ចរន្តពលរដ្ឋខ្មែររួមគ្នាដាក់ពាក្យប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមនោះ ត្រូវគេមើលឃើញថា ជាសញ្ញាថា ពលរដ្ឋខ្មែរហាក់អស់ជំនឿលើរដ្ឋាភិបាលគ្រួសារហ៊ុន ក្នុងការការពារទឹកដី និងអាយុជីវិតពលរដ្ឋស្លូតត្រង់ដែលត្រូវយោធាថៃបាញ់សម្លាប់តាមទំនើងចិត្ត។
ការណ៍នេះ ក៏ជាសញ្ញានៃគ្រោះថ្នាក់អំណាចគ្រួសារហ៊ុនផងដែរ បើពលរដ្ឋកាន់តែច្រើនលែងទុកចិត្តលើរដ្ឋាភិបាលជុំវិញភាពស្ងៀមស្ងាត់មិនពន្លឿនប្តឹងថៃទៅកាន់តុលាការអន្តរជាតិ (ICC) រួមទាំងតុលាការយុត្តិធម៌ ICJ និងប្រើសិទ្ធិការពារខ្លួនទប់ទល់ទង្វើឈ្លានពានរបស់ថៃនោះ។
ជុំវិញបញ្ហានេះ លោក មូន ពេជ្យ នាយទាហានកម្ពុជា ដែលបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក ឱ្យដឹងលើហ្វេសប៊ុកលោកនៅថ្ងៃទី១៧ ខែវិច្ឆិកាថា លោកបានដាក់ពាក្យប្តឹងក្រុមមេយោធា និងអ្នកដឹកនាំនយោបាយថៃដែលពាក់ព័ន្ធពីបទឧក្រិដ្ឋមកលើប្រជាជនខ្មែរ និងប្រទេសកម្ពុជា ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ជាស្ថាពរ។
បើតាម លោក មូន ពេជ្យ ពាក្យបណ្តឹងនេះមានចំនួន៣៥ទំព័រ ដោយមិនរាប់បញ្ចូលបញ្ជីឈ្មោះអ្នកគាំទ្រឡើយ ដោយលោកទទួលបានអ្នកចូលរួមគាំទ្រចំនួនជាង៩ម៉ឺននាក់។
លោកសរសេរក្នុងន័យដើមថា៖ «ក្នុងគ្រាដ៏លំបាកនេះ សូមកុំបន្ទោស ឬសួរថា វាជាតួនាទីរបស់អ្នកណា។ យើងត្រូវសួរថា តើយើងម្នាក់ៗអាចធ្វើអ្វីបាន ដើម្បីការពារយុត្តិធម៌ សន្តិភាព សេចក្តីថ្លៃថ្នូរ អធិបតេយ្យភាព និងសិទ្ធិជាមូលដ្ឋានរបស់ជនជាតិយើង»។
សន្ទុះប្រជាពលរដ្ឋដាក់ពាក្យប្តឹងថៃនេះ ក្រោយក្រុមយោធាថៃបើកប្រតិបត្តិការបាញ់សម្លាប់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យស្លាប់ម្នាក់ និងរបួស៣នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ខណៈរដ្ឋាភិបាលកម្ពុជានៅស្ងៀមស្ងាត់មិនតបត។
ប្រធានព្រឹទ្ធសភា ហ៊ុន សែន ក្នុងពិធីបើកអនុសំវច្ចរសង្ឃ លើកទី៣៣ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកបានឆ្លើយការពារថា ការមិនតបតជាមួយទាហានថៃបាញ់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់ គឺដើម្បីកុំឱ្យមានមានមនុស្សស្លាប់កាន់តែច្រើនទាំងកម្ពុជា និងថៃ។
លោកថា៖ «អ្នកដទៃបាននិយាយថា គេបាញ់សម្លាប់ប្រជាជនហើយ នៅស្ងៀមទៀត តែខ្ញុំសូមសួរត្រឡប់ទៅវិញថា បើសិនជាយើងផ្ទុះអាវុធ តើមនុស្សស្លាប់ត្រឹមម្នាក់ និងរបួស៣នាក់ហ្នឹងទេ វាអាចលើសពីនោះ ថៃក៏ស្លាប់មនុស្សអាចច្រើន ឯយើងក៏ស្លាប់ដល់ស៊ីសុផុនឯណោះ និយាយគ្នាឱ្យច្បាស់កន្លែងហ្នឹង យើងមិនមែនខ្លាចវ៉ៃទេ ប៉ុន្តែសួរថាវ៉ៃទៅវាបានផលមកវិញអ្វី? បំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ បំផ្លាញសេចក្តីថ្លែងការណ៍សន្តិភាព»។
យ៉ាងណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ចាត់ទុកសកម្មភាពសស្រុះដៃគ្នារបស់ពលរដ្ឋខ្មែរប្តឹងថៃដោយខ្លួនឯងនេះ គឺជាទឹកចិត្តឈឺឆ្អាលរឿងទឹកដី ក្រោយអស់ជំនឿលើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងការប្តឹងទៅតុលាការICJ និង ICC។
លោកថា៖ «ពលរដ្ឋខ្មែរយើងហ្នឹងមានសន្ទុះទឹកចិត្តស្នេហាជាតិ ជាមេដឹកនាំខ្មែរជាងក្រុមគ្រួសារត្រកូលហ៊ុនដែលមិនព្រមប្ដឹងករណីវិវាទព្រំដែនជាមួយថៃហ្នឹង ទៅតុលាការយុត្តិធម៌អន្តរជាតិICJ ហើយអត់ព្រមប្ដឹងដែលថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ បាញ់សម្លាប់ទាហានខ្មែរ និងបានបាញ់ផ្សែងពុលមកលើទាហានខ្មែរហ្នឹងទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិICC។ ផ្ទុយទៅវិញ បែរជាប្រជាពលរដ្ឋជាអ្នកប្ដឹងជំនួសរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទៅវិញអាហ្នឹងគឺជារឿងមួយគួរអាម៉ាស់សម្រាប់លោកហ៊ុន ម៉ាណែត»។
បើទោះជាបែបណា អ្នកជំនាញកិច្ចការព្រំដែនរូបនេះថា ដំណើរការក្តីនេះទាល់តែមានរដ្ឋាភិបាល ឬប្រទេសណាមួយជាតំណាងទើបប្តឹងបាន តែបើបុគ្គលដាក់ពាក្យប្តឹងបែបនេះ តុលាការអន្តរជាតិ មិនដោះស្រាយទេ។
យ៉ាងណា លោកឱ្យជាយោបល់ថា ពលរដ្ឋខ្មែរអាចរួមគ្នាធ្វើបាតុកម្ម ដើម្បីដាក់សម្ពាធរដ្ឋាភិបាលគ្រួសារហ៊ុនពន្លឿនប្តឹងថៃ ទៅតុលាការអន្តរជាតិ ICJ និងតុលាការ ICC ទើបមានប្រសិទ្ធិភាពជាងដាក់ពាក្យប្តឹងជាលក្ខណៈបុគ្គលបែបនេះ។
បន្ថែមលើនេះ លោកក៏ព្រមានដែរថា ការដែលរដ្ឋាភិបាលគ្រួសារហ៊ុនបន្តស្ងៀមស្ងាត់មិនព្រមប្តឹងថៃទៅតុលាការអន្តរជាតិនេះ កំពុងតែធ្វើឱ្យពលរដ្ឋអស់ជំនឿកាន់តែខ្លាំង ដែលគំរាមកំហែងដល់អំណាចមេដឹកនាំ ដែលមិនអាចការពារទឹកដីបានឱ្យថៃរំលោភបំពានតាមចិត្តបែបនេះ។
លោកថា៖ «គេយល់ថា លោក ហ៊ុន ម៉ាណែត ហ្នឹង គឺអត់មានបំណងការពារអាយុជីវិតទាហានខ្មែរពលរដ្ឋខ្មែរគិតតែពីអំណាចខ្លួនឯង! ចង់កាត់ទឹកដីទៅឲ្យថៃដើម្បីដូរយកសន្តិភាព និងអំណាច។ អ៊ីចឹងប្រជាពលរដ្ឋអាចអត់ទ្រាំបានហើយ អាចនឹងងើបឡើងដើម្បីទម្លាក់ត្រកូលហ៊ុនពីអំណាច ដោយសារតែអត់ស្រឡាញ់ការពារប្រជាពលរដ្ឋ ហើយនឹងការពារទឹកដីដែលថៃកំពុងឈ្លានពាន ហើយនឹងមិនទាមទារទឹកដីដែលថៃបានគ្រប់គ្រងកន្លងមក បន្ទាប់ពីបទឈប់បាញ់»។
ដូចគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ពលរដ្ឋខ្មែរហាក់អស់ជំនឿលើរដ្ឋាភិបាល ក្នុងការពារទឹកដីទៀតហើយ ទើបពួកគេរួមគ្នាប្តឹងថៃទៅតុលាការអន្តរជាតិ ICC ដោយខ្លួនឯងនៅពេលនេះ។
យ៉ាងណា លោកថា ដើម្បីកុំឱ្យមេដឹកនាំគ្រួសារហ៊ុន ជាប់ឈ្មោះជាជនក្បត់ជាតិ និងស្តារទំនុកចិត្តពីពលរដ្ឋវិញ រដ្ឋាភិបាលគ្រួសារហ៊ុនត្រូវតែប្តឹងថៃទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC រឿងបាញ់ប្រហារជនស៊ីវិលខ្មែរស្លាប់ និងត្រូវពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីការពារទឹកដីផងដែរ។
លោកថា៖ «ប្រជាពលរដ្ឋហ្នឹង! ហាក់ដូចជាបាត់បង់ជំនឿទៅលើរដ្ឋាភិបាល ក្នុងការប្ដឹងផ្តល់ប្រទេសថៃទៅកាន់តុលាការទាំងតុលាការយុត្តិធម៌អន្តរជាតិ! ទាំងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ពីព្រោះបញ្ហាសៀមគំរាមសម្លាប់ទាហានខ្មែរសម្លាប់ ពលរដ្ឋស្លូតត្រង់ខ្មែរនេះតាមធម្មតារដ្ឋាភិបាលកម្ពុជា គួរតែត្រូវប្ដឹងពួកឧត្តមសេនីយ៍ថៃមួយចំនួន និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធហ្នឹងទៅតុលាការឡាអេ បានហើយ ពីការសម្លាប់ប្រឆាំង អាហ្នឹងពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្គ្រាមផង! ពាក់ព័ន្ធឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិផង ព្រោះវាពាក់ព័ន្ធនឹងជីវិតមនុស្សស្លូតត្រង់រដ្ឋាភិបាល ត្រូវប្ដឹងបានតែបើករណីប្រជាពលរដ្ឋលោកប្តឹងជំនួស បានន័យថា ជាការបញ្ជាក់អំពីជំនឿចិត្តរបស់ពលរដ្ឋ ហាក់ដូចជាលែងទុកចិត្តរដ្ឋាភិបាលក្នុងរឿងហ្នឹង»។
ជុំវិញជម្លោះព្រំដែននេះ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជូនព័ត៌មានទៅតុលាការ ICJ អំពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទព្រំដែនលើតំបន់ទាំង៤ តាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
បញ្ហានេះធ្វើឱ្យក្រុមអ្នកតាមដាន អះអាងថា ចាប់តាំងពីពេលនេះមក រដ្ឋាភិបាលគ្រាន់តែជូនដំណឹងទៅ(ICJ) មិនទាន់បានដាក់ពាក្យប្តឹងនោះទេជិត៥ខែទៅនេះ។
បើតាម មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









