កាសែតបាងកកប៉ុស្តិ៍របស់ថៃ ចេញផ្សាយថា សហរដ្ឋអាមេរិក ឈប់យកលក្ខខណ្ឌរបាំងពន្ធគយ ដើម្បីដាក់សម្ពាធប្រទេសខ្លួន ជុំវិញការដកខ្លួនពីបទឈប់បាញ់ដោយឯកតោភាគី ដែលការណ៍នេះជំរុញឱ្យមានមន្ទិលពីអ្នកឃ្លាំមើលកម្ពុជា ខណៈអាមេរិកធ្លាប់ដាក់សម្ពាធថៃពីបញ្ហានេះ។
កាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដកស្រង់សម្តីនាយករដ្ឋមន្រ្តីថៃ លោក អនុធិន ចាន់វិរៈគុណ ថាសហរដ្ឋអាមេរិកបានប្តូរជំហរមិនយកបញ្ហាព្រំដែន ដើម្បីដាក់សម្ពាធថៃរឿងរបាំងពន្ធទេ។
ប្រភពនិយាយថា ជំហរសហរដ្ឋអាមេរិកចំពោះកម្ពុជាគ្រាន់ជាការបោកប្រាស់ប៉ុណ្ណោះ គឺសហរដ្ឋអាមេរិកបន្តសហការគ្នាជាមួយថៃ ជាមិត្តភាពដ៏យូរអង្វែង សហរដ្ឋអាមេរិកមិនបានយកលក្ខខណ្ឌរបាំងពន្ធ ដើម្បីដាក់សម្ពាធថៃនោះទេ។
ប្រភពអះអាងថា មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក និងម៉ាឡេស៊ី បន្តជំរុញឱ្យភាគីកម្ពុជាពន្លឿនដោះមីនតាមព្រំដែន ដើម្បីសុវត្ថិភាពជនស៊ីវិល គឺមិនបានផ្សាភ្ជាប់រឿងបញ្ហារបាំងពន្ធបដិកានោះទេ។
ការសំអាងបែបនេះ ហាក់ផ្ទុយពីការចុះផ្សាយរបស់សារព័ត៌មាននានាថា សហរដ្ឋអាមេរិក បានព្រមាន ផ្អាកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយថៃ ហើយនឹងបន្ថែមកម្រិតអត្រាពន្ធ១៩ភាគរយលើទំនិញថៃនាំចូលទៅអាមេរិកឡើងវិញ ប្រសិនបើថៃមិនអនុវត្តតាមសេចក្តីថ្លែងការណ៍ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលសម្រេចបាននៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ របស់នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ស្តីពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្រ្តីទាំងពីរ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សីនោះ ប្រមាណ៨ចំនុច បានបញ្ជាក់ថា ភាគីទំាងពីរប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាព និងសន្តិសុខរវាងប្រទេសទាំងពីរ ដូចដែលបានប្រកាសនៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់ សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិទៅវិញទៅមក រវាងប្រទេសទាំងពីរ។
គោរពយ៉ាងមុតមាំក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ និងប្តេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ ដើម្បីធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព និងស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែន ភាគីទាំងពីរសន្យាដោះស្រាយដោយសន្តិភាព តបតាមច្បាប់អន្តរជាតិ ជាដើម។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន បង្ហាញការព្រួយបារម្ភថា បើសហរដ្ឋអាមេរិកប្តូរជំហរមិនគាំទ្រកម្ពុជា ជុំវិញរឿងបញ្ហាជម្លោះព្រំដែន កម្ពុជានឹងបន្តរងគ្រោះពីការឈ្លានពានរបស់ថៃ។
លោកថា៖ «កាលណាយើងបាត់បង់ការគាំទ្រពីអាមេរិក ពីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីហ្នឹង គឺប្រាកដជាប្រទេសអាមេរិក និងម៉ាឡេស៊ី ដាក់សម្ពាធមកលើយើងហើយថៃនឹងដាក់សម្ពាធមកលើយើងថែមទៀត អ៊ីចឹងយើងអត់មានជម្រើសអី មានតែប្រគល់ទឹកដីដែលថៃគ្រប់គ្រងហ្នឹង ទៅឲ្យថៃហើយអាចតំបន់ផ្សេងទៀតដែលថៃចង់បានហ្នឹង ប្រគល់ឱ្យថៃទៀត»។
តែយ៉ាងណា លោក សំអាន ហាក់មិនជឿលើការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃទេ ព្រោះលោកជឿជាក់ថា សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច មិនអាចនិយាយបាតដៃ ខ្នងដៃនោះទេ។
លោកថា៖ «ហើយយើងមិនថាមិនជឿបាងកកប៉ុស្តិ៍ ឬមិនជឿលើអនុធិន ប៉ុន្តែយើងជឿលើលោក អ៊ាន់វ៉ា ព្រោះលោក អ៊ាន់វ៉ា គេអព្យាក្រិត»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ សុំមិនធ្វើអត្ថាធិប្បាយជុំវិញការចុះផ្សាយរបស់កាសែតថៃដែរ ដោយលោកថា បញ្ហានេះលែងជាដែនកំណត់របស់លោក។
លោកថា៖ «សម្បត្តិឯង ទៅខាងរដ្ឋាភិបាលខាងអ្នកនាំពាក្យ ព្រោះបញ្ហាហ្នឹងបងឆ្លើយទៅវាចូលក្នុងកិច្ចការងាររបស់ក្រសួងការបរទេស និងរដ្ឋាភិបាល»។
យ៉ាងនេះក្តី ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ដោយសង្ឃឹមថា កម្ពុជា-ថៃ នឹងវិលទៅរកសន្តិភាពឡើងវិញ ព្រោះការប៉ះទង្គិចគ្នា គ្មាននរណាចំណេញទេ កម្ពុជាក៏ចាញ់ ថៃក៏ចាញ់ អ្នកដែលរងគ្រោះគឺពលរដ្ឋទាំងសងខាង។
លោកថា៖ «ហើយខ្ញុំសង្ឃឹមថា ការវិលត្រឡប់ដើម្បីរកសន្តិភាពវាជាដំណើរឆ្ពោះទៅរកនៃសកម្មភាពឈ្នះឈ្នះ ដែលប៉ុន្មានខែកន្លងទៅនេះ យើងស្ថិតក្នុងស្ថានភាពចាញ់ចាញ់ កម្ពុជាក៏ចាញ់ ថៃគឺចាញ់ ព្រោះប្រជាជនត្រូវជួបការលំបាក រត់លូន បន្ថែមទៅដោយបាត់បង់ការធ្វើពាណិជ្ជកម្ម»។
ចំណែកសម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ការចុះផ្សាយរបស់កាសែតថៃ ជាចេតនាបិទបាំងកំហុសរបស់ខ្លួន ដែលកំពុងរងសម្ពាធពន្ធអាមេរិក។
សម្រាប់ លោក សុជាតិ មិនជឿថា សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាច ហ៊ានក្បត់ឆន្ទៈរបស់ខ្លួនដែលខិតខំប្រឹងប្រែងជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរនោះទេ។
លោកថា៖ «ជាទូទៅការសម្រេចចិត្តរបស់អាមេរិក គឺមិនមានការបត់បែនលឿនដូច្នេះទេ ហើយចំពោះសារព័ត៌មានរបស់ថៃ វាជាសិទ្ធិរបស់ថៃ នៅក្នុងការផ្សព្វផ្សាយដើម្បីកុំឲ្យមានភាពច្របូកច្របល់ កុំឲ្យមានការខឹងសម្បាទៅដល់អ្នកនយោបាយរបស់ថៃជាដើម តែសម្រាប់ខ្ញុំនៅតែមើលឃើញថា សហរដ្ឋអាមេរិកនៅតែបន្តជំហរ ពីព្រោះប្រទេសថៃនឹងមិនអាចដើរចេញពីកិច្ចព្រមព្រៀងហ្នឹងបានទេ ហើយបើមិនអនុវត្តសហរដ្ឋអាមេរិកនៅតែបន្តដាក់គំនាបទៅលើពន្ធនាំចូលទំនិញពីថៃទៅកាន់អាមេរិក»។
ជុំវិញបញ្ហានេះ តាមសារព័ត៌មានថៃ The Nation Thailand បានស្រង់សំដីនាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆាន់វីរៈគុណ មកចុះផ្សាយកាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសថា ថៃនឹងលែងវិលចូលតុចរចាជាមួយកម្ពុជាទៀតហើយ ហើយថារដ្ឋាភិបាលថៃមិនខ្លាចនឹងវិធានការសងសឹករបស់សហរដ្ឋអាមេរិកដែរ ខណៈថៃចោទថា កម្ពុជាបានបំពានលើកិច្ចព្រមព្រៀងសន្តិភាព ។
លោក អានុធិន បន្តថា កម្ពុជាបានខ្ជះខ្ជាយឱកាសក្នុងការកសាងសន្តិភាពឡើងវិញជាមួយប្រទេសថៃ ដោយកម្ពុជាមិនបានអនុវត្តតាមសេចក្តីប្រកាសរួម ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយកម្ពុជាបន្តចូលលួចដាក់មីននៅតាមព្រំដែន។
លោក អានុធីន សង្កត់ធ្ងន់ថា ថៃបានត្រៀមកម្លាំងប្រដាប់អាវុធយ៉ាងពេញលេញ ដើម្បីការពារជាតិប្រឆាំងនឹងការឈ្លានពានរបស់កម្ពុជា ហើយក្រសួងការបរទេសកំពុងដំណើរការជូនដំណឹងជាផ្លូវការដល់ប្រធានាធិបតីអាមេរិកថា សេចក្តីប្រកាសនេះទុកជាមោឃៈ។
មួយថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី១២ខែវិច្ឆិកា យោធានថៃបានបើកការបាញ់ប្រហារមកលើពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ បណ្តាលឱ្យម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស ដែលការណ៍កម្ពុជាអះអាពីគម្រោងប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីឱ្យទទួលខុសត្រូវជុំវិញប្រតិបត្តិការបាញ់ប្រហារលើជនស៊ីវិល កម្ពុជា៕








