​ឃោ​​ឃៅ​។
ប្រភពនិយាយ​ថា៖ «ពួក​​​វា​​វា​​យ​ផង ទាត់​ផង ធាក់​ផង ហើយ​ថែម​ទាំង​អុក​នឹង​ស្វ័​យ​កាំភ្លើង​ទៀត​»។

ប្រភព​ដដែល បន្ត​ថា ស្រប​ពេល​ដែល​ពួក​ទាហាន​​ថៃ​​កំពុង​​វាយ​ធ្វើ​ទារុណក​ម្ម​​លើ​​ពួក​​គេ ​ស្រាប់តែ​​មាន​ទាហាន​មួយ​ក្រុម​មាន​គ្នា​យ៉ាង​តិច​៧នា​ក់ ​បាន​​អូស​​នារី​​វ័យ​ក្មេង​​ម្នាក់​យក​​ទៅ​​រំលោភ​។

ក្រុម​ពលករ​ បាន​​បញ្ជាក់​​ថា ក្រោយ​ពី​វាយ​ធ្វើបាប​ពលករ​ខ្មែរ​​អស់​ចិត្ត ពួក​​ទាហាន​​សៀម ​បាន​​ប្លន់​​យក​​លុយ​​​ពី​ក្រុម​​ពលករ​​អស់​​ប្រមាណ​ ៦ ៥០០​​បាត ឬ​ស្មើ​២០០​ដុល្លារ និង​ទូរស័ព្ទ​​ចំនួន​​៤​គ្រឿង ទើប​​ពួក​​គេ​​ដោះ​​លែង​​ឲ្យ​​បន្ត​ដំណើរ​​ឆ្លង​​អូរ​​ព្រំដែន​​ទាំង​​កណ្ដាល​​យប់ ត្រឡប់​ចូល​​​ដី​​ខ្មែរ​​វិញ​។

ក្រុម​ពលករ​ខ្មែរ​ទាំង​១៣​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ការ​ពារ​​ព្រំដែន ប្រចាំ​​ប៉ុ​​ស្ដិ៍​​​ស្វាយ​ចេក​ សហការ​​ជាមួយ​​កម្លាំង​យោធា​​ការ​ពារ​​ព្រំ​ដែន​ នៅ​​តំបន់​​នោះ ទ​ទួ​ល​​និង​​នាំ​​យក​​​ទៅ​​ប្រគល់​​ជូន​​ក្រុ​ម​ការ​ងារ​ «​មណ្ឌល​​ទ​ទួល​​ពលករ​» ប្រចាំ​ស្រុក​​កំ​រៀង ខេត្ត​បាត់​ដំបង ក្រោយ​​បញ្ច​ប់​​ការ​​សួរ​នាំ​​បឋម នៅ​​ប៉ុ​ស្ដិ៍​​​ព្រំដែន​។

ទោះយ៉ាងណា ក្រុម​ពលករ​ខ្មែរ​ទាំងនោះ មិន​បាន​ចាំ ឬស្គាល់​​ចំណុច​​ដែល​​ក្រុ​ម​​ទាហាន​សៀម​​ចាប់​​វាយ​​ធ្វើ​បាប​ពួក​គេ​នោះ​​ទេ​។ ប៉ុន្តែ​​ពួក​​គេ​​បញ្ជាក់​ច្បាស់​ថា ទ​ង្វើ​​​ដ៏​សាហាវ​ព្រៃ​ផ្សៃ​​របស់​​ពួក​​ទាហាន​​សៀម បាន​​កើត​ឡើង​​​នៅ​​ក្នុង​​ទឹកដី​​សៀម ពេល​​ពួ​ក​​គេ​​ធ្វើ​​ដំណើរ​​តាម​រថយន្ត មក​​ជិត​​ដល់​​ព្រំដែន​​ខ្មែរ-សៀម​។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខ:)​ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា បាន​ចេញ​វីដេអូ​មួយ អំពី​ចំណាត់​ការ​បន្ទាន់​​របស់​កម្ពុជា​ទៅ​លើក​រណី​នេះ ដោយ​ទាម​ទារ​ដាច់​ខាត​ឱ្យភា​គី​ថៃចា​ប់​ជន​ល្មើស​ម​ក​ដា​ក់​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់។ លោកហៅទង្វើរបស់យោធាថៃ ថាជាទង្វើបាត់បង់ភាព​ជាម​នុស្ស អមនុស្ស​ធម៌ អំពើ​ស្មោគ​គ្រោក ដែល​គ្មាន​ជាតិ​សាសន៍​ណាមួ​យ​នៅលើ​ពិ​ភព​លោក អាច​ទទួល​យក​បាន​ឡើយ។

លោក ទូច សុឃៈ ថ្លែង​ថា៖ «វា​មិន​មែន​សម្រាប់​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ ជាតិ​សាសន៍​​ណា​ក៏​ដោយ ក៏​មិន​អាច​ទទួល​យក​បាន​ នូវ​អំពើ​ដ៏​ថោក​ទាប​នេះ​បា​ន​ជា​ដាច់​ខាត។ ហើយ​យើង​ទទួច​ឱ្យ​សមត្ថ​កិច្ច​របស់​ថៃ ត្រូវ​តែ​ស្វែង​រក​ចាប់​ខ្លួន​ជន​ទាំង​៧នា​ក់ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​នេះ យក​មក​ផ្ដន្ទា​ទោស​ឱ្យ​បាន​ជាដា​ច់​ខាត​ ហើយ​ប្រកាស​ជា​​សាធារ​ណៈ​ឱ្យ​ប្រជាជន​ថៃ​បាន​ដឹង ប្រជា​ពលរ​ដ្ឋ​កម្ពុជា​បាន​ដឹង​ ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ពិភព​លោក​បាន​ដឹង​ថា ខ្លួន​បាន​ចាត់​ការ​ទៅ​លើជ​ន​ល្មើស​ដែល​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​ថែម​ទៅ​ទៀត​ផង»។

ជាចំណាត់ការ​បន្ទាន់ ក្រសួង​មហាផ្ទៃ​ បាន​ចាត់​ក្រុម​ការ​ងារ​ជំនាញ​ សហការ​ជាមួយ​ស្នង​ការ​ខេត្ត​បាត់​ដំបង ចុះ​ប្រមូល​ភស្តុ​តាង និង​កសាង​ឯកសា​រ ដើម្បី​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​បី​ស្ថាប័ន ទី​មួយ ដាក់​ទៅ​អគ្គស្នង​ការដ្ឋាន​នគរបា​ល​​ជា​តិ​ថៃ ទីពីរ ​ធ្វើ​បណ្ដឹង​តវ៉ា​តាម​រយៈ​ទូត​ថៃ និង​ទីបី ធ្វើ​បណ្ដឹង​តវ៉ា​តាម​រយៈ​អង្គ​ការ​អន្តរ​ជាតិ។

ជុំវិញរឿងនេះ ស្នងការរងទទួលបន្ទុកផែនប្រឆាំងការជួញដូរមនុស្ស និង​ការ​ពារ​អនីតិ​ជន នៃ​ស្នងកា​រ​ដ្ឋាន​នគរបាល​​ខេត្ត​បាត់​ដំបង អ្នក​ស្រី រស់ ជីវី ប្រាប់​វីអូឌី​នៅថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​ នេះ​ថា ក្រុម​ការ​ងារ​កំពុង​រៀប​ចំ​នីតិវិធី​​តាម​ដំណាក់​កាល​ ដោយ​ជាដំ​បូង​ គឺ​ត្រូវ​រក្សា​គម្លាត​ឱ្យ​ជន​រង​គ្រោះ​បាន​ព្យាបាល​ផ្លូវ​កាយ​សិន។

អ្នកស្រី រស់ ជីវី ថ្លែង​ថា៖ «អ្វីដែលយើងត្រូវធ្វើគឺសង្គ្រោះគាត់ រឿងផ្លូវសុខ​ភាព​សិន។ សុខ​ភាព​​ផ្លូវ​ចិត្តអីអាហ្នឹងនី​តិវិធី​យើង​ធ្វើ​បន្ត​ទៀត»។

បច្ចុប្បន្ន នារីរងគ្រោះកំពុងសម្រាកព្យាបាល​នៅមន្ទី​រពេ​ទ្យ​បង្អែក​ខេត្ត​បន្ទាយ​មាន​ជ័យ។

បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ក្រោយ​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​នារី​រង​គ្រោះ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា នារី​រង​គ្រោះ​មាន​ស្ថាន​ភាព​ធូរ​ស្រាល​បន្តិច បើធៀ​ប​នឹង​ពី​ម្សិល​ម៉ិញ​ដែល​នាង​មាន​ភាព​រវើរ​វាយ និង​បាត់​បង់​ការ​ចង​ចាំមួ​យ​ចំនួន។ លោក​រដ្ឋ​មន្ត្រី បាន​ណែនាំ​ពលករ​ដទៃ​ទៀត​ ឱ្យ​ធ្វើ​ដំណើរ​ជា​ក្រុម​ពេល​ឆ្លង​ដែន​មក​កម្ពុជា​វិញ និង​ផ្ដល់​ដំណឹង​ដល់​សាច់​ញាតិ​ជាមុ​ន។ បន្ថែម​ពី​នេះ លោក​ណែនាំ​ឱ្យ​ពលករ​ប្រញាប់​ស្វែង​រក​អន្តរា​គមន៍ និង​ដាក់​ពាក្យ​បណ្ដឹង​ឱ្យបា​ន​លឿន​ទៅ​កាន់​អាជ្ញាធរ​មូល​ដ្ឋាន​ ប្រសិន​ជួប​បញ្ហា​ណា​មួយ។ ​​

ស្ថានភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ បាន​រុញ​ច្រាន​ពលករ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ឱ្យ​ត្រឡប់​ចូល​ស្រុក​កំណើត​​វិញ​ដោយ​បារម្ភ​ពី​សុវត្ថិ​ភាព និង​ការ​យាយី​ពីសំណាក់​ប្រជាជន​ថៃ​ទៅ​លើ​ពួក​គេ។

ពលករភាគច្រើនឆ្លងដែនតាមច្រក​ព្រំដែ​ន ដោយ​មាន​លិខិត​ស្រប​ច្បាប់​ តែ​ក្នុង​នោះ​ក៏មា​ន​ពលករ​មួយ​ចំនួន​ដែល​​ធ្វើ​ដំណើរ​តាម​ច្រក​របៀង ដោយ​ខ្លះច​ង់​ចំណេញ​ពេល​វេលា​ និង​ខ្លះពុំ​មាន​ឯកសារ​គ្រ​ប់​គ្រាន់ ខណៈ​បច្ចុប្ប​ន្នមាន​ច្រក​ព្រំដែន​ខ្លះបិ​ទ​ការ​ឆ្លង​កាត់​ទាំង​ស្រុង ឯខ្លះ​អនុញ្ញាត​ឱ្យ​ចេញ​ចូល​ទៅ​ស្រុក​កំណើត​វិញ ក្នុង​រយៈ​ពេល​កំណត់​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ