លោក​ ហ៊ុន សែន ការពារភាពស្ងៀម​ស្ងាត់​រឿង​ថៃ​បើក​ការ​បាញ់​សម្លាប់​អ្នក​​ភូមិ​​ព្រៃ​ចាន់

មេដឹកនំា​គណបក្ស​កាន់អំ​ណាច លោក ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចេញ​ការ​ពារ​ភាព​ស្ងៀម​ស្ងាត់​ របស់​រដ្ឋាភិ​បាល ដែល​មិនត​បត​ទៅ​នឹ​ង​ការ​បើក​ការ​បាញ់​សម្លាប់​អ្នក​ភូមិ​ព្រៃ​ចាន់ ពី​សំណាក់​យោធា​ថៃ​ កាល​ពី​សប្តាហ៍​មុន និង​ព្រមាន​ដក​សញ្ជាតិ​អ្នក​រិះ​គន់​ថា រដ្ឋាភិបាល​កាត់​ដី​ឱ្យប​រទេស ដើម្បី​ដោះ​ដូរ​សន្តិភាព​។

លោក​ថា៖ «អ្នកដទៃគេថាយើងហ្នឹងគេបាញ់សម្លាប់​ប្រជាជន​ហើយ​នៅ​ស្ងៀម​ទៀត ព្រោះ​ឥឡូវ​ខ្ញុំ​សុំ​សួរ​ត្រឡប់​ទៅ​វិញ​ថា បើ​សិន​ជា​យើង​ផ្ទុះអា​វុធ​តើ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​បី​នា​ក់​នោះ​ទេ វា​ទៅ​លើស​ពី​នោះ។ ​ថៃក៏​ត្រូ​វ​ស្លាប់​អាច​ច្រើន​ហើយ​យើង​ក៏​ស្លាប់​ដល់​ស៊ីសុផន និយាយ​គ្នា​ឱ្យ​ច្បាស់​កន្លែង​ហ្នឹង យើង​មិន​បាន​ខ្លាច​អ្វី​ទេ ក៏​ប៉ុន្តែ​អ្វី​ទៅ​គឺ​បាន​ផលម​ក​វិញ​ស្អី បំផ្លាញ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​បំផ្លាញ​សេច​ក្ដី​ថ្លែង​ការណ៍​សន្តិភាព​ការ​គោរព​អ្ន​ក​ដទៃ​ អ្នកឯ​ង​និយាយ​បា​ន​នៅ​ខា​ង​ក្រៅទេ​ ប៉ុន្តែ​សូម​សួរ​ថា​ពួក​អ្នក​ឯង​បាន​ផ្កោល​ទោស​អ្នក​ដែល​បាន​បាញ់​ប្រជាជន​កម្ពុជា​ស្លាប់​និង​របួស​ហើយ​នៅ»។

ការថ្លែងរបស់លោក ហ៊ុន​ សែន ធ្វើឡើងក្នុងពិធីបើក​អនុសំវច្ឆរម​ហា​សន្និ​បាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣៣ នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ។

ក្រៅពីនេះ លោក​បាន​ការ​ពារ​ទៀត​ថា រដ្ឋាភិបាល​មិន​បាន​កាត់​ដី​ឱ្យ​ទៅ​បរទេស ដើម្បី​ដោះ​ដូរ​សន្តិ​ភាព​ដូច​ដែល​មជ្ឈ​ដ្ឋាន​មួយ​ចំនួន​បាន​លើក​ឡើង​នោះ​ទេ​ និង​បាន​ព្រមាន​ប្រើ​ច្បាប់ ដើម្បី​ដក​សញ្ជាតិ រួ​ម​ទាំង​ព្រះស​ង្ឃផ​ង ដែល​ហ៊ាន​ចូល​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម ដែល​ហ៊ាន​ចោទ​រដ្ឋាភិ​​បាល​ថា បាន​កាត់​ដី​ដើម្បី​ដោះ​ដូរ​សន្តិ​ភាព។

លោកថា៖ «ខ្ញុំសូមព្រមានអ្នកដែលលេងហ្វេសប៊ុកកុំរពិស​ដៃចូ​ល​comment​សោះ​ ខ្ញុំ​មិន​ឲ្យ​រួច​ខ្លួន​ទេ​ជំពាក់​ប្រាក់​ហើយ​ថា​នាយក​រដ្ឋ​មន្ត្រី​ថា​ម៉េច​ ថា​ទៅ​អាហ្នឹង​រឿង​សន្ដិ​សុខ​ជាតិ ខ្ញុំ​ត្រូវ​ធ្វើ​ហើយ​កុំ​មក​សុំ​ទោស​អី​ណា​អត់​ទេ និយាយ​គ្នា​ឲ្យ​ច្បាស់​ម៉ង សូម​កុំ​រពឹ​ស​ដៃយា​យ​ផ្ដាំ​ផ្ញើ​ទៅ​ម៉ង​មិន​ថា​ព្រះ​សង្ឃ ឬ​ក្រហស្ត​ទេ​ សុំ​កុំ​រពិស​ដៃ​ចូល​ទៅ​កំណត់​ហើយ​តិច​ថា​ទាល់​តែ​ភ័យ​ច្របល់​ ហ៊ុន សែន បាន​ថ្លែង​ថា យើង​អត់​ទេ​ភ្នែក​ណា​ក៏​ដោយ​ដែល​បង្ហោះ​ហើយ​ឯង​ចូល​ទៅ​comment​ហើយ​កុំ​ថា​ទាល់​តែ​ផេក​ ហ៊ុន ​សែន អត់​ទេ​ផេក​ណា​ក៏​ដោយ​ ដែល​បង្ហោះ​ហើយ​ឯង​ចូល​ទៅ​ខមិន​នៅ​ក្រៅ​ស្រុក​រួច​ខ្លួន​នៅ​ក្នុង​ស្រុក​រួច​ខ្លួន​ទេ ប្រាប់​ឲ្យ​ហើយៗ មិន​មែន​ជា​អំពើ​ផ្ដាច់​ការ​ទេ ព្រោះ​អ្នក​ឯង​ចូល​មក​ជេរ អ្នក​ឯង​ចូល​មក​បំបាក់​ទឹក​ចិត្ត​កងទ័ព អ៊ីចឹ​ង​អំពើ​ញុះ​ញង់​អំពើ​ខ្លះ​ជា​អំពើ​ក្បត់​ជាតិ ប៉ុន្តែ​មក​ដល់​ម៉ោង​នេះ​យើង​អត់​ទាន់​មាន​ដក​សញ្ជាតិ​នរណា​មួយ​ទេ​ ក្នុង​ពេល​ដែល​ថៃ​បាន​ដក​សញ្ជាតិ​ពីរ​នាក់​រួ​ច​ហើយ គឺ​ លី យ៉ុង​ផាត់ ហើយ​នឹង​ កុក អាន​»។

ប្រតិកម្ម​របស់ លោក ហ៊ុន សែន ជាការឆ្លើយត​ប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាម​​ដាន​ និង​គណបក្ស​ប្រឆាំង ដែល​បាន​ចោទ​ថា ភាព​ស្ងាត់​ស្ងៀម​ដែល​រដ្ឋាភិ​បាល​កម្ពុជា បណ្តែត​បណ្តោយ​ឱ្យ​យោធា​ថៃចូល​រួម​រាយ​បន្លា​លួយ​យក​ដី​ខ្មែរ​តាម​ចិត្ត ដូច​ជា​នៅ​ប្រាសាទ​តាមាន់​ធំ នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ តំបន់​អានសេះ ខេត្ត​ព្រះ​វិហារ ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ជាដើម ជា​ការ​កាត់​ដី​ឱ្យ​ថៃ ដើម្បី​ប្តូរ​យក​សន្តិ​ភាព ដូច​ដែល​បក្ស​កាន់​អំណាច​ធ្លាប់​ធ្វើ​ជា​មួយ​វៀត​ណាម ដើម្បី​តែ​រក្សា​អំណាច​តពូជ។

លើសពីនេះ លោក ហ៊ុន សែន បាន​ការ​ពារ​ជុំវិញ​វិធាន​ដក​សញ្ជាតិ​លើអ្ន​ក​ដែល​ហ៊ាន​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម បើ​មាន​បន្ទរ​តាម​គណបក្ស​ប្រឆាំង ឬ​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន​ដែល​មិន​ចំណុះ​ឱ្យ​រដ្ឋាភិ​បាល។

លោក​ថា៖ «អ៊ីចឹងតើនៅលើពិភពលោកមានប្រទេស​ច្រើន​ណាស់​ ស្ទើរ​តែ​៨០​%​នៃប្រ​ទេស​ដែល​មាន​ច្បាប់​ដក​សញ្ជាតិ​ដល់​ម៉ោង​នេះ យើង​អត់​ទាន់​មាន​ដក​សញ្ជាតិ​អ្នក​ណា​មួយ​ទេ តែ​វា​នឹង​ឈាន​ដល់​ប្រសិន​បើ​គេប្រព្រឹត្ត​ដល់​កម្រិត​នោះ»។

តំណាងរាស្ត្រគណបក្សប្រឆំាំង លោក ម៉ែន សុថាវរិន្ធ ចាត់​ទុក​កា​​របក​ស្រាយ​របស់​ លោក ហ៊ុន សែន បង្ហាញ​ពី​ភាព​កម្សោយ ទាំង​រដ្ឋាភិបាល​ចាស់​ដែល​ដឹក​នាំ​ប្រទេស​ជិត​៤០​ឆ្នាំ និង​កម្សោយ​ត​រដ្ឋាភិ​បាលកូន​គឺ​លោក​ហ៊ុន ម៉ាណែត ជាង​២ឆ្នាំ​ម​ក​នេះ ជុំវិញ​ឆន្ទៈ​ការ​ពារ​បូរណ​ភាព​ទឹក​ដី និង​ការ​ពារ​អាយុ​ជីវិត​ពលរដ្ឋ។

លោកគូសបញ្ជាក់ថា ទាំងឳពុកនិងកូន ទុកបញ្ហានេះ​ពលរ​ដ្ឋនិង​ប្រទេស​ជា​តិ​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន​ជាប​ន្តប​ន្ទាប់​ពី​ប្រទេស​ជិត​ខាង ហើយ​មិន​ព្រម​ប្តឹង​រឿង​នេះ ទៅ​​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ដើម្បី​ទប់​ទល់​ទៅនឹ​ង​បរទេ​ស​ឈ្លា​ន​​​ពាន។

លោកថា៖ «យាយឱ្យចំទៅគេឃើញពីកម្រិតកម្សោយរបស់​រដ្ឋាភិ​បាល ហ៊ុន ម៉ាណែត ហ្នឹង​គឺ​កម្សោយ​មាន​ន័យ​ថា យើង​អត់​ច​ង់ឲ្យ​មាន​វិវាទ​រវាង​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ប្រជា​ពលរដ្ឋ​ថៃ​ទេ យើង​សុំ​ឲ្យ​លោក ហ៊ុន សែន ឬ​ក៏​លោក ហ៊ុន ម៉ាណែត ហ្នឹង​ប្ដឹង​ទៅ​តុលាការ​អន្តរ​ជាតិ ពី​ការ​ដែល​គេរំ​លោភ​បំពាន​លើ​ផ្ទៃ​ដី​យើង»។

ក្រោយ​ផ្ទុះអាវុធ​ដាក់​គ្នា​រយៈ​ពេល​៥ថ្ងៃ រវាង​យោធា​ថៃ​និង​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥​ រហូត​មាន​បទ​ឈប់​បាញ់​នៅ​ថ្ងៃ​ទី​២៨ខែក​ក្កដា ថៃ​មិន​​គោរព​បទ​ឈប់​បាញ់​ទេ ហើយ​ថែម​ទាំង​ធ្វើ​ផ្លូវ និង​រាយ​បន្លាលួ​ស​ព័ទ្ធ​យក​ដី​ខ្មែរ​ច្រើន​កន្លែង គ្មាន​​ការ​​រារាំង​​ពី​​រដ្ឋាភិ​បាល​​កម្ពុជា ដោយ​​មេដឹក​​​នាំ​​អះ​អាង​​ថា​ គោរ​​ព​បទ​​ឈប់​​បាញ់ រហូត​​ថ្ងៃ​​ទី​១​២​​ខែ​​វិច្ឆិកា​​នេះ យោធា​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​នៅភូមិ​​ព្រៃ​ចាន់ បណ្តាល​ឱ្យ​ម្នាក់​ស្លាប់​ និង​៣នាក់​​រង​របួស នៅ​កម្ពុ​ជា​មិន​តប​ត​ដែរ ដោយ​គ្រាន់​តែ​ចេញ​លិខិ​ត​ថ្កោល​ទោស ដោយ​ចាត់​ទុក​ថា​ជា​ទង្វើឃោ​រឃៅ ។

ជុំវិញបញ្ហានេះ លោក សេង វណ្ណលី នាយកកម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​​ប្រជា​ធិប​​តេយ្យ​​ខ្មែរ ដែល​​មា​ន​មូល​​ដ្ឋាន​​​​នៅ​​អូស្ត្រាលី បាន​និយាយ​ថា ការ​ដែល​ទាហាន​ថៃ​បើ​ក​ប្រតិ​បត្តិ​ការ​បាញ់​សម្លាប់​ជន​ស៊ីវិល​ខ្មែរ​នៅ​​ភូមិ​​ព្រៃ​ចាន់ ជា​​ទង្វើ​​ឃោ​​រឃៅ ដែល​​ឆ្លុះប​​ញ្ចាំ​ង​​ថា ថៃ​​មិន​​គោរព​​កិច្ច​​ព្រ​ម​​ព្រៀង​​បទ​​ឈប់​​បាញ់​​ទេ។

តែផ្ទុយទៅ​​​វិ​ញ ថៃយក​របៀប​វារៈ​នៃ​ការ​បើក​ប្រតិ​បត្តិ​ការ​​ពង្រីក​​ការ​​ឈ្លាន​​ទឹក​​​ដី​​ខ្មែរ ដើម្បី​​ទាក់​​ទាញ​​សន្លឹក​ឆ្នោត​​​ពី​​ពលរដ្ឋ​​ថៃ។

ស្ថិតក្នុងស្ថានភាពនេះ កម្ពុជាចាំបាច់​ណាស់ ត្រូវ​រុញ​សំណុំរឿងព្រំដែន ទៅកាន់​តុលាការ​​យុត្តិ​​ធម៌​​អន្តរជាតិ ICJ ទើប​អា​ចទ​ប់ស្កា​ត់​​មហិច្ឆតា​​ឈ្លាន​ពាន​រប​ស់​ថៃ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​បាន។

លោកថា៖ «កម្ពុជាត្រូវតែជំរុញដំណើរការដាក់ពាក្យ​បណ្ដឹង​ទៅ​អង្គ​​ការ​​​ពា​ក់​​​ព័ន្ធ ​មិ​​​ន​​​ថា​​អ​ង្គ​ការ​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​ ​ឬ​​​​​​ក៏តុ​​លាការ​ ICJ ដើម្បី​លើក​យក​បញ្ហា​នេះ មក​ពិភាក្សា​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​ ដើម្បី​ឲ្យតុ​លាការ​​អន្តរ​ជាតិ នឹង​សម្រេច​ធ្វើ​ការ​អនុ​ម័ត​ទៅ​លើកា​រ​កំណត់​ខណ្ឌ​សីមា​ព្រំ​ដែន»។

យ៉ាង​ណា លោកបង្ហាញក្តីបារម្ភថា បើមេដឹកនាំគ្រួសារហ៊ុនមិនប្រើជម្រើស​នេះទេ​ «ភាព​ស្រប​ច្បាប់​នៃ​ការ​​ការ​ពារ​អធិប​​តេយ្យ និង​បូរណ​ភាព​ទឹក​ដី ពី​ការ​ឈ្លាន​ពាន​របស់​​បរទេស ប្រហែ​ល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ ដោយ​ប្រព័ន្ធ​ដឹក​នាំ​បែប​គ្រួសារ​និយម ដែល​បណ្តុះ​ទៅ​ដោយ​ឧក្រិដ្ឋ​កម្ម​ឆបោក នាបច្ចុប្បន្ន​នេះ។

ការធ្វើបាត់បង់ទឹកដីទៅប្រទេសជិតខាង ហាក់រំលោភរដ្ឋធម្មនុញ្ញ កម្ពុជាដែលជាច្បាប់កំពូលរដ្ឋជាតិ ដែល​​បានចងកាតព្វកិច្ចរបស់អ្នកដឹកនាំ អំពីការប្តេជ្ញាចិត្តការពារបូរណភាពទឹកដី និងបង្រួបបង្រួមជាតិ ដើម្បីការឯកភាព​ជាតិ។

មាត្រា៥២​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ